A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 2 August 2015

សហគមន៍​ព្នង​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​សក្ការៈ​និង​បិទ​ផ្លូវ​ពលរដ្ឋ


សហគមន៍​ជនជាតិ​ព្នង ឃុំ​ដាក់ដាំ និង​ឃុំ​ប៊ូស្រា កំពុង​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ស្រុក-ឃុំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេហ្គា​ហ្វើស (Mega First Corporation Berhad) នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Adhoc



ដោយ រដ្ឋា វិសាល
2015-08-01 rfa

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង មក​ពី​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ប៊ូស្រា ស្រុក​អូររាំង និង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី បាន​ប្រឈមមុខ​ជាមួយ​កងកម្លាំង​នៃ​អាជ្ញាធរ​ស្រុក​អូររាំង ដែល​ប៉ុនប៉ង​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​សែនព្រេន​នៅ​តំបន់​ព្រៃ​សក្ការៈ​សហគមន៍ ដែល​ក្រុមហ៊ុន មេហ្គាហ្វើស (Mega First) បាន​ឈូស​ឆាយ​យក។

ក្រុម​អាជ្ញា​ធរមាន ប៉ូលិស កងរាជអាវុធហត្ថ និង​យោធា​ស្រុក​អូររាំង ប្រមាណ ៣០​នាក់ ខ្លះ​កាន់​អាវុធ ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន​គ្មាន​អាវុធ ដឹកនាំ​ដោយ​មន្ត្រី​ថ្នាក់​អភិបាល​រង​ស្រុក បាន​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ជាង ១០០​នាក់ ចូល​ទៅ​តំបន់​សែនព្រេន​របស់​អ្នក​ភូមិ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ដោយ​សំអាង​ថា តំបន់​នោះ​ជា​ដី​សម្បទាន​របស់​ក្រុមហ៊ុន មេហ្គា ហ្វើស។

មិន​មាន​អំពើ​ហិង្សា​អ្វី​ក្នុង​ការ​ប្រឈម​មុខ​គ្នា​នេះ​ទេ ក៏ប៉ុន្តែ​ការ​ប្រឈមមុខ​អូស​បន្លាយ​អស់​រយៈពេល​​ប្រមាណ​មួយ​ម៉ោង​ទើប​ក្រុម​សមត្ថកិច្ច​បើក​ផ្លូវ​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ធ្វើ​ពិធី​សែន​ព្រេន​តាម​ប្រពៃណី​ជន​ជាតិ​ដើម​ភាគតិច។


តំណាង​សហគមន៍ លោក ទើយ ធិ ចោទ​ប្រកាន់​ក្រុមហ៊ុន​ថា បាន​ឈូស​ឆាយ​ព្រៃ​តំបន់​គោរព​បូជា​សហគមន៍​អស់​ជាង ៧​ហិកតារ ហើយ​ធ្វើ​របាំង​បិទ​ផ្លូវ​មិន​ឲ្យ​អ្នកភូមិ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ​បាន​ដូច​ធម្មតា​ឡើយ។ លោក​ថា អ្នក​ភូមិ​បាន​ធ្វើ​ការ​ប្រឆាំង​ជា​ច្រើន​លើក ខណៈ​ក្រុមហ៊ុន​នេះ​ប៉ុនប៉ង​ឈូស​ឆាយ​ព្រៃ​សហគមន៍​ដើម្បី​យក​ដី។ ជាមួយ​នោះ​ដែរ អ្នក​ភូមិ​បាន​ធ្វើ​ពាក្យ​ប្ដឹង​តវ៉ា​ជូន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ក៏ប៉ុន្តែ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​របស់​សហគមន៍​ឡើយ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​បាន​រំលោភ​ឈូស​ឆាយ​ព្រៃ​អភិរក្ស​ផ្នែក​ជំនឿ​ប្រពៃណី និង​ជា​តំបន់​ជម្រក​សត្វ និង​ជា​តំបន់​ប្រភព​ទឹក​ប្រើប្រាស់​របស់​សហគមន៍​អស់​គ្មាន​សល់។

លោក ទើយ ធិ៖ «ព្រោះ​ក្រុមហ៊ុន​ទេ ពួក​ខ្ញុំ​សែនព្រេន​នៅ​កន្លែង​ព្រៃ​ពួក​ខ្ញុំ​កប់​សព ឈូស​ឆាយ​កន្លែង​ពួក​ខ្ញុំ។ អ៊ីចឹង​ព្រៃ​ខ្មោច​មិន​ឲ្យ​ប៉ះពាល់​ដាច់​ខាត ព្រៃ​តំណម​ព្រៃ​ខ្មោច ព្រៃ​ដង្ហើម​ទឹក​ទៀត។ តំណាង​សហគមន៍​នៅ​ហ្នឹង បើ​មិន​ឈប់​នៅ​តែ​បន្ត​ធ្វើ​ទៀត»។

ក្រុមហ៊ុន មេហ្គា ហ្វើស ទទួល​បាន​ដី​សម្បទាន​ជាង ៩​ពាន់​ហិកតារ​នៅ​ស្រុក​អូររាំង តាំង​ពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្អាក​ឈូស​ឆាយ​ដី​បន្ទាប់​ពី​សហគមន៍​បាន​ប្រមូល​ផ្តុំ​តវ៉ា និង​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព និង​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ព្រៃ​អភិរក្ស​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ខែ​សីហា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន មេហ្គា ហ្វើស សុំ​អធិប្បាយ​ជុំវិញ​​ការ​តវ៉ា​របស់​អ្នក​ភូមិ​បាន​ឡើយ។

ចំណែក​អភិបាល​ស្រុក​អូររាំង លោក នង ទុណ្ណារី បដិសេធ​មិន​អធិប្បាយ​ដោយសារ​ជាប់​រវល់។ ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក សុក រដ្ឋា ដែល​បាន​ឃ្លាំមើល​បញ្ហា​នេះ ចាត់​ទុក​សកម្មភាព​ឈូស​ឆាយ​ព្រៃ​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន​ថា ជា​ការ​រំលោភបំពាន​ទៅលើ​តំបន់​វប្បធម៌​ប្រពៃណី និង​រំលោភ​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

លោក​ថា អាជ្ញាធរ​​ពាក់ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នកភូមិ​ទាក់ទិន​ផល​ប៉ះពាល់​ស្ដីពី​សម្បទាន​​សេដ្ឋកិច្ច ដែល​គោលនយោបាយ​រាជរដ្ឋាភិបាល​កំណត់​ឲ្យ​កាត់​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ចេញ៖ «អាជ្ញាធរ​ខេត្ត​គួរ​តែ​ចាប់អារម្មណ៍​ចំពោះ​ការ​តវ៉ា និង​ទាមទារ​របស់​ជនជាតិ​ដើម​ភាគតិច ត្រូវ​តែ​ផ្តល់​សិទ្ធិ​ឲ្យ​ពួកគាត់​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ទាមទារ​តវ៉ា មិន​ត្រូវ​រឹតត្បិត​សេរីភាព​ពួកគាត់​ដែល​មិន​​បាន​ប្រើ​ហិង្សា ហើយ​គ្មាន​អាវុធ​ក្នុង​ដៃ»។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​លោក ទើយ ធិ អះអាង​ថា អ្នកភូមិ​មិន​ព្រម​បញ្ឈប់​ការ​តវ៉ា​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​រស់​នៅ​របស់​អ្នក​ភូមិ​ឡើយ ហេតុ​នេះ​អ្នក​ភូមិ​គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី និង​សំណង​ខូចខាត​តំបន់​ព្រៃ​គោរព​បូជា​អ្នក​ភូមិ និង​ជា​ពិសេស​ទាមទារ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​លប់​ចោទ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច៕

No comments: