A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 August 2015

ពលរដ្ឋ​ខេត្ត​បាត់ដំបង​អះអាង​ថា​បទល្មើស​នេសាទ​បន្ត​កើត​ឡើង​កាន់​តែ​ខ្លាំង



ដោយ ហ៊ុំ ចំរើន
2015-08-27


ឧបករណ៍​នេសាទ​មង​ក្រឡា​ញឹក នៅ​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥
Photo Provided

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បង្ហាញ​ថា ក្ដី​កង្វល់​ចំពោះ​បទល្មើស​នេសាទ​ត្រី​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើ​មង​ក្រឡា​ញឹក កើត​ឡើង​កាន់​តែ​ខ្លាំង​នៅ​តំបន់​អភិរក្ស​ស្រុក​ឯកភ្នំ ពុំ​មាន​សមត្ថកិច្ច​ណា​ទៅ​បង្ក្រាប​នោះ​ទេ។

អ្នក​ភូមិ​អះអាង​ថា សមត្ថកិច្ច​ច្រើន​ចុះ​ទៅ​បង្ក្រាប​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ រីឯ​អ្នក​មាន​លុយ​មាន​កាក់ ធ្វើ​នេសាទ​ទ្រង់ទ្រាយ​ធំ​បាន​ដោយ​សេរី។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ អំពាវនាវ​ឲ្យ​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ទប់ស្កាត់​ទៅ​លើ​អ្នក​ធ្វើ​នេសាទ​ខុស​ច្បាប់​ជា​បន្ទាន់ ដើម្បី​ថែរក្សា​សម្បត្តិ​មច្ឆជាតិ​ក្នុង​រដូវ​ត្រី​ពង​នេះ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ទៅ​ថ្ងៃ​ខាង​មុខ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​២៧ សីហា ថា ការ​ធ្វើ​នេសាទ​ត្រី​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​ឧបករណ៍​ណរ៉ាវ ឬ​ហៅ​ថា​មង​ក្រឡា​ញឹក កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ពុំ​មាន​សមត្ថកិច្ច​ណា​ទៅ​បង្ក្រាប​នោះ​ទេ។ អ្នក​ភូមិ​បញ្ជាក់​ថា សកម្មភាព​នេសាទ​នេះ ក្រុម​អ្នក​មាន​លុយ​មាន​កាក់ ប្រើ​មង​ក្រឡា​ញឹក​ដាក់​តាម​អម​ដង​អូរ ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជលផល​ភូមិ​ក្បាលតោល ដែល​មួយ​កន្លែង​ប្រមាណ​ពី ១​ពាន់​ទៅ ៣​ពាន់​ម៉ែត្រ។ រីឯ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ ត្រូវ​មន្ត្រី​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​មិន​ឲ្យ​ធ្វើ​នេសាទ​នោះ​ទេ៖ «បើ​អ្នក​ណា​គ្មាន​លុយ​ឲ្យ​សមត្ថកិច្ច​ទេ នោះ​គេ​នឹង​ចុះ​បង្ក្រាប​ទៅ បើ​គេ​មាន​លុយ​កាក់​បង់​ឲ្យ​សមត្ថកិច្ច គឺ​គេ​មិន​បង្ក្រាប​ទេ។ ពួក​ខ្ញុំ​អ្នក​រស់នៅ​ទន្លេសាប​គ្មាន​ដីធ្លី​ធ្វើ​ស្រែ​នោះ​ទេ គឺ​មាន​តែ​មុខ​របរ​នេសាទ​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ»។



ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង លោក ជួង សុភា មាន​ប្រសាសន៍​ថា មន្ត្រី​ជលផល​តែង​ធ្វើ​ការ​បង្ក្រាប និង​រឹប​អូស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​យក​ទៅ​បំផ្លាញ​ចោល​ជា​បន្តបន្ទាប់។ លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សហការ​ជាមួយ​មន្ត្រី​ជលផល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​រួម​គ្នា ប្រសើរ​ជា​ជាង​ការ​ចោទ​ប្រកាន់​សមត្ថកិច្ច​ដោយ​គ្មាន​ហេតុផល​នោះ៖ «ព្រោះ​កាល​ណា​ពឹង​តែ​លើ​កម្លាំង​សមត្ថកិច្ច វា​អត់​គ្រប់គ្រាន់​ទេ។ ឥឡូវ​បើ​ប្រជាពលរដ្ឋ​ឃើញ​មាន​បទល្មើស​នេសាទ​នៅ​កន្លែង​ណា គាត់​គួរ​តែ​ទៅ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​មក ខ្ញុំ​នឹង​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​តែ​ម្ដង»។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ជលផល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទប់ស្កាត់​បទល្មើស​នេសាទ​នេះ​ឲ្យ​បាន ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ជា​មុន​សិន ទើប​ពួក​គាត់​នឹង​មិន​ស្ដី​បន្ទោស​ទៅ​សមត្ថកិច្ច​ទៀត៖ «រឿង​បទល្មើស​នេសាទ​នេះ ពិត​ជា​កើត​ឡើង​ទ្រង់ទ្រាយ​ធំ​មែន។ ខ្ញុំ​ជឿជាក់​ទៅ​សម្ដី​ដែល​ប្រជាពលរដ្ឋ​និយាយ នោះ​ពិត​ជា​មាន​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ»។

ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ហាក់​គ្មាន​ជំនឿ​ទៅ​លើ​គម្រោង​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ពី​សំណាក់​សមត្ថកិច្ច​នេះ ថា​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ពីព្រោះ​កន្លង​ទៅ សមត្ថកិច្ច​ច្រើន​ចុះ​បង្ក្រាប​បែប​គោះ​ទឹក​បង្អើល​ត្រី ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ៕

No comments: