A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 6 September 2015

ប៉ូលិស​បដិសេធ​ថា​គ្មាន​ឈ្មោះ​តំណាង​ពលរដ្ឋ​ទារ​ដក​ប្រាក់​មូលនិធិ​ទូរទស្សន៍​បក្ស​ប្រឆាំង

ដោយ ខែ សុណង
2015-09-05 rfa

អ្នក​ចូល​រួម​ផ្ដល់​ប្រាក់​វិភាគទាន​សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ខេត្ត​កណ្ដាល ករណី​ជន​មិន​ស្គាល់​មុខ​ទាមទារ​ប្រាក់​មូលនិធិ​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស។ ការ​ទន្ទឹង​រង់ចាំ​លទ្ធផល​នេះ នៅ​បន្ទាប់​ពី​គណបក្ស បាន​ដាក់​លិខិត​ស្នើ​ឲ្យ​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង រក​ឈ្មោះ ស សុគុណ ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ​ចូល​វិភាគទាន​ដល់​គណបក្ស​ជាង ៥​លាន ៣​សែន​រៀល។

អាជ្ញាធរ​ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បដិសេធ​ថា​គ្មាន​មនុស្ស​ឈ្មោះ ស សុគុណ ដែល​ទាមទារ​ប្រាក់​មូលនិធិ​ទ្រទ្រង់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន​នោះ​ទេ។

អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង លោក ម៉ែន ចាន់រិទ្ធ ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ថា បន្ទាប់​ពី​លោក​បាន​ស្រាវជ្រាវ អាជ្ញាធរ​ហ៊ាន​អះអាង​ថា ពុំ​មាន​ឈ្មោះ ស សុគុណ ដែល​តាំង​ខ្លួន​ជា​តំណាង​ពលរដ្ឋ ៣៥​គ្រួសារ​នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង នោះ​ទេ។ លោក​បញ្ជាក់​ថា ពុំ​មាន​ឈ្មោះ​នេះ​នៅ​ក្នុង​បញ្ជី​ក្រោម​ដែន​គ្រប់គ្រង​របស់​លោក​ឡើយ៖ «អត់​មាន​អី​សោះ។ ដល់​តែ​មក​ថា​នៅ​ស្រុក​កណ្ដាលស្ទឹង មាន​ឈ្មោះ​ហ្នឹង​ចឹង វា​អត់​ដឹង​ខាង​ណា​មក​ពី​ខាង​ណី? បើ​និយាយ​ឲ្យ​ខ្លី​ថា អត់​មាន​នៅ​ក្នុង​បញ្ជី​គ្រប់គ្រង​របស់​យើង»។

ការ​បដិសេធ​របស់​សមត្ថកិច្ច​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ ឲ្យ​ជួយ​ផ្ដល់​ដំណឹង​រក​ឈ្មោះ ស សុគុណ ដែល​អះអាង​ថា​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ រស់នៅ​ស្រុក​កណ្ដាលស្ទឹង ឲ្យ​ទៅ​ទទួល​យក​ប្រាក់​ដែល​បាន​ចូល​វិភាគទាន​ទ្រទ្រង់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ចំនួន​ជាង ៥​លាន ៣​សែន​រៀល​នោះ​វិញ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​បង្កាន់ដៃ​ទទួល​វិភាគទាន​ច្បាប់​ដើម។



ទាក់ទង​ព័ត៌មាន​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​រក​មិន​ឃើញ​ថា​មាន​ឈ្មោះ ស សុគុណ ជា​តំណាង​ពលរដ្ឋ ៣៥​គ្រួសារ​ក្នុង​បញ្ជី​មូលនិធិ​នោះ​ទេ។ លោក​បន្ត​ថា សម្រាប់​ស្រុក​កណ្ដាលស្ទឹង មាន​ពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ដែល​បាន​មក​ចូលរួម​វិភាគទាន​ទ្រទ្រង់​ការ​បង្កើត​ទូរទស្សន៍ ដែល​គណបក្ស​ទទួល​បាន​ប្រាក់​ជាង ១​លាន​រៀល។ លោក​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​បង្កើត​ព័ត៌មាន​នាំ​ឲ្យ​មហាជន​មាន​ការ​សង្ស័យ​ដល់​គណបក្ស៖ «យើង​អត់​ជឿ​អ្វី​ដែល​គេ​បង្កើត​ហ្នឹង​ទេ ព្រោះ​ការ​ចូល​វិភាគទាន​នេះ គឺ​ជា​ការ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​ពេល​ដែល​ស្ម័គ្រ​ចិត្ត គឺ​អ្នក​បក្ស​បាន​ផ្ដល់​បង្កាន់ដៃ​ឲ្យ​ទៅ​អ្នក​ចូល​ហ្នឹង​វិញ។ ដូច្នេះ​ហើយ យើង​មិន​ជឿ​ថា​អ្នក​ចូល​ដោយ​ស្ម័គ្រ​ចិត្ត​នោះ​គាត់​មក​សុំ​ដក​វិញ​ទេ»។

ទោះ​ជា​មាន​ការ​បកស្រាយ​ពី​គណបក្ស​ថា​យ៉ាង​ណា​ក្ដី នៅ​ក្នុង​លិខិត​តវ៉ា​មួយ​ដាក់​ជូន​ទៅ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចុះ​ហត្ថលេខា​ឈ្មោះ ស សុគុណ បាន​បដិសេធ​ចំពោះ​ការ​ឆ្លើយ​តប​របស់​គណបក្ស ដែល​ថា​ជា​ការ​រៀបចំ​ទុក​របស់​គូបដិបក្ខ។ ញត្តិ​តវ៉ា​នោះ​សរសេរ​ថា នេះ​ជា​ការ​ប្រកែក​ដោយ​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ ដើម្បី​គេចវេស​ពី​ការ​បង្ហាញ​ឯកសារ​ចំណូល​ចំណាយ។

កាល​ពី​ពេល​កន្លង​ទៅ ក៏​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ពលរដ្ឋ​ចំនួន ២៧​គ្រួសារ​ផ្សេង​ទៀត ដែល​អះអាង​ថា ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ទាមទារ​លុយ​ពី​មូលនិធិ​នោះ​មក​វិញ​ដែរ។ ខ្លឹមសារ​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ញត្តិ​តវ៉ា​ចុះ​ថ្ងៃ​ទី​២៦ ខែ​សីហា បាន​សរសេរ​ថា ពួក​គេ​មិន​បាន​ឃើញ​អ្វី​វិវឌ្ឍ​ទៅ​មុខ​ទាល់​តែ​សោះ​របស់​ទូរទស្សន៍ ក្រៅ​ពី​ការ​ផ្សាយ​ប្រមូល​លុយ​ឥត​ស្រាកស្រាន្ត ហើយ​ថា ទូរទស្សន៍​នេះ​មាន​តែ​ឈ្មោះ ដែល​បង្កើត​ឡើង​ជា​លេស​សម្រាប់​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ ព្រោះ​គ្មាន​គោលការណ៍​ដឹក​នាំ​ច្បាស់លាស់។

ថ្វីត្បិត​ថា​យ៉ាង​នេះ​ក៏ដោយ​ចុះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អ្នក​ដែល​អះអាង​ថា បាន​ចូល​ ប្រាក់​មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ណា ដែល​ចង់​ទាមទារ​ប្រាក់​វិញ អាច​ដក​វិញ​បាន​ដោយ​គ្រាន់​តែ​ភ្ជាប់​មក​ជាមួយ​នូវ​បង្កាន់ដៃ​ច្បាប់​ដើម ប៉ុន្តែ​គេ​ឃើញ​តែ​លិខិត​តវ៉ា ពុំ​មាន​នរណា​ម្នាក់​ចេញ​មុខ​ផ្ទាល់​នៅ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​វិភាគទាន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​សរុប​ប្រមាណ ៧០​ម៉ឺន​ដុល្លារ​អាមេរិក៕

No comments: