សេចក្ដីព្រាងច្បាប់បោះឆ្នោតដែលក្រុមការងារគណបក្សទាំងពីរបានពិភាក្សាគ្នាជាង ៣ខែកន្លងមកដ៏ចម្រូងចម្រាសនោះ នៅទីបំផុតក្រុមការងារគណបក្សទាំងពីរបានសម្រេចជាចុងក្រោយ និងគ្រោងដាក់ឲ្យសភាអនុម័តនៅពេលខាងមុខ។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា សេចក្ដីព្រាងច្បាប់នេះមិនធានាឲ្យការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ សេរី និងយុត្តិធម៌ទាំងស្រុងនោះឡើយ។ មិនតែប៉ុណ្ណោះ ច្បាប់នេះនឹងមានការរឹតត្បិតជាងច្បាប់ចាស់ទៅទៀត បើសិនជាគណបក្សទាំងពីរមិនកែប្រែចំណុចមួយចំនួននោះ។
សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី ក្រុមការងារគណបក្សទាំងពីរនឹងយកមកពិភាក្សាគ្នាជាសាធារណៈនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃច័ន្ទ ទី៩ មីនា សប្ដាហ៍ក្រោយ។
ក្រុមអ្នកវិភាគលើកឡើងថា ទោះបីជាសេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានក្រុមការងារគណបក្សទាំងពីរនឹងលើកយកមកពិភាក្សាគ្នាពីគ្រប់មជ្ឈដ្ឋានក៏ដោយ ក៏ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះនៅទីបំផុតសភាជាអ្នកអនុម័តជាចុងក្រោយដដែល។
ក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភខ្លាចអនុសាសន៍របស់ពួកគាត់មិនត្រូវបានសភាយកខ្លឹមសារមួយចំនួនដែលពួកគាត់ស្នើឡើងដាក់បញ្ចូលនៅក្នុងច្បាប់នេះ ពីព្រោះថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ហាក់ដូចជាធ្វើទៅតាមឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅថា អឺរ៉ា (ERA) បានបើកកិច្ចពិភាក្សាគ្នាជាមួយអង្គការសង្គមស៊ីវិលជាច្រើនទៀត ស្នើឲ្យគណបក្សទាំងពីរដកចេញចំនួនពីរមាត្រាពីសេចក្ដីព្រាងច្បាប់បោះឆ្នោតនេះ រួមមានមាត្រា ៨៣ថ្មី ដែលអនុញ្ញាតឲ្យមន្ត្រីតុលាការ យោធា និងមន្ត្រីនគរបាលបានចូលរួមឃោសនាបោះឆ្នោត និងមាត្រា ៩១ថ្មី ចែងពីភាពអព្យាក្រឹតឥតលំអៀងរបស់សង្គមស៊ីវិល នឹងអាចទទួលការផាកពិន័យពី ១០លាន ទៅ ២០លានរៀល បើសិនជានិយាយដល់ការប្រមាថគណបក្សនយោបាយនោះ។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា និងតំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតមានប្រសាសន៍ថា ក្រៅពី២មាត្រានេះ នៅមានចំណុចជាច្រើនទៀតដែលសង្គមស៊ីវិលព្រួយបារម្ភពីការរឹតត្បិតចំពោះច្បាប់បោះឆ្នោតនេះ។
លោកបញ្ជាក់ទៀតថា នៅមានចំណុចជាច្រើនទៀតដែលគណបក្សទាំងពីរមិនបានដាក់បញ្ចូលនៅក្នុងច្បាប់នេះ ដូចជាការកំណត់ថវិកាឃោសនារបស់គណបក្សនយោបាយ និងបញ្ហាជាច្រើនទៀត៖ «ក្រុមហ៊ុនជាច្រើនឲ្យលុយគណបក្សនយោបាយ ទាក់ទងនឹងផលប្រយោជន៍ ហើយទូរទស្សន៍ជាច្រើនទៀតក៏បានផ្សព្វផ្សាយឲ្យគណបក្សនយោបាយ ក៏ទាញយកផលប្រយោជន៍ដែរ ហើយអង្គការសង្គមស៊ីវិលមិនបានស្វែងរកផលប្រយោជន៍ផង រឿងអីទៅបិទសិទ្ធិសេរីភាពគេ?»។
នៅក្នុងសិក្ខាសាលានៅថ្ងៃច័ន្ទ ទី៩ មីនា ដើមសប្ដាហ៍ក្រោយនេះ ក្រុមការងារគណបក្សទាំងពីរនឹងយកច្បាប់ចំនួនពីរដែលខ្លួនបានធ្វើដាក់ពិភាក្សានៅក្នុងសិក្ខាសាលានោះ គឺសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ការធ្វើសេចក្ដីព្រាងច្បាប់បោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា កេងចំណេញបានច្រើនជាងគណបក្សសង្គ្រោះជាតិ។ ហើយថា គណបក្សកាន់អំណាចគ្មានឆន្ទៈពិតប្រាកដក្នុងការធ្វើឲ្យការបោះឆ្នោតមានភាពប្រសើរ និងត្រឹមត្រូវពិតប្រាកដទេ។ រាល់ការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឬអង្គការសង្គមស៊ីវិលជាហូរហែចំពោះការធ្វើសេចក្ដីព្រាងច្បាប់នេះ នៅទីបំផុតគណបក្សសង្គ្រោះជាតិ នៅតែសម្រេចតាមការចង់បានរបស់គណបក្សប្រជាជនកម្ពុជា ដដែល។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ការធ្វើច្បាប់ថ្មីទាំងពីរនេះ មិនធានាថាស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯករាជ្យឥតលំអៀងនោះឡើយ។ លោកបញ្ជាក់ថា ស្ថាប័ន គ.ជ.ប នៅតែស្ថិតនៅក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ពីព្រោះថា ការជ្រើសរើសអគ្គលេខាធិការដ្ឋានត្រូវសម្រេចដោយអនុក្រឹត្យនោះ។
ចំពោះច្បាប់បោះឆ្នោតវិញ លោក កែម ឡី បានចាត់ទុកច្បាប់នេះថា អាក្រក់ជាងច្បាប់ចាស់ទៅទៀត៖ «បើសិនជាពេលឃោសនាគណបក្សមានគោលនយោបាយច្រើន គឺគ្មានពេលវេលាសម្រាប់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងទេ ចុះទម្រាំគណបក្សនយោបាយបង្កើតថ្មី មានពេលឯណាឃោសនាពីគោលនយោបាយរបស់ខ្លួន?»។
ឆ្លើយតបនឹងការលើកឡើងនេះ តំណាងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះល្អជាងច្បាប់ចាស់។ លោកបញ្ជាក់ថា រាល់ការស្នើសុំរបស់អង្គការសង្គមស៊ីវិល អាចយកទៅជជែកគ្នានៅក្នុងអង្គសិក្ខាសាលាខាងមុខ៖«អាហ្នឹងជាទស្សនៈរបស់បុគ្គលទេ ឲ្យខ្ញុំទៅប្រាប់គេថា សរសេរសុទ្ធតែល្អទាំងអស់ ខ្ញុំក៏មិនពេញចិត្តខ្លួនឯងដែរ។ (សំណួរ៖ ហេតុអីមិនធ្វើឲ្យល្អតែម្ដងទៅ?) ប៊ិន ឈិន៖ យី! ល្អឥតខ្ចោះទៅរកឯណា គេថាទាល់ធ្វើដូច្នេះទើបល្អ តែខ្ញុំថា គណៈកម្មការខ្ញុំធ្វើបានប៉ុណ្ណឹងគួរសមហើយ»។
មកទល់ពេលនេះ ទោះបីជាថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរបានជួបគ្នា និងឯកភាពគ្នាកាលពីថ្ងៃទី២៨ កុម្ភៈ លើចំណុចដែលក្រុមការងារគណបក្សទាំងពីរមិនចុះសម្រុងគ្នានោះ គឺគណបក្សទាំងពីរនៅមិនទាន់លាតត្រដាងពីចំណុចដែលព្រមព្រៀងគ្នាជាសាធារណៈនៅឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយកាលពីថ្ងៃទី២ មីនា បន្ទាប់ពីក្រុមការងារគណបក្សទាំងពីរពិនិត្យឡើងវិញ ក្រោយពេលថ្នាក់ដឹកនាំកំពូលបានជួបគ្នានោះ ក៏មិនបានលាតត្រដាងចំណុចដែលមិនត្រូវគ្នាជាង ១០ចំណុចនោះជូនអ្នកសារព័ត៌មានដែរ។ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបង្ហើបប្រាប់ចំណុចមួយចំនួនដូចជា ក្រុមការងារគណបក្សទាំងពីរយល់ព្រមបង្កើនអាសនៈសភា ១២៥ គឺបន្ថែម ២អាសនៈនៅខែត្រព្រះសីហនុ។ រយៈពេលឃោសនាមាន ២១ថ្ងៃ និងថ្ងៃបើកក្បួនឃោសនាសម្រាប់គណបក្សនយោបាយមាន ៤ថ្ងៃ គឺ ២ថ្ងៃបើក និង២ថ្ងៃបិទឃោសនា។
ចំពោះមន្ត្រីតុលាការយោធា និងនគរបាលជាតិ ត្រូវបានគណបក្សទាំងពីរឯកភាពឲ្យពួកគេមានសិទ្ធិចូលរួមឃោសនាបោះឆ្នោត។ ចំណែកឯចំណុចដែលលោកនាយករដ្ឋមន្ត្រីស្នើឲ្យបន្ថែមចំពោះគណបក្សណាមួយមិនចូលរួមប្រជុំសភានៅក្រោយពេលព្រះមហាក្សត្រយាងចូលបើកសម័យប្រជុំដំបូងរយៈពេលយ៉ាងយូរ ៦០ថ្ងៃគឺស្មើនឹងបោះបង់អាសនៈ ចំណុចនេះអ្នកវិភាគលើឡើងថា លោក ហ៊ុន សែន នៅតែប្រើឥទ្ធិពលរបស់ខ្លួនក្នុងការជ្រៀតជ្រែកក្រុមការងារគណបក្សទាំងពីរក្នុងការធ្វើសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីនេះ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ចំណុចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើនេះ ក្រុមការងារគណបក្សទាំងពីរនឹងពិនិត្យមើលថា តើចំណុចនេះត្រូវដាក់បញ្ចូលនៅក្នុងច្បាប់ណា ហើយស្របតាមគោលការណ៍ប្រជាធិបតេយ្យដែរឬទេ៖ «តើវាមានការប៉ះពាល់ទៅលើអីខ្លះ? គោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬឆន្ទៈរបស់ប្រជាពលរដ្ឋ បើសិនជាអត់ប៉ះពាល់ទេ អាចចែងនៅក្នុងច្បាប់បោះឆ្នោត រដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ តែចំណុចទាំងនេះយើងមិនទាន់បានជជែកគ្នានៅឡើយទេ»។
អ្នកសម្របសម្រួលសម្ព័ន្ធសុចរិតភាពដើម្បីគណនេយ្យភាពសង្គម លោក ហឹម យន់ មានប្រសាសន៍ថា ការធ្វើសេចក្ដីព្រាងច្បាប់នេះ នៅមិនទាន់មានតម្លាភាពនៅឡើយ។ ការធ្វើសេចក្ដីព្រាងច្បាប់នេះ ចំណុចខ្លះធ្វើឲ្យមន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភយ៉ាងខ្លាំង ដែលច្បាប់នេះហាក់ដូចជាអ្នកនយោបាយចង់ដាក់សម្ពាធទៅលើសង្គមស៊ីវិល ឬអ្នករិះគន់។
ក្រៅពីនេះទៀត មន្ត្រីអង្គការសង្គមស៊ីវិលចោទជាសំណួរថា ចុះហេតុអីក្រុមឈ្មួញមិនត្រូវបានច្បាប់សរសេរបញ្ចូលផង បើសិនជាពួកគេប្រមាថដល់គណបក្សនយោបាយដែរនោះ? លើសពីនេះទៀត ទោះបីជានៅដើមសប្ដាហ៍ក្រោយគណបក្សទាំងពីរនឹងបើកសិក្ខាសាលាដើម្បីបើកឲ្យមានការជជែកវែកញែកក៏ដោយ ប៉ុន្តែការសម្រេចចុងក្រោយអាស្រ័យលើសភាជាអ្នកអនុម័ត។
ពិសេសទៅទៀតនោះ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៨អាសនៈ រីឯគណបក្សសង្គ្រោះជាតិមានតែ ៥៥អាសនៈទេ ដូច្នេះសមាជិកសភាគណបក្សប្រជាជនកម្ពុជា មានកូរ៉ុមគ្រប់គ្រាន់ក្នុងការអនុម័តសេចក្ដីព្រាងច្បាប់នេះ ព្រោះការអនុម័តច្បាប់របស់សភាត្រូវការតែសំឡេង ៥០% បូក ១ទេ។ សង្គមស៊ីវិលព្រួយបារម្ភថា សេចក្ដីព្រាងច្បាប់ថ្មីទាំងពីរនេះ អាចនឹងមិនមានការកែប្រែច្រើនទេ ហើយនៅទីបំផុតគណបក្សប្រជាជនកម្ពុជា នៅតែសម្រេចគោលបំណងរបស់ខ្លួនចង់បានដដែល៕
No comments:
Post a Comment