
លោក ញឹក ប៊ុនឆៃ អនុប្រធានទី២នៃគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងសន្និសីទកាសែតអំពីបញ្ហាផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។
RFA/Yeang Socheametta
មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា គណបក្សរាជានិយមមួយនេះអាចប្រឈមនឹងការបែកបាក់ជាថ្មីទៀត ប្រសិនបើថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សនេះ មិនមានឆន្ទៈពិតប្រាកដក្នុងការបង្រួបបង្រួមផ្ទៃក្នុងបក្សនោះទេ។
បើទោះជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីពេលថ្មីៗនេះបានប្ដេជ្ញានៅក្នុងសមាជរបស់ខ្លួនថានឹងរួបរួមគ្នា ហើយបំភ្លេចចោលរឿងអាស្រូវក្នុងពេលអតីតកាលក្តី ប៉ុន្តែស្រមោលនៃការបែកបាក់ផ្ទៃក្នុងបក្សរាជានិយមមួយនេះ កំពុងតែមកលងពួកគេសាជាថ្មី។
ថ្លែងក្នុងសន្និសីទកាសែតនាគេហដ្ឋានក្នុងសង្កាត់ជ្រោយចង្វារ នៅរសៀលថ្ងៃទី២៧ កុម្ភៈ លោក ញឹក ប៊ុនឆៃ ដែលត្រូវបានសមាជគណបក្សហ៊្វុនស៊ិនប៉ិច ជ្រើសតាំងផ្លូវការជាអនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៩ ខែមករា មានប្រសាសន៍ថា លោកមិនមានសង្ឃឹមថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងមានការបង្រួបបង្រួមគ្នានោះទេ ប្រសិនបើមន្ត្រីក្នុងបក្សនេះមិនមានការយោគយល់គ្នា ហើយចេះតែបន្តយកចាញ់យកឈ្នះនៅក្នុងបក្សដូចសព្វថ្ងៃនេះ។
លោក ញឹក ប៊ុនឆៃ ដែលគេចាត់ទុកថា ជាមនុស្សមានប្រជាប្រិយម្នាក់នៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ថា បញ្ហាប្រឈមសំខាន់ៗដែលគណបក្សកំពុងជួបប្រទះពេលនេះរួមមាន ការខ្វែងគំនិតគ្នាក្នុងការផ្លាស់ប្ដូរស្លាកសញ្ញាថ្មីគណបក្ស ការរំលាយគណៈកម្មការអចិន្ត្រៃយ៍ ការរុះរើ និងកាត់បន្ថយសមាជិកនៃគណៈកម្មការនាយករបស់បក្សដោយសម្ដេចក្រុមព្រះ ព្រមទាំងការប្រកាន់បក្ខពួក និងការយកចាញ់យកឈ្នះគ្នា រវាងសមាជិកដែលមកពីអតីតគណបក្សរាស្ត្ររាជាធិបតេយ្យរបស់សម្ដេចក្រុមព្រះ និងគណបក្សហ៊្វុនស៊ិនប៉ិច។ យ៉ាងណាក៏ដោយ លោក ញឹក ប៊ុនឆៃ សង្កត់ធ្ងន់ថា កត្តាចម្បងដែលធ្វើឲ្យឈានដល់ការបែកបាក់គ្នានោះ គឺការរុះរើសមាសភាពក្នុងជួរគណៈកម្មការនាយកមិនប្រកបដោយប្រជាធិបតេយ្យនេះឯង។
លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ថា លោកអាចប្រឈមព្រោះថា លោកជាអ្នកសុំឲ្យគេគាំទ្រយាងសម្ដេចក្រុមព្រះ មកវិញ តែនៅពេលដែលព្រះអង្គយាងមក ព្រះអង្គស្រាប់តែរំលាយ និងដកគេចោលទៅវិញ។ លោកថា ប្រការនេះនឹងធ្វើឲ្យសមាជិកមិនសប្បាយចិត្តនោះឡើយ។
សញ្ញានៃការបែកបាក់ផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានគេប៉ាន់ស្មានថា កើតឡើងតាំងពីថ្ងៃទី២០ កុម្ភៈ នៅពេលដែលអគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ បានចេញសេចក្តីជូនដំណឹងដល់សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច គ្រប់រាជធានី-ខេត្ត មិនឲ្យយកចិត្តទុកដាក់ចំពោះលិខិតរបស់ លោក ញឹក ប៊ុនឆៃ ដែល លោក សាយ ហាក់ អះអាងថា វាមិនមែនជាលិខិតផ្លូវការ ដោយសារត្រាដែល លោក ញឹក ប៊ុនឆៃ បានប្រើ ធ្វើឡើងពុំមានលិខិតផ្ទេរសិទ្ធិពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះប្រធានគណបក្ស។
មួយថ្ងៃបន្ទាប់មក អគ្គលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីបំភ្លឺឆ្លើយតបទៅនឹងលិខិតរបស់ លោក សាយ ហាក់។ លិខិតបញ្ជាក់ថា លោក សាយ ហាក់ ពុំទាន់មានឋានៈ ឬតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិច នៅឡើយ ហើយថា លោក សាយ ហាក់ កំពុងរំលោភបំពានលក្ខន្តិកៈគណបក្ស និងថ្នាក់ដឹកនាំរបស់ខ្លួន។
ចំពោះបញ្ហានេះ លោក ញឹក ប៊ុនឆៃ ថ្លែងក្នុងសន្និសីទកាសែតថា ក្នុងនាមជាអនុប្រធានទីពីរគណបក្ស លោកមានសិទ្ធិប្រើប្រាស់ត្រាបក្ស នៅពេលដែលប្រធាន និងអនុប្រធានទី១ មិននៅ។
យ៉ាងណាក៏ដោយ លោក ញឹក ប៊ុនឆៃ បង្ហាញជំហរថា ក្នុងនាមជាអ្នករាជានិយម លោកមិនចង់ឲ្យគណបក្សហ៊្វុនស៊ិនប៉ិច បែកបាក់គ្នាជាថ្មីឡើយ ព្រោះលោកថា ដោយសារតែការបែកបាក់គ្នានេះហើយ ទើបធ្វើឲ្យគណបក្សបានបាត់បង់ការគាំទ្រតាំងពីមានកៅអីច្រើនជាងគេបង្អស់ក្នុងរដ្ឋសភា រហូតដល់គ្មាន ១កៅអីសោះ។ ប៉ុន្តែលោកថា ដើម្បីអាចបង្រួបបង្រួមគ្នាទៅបាន វាទាមទារឲ្យថ្នាក់ដឹកនាំកំពូលជួបគ្នាពិភាក្សា ហើយការសម្រេចចិត្តនានាក្នុងបក្ស ត្រូវធ្វើឡើងដោយប្រជាធិបតេយ្យ។
លោក ញឹក ប៊ុនឆៃ ឲ្យដឹងដែរថា លោកអាចនឹងជួបសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី២៨ កុម្ភៈ ដើម្បីពិភាក្សា ប៉ុន្តែលោកថា លោកមិនទាន់បានទទួលការបញ្ជាក់ពីសម្ដេចក្រុមព្រះ អំពីជំនួបនេះនៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការឆ្លើយតបពីមន្ត្រីនៅជាប់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទេ នៅថ្ងៃទី២៧ កុម្ភៈ។
ចំណែកអ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច វិញយល់ឃើញថា ដោយសារតែគណបក្សហ៊្វុនស៊ិនប៉ិច មានរូបភាពបែកបាក់តាំងពីដើមមក ហើយគណបក្សថ្មីបច្ចុប្បន្ន ក៏មិនបានកើតឡើងដោយឆន្ទៈរបស់សមាជិកទាំងអស់ទៀតនោះ លោកថា គណបក្សនេះងាយនឹងបែកបាក់ទៅវិញខ្លាំងណាស់។
លោក សុខ ទូច កត់សម្គាល់ថា គណបក្សហ៊្វុនស៊ិនប៉ិច បច្ចុប្បន្នកើតឡើងដោយសារតែឆន្ទៈរបស់អ្នកនយោបាយមួយគត់។ ដូច្នេះ អ្នកនយោបាយក៏អាចរំលាយទៅវិញតាមនយោបាយ ឬតាមរយៈផលប្រយោជន៍ទៅវិញដែរ។ កត្តានេះលោកថា វាមិនអាចធានានិរន្តរភាពរបស់ខ្លួននោះឡើយ។
លោកបណ្ឌិត សុខ ទូច កត់សម្គាល់ដែរថា បើទោះជាគណបក្សហ៊្វុនស៊ិនប៉ិច មិនបែកបាក់គ្នានៅពេលនេះក្តី ក៏គណបក្សមួយនេះនឹងមិនមានសង្ឃឹមថា ទទួលបានការគាំទ្រ ឬទទួលបានជោគជ័យក្នុងជីវិតនយោបាយរបស់ខ្លួននោះឡើយ៕
1 comment:
samnhenh nhek bun chhay is a dictator
Post a Comment