A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 1 August 2015

មេធាវី​គ្រោង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​អង្គ​ចៅក្រម​ឲ្យ​សើរើ​ការ​កាត់​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់

ដោយ សេក បណ្ឌិត
2015-07-31 rfa

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) និង​សកម្មជន​ដទៃ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។
RFA/Morm Moniroth

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​សិក្សា​លើ​ទិដ្ឋភាព​ពីរ​ដើម្បី​ជួយ​សកម្មជន​របស់​ខ្លួន ១១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ជាង ១០​ថ្ងៃ​មក​ហើយ។ នីតិវិធី​ទាំង​ពីរ​នោះ គឺ​ព្យាយាម​ស្វែង​រក​កិច្ច​ចរចា​តាម​ផ្លូវ​នយោបាយ និង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​អោយ​សើរើ​ឡើង​វិញ​ចំពោះ​ការ​កាត់​ក្តី​មួយ​ដែល​បក្ស​ប្រឆាំង​ចាត់​ទុក​ថា មាន​ភាព​មិន​ប្រក្រតី។ ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​មាន​ជំនឿ​ថា ការ​ចរចា​តាម​របត់​នយោបាយ​អាច​មាន​ផល​វិជ្ជមាន​លឿន​ជាង​តាម​ប្រព័ន្ធ​ច្បាប់។

មេធាវី​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់ គ្រោង​ប្ដឹង​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

មេធាវី លោក ជូង ជូងី ពន្យល់​ថា ការ​ប្ដឹង​មោឃភាព​នីតិវិធី​នេះ គឺ​ក្រុម​មេធាវី​ចុង​ចោទ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​កាត់​សេចក្ដី​នៅ​សាលាដំបូង​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា នោះ​ទេ ហើយ​សុំ​ឲ្យ​តុលាការ​បើក​សវនាការ​ដេញដោល​លើ​រឿង​ក្តី​នេះ​ឡើង​វិញ។

ការ​ស្នើ​នេះ ដោយ​លោក​ចាត់​ទុក​ការ​កាត់​សេចក្ដី​កន្លង​មក​នោះ​ធ្វើ​ឡើង​ដោយ​តក់ក្រហល់​ខុស​នីតិវិធី​នៃ​ប្រព័ន្ធ​យុត្តិធម៌៖ «គឺ​បាន​ន័យ​ថា ត្រូវ​ដេញដោល​នូវ​អ្វី​តុលាការ​ក្រុង​អត់​បាន​ធ្វើ ហើយ​រឿង​នោះ​ជា​រឿង​ឧក្រិដ្ឋ ខ្ញុំ​ជា​មេធាវី​អាច​ចូលរួម​បាន អ៊ីចឹង​គាត់​ធ្វើ​ខុស​នីតិវិធី​ជា​ច្រើន។ យើង​ទាមទារ​ឲ្យ​ធ្វើ​សវនាការ​នេះ​ឡើង​វិញ»។



ចំណុច​ខ្វះខាត​តាម​ផ្លូវ​ច្បាប់​ដែល​អង្គ​សវនាការ​មិន​បាន​បំពេញ​នោះ គឺ​ការ​កាត់​សេចក្ដី​ដោយ​មិន​មាន​មេធាវី​ចូលរួម ដើម​បណ្ដឹង​រដ្ឋប្បវេណី ៣៦​រូប ចៅក្រម​សួរ​ដេញ​ដោល​បាន​តែ ៦​រូប ដែល​បាន​ផ្ដល់​ចម្លើយ ហើយ​ចម្លើយ​ពេល​នោះ គឺ​ខុស​ពី​ពេល​ដែល​ពួកគាត់​បាន​ផ្ដល់​ឲ្យ​ទៅ​ចៅក្រម​ស៊ើបសួរ​កាល​ពី​ពេល​មុន​សវនាការ​ចុង​ក្រោយ​នេះ ហើយ​ម្យ៉ាង​ទៀត ការ​ពិនិត្យ​ភស្តុតាង​ធ្វើ​មិន​បាន​ត្រឹមត្រូវ​ទេ គឺ​ធ្វើ​ដោយ​តក់ក្រហល់ ឬ​មាន​រយៈពេល​ខ្លី​ពេក។

ចំណែក​អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ កក្កដា ថា ក្រុម​តំណាងរាស្ត្រ​ភាគតិច​របស់​បក្ស​ប្រឆាំង​កំពុង​ស្វែង​រក​កិច្ច​ចរចា​តាម​ផ្លូវ​នយោបាយ​មួយ​ជាមួយ​ក្រុម​អ្នក​តំណាង​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា ដោយ​បាន​កំណត់​ថ្ងៃ​ជួប​គ្នា ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ។

មធ្យោបាយ​មួយ​ទៀត គឺ​អាច​សុំ​ឲ្យ​ក្រុម​មេធាវី​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​ដើម្បី​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចំពោះ​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ខុស​នីតិវិធី​ពេល​កាត់​ក្តី​សកម្មជន​ទាំង ១១​នាក់​នោះ៖ «នីតិវិធី​កាត់​ក្តី​ដោយ​តក់​ក្រហល់​គ្មាន​មេធាវី​ចូល​រួម ហើយ​ពិនិត្យ​មិន​បាន​ច្បាស់លាស់​ចំពោះ​ឯកសារ សាក្សី របស់​ជនរងគ្រោះ គឺ ១១​នាក់​នោះ​បាន​ដាក់​ទៅ»។

ចំណែក​មន្ត្រី​សិទ្ធិមនុស្ស​វិញ​យល់​ឃើញ​ថា ក្នុង​បរិបថ​ពាក់ព័ន្ធ​នឹង​ស្ថាន​ការ​នយោបាយ គឺ​ជា​អាទិភាព​មួយ​ក្នុង​ការ​កំណត់​វាសនា​អ្នក​ទាំង ១១។ ការ​ពឹង​ផ្អែក​លើ​ការ​ចរចា​នយោបាយ​អាច​ប្រសើរ​ជាង​ការ​តតាំង​គ្នា​តាម​ផ្លូវ​តុលាការ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត នៅ​តែ​បង្ហាញ​ជំហរ​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង ១១​នាក់ របស់​គណបក្ស​ប្រឆាំង គឺ​ជា​កូន​អុក​នយោបាយ ដោយសារ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បក្ស​ប្រឆាំង​បាន​ដុត​រោល​ខ្លាំង​រឿង​បញ្ហា​ព្រំដែន និង​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ​ខ្លាំង៖ «អ៊ីចឹង​ច្រក​ដែល​ចេញ​រួច​គ្មាន​អី​ក្រៅ​ការ​ចរចា​នយោបាយ​ទេ គឺ​ដូច​ពេល​មុនៗ​អ៊ីចឹង​ដែរ ព្រោះ​អ្នក​ទាំង​អស់​នោះ មុន​ចូល​ឆ្នាំ​ខ្មែរ​មាន​ការ​ចរចា​នយោបាយ​ទើប​អ្នក​ទាំង​នោះ​បាន​នៅ​ក្រៅ​ឃុំ​នោះ»។

ទាក់ទង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជំហរ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង ១១​នាក់​នោះ ត្រូវ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច ហើយ​និង​គ្មាន​ការ​ចរចា​ណា​មួយ​តាម​ផ្លូវ​នយោបាយ​នោះ​ទេ៖ «ហើយ​ចង់​ឲ្យ​អ្នក​ណា​មក​ចរចា? បាន! ខ្ញុំ​ជួប​អ្នក​ណា​ក៏​បាន​ដែរ កុំ​ឲ្យ​តែ​ពួក​ភេរវកម្ម​ទៅ​បាន​ហើយ ប៉ុន្តែ​បើ​និយាយ​យក​រឿង​តុលាការ​ដែល​ក្រៅ​អំណាច​របស់​ខ្ញុំ គឺ​អត់​និយាយ​ចូល​ទេ បាន​ត្រឹមតែ​ផឹក​ទឹក​តែ​ជាមួយ សួរ​សុខទុក្ខ ព្រោះ​បើ​តាម​គេ​ដឹង​អ្នក​នៅ​ខាង​ក្នុង​ថា កុំ​យក​បញ្ហា​គេ​ជាប់​គុក​ហ្នឹង​ជា​ថ្នូរ​នយោបាយ។ អូខេ! ល្អ​ណាស់! ធ្វើ​តាម​អ្នក​នៅ​ក្នុង​គុក​នោះ​ទៅ»។

ទោះ​យ៉ាង​ណា អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​នានា និង​ដោះលែង​អ្នក​ទាំង ១១​នាក់​នោះ ឲ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ និង​កុំ​ឲ្យ​យក​អ្នក​ទាំង​នោះ​ធ្វើ​ធ្នាក់​នយោបាយ​បន្ត​ទៀត៕

No comments: