A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 7 January 2015

The history of 7th January Day and the ouster of the Khmer Rouge ​ប្រវត្តិ​ឫសគល់​៧​មករា​ផ្តួលរំលំ​របប​ខ្មែរក្រហម​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃអង្គារ ទី6 មករា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
​គិត​មកដល់​៧​មករា​ឆ្នាំ​២០១៥​នេះ មាន​រយៈពេល​៣៦​ឆ្នាំ​ហើយ ដែល​របប​ខ្មែរក្រហម​ដួលរលំ តែ​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នកប្រវត្តិសាស្ត្រ​នៅតែ​បកស្រាយ​ខុសគ្នា​ពី​អត្ថន័យ​នៃ​ថ្ងៃ​៧​មករា​នេះ ។  
សម្រាប់​អ្នក​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​តម្លៃ​ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ខួបកំណើត​ទី​២ ព្រោះ​រួចផុត​ពី​ការកាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម ។ តែ​សម្រាប់​ក្រុម​ដែល​ប្រឆាំង​លើកឡើងថា ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ដែល​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា និង​ដាក់​គំនាប​លើ​កម្ពុជា​រហូតដល់​ពេល​បច្ចុប្បន្ន ។​
បើ​តាម​ការបកស្រាយរ​បស់​អ្នកប្រវត្តិសាស្ត្រ និង​ឯកសារ​មួយចំនួន​បង្ហាញ​ថា ៧​មករា កើតចេញ​ពី​ទំនាស់​ផ្ទៃ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខ្មែរ​ក្រហម ទើប​ក្រុម​ដែលមាន​ទំនាក់ទំនង​ជាមួយ​វៀត​ណា​មស្វែងរក​ការជួយ​ជ្រោមជ្រែង​ពី​វៀតណាម ។​

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នយោបាយ​លោក សំបូរ មា​ណ្ណា​រ៉ា បែង​ចែក​ខ្មែរក្រហម​ជា​ក្រុម​ផ្សេងៗ​គ្នា​ដូចជា ខ្មែរ​ក្រហម​មក​ពី​បារាំង មក​ពី​ចិន វៀតណាម និង​ខ្មែរក្រហម​នៅក្នុង​ស្រុក​ជាដើម ។ លោក​បន្តថា លុះ​អំឡុង​ឆ្នាំ​១៩៧៧ ខ្មែរ​ក្រហម​មាន​ទំនាស់​កាន់តែ​ខ្លាំង​ជាមួយ​វៀតណាម ហើយ​របប​នោះ​រឹតបន្តឹង​ខ្លាំង​លើ​ប្រជាពលរដ្ឋ​នៅ​ភាគ​ខាងកើត និង​សម្លាប់​មន្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​មួយចំនួន ទើប​នាំ​ឲ្យ​ខ្មែរ​ដែល​និន្នាការ​មក​ពី​វៀតណាម​ស្វែងរក​ការជួយ​ពី​វៀតណាម ហើយ​ងើប​បះបោរ ។ លោក​ថា «​ពេល​មាន​បញ្ហា​កើតឡើង​អ៊ីចឹងទៅ នៅ​ខាង​បូព៌ា​គឺ​មាន​ការចោទប្រកាន់​ថា​ជា​យួន ថា​ជា​ក្រុម​យួន ជា​មនោគមវិជ្ជា​យួន មាន​ការសម្លាប់​ក្រុម​អ្នក​បូព៌ា ចាប់​យក​ទៅ​ដាក់​នៅ​ពោធិ៍សាត់ នៅ​ឯ​តំបន់​លាជ​នៃ​ពោធិ៍សាត់ ហើយ​ឲ្យ​ពាក់​ក្រមា​ពណ៌​បៃតង ហើយ​សម្លាប់ ។ អ៊ីចឹង​បញ្ហា​ហ្នឹង​វា​កើត​ដល់​ការចងចាំ​នៅក្នុង​ជីវិត បង្កើត​ចលនា​តស៊ូ ព្រោះថា រស់នៅ​ក៏​ស្លាប់ អ៊ីចឹង​មានតែ​ចលនា​តស៊ូ​» ។​
មូលហេតុ​ដែល​មេដឹកនាំ​ខ្មែរក្រហម​ចាត់ទុក​វៀតណាម​ជា​សត្រូវ ដោយសារ​ខ្មែរក្រហម​ចោទ​វៀតណាម​ថា​មាន​មហិច្ឆតា​រៀបចំ​ផែនការ​លេប​យក​ទឹកដី​ខ្មែរ ។​
លោក នួន ជា ប្រធានសភា​ប្រជាជន​ក្នុង​របប​បី​ឆ្នាំ​ប្រាំបី​ខែ​ថ្លែង​ក្នុង​សាលាក្តី​ខ្មែរក្រហម​ដោយ​អំពាវនាវ​ឲ្យ​មេដឹកនាំ​ខ្មែរ​សម័យ​ក្រោយ​ប្រយ័ត្ន​ចំពោះ​វៀតណាម ។ លោក​មានប្រសាសន៍ថា «​មិន​សុខចិត្ត​នៅក្រោម​ការដឹកនាំ​របស់​យួន បានជា​យួន​បង្កើតឲ្យមាន​សង្គ្រាម​រហូតមកដល់​សព្វថ្ងៃ​នេះ​យ៉ាងម៉េច យួន​ប៉ុន្មាន​លាន​[​នាក់​]​នៅ​ប្រទេស​កម្ពុជា អនិកជន​យួន​ស្របច្បាប់ និង​មិន​ស្របច្បាប់ មាន​ប៉ុន្មាន​លាន តើ​ប្រទេស​ខ្មែរ​អនាគត​ទៅ​អនាគត​ទៅ​ជា​ស្អី ខ្ញុំ​សូម​ជម្រាប​អ៊ីចឹង​។ អនាគត​ប្រទេស​កម្ពុជា​យើង បើ​មិន​ខំ​ទេ ខ្ញុំ​ថា​រលាយ​ហើយ​» ។​
សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​នយោបាយ​លោក សុខ ទូច លើកឡើងថា ដោយ​តែ​មាន​ការគាបសង្កត់​ខ្លាំង​ទើប​មន្ត្រី​ខ្មែរក្រហម​ដែល​មាន​ការបណ្តុះបណ្តាល​ពី​វៀតណាម ប្រមូលផ្តុំ​បង្កើត​ជា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​១៩៧៨​នៅក្នុង​ស្រុក​ឈ្នួល ខេត្ត​ក្រចេះ ។ លោក​បែងចែក​ក្រុម​ខ្មែរ​ក្រហម​មាន​ការជួយ​ជ្រោមជ្រែង​ពី​វៀតណាម​ជា​ពីរ​ក្រុម​គឺ​ក្រុម​ប្រើ​កម្លាំង និង​បញ្ញវន្ត ។ លោក​បញ្ជាក់ថា «​បញ្ញវន្ត​មកពី​វៀតណាម​នោះ​គឺមាន ប៉ែន សុវណ្ណ​, រស់ សម័យ​, កែវ ចិន្តា ឯកឧត្តម ជា សុ​ធ ទាំងអស់​ហ្នឹង​ទាំងអស់​ហ្នឹង​ជា​ក្រុម​បញ្ញវន្ត​ដែល​វៀតណាម​បាន​យក​ទៅ​បំពាក់បំប៉ន​តាំងពី​តូចៗ​មក ហើយ​ឯ​ក្រុម​ប្រើ​កម្លាំង​នេះ គឺ​មាន​សម្តេច ហេង សំរិន គឺ​សម​មិត្ត ហេង សំរិន សម​មិត្ត ជា ស៊ីម សម​មិត្ត ហ៊ុន សែន ទាំងអស់​ហ្នឹង​គឺ​ជា​ក្រុម​ប្រើប្រាស់​កម្លាំង​ដែល​រត់​ចេញពី​ប្រទេស​កម្ពុជា​ទៅ ដើម្បី​កិច្ចការ​សម្លាប់​របស់​ពួក​ខ្មែរក្រហម​» ។​
សម្រាប់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​លើកឡើងថា ការកើតឡើង​នៃ​របប​ខ្មែរក្រហម និង​ការជួល​ទៅ​វិញ​នៃ​របប​នេះ​សុទ្ធ​ជា​ការរៀបចំ​របស់​វៀត​ណា​ម​ទាំងអស់ ។ លោក​ថា «​បងប្អូន​មាន​ដឹង​យៀកកុង​នៅ​ពេញ​ព្រៃ​ហ្នឹង​អត់ ស្មាន​តែ​ទ័ព ប៉ុល ពត ហ្នឹង​វ៉ៃ​ឈ្នះ​ទ័ព លន់ នល់ បងប្អូន​ពិចារណា​ទៅ ។ គេ​រៀបចំ​បេក្ខជន​ដែល​គេ​បណ្តុះបណ្តាល​រួច​ស្រេច​ហើយ​នោះ បញ្ចូល​នៅក្នុង​ស្រុក​ខ្មែរ បងប្អូន​មើល​ប្រវត្តិ នួន ជា បណ្តុះបណ្តាល​នៅឯណា​បងធំ​ទី​២ ។ អា​ហ្នឹង​ហើយ​សម្លាប់​ខ្មែរ រកមុខ​អត់​ឃើញ ខ្ញុំ​អត់​ចង់​និយាយ​ច្រើន​ទេ បងប្អូន​ទៅ​ឆែក​មើល​ខ្លួនឯង ។ បើ​អ្នក​ជួយ​មែន ដឹក​ទ្រព្យសម្បត្តិ​ខ្មែរ​ដល់​ម្លឹង​ឬ​បងប្អូន ខ្មែរ​កំពុង​តែ​រញ៉ែរញ៉ៃ​រក​កូនចៅ​មិនឃើញ គេ​ព្រួត​គ្នា​ដឹក​ឥ​វ៉ាន់​ខ្មែរ​ទៅ​» ។​
សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ហៅ​ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ដែល​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ថ្ងៃកំណើត​ទី​២ ថ្ងៃ​រំដោះ​ជាតិ​ទាំងមូល​ចេញ​ពី​ការកាប់សម្លាប់​ឃោរឃៅ ឬ​ជា​ថ្ងៃ​ដែល​នាំ​មកឲ្យ​មាន​របបរាជានិយម​ឡើងវិញ​ជា​ដើម ។ លោកនាយក​រដ្ឋមន្ត្រី​បាន​ហៅ​អ្នកប្រឆាំង​៧​មករា​ថា ជា​សម្ព័ន្ធមិត្ត​របស់​ខ្មែរក្រហម ។​
កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៣ សភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ច្បាប់ប្រឆាំង​អ្នក​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ។ ច្បាប់​នោះ​ចែងថា អ្នក​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុងសម័យ​ខ្មែរក្រហម ត្រូវ​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន ដល់​៤​លាន​រៀល ៕ 
​សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com​

No comments: