2015-09-04 rfa
![]() |
| ដីតំបន់កប់សពរបស់អ្នកភូមិដែលកំពុងមានជម្លោះនៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ រូបថតកាលពីខែកក្កដា ឆ្នាំ២០១៥
Photo LICADHO
|
ប្រជាពលរដ្ឋនៅសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ប្រមាណ ២០០នាក់ លើកគ្នាទៅតវ៉ានឹងអាជ្ញាធរ មិនឲ្យធ្វើការបែងចែកដីតំបន់កប់សពរបស់អ្នកភូមិ ឲ្យទៅជាសម្បត្តិឯកជន។ ការតវ៉ានេះ ធ្វើឡើង ២ថ្ងៃហើយគិតត្រឹមថ្ងៃទី៤ កញ្ញា ដោយពលរដ្ឋយល់ថា បើដីនោះត្រូវបែងចែកឲ្យឯកជន ពលរដ្ឋក្រីក្រនឹងមិនមានដីសម្រាប់បញ្ចុះសពបន្តទៀតឡើយ។
រយៈពេលពីរថ្ងៃមកហើយដែលពលរដ្ឋនៅភូមិថ្នល់ថ្មី ដាក់បាយកញ្ចប់ផង និងសង់រោងនៅក្បែរដីមានជម្លោះនៅក្នុងភូមិផង ហាមឃាត់អាជ្ញាធរមិនឲ្យបែងចែកដីនោះទៅជាសម្បត្តិឯកជន។ អ្នកភូមិអះអាងថា ក្រុមអាជ្ញាធរចេះតែព្យាយាមចង់បែងចែកដីតំបន់កប់សព ទៅជាសម្បត្តិឯកជនឲ្យពលរដ្ឋបីគ្រួសារ បើទោះបីជាមានប្រជាពលរដ្ឋយ៉ាងច្រើនជំទាស់ក៏ដោយ ហើយពេលខ្លះ ពួកគេធ្វើហាក់លួចលាក់ទៀតផង។
តំណាងអ្នកភូមិមួយរូប អ្នកស្រី ស៊ុល យាត មានប្រសាសន៍ថា ប្រជាពលរដ្ឋតវ៉ា គឺមិនចង់បានអ្វីក្រៅពីចង់រក្សាទុកដីនោះជាសម្បត្តិរួមដូចដើម សម្រាប់ជាកន្លែងកប់សពរបស់អ្នកស្រុកតទៅទៀត ជៀសវាងបែងចែកឲ្យពលរដ្ឋតែបីគ្រួសារ ហើយធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនោះ៖ «ប្រុងវាស់មិនឲ្យប្រជាជនដឹងទេលោកគ្រូ! គេថាគេនឹងធ្វើឲ្យបានដីប៉ុណ្ណឹងទៅឲ្យអ្នកបីនាក់ហ្នឹង ហើយប្រជាជនថាលោកអើយ លោកហេតុអីក៏ស្រឡាញ់តែបីនាក់ហ្នឹងម៉េស ហេតុអីមិនស្រឡាញ់ប្រជាជនមួយភូមិផង»។
ដីសម្រាប់កប់សពដែលពលរដ្ឋទាមទាររក្សាទុកប្រមាណជិត ៥ហិកតារ គឺស្ថិតនៅចំណុចភូមិថ្នល់ថ្មី សង្កាត់វិហារលួង ដែលរងការឈូសឆាយកាលពីដើមឆ្នាំ២០១៥ ពីសំណាក់ពលរដ្ឋនៅទីនោះ ធ្វើឲ្យប៉ះពាល់សាកសពមួយចំនួន។ អ្នកភូមិអះអាងថា នឹងមិនបញ្ឈប់ការតវ៉ាឡើយ ព្រោះតែខ្លាចបាត់បង់កន្លែងបញ្ចុះសពរួមរបស់ពួកគេទៅថ្ងៃមុខ។
ទាក់ទងបញ្ហានេះ ចៅសង្កាត់វិហារលួង លោក អ៊ី ឡៃថេង មានប្រសាសន៍ថា កាលពីថ្ងៃទី៣ និងនៅថ្ងៃទី៤ កញ្ញា គណៈកម្មការដោះស្រាយទំនាស់ខេត្ត បម្រុងចុះទៅវាស់វែងដីនោះជូនពលរដ្ឋបីគ្រួសារតាមការគ្រោងទុក ដើម្បីបញ្ចប់វិវាទ ប៉ុន្តែត្រូវខកខាន ព្រោះមានពលរដ្ឋជាច្រើនមិនពេញចិត្ត ហើយអាជ្ញាធរក៏សម្រេចផ្អាកបណ្ដោះអាសន្នសិន។ លោកបន្តថា តាមគោលការណ៍ ដីតំបន់នោះត្រូវបែងចែកឲ្យពលរដ្ឋបីគ្រួសារចំនួន ៣០ភាគរយនៃចំនួនផ្ទៃដីរបស់ពួកគេធ្លាប់កាន់កាប់ ប៉ុន្តែពលរដ្ឋភាគច្រើនមិនយល់ព្រម។ យ៉ាងណាលោកបញ្ជាក់ថា ការតវ៉ារបស់ពលរដ្ឋ គឺមិនមានអំពើហិង្សាកើតឡើងទេ ប៉ុន្តែពួកគេនៅតែបន្តបណ្ដាក់គ្នារង់ចាំនៅចំណុចដីជម្លោះនោះដដែល៖ «ខ្ញុំមិនដឹងទេអាហ្នឹង ព្រោះទម្លាក់ដល់ថ្នាក់ខេត្តហើយ ហើយខេត្តបានចារមកថា នឹងសម្របសម្រួលថាឲ្យកាត់ដីហ្នឹងមួយភាគទៅឲ្យអ្នកគ្រប់គ្រង និងពីរភាគដកយកទៅជាដីកប់សពវិញ»។
លោកបន្ថែមថា ក្រុមអាជ្ញាធរមិនមែនធ្វើការងារនេះដោយស្ងាត់ៗឡើយ គឺអាជ្ញាធរបានធ្វើលិខិតជូនដំណឹងដល់តំណាងពលរដ្ឋឲ្យចូលរួមទៀតផង។ លោកចៅសង្កាត់ដដែលធ្លាប់មានប្រសាសន៍ថា ពលរដ្ឋបីគ្រួសារដែលអាជ្ញាធរបម្រុងបែងចែកដីឲ្យ គឺពួកគេបានកាន់កាប់ដីនោះជាយូរមកហើយ ដូចនេះពួកគេអាចមានសិទ្ធិទទួលបានចំណែកដីខ្លះ។
យ៉ាងណា មន្ត្រីអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក វ៉ន សេងធុយ មានប្រសាសន៍ថា ការសម្រេចរបស់អាជ្ញាធរដើម្បីបែងចែកដីកប់សពទៅជាសម្បត្តិឯកជន គឺជារឿងមិនត្រឹមត្រូវទេ ព្រោះសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចប្រែក្លាយជាសម្បត្តិឯកជនបានឡើយ ដរាបណាដីនោះនៅតែបម្រើប្រយោជន៍មនុស្សទូទៅ៖ «ដោយឡែកនៅក្នុងច្បាប់ភូមិបាលបញ្ជាក់ថា ដីទ្រព្យសម្បត្តិទាំងអស់ហ្នឹងស្ថិតនៅក្នុងការគ្រប់គ្រងរបស់គណៈភូមិ ឃុំ ហើយបើគាត់ព្យាយាមបែងចែកដីនោះ គឺជារឿងមួយមិនស្របទៅនឹងច្បាប់ភូមិបាលទេ»។
លោកបន្ថែមថា ប្រសិនបើអាជ្ញាធរនៅតែព្យាយាមបែងចែកដីនោះ ដោយមិនមានដំណោះស្រាយផ្សេង វានឹងអាចបង្កជារឿងហិង្សាឡើង ខណៈមនុស្សភាគច្រើនមិនពេញចិត្ត។ ចំណែកខាងលោក នឹងបន្តតាមដានមើលពីយន្តការដោះស្រាយរបស់អាជ្ញាធរបន្តទៀត ថាតើការដោះស្រាយនោះ ពលរដ្ឋភាគច្រើនអាចស្ងប់ចិត្ត ឬយ៉ាងណា? ប្រសិនបើពលរដ្ឋភាគច្រើនមិនពេញចិត្ត ពួកគេអាចដាក់ពាក្យប្ដឹងទៅស្ថាប័នកំពូលៗបន្តទៀតបាន៕

No comments:
Post a Comment