A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 8 September 2015

អ្នក​ស្រុក​នៅ​សៀមរាប​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ​រំលោភ​ដីធ្លី​


ដោយ ហង្ស សាវយុត
2015-09-07 rfa

ក្រុម​ប្រជាពលរដ្ឋ​ភូមិ​សែនជ័យ ឃុំ​កន្ទួត និង​ឃុំ​ស្វាយលើ ស្រុក​ស្វាយលើ នាំ​គ្នា​ជិះ​គោយន្ត​ទៅ​សាលា​ខេត្ត​សៀមរាប ទាមទារ​ឲ្យ​អភិបាល​ខេត្ត​ដោះស្រាយ​ទំនាស់​ដីធ្លី កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​​​ភូមិ​ជប់រំដេង ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ចំនួន ៣០​គ្រួសារ ជាមួយ​ក្រុមហ៊ុន​​​ឈ្មោះ សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម បាន​អូស​បន្លាយ​រយៈពេល ៩​ខែ​មក​ហើយ។

ស្រប​ពេល​ដែល​រឿង​ក្ដីក្ដាំ​ និង​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ខ្លះ​ដាក់​ពន្ធនាគារ​នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​រំលោភ​ចូល​ដី​​ចំការ​របស់​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ កំពុង​សំដែង​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើងៗ ខ្លាច​បាត់បង់​ដី​ភូមិ និង​ដី​ចម្ការ ដោយ​មិន​អាច​ប្រើ​ឆន្ទៈ​ផ្លូវ​ច្បាប់​ការពារ​កម្មសិទ្ធិ​ដី​ទាំង​នោះ​បាន​ត​ទៅ​ទៀត​ទេ។

​ការ​ព្រួយ​បារម្ភ​បាន​កើត​ឡើង​បន្ទាប់​ពី​ពួកគេ​កើត​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម ដែល​មាន​ជនជាតិ​វៀតណាម ជា​ច្រើន​បម្រើ​ការ​នៅ​ទី​នោះ ហើយ​អាជ្ញាធរ​ស្រុក​ស្វាយលើ និង​ខេត្ត​សៀមរាប ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ បណ្ដាល​ឱ្យ​ក្រុមហ៊ុន​ចេះ​តែ​បន្ត​ការ​ឈូស​ឆាយ​រំលោភ​លើ​ដីធ្លី​អ្នក​ភូមិ​ស្រេច​តែ​អំពើ​ចិត្ត។

ស្ត្រី​អ្នក​ភូមិ​ជប់រំដេង ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី យុង គឹមលាង។ អ្នកស្រី​មាន​ប្រសាសន៍​ថា រយៈពេល ២​ថ្ងៃ​មក​នេះ សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម បាន​នាំ​យក​គ្រឿងចក្រ​ចំនួន ៤​គ្រឿង ទៅ​ឈូស​ឆាយ​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​បន្ត​ទៀត បន្ទាប់​ពី​ទំនាស់​កាល​ពី​ខែ​មករា កន្លង​ទៅ មិន​ទាន់​បាន​ដោះស្រាយ​រួចរាល់​នៅ​ឡើយ​ផង។



អ្នកស្រី យុង គឹមលាង បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែ​កញ្ញា គឺ​ក្រុមហ៊ុន​បាន​បញ្ជា​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​ចូល​ដី​ប្រជាពលរដ្ឋ​ដោយ​បាន​បំផ្លាញ​ដំណាំ​ស្វាយ ដំឡូងមី ព្រមទាំង​បង្គោល​របង​កំណត់​ព្រំ​ដី​អស់​ជាច្រើន៖ «ថ្ងៃ​ហ្នឹង​ភ្ជួរ​តាំង​ពី​ព្រលឹម រហូត​ដល់​ថ្មើរ​ហ្នឹង​ទើបតែ​ហូប​បាយ ឥឡូវ​ចាប់​ភ្ជួរ​ទៀត​នៅ​ចំណុច​ភ្នំ​ស្រង៉ាំ ហើយ​វៀតណាម ឈ្មោះ វ៉ា ឈ្មោះ​ដាង និង​ខ្មែរ​ម្នាក់​ឈ្មោះ ញ៉ន គាត់​ដើរ​គំរាម​ឱ្យ​ប្រជាពលរដ្ឋ​ដក​បង្គោល​របង​ដី​ចេញ»។

​ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក លី គឹមឃុន អ្នក​គ្រប់គ្រង​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​កញ្ញា។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ម្ចាស់​គ្រឿងចក្រ​ដែល​ទទួល​ឈូស​ឆាយ​ពង្រីក​ផ្ទៃ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​នោះ គឺ​លោក អ៊ូច វណ្ណា ជា​អនុ​ប្រធាន​ភូមិ​ជប់រំដេង តែម្ដង។

​មេ​ភូមិ​ជប់រំដេង ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី លោក អៀម អាន់ មាន​ប្រសាសន៍​ថា តាម​លោក​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ គឺ​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម បាន​ឈូស​ឆាយ​ដី​ជា​ថ្មី​ទៀត ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កញ្ញា ប៉ុន្តែ​រូបលោក​មិន​ទាន់​បាន​ចុះ​ពិនិត្យ​ឱ្យ​ជាក់ស្ដែង​នៅ​ឡើយ ពីព្រោះ​កំពុង​រវល់​ជាប់​ប្រជុំ។

លោក​មេភូមិ​ដដែល​បញ្ជាក់​ថា បើសិនជា​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​ឈូស​ឆាយ គឺ​បាន​រំលោភ​បំពាន​ទៅ​លើ​កិច្ចសន្យា​របស់​អង្គប្រជុំ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដែល​ហាមឃាត់​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្អាក​ការ​ឈូស​ឆាយ​ទាំងអស់៖ «យោង​តាម​ការ​ចូល​រួម​ប្រជុំ​ពី​ម្សិលមិញ​នោះ ម្ចាស់​គ្រឿងចក្រ​ក៏​បាន​ទៅ​ដែរ នៅ​ទីស្នាក់ការ​បក្ស​ឃុំ​កន្ទួត ខាង​មេ​បក្ស គាត់​បាន​និយាយ​ដែរ ថា​ដី​មាន​ទំនាស់​ឃុំ​កន្ទួត ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​គឺ​ហាម​ការ​ឈូស​ឆាយ»។

ចំណែក​មេឃុំ​ស្ដីទី​នៃ​ឃុំ​កន្ទួត លោក ពៀត ណារ៉ន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិតជា​គឃ្លើន​ដោយ​មិន​ខ្លាច​អាជ្ញាធរ​ទេ។ មេ​ឃុំ​ស្ដីទី​ដដែល​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា កន្លង​ទៅ រូបលោក​និង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​ទៀត មាន​អាជ្ញាធរ​ស្រុក​ស្វាយលើ មន្ត្រី​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​ប៉ូលិស និង​ប៉េអឹម បាន​ចុះ​ទៅ​ពិនិត្យ​ហើយ​ក៏​បាន​បញ្ឈប់​កុំ​ឱ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ត​ទៅ​ទៀត ពីព្រោះ​ដី​កន្លែង​នោះ​កំពុង​មាន​ជម្លោះ ក៏ប៉ុន្តែ​ក្រុមហ៊ុន​មិន​ស្ដាប់​តាម​ការ​ណែនាំ​ឡើយ៖ «ឥឡូវ​នេះ​គាត់​បង្ក​អុកឡុក ធ្វើ​ឱ្យ​ខ្ញុំ​ជា​អាជ្ញាធរ​ឃុំ​នេះ ឈឺ​ក្បាល វិលមុខ​ណាស់! ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ដោះស្រាយ​យ៉ាងម៉េច​ចេញ​ទេ»។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជប់រំដេង ជាមួយ​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម ដែល​មាន​ជនជាតិ​វៀតណាម ចូល​ទៅ​ធ្វើការ​ជា​ច្រើន​នោះ គឺ​កើត​មាន​ឡើង​តាំង​តែ​ពី​អំឡុង​ដើម​ខែ​មករា ឆ្នាំ​២០១៥ មក។ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ធ្លាប់​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​ឈ្មោះ វ៉ែន ឡន និង បឿន សុខ ដាក់​ពន្ធនាគារ ព្រមទាំង​ចេញ​ដីកា​តាម​ចាប់​ខ្លួន​អ្នក​ភូមិ​ជា​ច្រើន​ទៀត ពី​បទ​បំផ្លាញ​ដំណាំ​របស់​ក្រុមហ៊ុន។ បញ្ហា​នេះ ធ្វើ​ឱ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដែល​ចុះ​ស៊ើប​អង្កេត​រក​ការ​ពិត​បាន​រក​ឃើញ​ថា សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម មិន​មែន​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ដី​ដែល​កំពុង​មាន​ទំនាស់​ទេ ហើយ​ក្រុម​អង្គការ​ក៏​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​តុលាការ​ខេត្ត​សៀមរាប ដែល​បាន​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ​ជប់រំដេង ២​នាក់​នោះ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក ចាន់ ចំរើន បាន​ហៅ​សកម្មភាព​របស់​ក្រុមហ៊ុន​ដែល​ចាប់​ផ្ដើម​ឈូស​ឆាយ​ដោយ​បំពាន​មក​លើ​ដី​របស់​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត​នោះ​ថា គឺ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ ហើយ​មិន​គួរ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​ស្រុក​ស្វាយលើ បណ្ដែតបណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ចេះ​តែ​ធ្វើ​បាន​ដូច្នេះ​ទេ៖ «ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ណាស់ ពីព្រោះ​ដី​កំពុងតែ​មាន​ទំនាស់។ ដី​ហ្នឹង​ជា​របស់​រដ្ឋបាល​ព្រៃឈើ​ទេ»។

​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជប់រំដេង ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ជនជាតិ​វៀតណាម ធ្វើ​ការ​ជា​ច្រើន​នោះ បាន​ធ្វើ​ឱ្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​នឹង​ព្រះរាជអាជ្ញា​រង​ម្នាក់ និង​ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​ខេត្ត​សៀមរាប យ៉ាង​តឹងតែង​ចាប់​តាំង​ពី​អំឡុង​ខែ​ឧសភា រហូត​មក​ដល់​នេះ។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បាន​ដាក់​ពាក្យ​ប្ដឹង​ព្រះរាជអាជ្ញា​រង​ម្នាក់ និង​ចៅក្រម​ស៊ើបសួរ​ម្នាក់​របស់​តុលាការ​ខេត្ត​សៀមរាប ថា​បាន​ឃុំ​ខ្លួន​អ្នក​ភូមិ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ឯ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ក៏​បាន​ប្ដឹង​ចោទ​ប្រកាន់​លោក នី ចរិយា វិញ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ (តុលាការ) តាម​មាត្រា ៣០៥ មាត្រា ៣១១ និង​មាត្រា ៥២២ នៃ​ក្រមព្រហ្មទណ្ឌ​ដែរ៕

No comments: