ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី10 មិថុនា 2014,
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញសៀវភៅភូមិវិទ្យាមួយក្បាល ដោយលើកឡើងថាកោះត្រល់ដែលវៀតណាមកំពុងតែគ្រប់គ្រង បានបាត់បង់ដោយការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កឹម សុខា លើកឡើងបែបនេះ បន្ទាប់ពីរដ្ឋសភា បានបង្ហាញឯកសារមួយច្បាប់ ដែលបញ្ជាក់ថា កោះត្រល់មិនមែនបាត់បង់ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទេ។
លោក កឹម សុខា សរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារនេះ ដោយភ្ជាប់ជាមួយសៀវភៅភូមិវិទ្យាថ្នាក់ទី៧ដែលត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៨៣ថា«កោះត្រល់បានបាត់ទៅហើយ ដោយសារការដឹកនាំរបស់លោក ហ៊ុន សែន ហើយគ្មានថ្នាក់ដឹកនាំជាតិណាម្នាក់ បានប្រគល់កោះត្រល់ទៅឲ្យយួនដូចការអះអាងរបស់លោក ហ៊ុន សែន ឡើយ»។ លោកបញ្ជាក់«ខ្ញុំជឿថា បញ្ហាកោះត្រល់បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាចនឹងប្ដឹងទាមទារយកមកវិញបាន»។
កាលពីថ្ងៃចន្ទ ទី០៩ខែមិថុនា រដ្ឋសភា បានបង្ហាញឯកសារប្រវត្តិសាស្ត្រមួយច្បាប់ដោយច្រានចោលការបាត់បង់កោះត្រល់ជាកំហុសរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។សេចក្តីជម្រាបជូនព័ត៌មានរបស់រដ្ឋសភាទៅដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះហត្ថលេខាដោយលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បង្ហាញថា រដ្ឋសភា ស្នើឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយមួយចំនួន ដែលយល់ថាអាចទៅដណ្តើមកោះត្រល់មកវិញបាននោះ ពិចារណាទៅនឹងអ្វីដែលប៉ុល ពត បានអនុវត្តនៅពេលពួកគេកាន់អំណាចនៅឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។ រដ្ឋសភាបញ្ជាក់ថា ការដោះស្រាយតាមកម្លាំងនៅពេលនោះ បានបញ្ជាក់ច្បាស់នៅក្នុងអត្ថបទនៃព្រឹត្តិបត្រស្វែងរកការពិតផ្នែកប្រវត្តិសាស្ត្រ និងការស្រាវជ្រាវលេខ១៥៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដូចមានភ្ជាប់មកជាមួយនេះ។រដ្ឋសភាបញ្ជាក់ថា«បាត់បង់ទឹកដីនៃមាតុភូមិ គឺយើងទាំងអស់គ្នាមានការឈឺចាប់ណាស់ តែជំរុញឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាខ្លោចផ្សារថែមទៀត គឺចាំបាច់ត្រូវជៀសវាង»។
ថ្មីៗនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ច្រានចោលការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិមកលើថ្នាក់ដឹកនាំប្រទេស និងលើកឡើងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាអាយ៉ងវៀតណាមដែលបណ្តាលឲ្យបាត់បង់ទឹកដីនោះទេ។
អត្ថបទទាក់ទងផ្សេងៗ
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបំភ្លឺក្នុងរដ្ឋសភាថា ការបាត់បង់កោះត្រល់ គឺបាត់តាំងពីឆ្នាំ១៩៣៩មកម្ល៉េះ នៅពេលដែលកម្ពុជានៅក្រោមអាណានិគមបារាំង ហើយត្រូវបានលោក Previe(ប្រេវីយេ) ជនជាតិបារាំងជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន បានកាត់កោះនោះឲ្យវៀតណាម។
កោះត្រល់មានទំហំជិតប៉ុនប្រទេសសិង្ហបុរីទាំងមូល ស្ថិតនៅចម្ងាយ១៦ គីឡូម៉ែត្រពីប្រទេសកម្ពុជា និងមានចម្ងាយ៤០ គីឡូម៉ែត្រពីប្រទេសវៀតណាម។ បើតាមអ្នកសិក្សាអំពីបញ្ហាព្រំដែនសមុទ្រ និងបណ្ឌិតច្បាប់ថា ផ្អែកតាមប្រវត្តិសាស្ត្រ និងច្បាប់សមុទ្រឆ្នាំ១៩៨២ កោះនេះស្ថិតក្នុងអធិបតីភាពរបស់កម្ពុជា ប៉ុន្តែបច្ចុប្បន្នកោះនេះគ្រប់គ្រងដោយវៀតណាម និងមានឈ្មោះជាភាសាវៀតណាមថា កោះភូកុក៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
great information. You make Cambodian government have bad dream.
Post a Comment