ដោយ ហង្ស សាវយុត
2015-09-02 rfa
អង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) បើកវគ្គសិក្ខាដល់កងកម្លាំងយោធាមកពីប្រទេសជាសមាជិកអាស៊ានចំនួន ៤ប្រទេស ដោយរួមទាំងកម្ពុជាផង។ វគ្គសិក្សានេះជាផ្នែកមួយនៃការអនុវត្តអនុសញ្ញា ឆ្នាំ១៩៥៤ នៅទីក្រុងឡា របស់អង្គការយូណេស្កូ ដែលបានចាត់ទុកស្នាដៃនៃស្ថាបត្យកម្មបុរាណ ដូចជាប្រាសាទ និងសំណង់ដទៃទៀតគឺជាមត៌កបេតិកភណ្ឌនៃមនុស្សជាតិ ដែលមិនអាចកាត់ថ្លៃបាន។
នៅក្នុងអនុសញ្ញានេះ បានចែងដោយដាក់បញ្ញត្តិឱ្យមានកិច្ចការពារយ៉ាងម៉ឺងម៉ាត់ទៅលើទីតាំង និងសម្បត្តិបេតិកភណ្ឌទាំងឡាយនៅពេលណាដែលមានជម្លោះប្រដាប់អាវុធកើតឡើង។
ពេលបច្ចុប្បន្ន អនុសញ្ញានេះត្រូវបានស្ថាប័នអន្តរជាតិមើលឃើញថា វាកំពុងតែមានសារសំខាន់យ៉ាងខ្លាំងក្នុងកិច្ចការពារប្រាសាទព្រះវិហាររបស់ខ្មែរ ដែលនៅកិតជាប់នឹងព្រំដែនថៃ ហើយភាគីកម្ពុជា និងថៃ ក៏ធ្លាប់កើតមានជម្លោះព្រំដែន និងការប៉ះទង្គិចគ្នាជាច្រើនលើកនៅក្បែរនោះដែរ។
អង្គការយូណេស្កូ ដែលជាស្ថាប័នពិភពលោក ទទួលបន្ទុកការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌ បានអញ្ជើញទាហាន និងកងប៉ូលិសប្រដាប់អាវុធរបស់ខ្មែរដែលប្រចាំការពារព្រំដែននៅជុំវិញប្រាសាទព្រះវិហារ ចំនួនជាង ១២០នាក់ ព្រមទាំងកម្លាំងយោធាមកពីប្រទេសជាសមាជិកសមាគមអាស៊ានចំនួន ៣ផ្សេងទៀត ឱ្យចូលរួមសិក្ខាសាលាថ្នាក់តំបន់ដើម្បីផ្សព្វផ្សាយអនុសញ្ញាឆ្នាំ១៩៥៤ នៃទីក្រុងឡាអេ នាឯទីរួមខេត្តព្រះវិហារ នៅថ្ងៃពុធ ទី២ ខែកញ្ញា នេះ។
យោធានៃបណ្ដាប្រទេសសមាជិកសមាគមអាស៊ាន ដែលមកចូលរួមសិក្ខាសាលាថ្នាក់តំបន់នេះ គឺមកពីប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី និងមកពីប្រទេសឡាវ។
ខ្លឹមសារនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ត្រូវបានគេដឹងថា គឺជាបទបញ្ញត្តិឱ្យមានកិច្ចការពារតំបន់ និងសម្បត្តិបេតិកភណ្ឌនៅក្នុងពេលដែលមានជម្លោះប្រដាប់អាវុធកើតឡើង។
មន្ត្រីនៃអង្គការយូណេស្កូ ក្នុងប្រទេសកម្ពុជា គឺលោក លឹម ប៊ុនហុក។ លោកមានប្រសាសន៍ថា អ្នកជំនាញរបស់អង្គការយូណេស្កូ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់នៅទីរួមខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ដើម្បីបណ្ដុះបណ្ដាលទាហាន និងប៉ូលិសខ្មែរ ដែលប្រចាំការពារព្រំដែនជុំវិញប្រាសាទព្រះវិហារ ព្រមទាំងយោធាដែលមកពីបណ្ដាប្រទេសអាស៊ានខ្លះទៀត ឱ្យយល់ដឹងពីអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ របស់អង្គការយូណេស្កូ។ គោលបំណងនៃការបណ្ដុះបណ្ដាលនេះ គឺចង់ឱ្យកម្លាំងប្រដាប់អាវុធទាំងឡាយ មានទាហាន និងប៉ូលិសជាដើម ធ្វើយ៉ាងណាចេះការពារសម្បត្តិបេតិកភណ្ឌនៅពេលដែលមានជម្លោះប្រដាប់អាវុធ៖ «និយាយឱ្យខ្លីស្រួលស្ដាប់ថា បើសិនជាយើងបាញ់កាំភ្លើង សូមកុំតម្រង់ទៅរកសម្បត្តិបេតិកភណ្ឌ និងជួយការពារបេតិកភណ្ឌផង។ ហ្នឹងជាអត្ថន័យគោលនៃការបណ្ដុះបណ្ដាលហ្នឹង»។
ក្រុមអ្នកជំនាញអន្តរជាតិយល់ឃើញថា ខ្លឹមសារនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ នេះ គឺមានសារសំខាន់ជាខ្លាំងចំពោះប្រាសាទព្រះវិហារ របស់ខ្មែរ ដែលស្ថិតនៅលើខ្នងភ្នំដងរែក ជិតព្រំដែនថៃ ហើយប្រទេសកម្ពុជា-ថៃ កំពុងតែមានជម្លោះព្រំដែននៅក្បែរនោះ ព្រមទាំងធ្លាប់ប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើក ហើយមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិកា មានប្រសាសន៍ថា ថ្វីត្បិតតែអនុសញ្ញាទីក្រុងឡាអេ បានចែងពីកិច្ចការពារបេបេតិកភណ្ឌនៅក្នុងគ្រាមានជម្លោះប្រដាប់អាវុធក៏ដោយ ក៏រូបលោកនៅមិនទាន់យល់ច្បាស់ថា តើវាមានសារសំខាន់ប៉ុណ្ណាសម្រាប់កិច្ចការពារទៅលើប្រាសាទព្រះវិហារ របស់ខ្មែរនៅឡើយទេ៖ «មិនដឹងថា ខ្លឹមសារហ្នឹងវាមានសារសំខាន់ប៉ុណ្ណា? ឬគេនិយាយទៅដល់កម្រិតណា? ឱ្យយើងធ្វើម៉េច? ការពារនៅពេលជម្លោះ គឺខ្ញុំមិនទាន់ស៊ីជម្រៅនៅឡើយ»។
នេះគឺជាសិក្ខាសាលាថ្នាក់តំបន់លើកដំបូងដែលអង្គការយូណេស្កូ ផ្ដោតលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ដើម្បីបណ្ដុះបណ្ដាលដល់ទាហាន និងប៉ូលិសនៃបណ្ដាប្រទេសអាស៊ាន ឱ្យចេះការពារបេតិកភណ្ឌក្នុងពេលមានជម្លោះប្រដាប់អាវុធ។
កាលពី ២-៣ឆ្នាំ មុនអង្គការយូណេស្កូ ធ្លាប់រៀបចំការបណ្ដុះបណ្ដាលថ្នាក់ជាតិដោយផ្ដោតលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ នេះ ដល់កម្លាំងប្រដាប់អាវុធក្នុងប្រទេសកម្ពុជា ឱ្យចេះការពារបេតិកភណ្ឌនៅពេលមានជម្លោះប្រដាប់អាវុធនេះម្ដងមកហើយ៕
No comments:
Post a Comment