មានរឿងហួសចិត្តមួយបានកើតឡើងនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារគេហទំព័ររបស់គណបក្សនយោបាយកាន់អំណាចនេះ បានបំភ័ន្តមជ្ឈដ្ឋានអន្តរជាតិថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគេដឹងថាជាអនុប្រធានគណបក្សបច្ចុប្បន្ន ទៅជាប្រធានគណបក្ស(Chairman)ទៅវិញ រីឯសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលគេស្គាល់ថាជាប្រធានគណបក្ស ទៅជាអនុប្រធានគណបក្ស(Vice Chairman) ។
ប្រិយមិត្តអ្នកអានទាំងឡាយសូមអញ្ជើញចូលទៅអានគេហទំព័រគណបក្សប្រជាជនកម្ពុជា "www.cpp.org.kh" រួចហើយចុចលើពាក្យថា "សមាជិកគណៈកម្មាធិការកណ្តាល" នឹងបានឃើញរូបថត និងឈ្មោះថ្នាក់ដឹកនាំគណបក្សនយោបាយកាន់អំណាចនេះ ជាពិសេសសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានសរសេរជាអក្សរខ្មែរថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធានគណបក្ស គឺត្រឹមត្រូវ តែការសរសេរជាអក្សរអង់គ្លេសថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាអនុប្រធានគណបក្ស(Vice Chairman) រីឯសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សរសេរជាអក្សរខ្មែរថា ជាអនុប្រធានគណបក្ស គឺត្រឹមត្រូវ តែការសរសេរជាអក្សរអង់គ្លេសថាជាប្រធានគណបក្ស(Chairman) ។ នេះគឺជាព័ស្តុតាងមួយដែលបង្ហាញឲ្យឃើញថា អ្នកគ្រប់គ្រងគេហទំព័រគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិមានការភ័ន្តច្រឡំ ទាក់ទងនឹងឋានៈសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងគណបក្សប្រជាជនកម្ពុជា ។
ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ម្សិលមិញដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ស្អែកនេះ គណបក្សប្រជាជនកម្ពុជាបាននិងកំពុងប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន ដោយអវត្តមានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធានគណបក្ស(កំពុងសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាម) ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស បានប្រកាសថា ទោះបីមហាសន្និបាតវិសាមញ្ញរបស់គណបក្សអវត្តមានប្រធានគណបក្សក៏ដោយ ក៏សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅតែជាប្រធានគណបក្សដរាប ករណីសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅរស់រានមានជីវិត ៕
1 comment:
ពេលណាទើបយើងលែងឃើញព្រែតអសូរិកាយទាំងបីនេះពីទំព័រខ្មែរពត៏មាន។
Post a Comment