ភ្នំពេញៈ កម្មករសំណង់វ័យក្មេងម្នាក់ ដែលមានធូលីដីពេញខ្លួន បានធ្វើសញ្ញាញាក់ស្មាចំពោះផ្ទះធំនៅពីខាងក្រោយគាត់។
មានទំហំ ៦៥០០ ម៉ែត្រការ៉េ អចលនទ្រព្យនៅខាងក្រោយព្រឹទ្ធសភា កណ្តាលរាជធានីភ្នំពេញ គ្រាន់តែដីមានតម្លៃប្រហែល ១៨ លានដុល្លារអាមេរិក។ បូកភូមិគ្រឹះដែលមានអគារពីរខ្នងទំហំ ៦០០ ម៉ែត្រការ៉េ និងបីជាន់ អចលនទ្រព្យនេះនឹងមានតម្លៃច្រើនជាងនេះថែមទៀត។ ប៉ុន្តែ កម្មករនោះបានថ្លែងថា លោកមិនភ្ញាក់ផ្អើលទេ ដែលមន្ត្រីរាជការដែលទើបចូលនិវត្តន៍ថ្មីៗនេះ អាចមានលទ្ធភាពទិញអចលនទ្រព្យមានតម្លៃបែបនេះ។
លោកបញ្ជាក់ថា៖ «នេះគឺជាផ្ទះធំបំផុត [នៅភ្នំពេញ]។ ខ្ញុំមិនដែលឃើញផ្ទះបែបនេះទេ។ ប៉ុន្តែ គាត់ជាអ្នកមាន។ ដោយមានប្រាក់ ពួកគេអាចទទួលបានអ្វីដែលពួកគេចង់បាន»។
សហសេវិកវ័យកណ្តាលម្នាក់យល់ស្របដូចគ្នា។ ប៉ុន្តែ ភ្លាមៗនោះ បានបន្ថែមថា លោកមិនគិតថា គេអាចមានលទ្ធភាពទិញវា ដោយផ្អែកតែលើប្រាក់ខែទេ។
លោក ប៉ែន ស៊ីម៉ន អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលទើបចូលនិវត្តន៍ថ្មីៗនេះ និងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាម្ចាស់អចលនទ្រព្យនេះ។ លោក បច្ចុប្បន្ន រស់នៅក្នុងភូមិគ្រឹះតូចជាងនេះ ដែលនៅជាប់ដីនោះ។ អតីតសហសេវិករបស់គាត់បានថ្លែងថា ប្រាក់ខែរបស់គាត់ប្រហែល ៣ លានរៀល ក្នុងមួយខែ នៅពេលគាត់ចូលនិវត្តន៍ពីតំណែងមេគយ ដែលលោក ហ៊ុន សែន បានរិះគន់ កាលពី ខែតុលា ឆ្នាំមុនថា មានអំពើពុករលួយ។
កម្មករសំណង់បានថ្លែងថា សន្លឹក និងកាក់មាសត្រូវបានគេដាក់ក្នុងគ្រឹះអគារដើម្បីភាពថ្កុំថ្កើង ហើយបានរៀបរាប់ផ្នែកខាងក្នុងភូមិគ្រឹះថា សម្បូរបែប។
ក្នុងបទសម្ភាសតាមទូរស័ព្ទ លោក ស៊ីម៉ន បានអះអាងថា លោកបង់ប្រាក់ប្រហែល ១០ លានដុល្លារអាមេរិកចំពោះដី កាលពីប៉ុន្មានឆ្នាំមុន ហើយលោកបានបន្ថែមទៀតថា ពន្ធទាំងអស់បានបង់រួចហើយ។ លោកបានបន្ថែមថា ខណៈដែលឈ្មោះរបស់លោកមានលើប័ណ្ណកម្មសិទិ្ធ ប៉ុន្តែដីនេះតាមពិតជារបស់មនុស្ស ៤ នាក់ ហើយផ្ទះរបស់គាត់ស្ថិតនៅលើដីឡូត៍ក្នុងចំណោមដីឡូត៍ចំនួនបី។
ឯកសារ ដែល ភ្នំពេញ ប៉ុស្តិ៍ បានមើលឃើញ បានបង្ហាញថា ដីនេះត្រូវបានលក់ជាពីរដីឡូត៍ក្នុង ឆ្នាំ២០១២។
លោក ស៊ីម៉ន បានថ្លែងថា ផ្ទះនេះមើលទៅមាំ ដោយសារតែដីមានទឹកជុំវិញ ដូច្នេះ គាត់ត្រូវសាងសង់ផ្ទះមួយម៉ែត្រខ្ពស់ជាងធម្មតា។ លោកថា៖ «អ្នកដទៃទៀតនៅរាជធានីភ្នំពេញមានផ្ទះធំជាងនេះ ប៉ុន្តែ ពួកគេគ្រាន់តែមើលទៅមិនធំដូចផ្ទះខ្ញុំ»។
លោកបានបន្ថែមថា លោកស្វាគមន៍ឱកាសបំភ្លឺពីការពិតអំពីទ្រព្យសម្បតិ្តរបស់លោក។ លោកបានបញ្ជាក់ថា លោកបានប្រកាសវាក្នុងលិខិតប្រកាសទ្រព្យសម្បតិ្ត ដែលតម្រូវដោយអង្គភាពប្រឆាំងអំពើពុករលួយ។ លោកបានថ្លែងថា៖ «ខ្ញុំមិនមែនជាមនុស្សលោភទេ ឬធ្វើអ្វីដែលមិនសមហេតុផលទេ។ ខ្ញុំមិនមែនជាមនុស្សបែបនោះទេ»។
មិនត្រឹមតែលោក ស៊ីម៉ន ទេ ដែលជាមនុស្សរដ្ឋាភិបាល ដែលមានអចលនទ្រព្យថ្លៃបែបនេះ។ ភូមិគ្រឹះប្រណីតៗជុំវិញរាជធានីភ្នំពេញ និងអចលនទ្រព្យនៅជាយរាជធានីភ្នំពេញ គឺជាសញ្ញាបង្ហាញប្រាប់ប្រជាពលរដ្ឋកម្ពុជាថា តំណែងមន្ត្រីរដ្ឋាភិបាលខ្ពស់ៗ ជាញឹកញាប់ ស្មើនឹងទ្រព្យសម្បតិ្តមហិមា។
លោក ចម ប្រសិទ្ធ បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវគេជឿជាក់ថា មានអចលនទ្រព្យជាច្រើនជុំវិញប្រទេសកម្ពុជា។
អចលនទ្រព្យទំហំ ១០ ហិកតា ដែលមិនឆ្ងាយពីអាកាសយានដ្ឋានពោចិនតុង ក្នុង ឃុំសំរោងក្រោម មានទំហំប្រហាក់ប្រហែលនឹងវិទ្យាល័យលេចធ្លោក្នុងរាជធានីភ្នំពេញ។ ដីនៅជិតនោះ គេដាក់លក់ក្នុងតម្លៃ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីឆ្នាំមុន ជាហេតុធ្វើឲ្យអចលនទ្រព្យរបស់លោក ប្រសិទ្ធ មានតម្លៃអប្បបរមា ១៥ លានដុល្លារអាមេរិក ប៉ុន្តែ អាចច្រើនជាងនេះទៅទៀត។
លោក ប្រសិទ្ធ ដែលប្រពន្ធរបស់លោក លោកស្រី ទេព បុប្ផា ប្រសិទ្ធ មានងារជាឧកញ៉ា បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ តាមទូរស័ព្ទ ហើយមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ ទាក់ទងនឹងប្រភពទ្រព្យរបស់លោក។
ខណៈដែលប្រាក់ខែបច្ចុប្បន្នរបស់រដ្ឋមន្ត្រីពុំបានផ្សព្វផ្សាយជាសាធារណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានក្នុង ឆ្នាំ២០១១ ថា លោករកប្រាក់បានចំនួន ១១៥០ ដុល្លារក្នុងមួយខែ។
ចំណែកឯលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអតីតអភិបាលរាជធានីភ្នំពេញ មានភូមិគ្រឹះធំជាងលោក ប្រសិទ្ធ ទៅទៀត នៅក្បែរទីក្រុងរណបកាំកូ ក្នុង ខណ្ឌឫស្សីកែវ។ អចលនទ្រព្យទំហំ ១១ ហិកតា ដែលមានរន្ធវាយកូនគោលបែបឯកជន មានជញ្ជាំងដូចសម័យអង្គរ និងមានភូមិគ្រឹះប្រណីតមិនតិចជាង ៦ ខ្នង ដែលមានរចនាប័ទ្មខុសៗគ្នា គឺមានតម្លៃប្រហែល ៤៥ លានដុល្លារ ចំពោះតែដីប៉ុណ្ណោះ។ នេះបើយោងតាមអ្នកវាយតម្លៃអចលនទ្រព្យក្នុងស្រុកម្នាក់។
លោក សុផារ៉ា បានបដិសេធធ្វើការអត្ថាធិប្បាយលើទំហំ ឬតម្លៃអចលនទ្រព្យរបស់លោក ប៉ុន្តែ លោកបានលើកឡើងថា ការពន្យល់ពីរបៀបដែលលោកអាចមានលទ្ធភាពទទួលបានដីនេះ គឺត្រូវពិចារណាពីស្ថានការណ៍នៅរាជធានីភ្នំពេញ បន្ទាប់ពីខ្មែរក្រហមដួលរលំ ដែលនៅពេលនោះ លោក និងជនកម្ពុជាដទៃទៀត បានរំដោះប្រទេស ដោយមានជំនួយពីវៀតណាម។
លោកបានថ្លែងថា៖ «ខ្ញុំមានដីនេះ តាំងពីថ្ងៃ ទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនបើអ្នកមើលប្រវត្តិសាស្ត្រពេលនោះ មានតែប្រជាជនកម្ពុជា ៧០ នាក់ប៉ុណ្ណោះ នៅភ្នំពេញ ដូច្នេះ គេអាចមានផ្ទះ ឬដីច្រើនកន្លែង។ គេងាយរិះគន់មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនថា ជាអ្នកពុករលួយ ប៉ុន្តែ មើលប្រវតិ្តសាស្ត្រ...គ្មានអ្នកណាប្រើប្រាក់នៅឡើយទេ។ ខ្ញុំជាចៅសង្កាត់ពេលនោះ ដីរបស់ខ្ញុំលិចទឹកជម្រៅ ៣ ម៉ែត្រ ហើយជាបណ្តើរៗ ខ្ញុំបានអភិវឌ្ឍដីនោះរហូតមកដល់សព្វថ្ងៃនេះ»។
លោកបន្ថែមថា៖ «អ្នកទាំងនោះ ដែលធ្វើការរិះគន់បែបនេះ បានមកកម្ពុជាក្នុង ឆ្នាំ១៩៩១ ហើយពួកគេជាច្រើននាក់ គឺជាអ្នកចូលនិវត្តន៍នៅក្រៅប្រទេសដែលមកបង្កើតគណបក្សនយោបាយ ក្នុងប្រទេសកម្ពុជា។ គេមិនយល់ពីប្រវតិ្តសាស្ត្រទេ ហើយការរិះគន់របស់ពួកគេធ្វើឡើងដោយសារតែការច្រណែន...»។
លោក ស៊ុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានអះអាងថា រដ្ឋមន្ត្រីគណបក្សប្រជាជនជាច្រើននាក់ មានទ្រព្យសម្បតិ្តលើសពី ១០០ លានដុល្លារ។
លោកថ្លែងថា មន្ត្រីសាធារណៈ «មានការទទួលខុសត្រូវក្នុងការពន្យល់» ថាតើប្រាក់នោះបានមកពីណា?
យោងតាមលោក ឆ័យ បានឲ្យដឹងថា មន្ត្រីថ្នាក់កំពូលជាច្រើននាក់រកទ្រព្យបានច្រើន នៅពេលគណបក្សប្រជាជនបដិវត្តន៍កម្ពុជាប្តូរឈ្មោះជាគណបក្សប្រជាជនក្នុង ឆ្នាំ១៩៩១ ដោយលះបង់ចោលនូវលទិ្ធកុម្មុយនីស្ត ហើយបើកចំហទទួលរបបមូលធន និងឯកជនភាវូបនីយកម្មដីធ្លី។
ដូចដែលលោក Sebastian Strangio បានរៀបរាប់ក្នុងសៀវភៅថ្មីៗរបស់លោក ដែលមានចំណងជើងថា ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន បានឲ្យដឹងថា ដីរដ្ឋ និងអាជីវកម្មរដ្ឋត្រូវបានលក់ទៅឲ្យមន្ត្រីរដ្ឋាភិបាល អ្នកវិនិយោគបរទេស និងឧកញ៉ា ដែលមានចំណងទាក់ទងជាមួយនឹងគណបក្សប្រជាជន។
លោកបានសរសេរថា៖ «ដីទាំងអស់មុន ឆ្នាំ១៩៧៥ ត្រូវបានមោឃៈ ដោយធានាចំពោះអ្នកវិនិយោគថា ពួកគេនឹងរួចផុតពីការបណ្តេញចេញ ប្រសិនបើម្ចាស់ចាស់វិលត្រឡប់មកវិញ។ រាជធានីភ្នំពេញ បានក្លាយជាទីក្រុងរីក។ ការទិញលក់ភ្លាមៗ បានជំរុញតម្លៃដីឲ្យកើនឡើងខ្ពស់។ ភូមិគ្រឹះទ្រុឌទ្រោម ដែលគ្មានអ្នកកាន់កាប់ ចាប់តាំងពីរបប ប៉ុល ពត ត្រូវបានចាប់យកដោយមន្ត្រីរដ្ឋាភិបាល ដែលលក់ដីនោះទៅឲ្យពាណិជ្ជករថៃ និងសិង្ហបុរី ឬជួលទៅឲ្យទីភ្នាក់ងារជួយសង្គ្រោះអន្តរជាតិ ដែលស្វែងរកទីតាំងក្នុងទីផ្សារជំនួយកម្ពុជា»។
យោងតាមលោក ឆ័យ បានឲ្យដឹងថា រយៈពេលក្រោយការបោះឆ្នោត ២០០៨ នៅពេលគណបក្សប្រជាជនឈ្នះអាសនៈចំនួន ៩០ ក្នុងរដ្ឋសភា គឺជារយៈពេល ទី២ ដែលមន្ត្រីរកបានប្រាក់ជាច្រើន ដែលភាគច្រើនតាមរយៈដីសម្បទានសេដ្ឋកិច្ច ឬការដោះដូរទ្រព្យសម្បតិ្ត។
លោកថា៖ «ហេតុអ្វីបានជាគាត់អាចមានដីច្រើនបែបនោះនៅពេលដែលមានមនុស្សច្រើននៅរាជធានីភ្នំពេញ ដែលគ្មានបុព្វសិទិ្ធមានដីច្រើនបែបនេះទេ ហើយ ក្នុង ឆ្នាំ១៩៧៩ ក៏អ៊ីចឹងដែរ? ហើយនេះជាសំណួរ [មួយទៀត]។ មើលទៅផ្ទះក្នុងដី មានផ្ទះធំៗជាច្រើន។ វាមិនថោកទេ។ គាត់មានកូនទាំងអស់ក្នុងផ្ទះទាំងនោះ ដែលចំណាយប្រាក់រាប់លានដុល្លារ។ តើប្រាក់នេះបានមកពីណា?»។
មន្ត្រីគយជាន់ខ្ពស់ពីរនាក់ ដែលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា តំណែងរកប្រាក់បានក្នុងនាយកដ្ឋានគយ និងរដ្ឋាករ ដូចជា នៅកំពង់ផែ និងឆ្លងកាត់ព្រំដែន ត្រូវការបង់ប្រាក់ឲ្យគេ យ៉ាងហោចណាស់ចំនួន ៥ ទៅ ៧ ម៉ឺនដុល្លារអាមេរិក ប៉ុន្តែមិនអាចផ្តល់ភ័ស្តុតាងបញ្ជាក់ពីការអនុវត្តនេះទេ។
មន្ត្រីម្នាក់បានអះអាងថា៖ «មន្ត្រីគយមួយចំនួនបានលក់ផ្ទះ ឬខ្ចីប្រាក់ដើម្បីសូកយកតំណែង»។
ឯកសារតួលេខរបស់ស្ថានទូតអាមេរិក ឆ្នាំ២០០៧ មួយបានរៀបរាប់ប្រពន្ធលោក ស៊ីម៉ន ឈ្មោះ ងីន ស៊ុនសុភាព ថា ជាសហការីពាណិជ្ជកម្មរបស់លោកស្រី លីម ជីវហូ ប្រធានក្រុមហ៊ុន Attwood Import Export។
មន្ត្រីគយបានថ្លែងថា ឈ្មោះលោក ស៊ីម៉ន គឺជាឈ្មោះនាំចូលទំនិញដោយឥតគិតថ្លៃ។
មន្ត្រីដដែលថា៖ «ខ្ញុំមិនដឹងពីអាជីវកម្មដទៃទៀតរបស់លោក ប៉ែន ស៊ីម៉ន ប៉ុន្តែ រាល់ការដឹកជញ្ជូនទំនិញទាំងអស់មិនអាចប៉ះបានទេ»។
លោក ស៊ីម៉ន បានច្រានចោលនូវការចោទប្រកាន់ពីបទពុករលួយ ថា ការដំឡើង និងតែងតាំងមន្ត្រីនៅនាយកដ្ឋានគឺអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនមែនរូបលោកទេ។
លោក បូ បុណ្ណារ៉ា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃនាយកដ្ឋានគយ បានត្រឹមតែនិយាយថា លោកមិនដឹងទេ នៅពេល ភ្នំពេញ ប៉ុស្តិ៍ ស្នើឲ្យផ្តល់ការអត្ថាធិប្បាយពីអំពើពុករលួយ។
លោក សួស យ៉ារ៉ា តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជន បានថ្លែងថា ការយល់ឃើញរបស់បុគ្គលអំពីទ្រព្យសម្បតិ្តរបស់មន្ត្រីរដ្ឋាភិបាល មិនអាចចាត់ទុកជាមតិសាធារណៈទូទៅទេ។
លោកថា៖ «យើងប្រកាន់របបប្រជាធិបតេយ្យពហុបក្ស ហើយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី។ ដូច្នេះ អ្នកណាដែលមានសមត្ថភាពលើកកម្ពស់ការអភិវឌ្ឍគ្រួសាររបស់ខ្លួន ដោយមិនប៉ះពាល់ផលប្រយោជន៍សាធារណៈ អ្នកមិនមានអ្វីត្រូវចោទប្រកាន់ពួកគេទេ»។
«ទីផ្សារសេរីមានន័យថា [វាគឺសម្រាប់] ទាំងអស់គ្នា។ អ្នករស់គ្នាដែលរស់នៅក្នុងសង្គមនេះ នឹងទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។ ប្រសិនបើអ្នកជាមន្ត្រី អ្នកមានវិធានដែលមុនពេលអ្នកចូលបម្រើសេវាសាធារណៈ អ្នកត្រូវប្រកាសទ្រព្យសម្បតិ្តរបស់អ្នក ហើយនៅពេលអ្នកចាកចេញពីតំណែង អ្នកត្រូវប្រកាសទ្រព្យរបស់អ្នក។ ដរាបណាគេគោរពតាមវិធាននេះ យើងគ្មានការអត្ថាធិប្បាយទេ»។
ការប្រកាសទ្រព្យសម្បតិ្ត នៅអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវរក្សាការសម្ងាត់ និងត្រូវបានបើក តែក្នុងករណី ប្រធានសម្រេចចិត្តធ្វើការស៊ើបអង្កេត។
លោក ព្រាប កុល នាយកប្រតិបតិ្តនៃអង្គការតម្លាភាពអន្តរជាតិ បានឲ្យដឹងតាមអ៊ីមែលថា៖ «គួរសួរសំណួរ ព្រោះវាពិបាក ប្រសិនបើអាចអំពីថាតើ មន្ត្រីរដ្ឋាភិបាលម្នាក់រកបានប្រាក់ប្រហែល ១០០០ ដុល្លារ អាចមានទ្រព្យសម្បតិ្តរាប់ពាន់លានដុល្លារយ៉ាងដូចម្តេច។ ប៉ុន្តែ សំណួរទាំងនេះមិនអាចឆ្លើយបានទេ ប្រសិនបើមន្ត្រីសាធារណៈមិនត្រូវបានតម្រូវឲ្យប្រកាសទ្រព្យសម្បតិ្តជាសាធារណៈទេ»។
លោកបានបន្តថា ខណៈដែលច្បាប់ប្រឆាំងអំពើពុករលួយ ឆ្នាំ២០១០ មានបញ្ញតិ្តស្តីពីការមានបានដោយខុសច្បាប់ ដែលកំណត់និយមន័យថា គឺជាការកើនឡើងនៃទ្រព្យសម្បតិ្តរបស់មន្ត្រីរាជការដោយគ្មានហេតុផល ការដែលការប្រកាសទ្រព្យសម្បតិ្ត មិនអាចពិនិត្យដោយសាធារណៈនោះ បានធ្វើឲ្យការស៊ើបអង្កេតមិនអាចធ្វើទៅបានទេ តាមការអនុវត្តជាក់ស្តែង។
ទោះជាយ៉ាងណា លោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា តាមច្បាប់ប្រឆាំងអំពើពុករលួយ អង្គភាពមិនអាចចោទសួរបុគ្គល ដោយគ្មានពាក្យបណ្តឹងឡើយ។
លោកបានគូសបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ «សិទិ្ធរបស់បុគ្គលគឺសំខាន់ ហើយប្រសិនបើយើងសួរពួកគេ វាមានន័យថា យើងកំពុងស៊ើបអង្កេត។ ប្រសិនបើគ្មានភ័ស្តុតាង វានឹងជាការរំលោភសិទិ្ធបុគ្គល»៕
រាយការណ៍បន្ថែមដោយ មាស សុខជា
1 comment:
ហ្ណឹងហើយស្រុក ហ៊ុន សេន ណា អ្នកមានគឺមានកប់ពពកអញ្ចឹងណា ហើយគេបង្ហាញពីភាពអស្ចារ្យរបស់គេស្ទើរគ្រប់គ្នា តាំងពីស្រី ស្រា ឡាន ហ៊ឺហា មានដូច កាញ់យារិទ្ធ ធ្វើទៅជាស្តេច លើស ហ៊ុន សែន មួយរយដងទៅទៀត។
Post a Comment