A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 June 2015

ខ្មែរ​ក្រោម​និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ដាក់​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទិវា​ជាតិ

ដោយ យាង សុជាមេត្តា
2015-06-03

ក្រុម​និស្សិត​នាំ​គ្នា​លាត​សន្ធឹង​ទង់​ខ្មែរ​កម្ពុជា​ក្រោម នា​បរិវេណ​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៤។
RFA/Hang Savyouth

ក្នុង​ពេល​ដែល​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ត្រៀម​លក្ខណៈ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប ៦៦​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ពលរដ្ឋ​ខ្មែរ​ក្រោម និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ថ្ងៃ​ទី​៤ មិថុនា ដែល​ជា​ថ្ងៃ​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​នោះ ធ្វើ​ជា​ទិវា​ជាតិ​មួយ​ដើម្បី​ឲ្យ​ខ្មែរ​ទាំងអស់​គ្នា​ចូលរួម​ចងចាំ។

ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ក្នុង​ពិធី​ខួប​រំឭក​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ខណៈ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​ទៀត​មិន​ដែល​ដឹង​ទាល់​តែ​សោះ ថា​មាន​ការ​ប្រារព្ធ​ពិធី​នេះ​នៅ​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​មក​ពី​ខេត្ត​ព្រះត្រពាំង ឈ្មោះ ថាច់ ខ្វែ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មិថុនា ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​ក្នុង​ឆ្នាំ​នេះ។ លោក ថាច់ ខ្វែ ដែល​បាន​ឡើង​មក​ប្រទេស​កម្ពុជា ប្រហែល ២០​ឆ្នាំ​មក​ហើយ​នោះ ឲ្យ​ដឹង​ថា ជាទូទៅ​លោក​ពុំ​សូវ​បាន​ខកខាន​ឡើយ។ លោក​ថា រាល់​ឆ្នាំ​ឲ្យ​តែ​ជិត​ចូល​ដល់​ខែ​មិថុនា លោក​តែង​ស្តាប់​ព័ត៌មាន ដើម្បី​ឲ្យ​ដឹង​ពី​ទីកន្លែង​គេ​ប្រារព្ធ​ពិធី។



បុរស​ខ្មែរ​ក្រោម​វ័យ ៤២​ឆ្នាំ និង​មាន​មុខ​របរ​ជា​អ្នក​លក់​បបរ​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​ខ្មែរ​ក្រោម​ម្នាក់ ការ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​ខ្លួន​ឯង គឺ​ជា​រឿង​សំខាន់។ លោក​ថា ការ​ចូលរួម​របស់​លោក គឺ​ជា​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​បាន​ដឹង​ពី​បញ្ហា​ផ្សេងៗ ដែល​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ជួប​ប្រទះ ព្រោះ​លោក​យល់​ថា ខ្មែរ​ក្រោម​មិន​មែន​ត្រឹម​តែ​បាត់បង់​ទឹក​ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បាត់បង់​សិទ្ធិ​សេរីភាព និង​ការ​ប្រឈម​មុខ​នឹង​ទុក្ខ​សោក​នានា។

លោក ថាច់ ខ្វែ ក៏​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខ្មែរ ដែល​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​នេះ​នៅ​ទី​សាធារណៈ​ធំៗ ដូច​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​មាន​ជំនឿ​ថា បើ​កម្មវិធី​នេះ​ប្រារព្ធ​នៅ​ទីកន្លែង​សាធារណៈ​ធំៗ នោះ​ពលរដ្ឋ​នឹង​ចូលរួម​បាន​ច្រើន ពេល​នោះ​មនុស្ស​ម្នា​នឹង​ចាប់​អារម្មណ៍​ពី​បញ្ហា​ខ្មែរ​ក្រោម​កាន់​តែ​ច្រើន​ឡើង៖ «មាន​អារម្មណ៍​តូច​ចិត្ត​ដែរ គ្រាន់​តែ​បុណ្យ​រំឭក​ទឹក​ដី​ប៉ុណ្ណឹង គាត់​មិន​ឲ្យ​ធ្វើ យើង​សោកស្ដាយ​ចង់​ឲ្យ​នៅ​តាម​ទី​សាធារណៈ​ទៅ បង​ប្អូន​ខ្មែរ​កណ្ដាល​គាត់​ដឹង​ឮ ហើយ​គាត់​បាន​ចូលរួម​ដែរ គាត់​បាន​ចូលរួម​ជា​បច្ច័យ​ខ្លះៗ​បើ​គាត់​អ្នក​ធូរធារ ហើយ​បើ​ទៅ​កន្លែង​ស្ងាត់ គាត់​អត់​សូវ​ដឹង​ពី​រឿង​ហ្នឹង»។

យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ទាំងអស់ មិន​មែន​សុទ្ធតែ​ដឹង​ពី​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នេះ​ឡើយ។

ស្ត្រី​ខ្មែរ​ក្រោម​ម្នាក់​មក​ពី​ខេត្ត​ឃ្លាំង សព្វថ្ងៃ​មាន​មុខ​របរ​ជា​អ្នក​លក់​សាច់គោ​អាំង ស្លាប​មាន់ ជង្គង់​មាន់ និង​ពង​មាន់​អាំង គឺ​លោកស្រី ថៃ សុភា។ លោកស្រី​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​លោកស្រី​បាន​ឡើង​មក​ប្រទេស​កម្ពុជា ជាង ២០​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​លោកស្រី​មិន​ដែល​ដឹង​ទាល់​តែ​សោះ​ថា មាន​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​នៅ​រៀង​រាល់​ថ្ងៃ​ទី​៤ មិថុនា។ ស្ត្រី​មាន​វ័យ ៥២​ឆ្នាំ​រូប​នេះ​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ប្រកប​របរ​លក់​ដូរ​ប្រចាំ​ថ្ងៃ លោកស្រី​ពុំ​សូវ​បាន​ដើរ​ទៅ​ណា​នោះ​ទេ។ ដូច្នេះ លោកស្រី​ពុំ​សូវ​ដឹង​រឿងរ៉ាវ​ច្រើន​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ ស្ត្រី​មាន​មាឌ​តូច​ល្មម​សម្បុរ​ស​រូប​នេះ​បញ្ជាក់​ថា បើ​និយាយ​ពី​ថ្ងៃ ៧​មករា វិញ គឺ​លោកស្រី​ដឹង ព្រោះ​ថា​វា​ជា​ថ្ងៃ​ដែល​កូន​របស់​លោកស្រី​ឈប់​សម្រាក​ពី​ការ​សិក្សា ហើយ​ក៏​ឮ​គេ​និយាយ​ថា វា​គឺ​ជា​ថ្ងៃ​ដែល​វៀតណាម ចូល​រំដោះ​កម្ពុជា ជាដើម។ ដោយសារ​កត្តា​នេះ​ហើយ លោកស្រី​ថា ប្រសិន​បើ​គេ​យក​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​លោកស្រី​មិន​ធ្លាប់​ដឹង​ពី​មុន​មក​នោះ ធ្វើ​ជា​ថ្ងៃ​ចងចាំ​សម្រាប់​ប្រទេស​ទាំង​មូល នោះ​ប្រហែល​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​មក​ដូច​លោកស្រី បាន​ដឹង​ពី​ថ្ងៃ​មួយ​នេះ។ មួយ​វិញ​ទៀត លោកស្រី​ថា វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ធ្លាប់​ច្រឡំ​ថា​ខ្មែរ​ក្រោម​ជា​ជនជាតិ​វៀតណាម នោះ ក៏​បាន​ស្គាល់​ពី​ខ្មែរ​ក្រោម​រឹត​តែ​ច្បាស់​ផង​ដែរ៖ «និយាយ​ទៅ​គេ​ស្គាល់​ខ្មែរ​ក្រោម​តែ​មួយ​ចំណែក​ណា​មួយ​ប៉ុណ្ណោះ មាន​ខ្មែរ​ខ្លះ​នៅ​វាយ​តម្លៃ​ខ្មែរ​ក្រោម មើល​ងាយ​ថា​ខ្មែរ​ក្រោម​ជា​យួន ខឹង​នៅ​ពេល​ដែល​គេ​មើល​ងាយ តែ​បាន​ត្រឹម​តែ​ខឹង ទោះ​បី​ប្រាប់​គេ គេ​នៅ​តែ​ថា​ខ្មែរ​ក្រោម​ហើយ​យួន គឺ​ដូច​គ្នា»។

ទាក់ទង​នឹង​ការ​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​មិន​ត្រូវ​ភ្លេច​ប្រវត្តិសាស្ត្រ​របស់​ជាតិ​នោះ​ឡើយ ហើយ​ត្រូវ​ធ្វើ​ការ​រំឭក​វា​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ដឹង​ពី​ថ្ងៃ​បាត់បង់​ទឹក​ដី រដ្ឋាភិបាល​កម្ពុជា គួរ​យក​ថ្ងៃ​ទី​៤ មិថុនា ធ្វើ​ជា​ទិវា​ជាតិ​មួយ​ឲ្យ​ខ្មែរ​ចងចាំ ហើយ​មិន​ត្រូវ​គិត​ថា ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ការ​បាត់បង់​សម្រាប់​តែ​ខ្មែរ​ក្រោម​នោះ​ឡើយ៖ «យើង​រំឭក​ហើយ​យើង​ធ្វើ​បុណ្យ​រួម​គ្នា តាម​ពិត​វា​មិន​ត្រូវ​តែ​ពី​រឿង​ខ្មែរ​ក្រោម​នោះ​ទេ វា​គឺ​ជា​រឿង​ជាតិ​ដែល​ត្រូវ​កំណត់​ដោយ​កម្មវិធី​របស់​ជាតិ ហើយ​យើង​ចូលរួម​ទាំងអស់​គ្នា យើង​អត់​បាន​ចង់​ឲ្យ​មាន​ការ​រំឭក​នៃ​ការ​ឈឺ​ចាប់​នេះ ដើម្បី​ឲ្យ​មាន​ទំនាស់​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​មេរៀន​មួយ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​យើង​រំឭក​ខ្លួន​យើង អំពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​វាសនា​ជាតិ ធានា​ឲ្យ​បាន​ឯកភាព​ជាតិ ហើយ​ពលរដ្ឋ​យើង​ក៏​ដូច​គ្នា​ដែរ ត្រូវ​ចូលរួម​ការពារ​ជាតិ​យើង»។

ចំពោះ​ការ​មិន​អនុញ្ញាត​របស់​អាជ្ញាធរ​ខ្មែរ មិន​ឲ្យ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ ត្រូវ​បាន លោក សុន ឆ័យ កត់​សម្គាល់​ថា វា​គឺ​ជា​ជំហរ​របស់​អាជ្ញាធរ​ខ្មែរ​ដែល​ប្រកាន់​ខ្ជាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក ដើម្បី​កុំ​ឲ្យ​ចំណង​មិត្តភាព​ពិសេស​រវាង​បក្ស​កាន់​អំណាច​នៅ​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​វៀតណាម ប្រេះស្រាំ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​លើក​ឡើង​ថា អាជ្ញាធរ​ខ្មែរ​ហាក់​បង្ហាញ​ថា ខ្លួន​នៅ​មាន​សម្ពាធ​ពី​រដ្ឋាភិបាល​វៀតណាម នៅ​ឡើយ​ជុំវិញ​រឿងរ៉ាវ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នេះ។

កន្លង​មក គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ពលរដ្ឋ និង​យុវជន​ខ្មែរ​មួយ​ចំនួន​ដែល​ចាប់​អារម្មណ៍​ពី​ខ្មែរ​ក្រោម តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច និង​មន្ត្រី​រដ្ឋាភិបាល ពុំ​ដែល​ចូលរួម​ជា​ផ្លូវ​ការ​ក្នុង​ពិធី​ខួប​រំឭក​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​ឡើយ បើ​ទោះ​ជា​មាន​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ក៏ដោយ​ចុះ។

ជុំវិញ​ការ​លើក​ឡើង​របស់ លោក សុន ឆ័យ ដែល​ចង់​បាន​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​ជាតិ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា បញ្ហា​នេះ​គណបក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា មាន​សិទ្ធិ​លើក​រឿង​នេះ​ឡើង​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ធ្វើ​ការ​សម្រេច ហើយ​បង្កើត​ជា​គោលការណ៍​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម។ លោក​ថា វា​ស៊ី​សង​លើ​បក្ស​ប្រឆាំង​ថា​ហ៊ាន​លើក​យក​រឿង​នេះ​នៅ​ក្នុង​សភា ឬ​យ៉ាង​ណា? ចំណែក​រដ្ឋាភិបាល​វិញ គ្រាន់​តែ​ជា​អ្នក​ប្រតិបត្តិ​ប៉ុណ្ណោះ។

នៅ​ពេល​សួរ​ថា តើ​មន្ត្រី​រដ្ឋាភិបាល​នឹង​ចូលរួម​ប្រារព្ធ​ថ្ងៃ​បាត់បង់​ទឹក​ដី​ជាមួយ​ខ្មែរ​ក្រោម​ឬ​ទេ​ក្នុង​ឆ្នាំ​នេះ? លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា ពិធី​នេះ​មិន​ទាន់​ក្លាយ​ជា​ពិធី​របស់​ជាតិ​នៅ​ឡើយ​ទេ ដូច្នេះ​លោក​ថា វា​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ថា​ចូលរួម ឬ​ក៏​អត់​នោះ។

លោក ផៃ ស៊ីផាន ក៏​បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា រង​សម្ពាធ ឬ​ខ្លបខ្លាច​រដ្ឋាភិបាល​វៀតណាម៖ «គាត់​មាន​សិទ្ធិ​ងឿង​ឆ្ងល់ ប៉ុន្តែ​វា​ជា​ការ​វាយ​ប្រហារ ជា​ការ​ប្រមាថ​មក​លើ​រាជ​រដ្ឋាភិបាល​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ពិចារណា​ហេតុផល​នោះ​ទេ បើ​លោក​ចង់​ដឹង​តាម​រដ្ឋធម្មនុញ្ញ លោក​អាច​ប្ដឹង​ជា​ជាង​ការ​និយាយ​នៅ​តាម​ទី​សាធារណៈ ដែល​អត់​មាន​ខ្លឹមសារ ឬ​ប្រយោជន៍​អ្វី និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ឯង»។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​អនុវត្ត​វប្បធម៌​សន្ទនា លោក​នឹង​លើក​ឡើង​រឿង​កំណត់​យក​ថ្ងៃ​ទី​៤ មិថុនា ជាមួយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​លោក​យក​ទៅ​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ចំណែក​អ្នក​វិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ឃើញ​ថា ការ​ដាក់​បញ្ចូល ឬ​មិន​ដាក់​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា ជា​ថ្ងៃ​ឈប់​សម្រាក វា​មិន​សំខាន់​នោះ​ទេ។ លោក​ថា អ្វី​ដែល​សំខាន់​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​បើក​ចំហ​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា មិន​ថា​ខ្មែរ​ក្រោម ខ្មែរ​កណ្ដាល ឬ​ខ្មែរ​ណា​ឡើយ បាន​ប្រារព្ធ​ពិធី​រំឭក​នេះ​ឲ្យ​បាន​ទូលំទូលាយ​គ្រប់​ទីកន្លែង។ ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម ប្រារព្ធ​ទិវា​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា វា​ជា​ការ​បង្ហាញ​នូវ​ភាព​ចង្អៀត​ចង្អល់​របស់​រដ្ឋាភិបាល៖ «យើង​សង្កេត​ឃើញ​ថា វា​ហាក់​បី​ដូចជា​ការ​ទាមទារ ឬ​ក៏​ការ​រំឭក​ខួប​នៃ​ការ​បាត់បង់​ទឹក​ដី​នេះ ជា​របស់​អ្នក​ណា​ម្នាក់ ដោយ​កន្លែង​នេះ​យើង​ត្រូវ​ផ្ដោត​ថា ទឹក​ដី​ទាំងឡាយ គឺ​ជា​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា មិន​មែន​ជា​របស់​អ្នក​ណា​ម្នាក់​ទេ កាល​ណា​បិទ​បាំង​រឿង​បញ្ហា​ទឹក​ដី គឺ​អនាគត​បញ្ហា​ព្រំដែន បញ្ហា​ទឹក​ដី​វា​នៅ​ជា​បញ្ហា​ប្រឈម»។

នៅ​ឆ្នាំ​នេះ ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នឹង​ធ្វើ​ឡើង​នៅ​វត្ត​ពោធិ៍យារាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ទាក់ទង​នឹង​បញ្ហា​ខ្មែរ​ក្រោម​នេះ​ដែរ តំណាង​យុវជន​ខ្មែរ​ក្រោម​មក​ពី​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា នៅ​ថ្ងៃ​ទី​៣ មិថុនា បាន​ដាក់​លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ លើក​យក​បញ្ហា​ខ្មែរ​ក្រោម​មក​ពិភាក្សា និង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ជាពិសេស គឺ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម៕

No comments: