A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 July 2015

លោក​ផ្កាយ​មាស​៤ ជា តារា ថា​កងទ័ព​ជា​ទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2015-07-29 rfa

លោក ជា តារា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​តំណាង​គណៈ​មេបញ្ជាការ​ឯកភាព សមរភូមិ​ប្រាសាទ​ព្រះវិហារ ថ្លែង​ក្នុង​សិក្ខាសាលា ស្ដីពី​សម្ព័ន្ធ​មេត្រីភាព រវាង​អង្គភាព​កងទ័ព កង​កម្លាំង​នគរបាល​ជាតិ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
 RFA/Brach Chev

មេ​ទាហាន​ផ្កាយ​មាស​៤ នៃ​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់ លើក​ឡើង​ថា ទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​នេះ​ជា​អ្នក​ផ្គត់ផ្គង់​ទាហាន​នា​ពេល​បច្ចុប្បន្ន។

បញ្ហា​នេះ គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ ថា​ការ​លើក​ឡើង​នេះ ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​កង​កម្លាំង​របស់​រដ្ឋ មិន​មែន​ជា​របស់​បក្ស​ទេ និង​ទាមទារ​ឲ្យ​មាន​ការ​កែ​តម្រូវ។

អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​តំណាង​គណៈ​មេ​បញ្ជាការ​ឯកភាព​សមរភូមិ​ប្រាសាទ​ព្រះវិហារ ផ្កាយ​មាស​៤ លោក ជា តារា រំឭក​ទៅ​កងទ័ព​ថា កង​ទាហាន​ទាំងអស់​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​របស់​ប្រជាជន។ ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​យោធា មន្ត្រី​រដ្ឋាភិបាល និង​វិស័យ​ឯកជន មេ​ទាហាន​ផ្កាយ​មាស​៤ ប្រចាំ​តំបន់​ព្រះវិហារ នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​២៩ ខែ​កក្កដា លោក ជា តារា និយាយ​សម្ដី​ស្មោះ​ត្រង់​របស់​ខ្លួន​ថា កងទ័ព​ត្រូវ​ការ​ចូលរួម​ការពារ​ជាតិ និង​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌៖ «បើ​និយាយ​ឲ្យ​ចំ កងទ័ព គឺ​ជា​របស់​គណបក្ស​ប្រជាជន ព្រោះ​សម្ដេច​តេជោ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ដឹក​នាំ​បញ្ជា​កងទ័ព»។



ការ​លើក​ឡើង​របស់ លោក ជា តារា នេះ គឺ​ស្រប​ទៅ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បញ្ចូល​សមាសភាព​ថ្នាក់​ដឹក​នាំ​កង​កម្លាំង​ជាច្រើន​រូប ជា​សមាជិក​គណៈកម្មការ​កណ្ដាល​របស់​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ។ ក្នុង​នោះ​ក៏​មាន លោក ជា តារា កាន់​តួនាទី​នៅ​ក្នុង​គណៈកម្មការ​កណ្ដាល​គណបក្ស​នេះ​ដែរ។ ការ​បញ្ចូល​ថ្នាក់​ដឹក​នាំ​យោធា និង​ថ្នាក់​ដឹក​នាំ​កង​រាជ​អាវុធហត្ថ​ទៅ​ក្នុង​ជួរ​ដឹក​នាំ​គណបក្ស​នេះ ត្រូវ​បាន​សាធារណជន​រិះគន់​យ៉ាង​ខ្លាំង​ដែល​មន្ត្រី​ទាំង​នោះ​ទទួល​ប្រាក់​ខែ​ពី​រដ្ឋ តែ​បែរ​ជា​បម្រើ​ការងារ​ឲ្យ​បក្ស​ទៅ​វិញ។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​យោធា​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ជា​កាយវិការ​មួយ​ចង់​បង្ហាញ​ថា កង​កម្លាំង​ឯករាជ្យ​របស់​រដ្ឋ​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​គណបក្ស​កាន់​អំណាច ហើយ​ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​កង​កម្លាំង​យោធា​ក្នុង​ការ​ការពារ​គណបក្ស​នេះ​នៅ​ពេល​ចាញ់​ឆ្នោត​ក៏​ថា​បាន។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់ លោក ជា តារា នេះ និង​ថា លោក ជា តារា យល់​ដឹង​ពី​ជាតិ​នៅ​មាន​កម្រិត។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ ចង់​ឃើញ​ស្ថាប័ន​នីតិប្រតិបត្តិ​មាន​ការ​កែ​តម្រូវ​នៅ​ពេល​ខាង​មុខ៖ «យើង​មាន​ការ​សោកស្ដាយ​ណាស់​នូវ​អ្វី​ដែល​បាន​លើក​ឡើង ព្រោះ​ហាក់​បី​ដូចជា​មិន​បាន​យល់​អ្វី​ទៅ​ហៅ​ថា កងទ័ព ជាតិ អ្វី​ទៅ​នាយក​រដ្ឋមន្ត្រី»។

ការ​អះអាង​របស់ លោក ជា តារា ដែល​ថា​កង​យោធពល​​ខេមរភូមិន្ទ​ជា​កងទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ថា កង​កម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ឧបករណ៍​របស់​រដ្ឋ​ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា កង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​របស់​ជាតិ​បើក​ប្រាក់​ខែ​ពី​ជាតិ ត្រូវ​បម្រើ​ជាតិ មិន​មែន​បក្ស​ទេ។ លោក​បណ្ឌិត​ស្នើ​ឲ្យ លោក ជា តារា កែ​តម្រូវ​ការ​លើក​ឡើង​បែប​នេះ ព្រោះ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ជាតិ៖ «តាម​ទៅ​មិន​ត្រឹមត្រូវ​ទេ​ពាក្យ​នេះ ពីព្រោះ​កងទ័ព គឺ​ជា​របស់​ជាតិ ការពារ​ប្រយោជន៍​ជាតិ មិន​មែន​ការពារ​គណបក្ស​ណា​មួយ​ទេ ចឹង​គាត់​មាន​កាតព្វកិច្ច​មួយ​ការពារ​ជាតិ មិន​មែន​កងទ័ព​ការពារ​គណបក្ស​ទេ»។

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កង​យោធពល​ខេមរភូមិន្ទ មាត្រា​១ ចែង​ថា កង​យោធពល​ខេមរភូមិន្ទ មាន​ភារកិច្ច​បម្រើ​ប្រទេស​ជាតិ។ បេសកកម្ម​របស់​កង​យោធពល​ខេមរភូមិន្ទ គឺ​ត្រូវ​រៀបចំ​កម្លាំង​ដើម្បី​ការពារ កសាង​មាតុភូមិ និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រទេស​ជាតិ។

ទោះ​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ គាំទ្រ​ការ​លើក​ឡើង​របស់ លោក ជា តារា ព្រោះ​រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​នេះ​ទាហាន​មិន​អាច​ទៅ​ការពារ​គណបក្ស​ផ្សេង​បាន​ទេ។ លោក​បន្ថែម​ទៀត​ថា ពាក្យ​ដែល​លើក​ឡើង​ថា នាយក​រដ្ឋមន្ត្រី​ចិញ្ចឹម​ទាហាន គឺ​មាន​ន័យ​ថា នាយក​រដ្ឋមន្ត្រី​គ្រប់គ្រង​ទាហាន៖ «គោល​នយោបាយ​រដ្ឋាភិបាល ជា​គោល​នយោបាយ​របស់​គណបក្ស​ឈ្នះ​ឆ្នោត ហើយ​បច្ចុប្បន្ន​ជា​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន មាន​ន័យ​ថា ការពារ​គណបក្ស​ឈ្នះ​ឆ្នោត​នេះ​ឯង»។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ពន្យល់​ថា កង​កម្លាំង​បាត់បង់​អព្យាក្រឹតភាព ប្រសិន​បើ​គណបក្ស​នយោបាយ​ផ្សេង​ឈ្នះ​ឆ្នោត​ឈាន​ដល់​ការ​កាន់​អំណាច​នៅ​ពេល​ខាង​មុខ អាច​នឹង​មាន​រដ្ឋ​ប្រហារ​យោធា ឬ​ក្លាយ​ជា​របប​ផ្តាច់​ការ​មួយ ប៉ុន្តែ​លោក​ថា ក្នុង​បរិបថ​ប្រទេស​កម្ពុជា សព្វថ្ងៃ មិន​អាច​កើត​មាន​រឿង​នេះ​បាន​ទេ ហើយ​នេះ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​មេ​ទ័ព​ម្នាក់​ប៉ុណ្ណោះ៕

No comments: