ក្រុមលោក សុខ ទូច រកឃើញបង្គោលព្រំដែនសល់ពីសម័យបារាំងបាន៦ដើម
ដោយ ប្រាជ្ញ ចេវ
2015-09-12 rfa
2015-09-12 rfa
(ពីឆ្វេង) អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី
និងសកលវិទ្យាធិការសាកលវិទ្យាល័យ ខេមរៈ
និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច
ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១២ ខែមិថុនា
ឆ្នាំ២០១៤។
Photo: RFA
ក្រុមស្រាវជ្រាវដឹកនាំដោយលោកបណ្ឌិត សុខ ទូច ដែលសមាជិក ៩នាក់ ត្រូវការពេលវេលាជាច្រើនទៀត ដើម្បីរកបង្គោលព្រំដែនកម្ពុជា-វៀតណាម ទាំង ១២៤បង្គោល ដើម្បីបញ្ចប់កិច្ចការព្រំដែននេះទាំងស្រុង។ ក្រុមការងារស្រាវជ្រាវត្រូវការពេលនេះ ២ឆ្នាំ ស្របពេលការងារនេះទើបតែចាប់ផ្ដើម ហើយមិនអនុញ្ញាតការឲ្យមានការចូលរួមពីអ្នកគណបក្សនយោបាយ ប្រជាពលរដ្ឋ ឬសាធារណជន ប៉ុន្តែអ្នកដែលក្រុមលោក សុខ ទូច ត្រូវការនោះគឺទាហាន ឬប៉ូលិសព្រំដែន និងផែនទីប៉ុណ្ណោះ។
ថ្លែងឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា ឲ្យដឹងថា នៅពេលរកឃើញបង្គោលមួយក្រុមលោកត្រូវពេលវេលាសិក្សា និងសម្ភាសពលរដ្ឋ ឬសមត្ថកិច្ចបន្ថែម។ ប៉ុន្តែលោកបណ្ឌិត សុខ ទូច មិនទាន់ឲ្យដឹងថា បង្គោលដែលរកឃើញនោះនៅក្នុងខេត្តណានៅឡើយទេ ដោយលោកបញ្ជាក់ថា នៅពេលចេញលទ្ធផលទើបលោកប្រាប់ឲ្យដឹងជាសាធារណៈ៖ «យើង មិនទាន់ផ្ដល់ចម្លើយអ្វីទាំងអស់ ប៉ុន្តែគ្រាន់តែឲ្យដឹងថា រឿងរកបានប្រាំមួយបង្គោល។ ទាំងប្រាំមួយនោះជាបង្គោលរណបនៃបង្គោលថ្មី»។
ប៉ុន្តែដោយសារបញ្ហាអាកាសធាតុមិនអំណោយផល ក្រុមការងារនេះត្រូវផ្អាកសកម្មភាពរុករកបង្គោលព្រំដែនប៉ុន្មានថ្ងៃ សិន។ លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា បង្គោលទាំង ៦ដើមដែលរកឃើញនោះ ជាបង្គោលរណប មានន័យថា ស្ថិតនៅចន្លោះបង្គោលថ្មី ឬបង្គោលធំរបស់រដ្ឋាភិបាលប្រើប្រាស់ជាមួយវៀតណាម។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ហៅសកម្មភាពការងាររបស់ក្រុមលោកបណ្ឌិត សុខ ទូច ដើម្បីជួយគាំទ្រអ្វីដែលគាំទ្រយល់ឃើញមិនមែនធ្វើតាមវិជ្ជាជីវៈ ឡើយ។ ជាងនេះទៅទៀត លោក កែម ឡី យល់ថា លោកបណ្ឌិត សុខ ទូច ធ្វើការរឿងនេះលឿនពេក ខណៈដែលរឿងផែនទីមិនទាន់មានឯកភាព ហើយរដ្ឋាភិបាលក៏មិនទាន់ទទួលបានផែនទីពីប្រទេសអង់គ្លេស អាមេរិក និងអង្គការសហប្រជាជាតិនៅឡើយ៖ «យើងមិនទាន់រកផែនទីដែលត្រឹមត្រូវពិតប្រាកដមកទៅផ្ទៀងផ្ទាត់លើផែនដីផង យើងធ្វើសេចក្ដីសន្និដ្ឋានលើរបាយការណ៍ទៅហើយ»។
ផ្ទុយពីការយល់ឃើញរបស់លោក កែម ឡី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះវិញបង្ហាញការគាំទ្រលើសកម្មភាពការងាររបស់លោក សុខ ទូច ដែលធ្វើការងារទាក់រឿងព្រំដែននេះ។ ក្រៅពីលោក ហ៊ុន សែន ព្រមានចាប់អ្នកខ្លួនជនណាដែលហ៊ាននិយាយរដ្ឋាភិបាលប្រើប្រាស់ផែនទី ក្លែងក្លាយ។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ចង់ឃើញក្រុមការងារនេះ បើកទូលាយឲ្យមានការចូលរួមគ្រប់ភាគី ឬគណបក្សមានអាសនៈនៅក្នុងសភា។ ជាងនេះទៅទៀត លោក យឹម សុវណ្ណ បង្ហាញការសង្ស័យថា ចំពោះក្រុមការងារលោកបណ្ឌិត សុខ ទូច នៅពេលមានការរឹតត្បិតអ្នកចូលរួមដូចនេះ៖ «ឲ្យគេចូលរួមផង ម៉េចក៏មិនបើកទូលាយឲ្យគេធ្វើការងារហ្នឹងផង មានអ្វីត្រូវលាក់កំបាំង?»។
លោក សុខ ទូច ថា ក្រោយរកឃើញបង្គោលឃើញរួចហើយ ការងារលោកត្រូវយកលទ្ធផលនេះទៅសិក្សាផ្ទៀងផ្ទាត់ជាមួយប៉ូលិស ព្រំដែន កងទ័ព ប្រជាពលរដ្ឋ អាជ្ញាធរ ជជែកជាមួយគណៈកម្មការព្រំដែន ចរចាជាមួយភាគីវៀតណាម និងចុងក្រោយសិក្សានឹងឯកសារពាក់ព័ន្ធនានា៕
1 comment:
ហេតុអីបានជាសុខទូចមិនព្រមគណៈកម្មការគ្រប់ភាគីគណបក្សចូលរួម ហាមមិនអោយគណបក្សណាឬប្រជាជនណាម្នាក់ដឺងព្ញុ ធ្វើយា៉ងនេះហាក់ដូចជាចង់លាក់អាទថ៏កំបាំង សំរាប់គណបក្សខ្លួនឯង ?
Post a Comment