គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមធ្វើបាតុកម្មទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង ១៩នាក់ ជាមួយក្រុមសហគមន៍មានជម្លោះដីធ្លីឡើយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតំណាងពលរដ្ឋមានបញ្ហាដីធ្លី នៅថ្ងៃទី១៧ ខែមករា ដាក់លិខិតអញ្ជើញបក្សប្រឆាំង ឲ្យចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យរយៈពេលពេញ ១ខែ ដើម្បីទាមទារឲ្យដោះលែងអ្នកនយោបាយ ព្រះសង្ឃ និងសកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារព្រៃស។
បាតុកម្មរៀងរាល់សប្ដាហ៍ថ្ងៃអាទិត្យ ក្បែរពន្ធនាគារព្រៃស ដែលទាមទារឲ្យដោះលែងអ្នកនយោបាយ តំណាងសហគមន៍មានបញ្ហាដីធ្លី អតីតព្រះសង្ឃនោះ នឹងត្រូវប្ដូរទៅធ្វើនៅទីលានប្រជាធិបតេយ្យវិញម្តង។ បាតុកម្មលើកនេះ គ្រោងធ្វើរយៈពេល ១ខែពេញតែម្តង។ អ្នករៀបចំរំពឹងថា មេបាតុកម្មធំ ឬហៅម្យ៉ាងថាថៅកែបាតុកម្ម លោក សម រង្ស៉ី នឹងដឹកនាំសមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងបាតុកម្មនេះដែរ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមធ្វើបាតុកម្មទេ ហើយក៏មិនជំទាស់នឹងគម្រោងរបស់ពលរដ្ឋដែរ។
ប្រធានផ្នែកកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធិក្នុងការសម្ដែងមតិ និងធ្វើបាតុកម្មដោយសន្តិវិធី ខណៈដែលតំណាងរាស្ត្រមានករណីកិច្ចបំពេញសេចក្តីត្រូវការជូនពលរដ្ឋ។ អ្នកស្រីបន្តថា អ្នកស្រី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អាចនឹងទៅចូលរួមថ្លែងសារទៅកាន់ពលរដ្ឋក្នុងពេលណាមួយ នៃថ្ងៃធ្វើបាតុកម្មនោះ តែគណបក្សនឹងប្រើយន្តការសភាដោះស្រាយបញ្ហាទាំងនេះ ជំនួសឲ្យការចូលរួមធ្វើបាតុកម្ម។
ចំណែកឯតំណាងសហគមន៍បុរីកីឡា លោកស្រី ជុំ ង៉ាន់ លើកឡើងថា ប្រជាសហគមន៍នៅតែបន្តជំហរធ្វើបាតុកម្មដដែល បើទោះជាបក្សប្រឆាំងចូលរួម ឬមិនចូលរួមក៏ដោយ។ លោកស្រីបន្តថា អវត្តមានរបស់បក្សប្រឆាំងបានន័យថា គណបក្សនេះមិនចង់ឲ្យមន្ត្រីរបស់ខ្លួនរួចខ្លួននោះឡើយ។
តំណាងសហគមន៍ទាំងបួនដែលគ្រោងធ្វើបាតុកម្មរួមមាន សហគមន៍បុរីកីឡា សហគមន៍ព្រលានយន្តហោះ សមាគមស្ត្រីបឹងកក់ និងបណ្ដាញអតីតស្ត្រីបឹងកក់។ បាតុកម្មធ្វើឡើងផ្ដោតលើបញ្ហាសំខាន់បីចំណុចរួមមាន ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់ ទាមទារឲ្យដោះលែងសកម្មជនដីធ្លី និងសកម្មជនផ្សេងទៀតពីពន្ធនាគារព្រៃសជាបន្ទាន់ និងស្នើបញ្ចប់ការរំលោភបំពានសិទ្ធិមនុស្ស និងជម្លោះនយោបាយនៅកម្ពុជា។ តំណាងសហគមន៍ទាំងបួន ត្រូវបានសាលារាជធានីភ្នំពេញ កោះហៅឲ្យចូលប្រជុំពីគម្រោងបាតុកម្មនេះ នៅថ្ងៃច័ន្ទ ទី១៩ ខែមករា។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ លើកឡើងថា អាជ្ញាធរដោះស្រាយបញ្ហាដីធ្លីយឺតយ៉ាវ ព្រោះតែបញ្ហាទាំងអស់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោកបន្តថា ចំពោះគម្រោងធ្វើបាតុកម្មវិញ អាជ្ញាធររាជធានីភ្នំពេញត្រូវជជែកជាមួយភាគីលម្អិតជាមុនសិន មុននឹងសម្រេចថាអនុញ្ញាតឲ្យធ្វើ ឬអត់នោះ។
ច្បាប់បាតុកម្មចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិក្នុងការជួបប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធី ដោយគ្រាន់តែជូនដំណឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងតិចណាស់មួយអាទិត្យ មុនថ្ងៃធ្វើបាតុកម្ម។ ទោះជាច្បាប់ចែងបែបនេះក៏ដោយ ក៏រាជរដ្ឋាភិបាលបានបិទសិទ្ធិពលរដ្ឋមិនឲ្យធ្វើបាតុកម្មអស់រយៈពេលជាងកន្លះឆ្នាំ គឺពីថ្ងៃដែលបាញ់បង្ក្រាបបាតុកម្មនៅផ្លូវវ៉េងស្រេង និងវាយសំពងបាតុករនៅទីលានប្រជាធិបតេយ្យ រហូតដល់គណបក្សប្រឆាំងព្រមចូលធ្វើការក្នុងសភា។ មិនតែប៉ុណ្ណោះ ប្រតិបត្តិការបង្ក្រាបបាតុកម្មនោះ ធ្វើតាមយុទ្ធសាស្ត្រមេដឹកនាំផ្តាច់ការបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺលោក ហ៊ីត្លែរ ទៀតផង។
ប្រជាពលរដ្ឋដែលជាប់គុកទាំង ១៩នាក់ ត្រូវបានតុលាការដាក់ទោស និងចោទប្រកាន់ក្នុងសំណុំរឿងផ្សេងៗគ្នា។ ក្នុងនោះ អ្នកនយោបាយគណបក្សប្រឆាំង ៦នាក់ជាប់ចោទក្នុងសំណុំរឿងហិង្សានៅស្ពាននាគ ដើម្បីរំដោះទីលានប្រជាធិបតេយ្យ ពលរដ្ឋសហគមន៍បឹងកក់ ១០នាក់ជាប់ទោសដោយសារធ្វើឲ្យស្ទះចរាចរណ៍ និងព្រះសង្ឃ ៣អង្គជាប់ចោទពីបទចូលរួមជាមួយក្រុមទុច្ចរិត៕
No comments:
Post a Comment