A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 7 January 2015

Analysis: Was the reason the CPP lost votes related to its commemoration of the 7th January Day? ​វិភាគ​៖ ការ​បាត់​សំឡេង​របស់​CPP អាចពាក់ព័ន្ធ​ពលរ​ដ្ឋ​ឲ្យ​តម្លៃ​លើ​ថ្ងៃ​៧​មក​រា​ថយ​ចុះ​ទេ​?​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី7 មករា 2015 |

ស្តាប់សំឡេង៖​

ចម្លងទុក
ទី​ស្នាក់​ការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា (រូបថត៖ ម៉េង)
ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៥ គឺជា​ខួប​៣៦​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដួលរលំ ។ ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​កត់សម្គាល់​មួយ ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​បច្ចុប្បន្ន​រួមមាន​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន សហការ​ជាមួយ​រដ្ឋអំណាច​វៀតណាម​ក្នុងការ​វាយ​រំលំ​របប​ខ្មែរក្រហម ។​
៣៦​ឆ្នាំ​ហើយ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម តែង​យក​អត្ថន័យ​ថ្ងៃ​៧​មករា​ទៅប្រើ​រាល់​ពេល​ជួប​ប្រជាពលរដ្ឋ ។​
ទុន​សំខាន់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួលបាន​សំឡេង​គាំទ្រ​កាល​ពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​មក​នោះ​គឺ គុណសម្បត្តិ​នៃ​ការរំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​ការកាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម អាច ជួយ​ស្រោចស្រង់​ជាតិ​ទាំងមូល ក៏ដូចជា​ការនាំមក​នូវ​របប​រាជា​និយម​វិញ​ជាដើម ។​
​របប​ខ្មែរក្រហម​គឺជា​របប​មួយ​ដែល​មិន​ឲ្យ​ពលរដ្ឋ​មាន​ទ្រព្យ​ជា​កម្មសិទ្ធិ ហើយ​សម្លាប់​ពលរដ្ឋ​អស់ពី​១៧០០០០០ ទៅ​២២០០០០០​នាក់ ដោយ​ការ​បង្អត់អាហារ ការកាប់សម្លាប់ និងការ​ធ្វើ​ទារុណកម្មចន្លោះពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ។​

បើ​និយាយ​ពី​របប​កាប់សម្លាប់​នោះ ប្រហែល​ជា​អ្នក​ដែល​មាន​អាយុ​ជាង​៤០​ឆ្នាំ​ឡើង​ទៅ​បាន​ដឹង ហើយ​គិត​ថា​ថ្ងៃ​៧​មករា​អាចជា​ថ្ងៃកំណើត​ទី​២​របស់​ពួកគេ​ដែរ ដោយសារ​ពួកគេ​រួចផុត​ពី​របប​ទាសភាព​នៃ​ការសម្លាប់​រង្គាល​នោះ ។ អ្នក​ដែល​ឆ្លងកាត់​របប​ខ្មែរក្រហម​ហើយ​យល់ថា ថ្ងៃ​៧​មករា​ជា​ថ្ងៃកំណើត​ទី​២​ប្រហែល​មួយ​ជីវិត​របស់​ពួកគេ ត្រូវប្រគល់​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀងរហូត​ហើយ ។​
តែ​ចំណុច​ដែល​គួរឲ្យគត់សម្គាល់​គឺ​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​កន្លងទៅនេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​សំឡេងឆ្នោត ដែល​នឹក​ស្មាន​មិន​ដល់​គឺ​អស់​២២​អាសនៈ ថយ​ចុះ​ពី​៩០​អាសនៈ​នៅ​អាណត្តិ​ទី​៤ មក​ត្រឹម​៦៨​អាសនៈ​នៅ​អាណត្តិ​ទី​៥​នេះ ។​
មូលហេតុ​មួយចំនួន ដែល​អាច​នាំ​ឲ្យ​ពលរដ្ឋ​ឲ្យ​តម្លៃ​ទៅលើ​ថ្ងៃ​៧​មករា​មាន​ការថយចុះ​នោះ អាច​មក​ពី​ពួកគាត់​ឲ្យ​តម្លៃ​លើ​ព្រិត្តិការណ៍​បច្ចុប្បន្ន ដែល​កំពុង​ជះឥទ្ធិពល​លើ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដូចជា បញ្ហា​រំលោភ​ដីធ្លី ការ​វាយដំ​លើ​អ្នក​តវ៉ា​ស្វែងរក​ដំណោះស្រាយ​អ្វី​មួយ ពលរដ្ឋ​អត់​ការងារ​ធ្វើ​ចាកចេញ​ពី​ប្រទេស​ជាង​១​លាន​នាក់ សេវា​សាធារណៈ​ខ្សោយ កសិផល​ផលិត​បាន​មិន​មាន​ទីផ្សារ ឬ​លក់​ក្នុង​តម្លៃ​ថោក​ជាដើម ។​
​របាយការណ៍​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​(IRI) ផ្សព្វផ្សាយ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ថា មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេង​ឆ្នោត​នោះ​មាន​ចំណុច​៤​ដែល​ពលរដ្ឋ​មិន​ពេញចិត្ត​គឺ អយុត្តិធម៌​សង្គម អំពើពុករលួយ ការបំផ្លាញ​ធនធានធម្មជាតិ និង​កសិផល​មិន​មាន​ទីផ្សា​រលក់ ។​
បញ្ហា​ថ្មីៗ​ដែល​ធ្វើឲ្យ​សំឡេងឆ្នោត​គណបក្ស​ប្រជាជន​ថយ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានដឹង​ដែរ ព្រោះ​នៅ​ថ្ងៃ​បើក​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​នៅ​ក្នុង​អាណត្តិ​ទី​៥​កាលពី​ថ្ងៃ​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី​ដាក់ចេញ​ផែនការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ហើយ​លោក​ក៏បាន​ស្តីបន្ទោស​មន្ត្រី​របស់​ខ្លួន ដែល​បំពេញការងារ​មិនបាន​ល្អ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដក​សេចក្តីទុកចិត្ត ។​
​ខណៈ​ពលរដ្ឋ​មាន​វ័យចាស់ កាត់បន្ថយ​ការ​ឲ្យ​តម្លៃលើ​ថ្ងៃ​៧​មករា​ដោយសារ​បញ្ហា​ផ្សេងៗ​កំពុង​កើតមាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នេះ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​លោក រស់ រ៉ាវុធ លើកឡើងថា យុវជន​ជំនាន់​ថ្មី​ក៏​មិនសូ​វឲ្យតម្លៃ​លើ​ថ្ងៃ​៧​មករា​ដែរ ដោយសារ​ពួកគេ​សិក្សា​ឃើញថា ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន ។ លោក​បញ្ជាក់​កថា «​ឥទ្ធិពល​នយោបាយ​ភាគច្រើន ដែល​កើតមាន​នៅ​កម្ពុជា សុទ្ធតែ នយោបាយ​បណ្តាលមកពី​វៀតណាម​ទាំងអស់ អ៊ីចឹង​ហើយ​បាន​ជា​ការអះអាង​របស់​អ្នកស្រាវជ្រាវ ក៏ដូចជា​ការអះអាងរ​បស់​យុវជន​ជំនាន់​ក្រោយ​ថា ជា​ការឈ្លានពាន​របស់​វៀតណាម និង​មិន​ខុស​ទេ ។ អ៊ីចឹង​វា​មានន័យ​ហូរហែរ​មក​អ៊ីចឹង​ហើយ​បានជា ៧​មករា​ហ្នឹង វា​មាន​ឥទ្ធិពល​តែ​លើ​មនុស្ស​ចាស់ ក្រុម​ក្មេង​ជំនាន់​ក្រោយ​វា​អត់​ឥទ្ធិពល​ទេ​» ។​
​រយៈពេល​៣៦​ឆ្នាំ​ហើយ តែ​ការបកស្រាយ​អត្ថន័យ​ថ្ងៃ​៧​មករា​នៅ​តែ​ខុសគ្នា គឺ​សម្រាប់​អ្នក​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​តម្លៃ​ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ខួបកំណើត​ទី​២ ព្រោះ​រួចផុត​ពី​ការកាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម ។ តែ​សម្រាប់​ក្រុម​ដែល​ប្រឆាំង​លើកឡើងថា ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ដែល​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា និង​ដាក់​គំនាប​លើ​កម្ពុជា​រហូតដល់​ពេល​បច្ចុប្បន្ន ។​
​អ្នកវិភាគ​បញ្ហា​សង្គម​លោក អ៊ូ វីរៈ លើកឡើងថា ថ្ងៃ​៧​មករា​ជាថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ការកាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម ហើយ​ជា​ថ្ងៃ​ចាប់ផ្តើម​វៀតណាម​ដាក់​អាណានិគម​ដែរ ។ លោក​បន្តថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្វែង​ការជួយ​ពី​វៀតណាម​នោះ ដំបូង​ឡើយ​ជា​អ្នកស្នេហាជាតិ តែ​ក្រោយមក​ដោយសារ​ការ​លោភលន់ ទើប​នាំ​ឲ្យ​ពលរដ្ឋ​មិន​ពេញចិត្ត ។ លោក​មានប្រសាសន៍ថា «​ខ្ញុំ​មើល​ពួកគាត់​មិនមែន​ជា​មនុស្ស​អាក្រក់​ទេ មិនមែន​ជា​មនុស្ស​ពុក​រលួយ​ទេ មិនមែន​ជា​មនុស្ស​ឃោរឃៅ​ទេ ។ កាល​នោះ​ពួកគាត់​ជា​មនុស្ស​ស្នេហា​ជាតិ​ដែរ ប៉ុន្តែ​ដោយសារ​វីវក់​នឹង​អំណាច វីវក់​នឹង​ទ្រព្យសម្បត្តិ វីវក់​នឹង​ស្រីក្មេង វីវក់​នឹង​រឿងហេតុ​ផ្សេងៗ នាំឲ្យ​ពួកគាត់​ភ្លេច​គិត​ពី​ដើមហេតុ​» ។​
​ក្រោយ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ជាង​៥​លាន​នាក់ តែ​បច្ចុប្បន្ន​ប្រជាជន​កើន​ដល់​ប្រមាណ​១៥​លាន​នាក់ ។ ដូច្នេះ​ចំនួន​អ្នក​ដែល​ឆ្លងកាត់​សម័យ​ខ្មែរ​កាន់តែ​តិច​ទៅៗ ហើយ​ចំនួន​អ្នក​ដែល​កើត​មិន​ទាន់សម័យ​ខ្មែរក្រហម​កាន់តែ​ច្រើនឡើងៗ ដូច្នេះ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​យក​ខ្លឹមសារ​៧​មករា ធ្វើ​ជា​គោល​សំខាន់​ក្នុង​ការស្វែងរក​សន្លឹក​ឆ្នោត​ទៀត​នោះ ប្រហែលជា​មិនសូវ​មាន​ប្រសិទ្ធភាព​ទៀត​ទេ ៕
សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: