គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល ជានាយករដ្ឋមន្ត្រី ចាប់កំណើតបានរយៈពេលជាង១ឆ្នាំហើយ(តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣) និងរាជរដ្ឋាភិបាលក្បាលធំរបស់បុរសខ្លាំងនេះ មានទីប្រឹក្សាចំនួន២២៥នាក់ ក្នុងនោះ០៣នាក់មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី, ០៦នាក់មានឋានៈស្មើទេសរដ្ឋមន្ត្រី, ៨៧នាក់មានឋានៈស្មើរដ្ឋមន្ត្រី, ៣៩នាក់មានឋានៈស្មើរដ្ឋលេខាធិការ និង៩០នាក់មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយចំនួនទីប្រឹក្សាដ៏ច្រើនសន្ធឹកនេះត្រូវចំណាយលុយកាក់ជាប្រាក់បំណាច់មុខងារអស់ប្រមាណជាង១លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។
សមាសភាពមនុស្សដែលទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលរបស់បុរសខ្លាំងជាហូរហែចំនួនជាង២០០នាក់ ក្នុងរយៈពេលជាង១ឆ្នាំនោះ គ្មានប្លែកមុខមកពីណាទេ គឺភាគច្រើនជាអតីតមន្ត្រីធ្លាប់ធ្វើជារដ្ឋមន្ត្រី-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការនៃបណ្តាក្រសួង ធ្លាប់ធ្វើជាអភិបាលខេត្តមកពីគណបក្សប្រជាជនកម្ពុជាផង មកពីគណបក្សហ្វ៊ុនស៊ិនប៉ិចដែលជាគណបក្សនយោបាយរណបគណបក្សប្រជាជនកម្ពុជាផង និងអតីតជាមន្ត្រីគណបក្សនយោបាយប្រឆាំងដែលចុះចូលមកបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា ។
អនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២៧៧អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលមាត្រា២នៃអនុក្រឹត្យលេខ៦២អនក្រ.បក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីប្រាក់បំណាច់របស់សមាជិករាជរដ្ឋាភិបាល អនុរដ្ឋេលខាធិការ ទីប្រឹក្សា ព្រមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធចាប់ពីថ្នាក់អនុរដ្ឋលេខាធិការឡើងទៅ គឺក្នុងចំណោមទីប្រឹក្សារាជរដ្ឋាភិបាលបុរសខ្លាំងចំនួន២២៥នាក់ ត្រូវចាយលុយជាតិអស់ចំនួន៤០៣.៧២៥.០០០រៀលក្នុង១ខែ(ប្រមាណ១០០.៩៣០ដុល្លារអាមេរិកក្នុង១ខែ) ឬប្រមាណចំនួន១.២១១.១៧៥ដុល្លារអាមេរិកក្នុង១ឆ្នាំ ។
មជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ដើម្បីនិរន្តរភាពអំណាចរបស់ខ្លួន និងបក្ខពួកនោះ បុរសខ្លាំងមិនខ្ចីខ្វល់នឹងការរិះគន់ថា រាជរដ្ឋាភិបាលអសមត្ថភាព ទើបត្រូវការទីប្រឹក្សាច្រើនគគោក និងមិនខ្ចីញញើតក្នុងការចំណាយថវិកាជាតិខ្ជះខ្ជាយទៅលើចំនួនទីប្រឹក្សារាជរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់នោះឡើយ (មិនទាន់គិតទៅដល់ទីប្រឹក្សាក្រសួង-ស្ថាប័ន និងទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិផង) តាមរូបមន្ត"សិល្បៈនៃការចែករំលែក" គឺកៀរករប្រមែប្រមូលក្រុមមន្ត្រីដែលស្ម័គ្រដង្ហែតាមខ្លួនឲ្យមកទទួលផលប្រយោជន៍ពីខ្លួនក្នុងកញ្ចប់គណបក្សប្រជាជនកម្ពុជា តាមឋានានុក្រមរៀងៗខ្លួននៅលើគំនរញើសឈាមប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ៕
1 comment:
Ah Hun Sen Euy,
Go back to your old job Ah Roleuy Hun Sen: Prime Minister of Chor Luoch Morn.
Post a Comment