2015-07-26 rfa
១១-ឧសភា-២០១៤៖ ទីរួមខេត្តស្វាយរៀង។
RFA/Chum Rasy
|
ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង ទាមទារឲ្យរដ្ឋាភិបាលកាត់ដីរបស់រដ្ឋដែលសម្បទានឲ្យក្រុមហ៊ុនរបស់ឥណ្ឌា ដាំអំពៅតាំងពីឆ្នាំ២០១០ នោះ មកឲ្យពួកគាត់បង្កបង្កើនផលចិញ្ចឹមជីវិតឡើងវិញ ខណៈដែលក្រុមហ៊ុនមិនបានអភិវឌ្ឍតំបន់នោះតាមការសន្យារបស់ខ្លួន។ អង្គការសង្គមស៊ីវិលថា អាជ្ញាធរគួរដោះស្រាយបញ្ហានេះឲ្យបានឆាប់ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចគ្រួសារពួកគាត់ឡើងវិញ។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅឃុំអំពិល និងនៅឃុំគគីរ ប្រមាណ ៧៧២គ្រួសារ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ជាមួយក្រុមហ៊ុន អិន.ខេ.វី (NKV) ដែលទទួលសិទ្ធិវិនិយោគដាំអំពៅលើដីរបស់រដ្ឋទំហំប្រមាណ ៨១៨ហិកតារក្នុងរយៈពេល ៧០ឆ្នាំនោះ បានអូសបន្លាយអស់រយៈពេល ៥ឆ្នាំទៅហើយ មិនទាន់មានដំណោះស្រាយនោះទេ។
តំណាងឲ្យប្រជាពលរដ្ឋតវ៉ាទាំងនោះ អ្នកស្រី ម៉ៅ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតែទទូចឲ្យរដ្ឋាភិបាលកាត់ដីដែលរដ្ឋវិនិយោគទៅឲ្យក្រុមហ៊ុនរបស់ឥណ្ឌា មកឲ្យពួកគាត់បង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិតវិញ ព្រោះបច្ចុប្បន្ននេះ ជីវភាពពួកគាត់កាន់តែធ្លាក់ដុនដាប៖ «ពួកយើងទាមទារចង់ឲ្យរដ្ឋដកដីពីក្រុមហ៊ុនឯកជននោះ មកពុះចែកជូនប្រជាពលរដ្ឋវិញ ព្រោះក្រុមហ៊ុននោះមិនបង្កើតការងារឲ្យអ្នកភូមិធ្វើតាមការសន្យាឡើយ»។
ប្រជាពលរដ្ឋនៅទីនោះរៀបរាប់ថា ដីនោះពួកគាត់ធ្លាប់ដាំដុះអាស្រ័យផលពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៤។ ក្រោយមក អាជ្ញាធរយកដីនោះទៅរក្សាទុកក្រោមហេតុផលថា ជាសម្បត្តិរបស់រដ្ឋ។ ក្រោយមកទៀត អ្នកភូមិបាននាំគ្នាតវ៉ាកាន់កាប់លើដីនោះវិញជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៧។ លុះដល់ចុងឆ្នាំ២០១០ អាជ្ញាធរបានបណ្ដេញប្រជាពលរដ្ឋចេញ ហើយសម្បទានដីនៅតំបន់នោះទៅឲ្យក្រុមហ៊ុន អិន.ខេ.វី របស់ឥណ្ឌា ក្នុងរូបភាពដាំអំពៅ និងបង្កើតរោងចក្រ ដោយសន្យាថានឹងជួយអភិវឌ្ឍតំបន់នោះឲ្យរីកចម្រើនលើគ្រប់វិស័យ ដូចជា កសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធភ្លើង ជាដើម តែផ្ទុយទៅវិញ ក្រុមហ៊ុននោះពុំបានធ្វើតាមការសន្យាឡើយ។ ពលរដ្ឋក៏មានមន្ទិលសង្ស័យថា ក្រុមហ៊ុនឥណ្ឌា ផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុនវៀតណាម ដាំកៅស៊ូ និងដំឡូងមីទៀតផង។
ឆ្លើយតបចំពោះបញ្ហានេះ លោក អ៊ឹម សារី មេឃុំអំពិល ច្រានចោលការចោទប្រកាន់របស់ពលរដ្ឋដែលថា ដីនោះក្រុមហ៊ុនឥណ្ឌា ផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុនវៀតណាម។ យ៉ាងណាក្តី លោកមេឃុំបញ្ជាក់ថា ដីនោះ គឺរដ្ឋមិនអាចបែងចែកទៅឲ្យពលរដ្ឋនៅទីនោះឡើយ ដោយលើកហេតុផលថា បើចែកក៏មិនគ្រប់គ្នាដែរ ហើយមិនអាចបញ្ចប់ទំនាស់បានទេ ពោលគឺមានតែអាជ្ញាធរមូលដ្ឋាន ស្នើសុំរដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋទាំងនោះទៅរស់នៅខេត្តផ្សេង៖ «រដ្ឋមិនព្រមប្រគល់ដីនោះតាមការទាមទារឡើយ។ រដ្ឋឲ្យតែអ្នកទីទាល់ក្រ ប៉ុន្តែមិនឲ្យដីនោះទេ គឺឲ្យនៅខេត្តផ្សេង»។
កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ ក្រុមអ្នកភូមិជាច្រើននាក់បានរៀបចំឡើងឡានមកដាក់ញត្តិជូនរដ្ឋសភា នៅទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យពន្លឿនការដោះស្រាយទំនាស់ដីធ្លីនេះដែរ ប៉ុន្តែក្តីប្រាថ្នាត្រូវបញ្ចប់ទៅវិញ ដោយសារអាជ្ញាធរមូលដ្ឋានរារាំងមិនឲ្យឡើងមកតវ៉ានៅភ្នំពេញដាច់ខាត។
ស្របពេលគ្នានោះ ប្រជាពលរដ្ឋក៏មិនទទួលយកការសម្រុះសម្រួលរបស់អាជ្ញាធរ ដែលចង់ឲ្យពួកគាត់ទៅរស់នៅខេត្តផ្សេងដែរ ពោលគឺពួកគាត់ចង់កាន់កាប់លើដីដែលធ្លាប់កាប់ឆ្ការ និងអាស្រ័យពីមុនវិញប៉ុណ្ណោះ។
ទាក់ទិនបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន មានប្រសាសន៍ថា ផ្ទៃដីដែលមានទំនាស់នោះ រដ្ឋាភិបាលគួរតែពិនិត្យដោះស្រាយបញ្ហានេះឲ្យបានលឿន គឺធ្វើយ៉ាងណាកាត់ដីនោះឲ្យប្រជាពលរដ្ឋវិញខ្លះផង ព្រោះដីខ្លះពលរដ្ឋធ្លាប់កាន់កាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ៖ «រដ្ឋាភិបាលគួរណាស់តែពិចារណាទៅលើក្រុមហ៊ុននោះឡើងវិញ ហើយធ្វើតាមអនុក្រឹត្យលេខ០១ ដើម្បីឆ្កៀលដីនោះឲ្យប្រជាពលរដ្ឋនៅតំបន់នោះបានគ្រប់គ្រងឡើងវិញ ដើម្បីជៀសវាងកុំឲ្យពួកគាត់ទៅធ្វើការចំណាកស្រុក ព្រោះប៉ះពាល់ដល់គ្រួសារបែកបាក់គ្នា និងប៉ះពាល់ដល់សេរីភាពនៃការរស់នៅរបស់ពួកគាត់»។
លោកមេឃុំអំពិល បញ្ជាក់ថា ផ្ទៃដីជាង ៨០០ហិកតារ ដែលអ្នកភូមិតវ៉ានោះ ជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋចំនួន ៥ភូមិ គឺភូមិរមាសហែក ភូមិស្រែឫស្សី ភូមិអំពិល ភូមិស្រែពពេល ភូមិកំពង់ត្របែក ស្ថិតក្នុងឃុំគគីរ និងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ អ្នកភូមិកំពុងជ្រួលច្របល់ ហើយស្នើឲ្យរដ្ឋាភិបាលដកដីសម្បទាននោះ មកឲ្យប្រជាពលរដ្ឋដាំដុះចិញ្ចឹមជីវិតវិញ៕
No comments:
Post a Comment