AFP
![]() |
| មេដឹកនាំបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រីអ៊ុងសាន ស៊ូជី ថ្លែងក្នុងយុទ្ធនាការអប់រំ។ AFP |
ក្រុងយ៉ាំងហ្គោនៈ មេដឹកនាំ បក្សប្រឆាំងមីយ៉ាន់ម៉ា លោកស្រីអ៊ុងសាន ស៊ូជីបានចាប់ផ្ដើមយុទ្ធ នាការឃោសនាសម្រាប់ការបោះឆ្នោតទូទៅដោយសេរីលើកដំបូងចាប់តាំងពីការបញ្ចប់ការគ្រប់គ្រងដោយយោធា ដោយនិយាយថាវានឹងក្លាយជាការផ្លាស់ប្តូរដ៏ សំខាន់មួយ និងបានអំពាវនាវសហគមន៍ពិភពលោក ឃ្លាំមើល លទ្ធផលបោះឆ្នោតនេះ។
ពលរដ្ឋប្រមាណ ៣០ លាននាក់នឹងមានឱកាសបោះឆ្នោត ដោយ សម្រាប់មនុស្សភាគច្រើន វាជា លើកដំបូងក្នុងជីវិតរបស់ពួកគេក្នុងការបោះឆ្នោតនេះ ជាការបោះឆ្នោតទូទាំងប្រទេស ដែលត្រូវប្រកួតប្រជែងដោយបក្សរបស់លោកស្រីស៊ូជី ក្នុងរយៈពេល២៥ឆ្នាំ ខណៈប្រទេសនេះ ងើបចេញពីគ្រប់គ្រងដោយយោធាដ៏តឹងរ៉ឹងជាច្រើនទសវត្សរ៍។
សកម្មជនប្រជាធិបតេយ្យជើងចាស់រូបនេះ បានលើកសរសើរការបោះឆ្នោតថ្ងៃទី១ វិចិ្ឆកា ខាង មុខនេះថាជា «ចំណុចរបត់» មួយសម្រាប់ មីយ៉ាន់ម៉ា ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលពាក់ កណ្ដាលស៊ីវិលមួយចាប់តាំងពី របបយោធា បានបន្ធូរការក្តោបអំណាចទាំងស្រុងរបស់ខ្លួន នៅ ក្នុងឆ្នាំ ២០១១។
ក្នុងសារជា វីដេអូ ជាភាសា អង់គ្លេស មួយដែលចេញផ្សាយដោយ បក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោកស្រីបានថ្លែងថា៖ «សម្រាប់ជាលើកដំបូងក្នុងពេលជាច្រើនទសវត្សរ៍ នេះ ពលរដ្ឋរបស់យើងនឹងមានឱកាសដ៏ពិតប្រាកដមួយដើម្បីនាំឲ្យការផ្លាស់ប្ដូរដ៏ពិតប្រាកដ។ នេះគឺជាឱកាសមួយ ដែលយើងមិនអាចធ្វើឲ្យរបូតពីដៃបានទេ»។
លោកស្រី ស៊ូជី ដែលត្រូវជាប់ឃុំក្នុងផ្ទះ ១៥ ឆ្នាំ ដោយសាររបបយោធានោះ បានជំរុញឲ្យសហគមន៍អន្តរជាតិត្រួតពិនិត្យការបោះឆ្នោត និងធានាដល់ «ពលរដ្ឋយើងថាឆន្ទៈរបស់ពួកគេត្រូវបានគេគោរព ក្នុងមធ្យោបាយនៃការផ្លាស់ប្ដូរខាងនយោបាយ និងខាងរដ្ឋាភិបាលពិតៗ»។
ដោយឡែក ក្នុងសារជាភាសា មីយ៉ាន់ម៉ា លោកស្រីបានជំរុញឲ្យក្រុមអ្នកបោះឆ្នោតគិតដល់អនាគតមនុស្សជំនាន់ក្រោយនៅពេល ពួកគេត្រៀមខ្លួនបោះឆ្នោត ដោយបន្ថែមថា បក្សនេះជឿថា ខ្លួនអាចយកជ័យជម្នះជាមួយកម្លាំង ចលករនៃចេតនាប្រជាជន»៕

No comments:
Post a Comment