A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 May 2015

ស្ថានភាព​គ្រួសារ​និង​ការ​តស៊ូ​មតិ​ដើម្បី​ការពារ​ផ្ទះ​សម្បែង​របស់​ស្ត្រី​ចំណាស់​ម្នាក់​នៅ​បឹងកក់


លោកស្រី ង៉ែត ឃុន ហៅ ម៉ាម៉ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី អំពី​ការ​តស៊ូ​ការពារ​ផ្ទះ​នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥
RFA/Ouk Savborey

ដោយ អ៊ុក សាវបូរី
2015-05-03

សកម្មភាព​តវ៉ា​ការពារ​ជម្រក​ស្នាក់នៅ គឺ​ជា​ប្រធានបទ​សំខាន់​របស់​អ្នក​បឹងកក់ ក្នុង​នោះ​ក៏​មាន​ស្ត្រី​វ័យ ៧៦​ឆ្នាំ​ម្នាក់​ដែល​មាន​វ័យ​ចាស់​ទុំ​ជាង​គេ​ក្នុង​ចំណោម​ក្រុម​ស្ត្រី​អ្នក​តវ៉ា​នៅ​តំបន់​នោះ គឺ​លោក​យាយ ង៉ែត ឃុន ឬ​គេ​គ្រប់​គ្នា​ស្គាល់​ថា យាយ​ម៉ាម៉ី។

ថ្វីត្បិត​តែ​វ័យ​របស់​គាត់​រាង​ជ្រាលជ្រេ​បន្តិច​ទៅ​ហើយ​ក្តី ប៉ុន្តែ​ទឹក​ចិត្ត​តស៊ូ​មតិ​ដើម្បី​សេរីភាព ប្រឆាំង​ការ​បណ្ដេញ​ចេញ​ពី​តំបន់​បឹងកក់​នោះ គឺ​នៅ​តែ​មាន​សភាព​ពុះ​កញ្ជ្រោល​មិន​ចាញ់​ក្មេងៗ ឬ​ទ្រុឌទ្រោម​ទៅ​តាម​វ័យ​របស់​គាត់​នោះ​ឡើយ។

តើ​ស្ថានភាព​គ្រួសារ​របស់​ស្ត្រី ង៉ែត ឃុន ឬ​យាយ​ម៉ាម៉ី យ៉ាង​ដូចម្តេច? ហើយ​ការ​តវ៉ា​របស់​គាត់​ជួប​នូវ​ឧបសគ្គ​យ៉ាង​ណា​ខ្លះ?

ស្ត្រី ង៉ែត ឃុន ហៅ ម៉ាម៉ី បាន​តស៊ូ​ការពារ​ផ្ទះ​នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ដោយ​បាន​ចូលរួម​ជាមួយ​ស្ត្រី​ដទៃ​ក្នុង​តំបន់​បឹងកក់។ សកម្មភាព​ចូលរួម​នោះ គាត់​បាន​រង​របួស​ក្បាល ដោយ​ត្រូវ​អ្នក​ការពារ​រដ្ឋាភិបាល​វាយ និង​ក្រោយ​មក​ចាប់​ដាក់​ពន្ធនាគារ​ពីរ​ដង ព្រោះ​តែ​សុំ​សិទ្ធិ​រស់នៅ​ក្នុង​ដី និង​ផ្ទះ​ជាប់លាប់​ក្នុង​តំបន់​បឹងកក់ ដែល​រូប​គាត់​មិន​ចង់​ឲ្យ​ផ្ទះ និង​ដី​ដែល​គាត់​កាន់​កាប់​ច្រើន​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ ជាប់​ពាក់ព័ន្ធ​ដី​វិនិយោគ​របស់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ទេ។


ចាប់​ពី​តុលាការ​បាន​ដោះ​លែង​ស្ត្រី ង៉ែត ឃុន ហៅ ម៉ាម៉ី វ័យ ៧៦​ឆ្នាំ​រូប​នោះ​ពី​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ មក ស្ត្រី​ចំណាស់​រូប​នោះ​នៅ​បន្ត​ចូលរួម​ចលនា​គាំទ្រ​អ្នក​ដែល​ត្រូវ​បាន​គេ​រំលោភ​ដី និង​ផ្ទះ​ដូច​រូប​គាត់​ដែរ។ ក្នុង​បេសកកម្ម​របស់​គាត់​នោះ គាត់​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​គុក ២​ដង គឺ​នៅ​ឆ្នាំ​២០១២ ម្តង និង​ឆ្នាំ​២០១៤ ម្តង។ គាត់​ជាប់​គុក​លើក​ទី​១ តុលាការ​ចោទ​ពី​បទ​បំពាន​ដី​សាធារណៈ​របស់​រដ្ឋ។ គាត់​ត្រូវ​ជាប់​គុក​ជាង ២​ឆ្នាំ។ កាល​នោះ គាត់​ទៅ​សុំ​ឲ្យ​សាលា​ក្រុង​ផ្តល់​កម្មសិទ្ធិ​ដី និង​ផ្ទះ ដែល​គាត់​កំពុង​រស់នៅ​ក្នុង​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ តំបន់​បឹងកក់ កុំ​ឲ្យ​ឋិត​ក្នុង​គម្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស៊ូកាគូ និង​ជាប់​គុក​លើក​ទី​២ គាត់​ទៅ​សុំ​សាលា​ក្រុង​ឲ្យ​ជួយ​បើក​ទឹក​ចេញ​ពី​តំបន់​បឹងកក់ ប៉ុន្តែ​ត្រូវ​តុលាការ​ចោទ​ពី​បទ​ចូលរួម​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ហើយ​ចាប់​គាត់​ដាក់​គុក ១​ឆ្នាំ​ទៀត តែ​អនុវត្ត​ទោស​បាន​ជាង ៥​ខែ ក៏​ត្រូវ​តុលាការ​ដោះ​លែង​មុន​ចូល​ឆ្នាំ​ខ្មែរ៖ «គ្រាប់​ឃ្លី​នេះ​គេ​បាញ់​ខ្ញុំ។ គ្រាប់​ឃ្លី​ប៉ុណ្ណឹងៗ​គេ​បាញ់​ចម្ពាម​កៅស៊ូ គេ​បាញ់​មក​ប្រាវៗ ខ្ញុំ​រត់​សឹង​អត់​រួច។ គេ​បាញ់​មក​ខ្ញុំ​ត្រូវ​ចំ​លើ​កន្លែង​កណ្ដាល​ទ្រូង​នេះ។ ឥឡូវ​នេះ​ខ្ញុំ​នៅ​ឈឺ​នៅ​ឡើយ ពេល​ណា​ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ដើម​ទ្រូង​នេះ គឺ​ត្រូវ​ចុក​អ៊ីចឹង​ទៅ ពេល​ណា​បាត់ៗ​អ៊ីចឹង​ទៅ។ យូរៗ​ម្តង​នៅ​ចុក​ក្នុង​ទ្រូង​ខ្ញុំ ដោយសារ​ការ​តស៊ូ​តែ​រឿង​ដីធ្លី​ផ្ទះ​សម្បែង ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ខ្ញុំ​រស់នៅ»។

លោកស្រី ង៉ែត ឃុន បន្ត​ថា មុន​ជាប់​គុក​លើក​ទី​២ គាត់​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ហៅ​ឲ្យ​គាត់​ទៅ​ទទួល​យក​ដី​ទទឹង ៨​ម៉ែត្រ បណ្តោយ ១៨​ម៉ែត្រ នៅ​ជាប់​របង​វិហារ​ចាម។ ប៉ុន្តែ​មិន​ទាន់​ផ្តល់​ប្លង់​ឲ្យ​ទេ គ្រាន់​តែ​ចង្អុល​ទីតាំង​ប៉ុណ្ណោះ។ រហូត​ដល់​ពេល​គាត់​ចេញ​ពី​ពន្ធនាគារ​មក​នេះ ក៏​សាលា​ក្រុង​មិន​ទាន់​យក​ប្លង់​ដី​ថ្មី​មក​ឲ្យ​គាត់​ដែរ ទើប​គាត់​មិន​ទាន់​រុះ​ផ្ទះ​ដូរ​ចេញ​ពី​ទីតាំង​ចាស់ ទៅ​នៅ​កន្លែង​ថ្មី​នោះ​នៅ​ឡើយ៖ «គាត់​លើក​ខ្ញុំ​ពី​ក្នុង​នេះ​ឲ្យ​ទៅ​នៅ​បាន​ខាង​មុខ​នេះ ខ្ញុំ​ក៏​មាន​ទឹក​ចិត្ត​រីករាយ​សប្បាយ​ដែរ ក៏ប៉ុន្តែ​ប្លង់​កម្មសិទ្ធិ​របស់​ខ្ញុំ ខ្ញុំ​ទៅ​សួរ​នៅ​មិន​ទាន់​បាន​ឲ្យ​ខ្ញុំ​ទេ នៅ​តែ​កុហក​ខ្ញុំ​រហូត ថ្ងៃ​នេះ​ថា​ថ្ងៃ​នោះ ស្អែក​សប្ដាហ៍​ក្រោយៗ មក​ដល់​គេ​ចាប់​ខ្ញុំ​យក​ទៅ​ដាក់​ពន្ធនាគារ។ ដល់​កូន​ខ្ញុំ​បាន​សួរ​ថា ចុះ​ប្លង់​យ៉ាង​ម៉េច​ហើយ? គាត់​សាលា​ក្រុង​បាន​ឆ្លើយ​តប​កូន​ខ្ញុំ​ថា ចាំ​ម៉ាក់​អ្ហែង​ចេញ​មក គាត់​នឹង​ឲ្យ។ ឥឡូវ​ពេល​ខ្ញុំ​ចេញ​មក​ហើយ ខ្ញុំ​ទៅ​សួរ គាត់​មិន​ទាន់​ឲ្យ​បាន​នៅ​ឡើយ​ទេ»។

លោកស្រី ម៉ាម៉ី ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ស្គាល់​គាត់​ក្រោយ​ពី​គាត់​បាន​ចូលរួម​ដ៏​សកម្ម​ក្នុង​ការ​ប្រឆាំង​មិន​ឲ្យ​មាន​ការ​រំលោភ​យក​ដី និង​ផ្ទះ​នៅ​ក្នុង​តំបន់​បឹងកក់​នោះ។ សព្វថ្ងៃ លោកស្រី ង៉ែត ឃុន និង​ស្វាមី​ដែល​មាន​វ័យ​ចាស់​ជាង​គាត់​ទៅ​ទៀត​នោះ អាច​ដើរ​បាន​ដោយ​ទប់​នឹង​ឈើ​ច្រត់ កំពុង​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​ក្ដារ​ក្រាល​ទ្រុឌទ្រោម​នៅ​ក្នុង​តំបន់​បឹងកក់ ដែល​ជា​ទីលាន​ជម្លោះ​ដីធ្លី​ដ៏​ក្តៅ​គគុក​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ស្វាមី​យាយ ម៉ាម៉ី គឺ​លោក អេង ឈៀង អាយុ ៨៧​ឆ្នាំ ឲ្យ​ដឹង​ថា ពួក​គាត់​មាន​កូន ៧​នាក់ ក្នុង​នោះ​ស្រី ៦​នាក់ និង​ប្រុស​ម្នាក់។ ទំហំ​ដី​ផ្ទះ​គាត់​កំពុង​កាន់​កាប់​ធំធេង គឺ​សាច់​ផ្ទះ​ទទឹង ១០​ម៉ែត្រ បណ្តោយ​ជាង ២០​ម៉ែត្រ មិន​គិត​ពី​ដី​ជុំវិញ​ផ្ទះ​ទេ។ លោក​ថា គាត់​មាន​ដី និង​ផ្ទះ​ធំ​នេះ ព្រោះ​កាល​នោះ​គាត់​មាន​របរ​លក់​ដូរ​នៅ​ក្នុង​ស្ថាប័ន​សមត្ថកិច្ច កូន​ចៅ​គាត់​ក៏​បាន​រៀន​សូត្រ មាន​លុយ​កាក់​ចាយ​មិន​ខ្វះ។ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​បឹងកក់ ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ​វិនិយោគ​មក​នោះ ក្រុម​គ្រួសារ​គាត់​បាត់បង់​ចំណូល​ប្រចាំ​ថ្ងៃ កូន​ចៅ​បាត់បង់​ការ​រៀន​សូត្រ ឯ​ដី​វិញ គេ​សន្យា​ផ្តល់​ឲ្យ​តូច​ជាង​ដី​ផ្ទះ​គាត់​កំពុង​ស្នាក់នៅ។ លោក​បន្ត​ថា បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់ និង​ភរិយា​ចេះ​តែ​តវ៉ា និង​រស់នៅ​ភ័យ​ខ្លាច​គេ​មក​រុះ​ផ្ទះ​ចេញ​ពី​ភូមិ​២២ ក្នុង​តំបន់​បឹងកក់ នេះ​ណាស់៖ «ជាប់​គុក​ក៏​ជាប់​ហើយ​ដែរ បង់​ខាត​ក៏​បង់​ដែរ អាជ្ញាធរ​គេ​កាន់​កាប់​ស្រេច​លើ​គេ​ទាំងអស់»។

បន្ថែម​លើ​ការ​រ៉ាយរ៉ាប់​របស់​ឪពុក​ម្ដាយ កញ្ញា អេង សុខា អាយុ ២៨​ឆ្នាំ ថ្លែង​ថា គាត់​បាន​រៀន​ឈប់ៗ​នៅ​មហាវិទ្យាល័យ វេស្ទើន (Western University) ដោយសារ​ជួយ​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ម្តាយ​ដែល​ចាស់​ជរា​នេះ។ កញ្ញា​បន្ត​ថា ដោយសារ​តែ​ក្រុម​គ្រួសារ​គាត់​រង​នូវ​ការ​យាយី​ពី​ការ​អភិវឌ្ឍ​របៀប​រឹប​អូស​យក​ដី និង​ផ្ទះ​របស់​គ្រួសារ​គាត់ នៅ​ភូមិ​២២ ទើប​ជីវភាព​គ្រួសារ​ប្ដូរ​ពី​ខ្ពស់​មក​ទាប និង​ស្ទើរ​តែ​តោកយ៉ាក ព្រោះ​សព្វថ្ងៃ​គាត់​ជំពាក់​ប្រាក់​សិក្សា​របស់​សាលា និង​មិន​មាន​ប្រាក់​បង់​រៀន​បន្ត៖ «បង់​ថ្លៃ​សាលា​ដែល​ខ្ញុំ​រៀន​ហ្នឹង បង់​ជា​លំដាប់​សិស្ស​ក្រីក្រ គេ​ឲ្យ​យើង​រំលស់​គេ​ជា​ខែៗ ប៉ុន្តែ​ឆ្នាំ​នេះ​ខ្ញុំ​អត់​ដែល​បាន​បង់​ឲ្យ​គេ​ទេ។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​ប្រហែល​ជា​បាន​រៀន ព្រោះ​គេ​ទុក​ឱកាស​ឲ្យ​យើង​ជា​សិស្ស​ក្រីក្រ​ដែរ»។

គាំទ្រ​លើ​ការ​តស៊ូ​ស្វិតស្វាញ​របស់ លោកស្រី ង៉ែត ឃុន អ្នកស្រី ទេព វន្នី តំណាង​ស្ត្រី​សហគមន៍​បឹងកក់ បន្ថែម​ថា យាយ ម៉ាម៉ី ដើរ​តវ៉ា​តាំង​ពី​ឆ្នាំ​២០០៧ មក​ជាមួយ​ស្ត្រី​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បាន​ផ្ទះ និង​ដី​រស់នៅ​ជាក់លាក់ មិន​ក្រោម​គំនាប​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ស៊ូកាគូ។ យាយ ម៉ាម៉ី បាន​ត្រូវ​របួស​ក្បាល ដោយសារ​ដំបង​សមត្ថកិច្ច​វាយ​បំបែក និង​បាន​ចាប់​ដាក់​គុក​ជាមួយ​ក្រុម​ស្ត្រី​បឹងកក់​ដទៃ​ទៀត​ដែរ។ អ្នកស្រី ទេព វន្នី បន្ត​ថា ក្រោយ​ពី​មាន​ការ​តវ៉ា​របស់​ក្រុម​ស្ត្រី និង​កុមារ​នៅ​តំបន់​បឹងកក់​មក នៅ​ឆ្នាំ​២០១១ រដ្ឋាភិបាល​សម្រេច​កាត់​ដី​ទំហំ​ជាង ១២​ហិកតារ (១២,៤៤​ហិកតារ) ពី​តំបន់​អភិវឌ្ឍន៍​បឹងកក់ មក​ឲ្យ​ពលរដ្ឋ​នៅ​សេសសល់ ៧០០​គ្រួសារ ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ នៅ​តែ​លូក​ដៃ​ចាត់​ចែង​ដី​ដែល​រដ្ឋាភិបាល​កាត់​មក​ឲ្យ​នោះ​ទៀត ទើប​ការ​តវ៉ា​នៅ​តែ​មាន​មិន​ចេះ​ចប់៖ «គឺ​សម្រាប់​គ្រួសារ​ដែល​គាត់​នៅ​តស៊ូ​តាំង​ពី​ឆ្នាំ​២០០៧ តាំង​ពី​ចាប់​ផ្ដើម​ការ​បណ្ដេញ​ចេញ ដែល​ក្នុង​ពេល​នេះ​មាន​យាយ ម៉ាម៉ី ផង​ដែរ។ គ្រួសារ​គាត់​មិន​ទាន់​មាន​ដំណោះស្រាយ នៅ ៣៩​គ្រួសារ​ទៀត​នោះ គឺ​យើង​អត់​ទាន់​បាន​នូវ​លទ្ធផល​ដោះស្រាយ​ផ្តល់​នូវ​ប្លង់​កម្មសិទ្ធិ​ពី​រដ្ឋាភិបាល ជូន​ដល់​ពួក​គាត់​នៅ​ឡើយ»។

ពាក់ព័ន្ធ​សកម្មភាព​តវ៉ា​ដើម្បី​ជម្រក​ស្នាក់នៅ​សមរម្យ និង​ស្រប​ច្បាប់​នេះ លោកស្រី ង៉ែត ឃុន ហៅ ម៉ាម៉ី ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​១៩៧៥ គាត់​បាត់​បង់​ជម្រក​ដោយសារ​របប​ខ្មែរ​ក្រហម​បណ្ដេញ​ចេញ​ពី​ផ្ទះ​នៅ​ក្រុង​ភ្នំពេញ។ នៅ​ពេល​គាត់​ចូល​មក​ភ្នំពេញ​វិញ ផ្ទះ​គាត់​ក្លាយ​ជា​របស់​គេ ទើប​គាត់​មក​តាំង​លំនៅ​ក្នុង​តំបន់​បឹងកក់ និង​បាន​រក​ស៊ី​លក់​ដូរ។ លោកស្រី​ថា ការ​តវ៉ា​របស់​គាត់​រាល់​ពេលវេលា​នេះ ដើម្បី​រក្សា​ដី​មួយ​កន្លែង​ទុក​ឲ្យ​កូន​ចៅ​គាត់​បាន​រស់នៅ​ក្នុង​ទីក្រុង ហើយ​លោកស្រី​ចង់​បង្ហាញ​សង្គម​ឲ្យ​ចេះ​គោរព​ច្បាប់ និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​មនុស្ស​ផង មិន​មែន​មាន​លុយ​ចេះ​តែ​ដេញ​គេ និង​បំផ្លាញ​សេចក្តី​សុខ និង​អនាគត​គេ​បាន​ស្រេច​ចិត្ត​ទេ៖ «ខ្ញុំ​ខ្មែរ ខ្ញុំ​រស់នៅ​ដី​ខ្មែរ ហេតុ​អី​មិន​ឲ្យ​ខ្មែរ​ខ្ញុំ​នៅ ហេតុ​អី ចេះ​តែ​គេ​អ្នក​ក្រៅ​ប្រទេស​គេ​មក​យក ដូច​ក្រុមហ៊ុន ខ្ញុំ​ឮ​តែ​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម គេ​មក​យក​ទឹក​ដី​ខ្មែរ។ ហើយ​បើ​សិន​គេ​ចង់​បាន​ទឹក​ដី​ខ្មែរ​យើង កូន​ឯង​ត្រូវ​តែ​តស៊ូ ឲ្យ​យើង​មាន​សិទ្ធិ​សេរីភាព បើ​អ្នក​ឯង​ចង់​បាន​របស់​ខ្ញុំ ខ្ញុំ​ចង់​លក់​ឲ្យ​អ្នក​ឯង អ្នក​ឯង​ទិញ​ខ្ញុំ​តាម​តម្លៃ​ទីផ្សារ ហើយ​បើ​អ្នក​ឯង​មិន​ទិញ​ខ្ញុំ​ទេ កុំ​ឲ្យ​អ្នក​ឯង​មក​បង្ខិតបង្ខំ​ខ្ញុំ។ ខ្ញុំ​មាន​ការ​ណែនាំ​កូន​អ៊ីចឹង»។

លោកស្រី ង៉ែត ឃុន ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​ប្រគល់​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ​ថ្មី​ដែល​ឲ្យ​គាត់​ទៅ​តាំង​លំនៅ​ថ្មី តាម​ការ​ព្រមព្រៀង​ដោះ​ដូរ​ពី​ទីតាំង​ចាស់​នោះ​នៅ​ឡើយ៕

1 comment:

Anonymous said...

Khmerization,

Please post this video.

https://www.youtube.com/watch?v=r5ZAiMvDhfI

93 Years Old woman