តាមទិន្នន័យដែលបានមកពីបណ្ណាគារល្បីៗប្រចាំរាជធានីភ្នំពេញ LIFT នាំមកនូវសៀវភៅ១០ក្បាល ដែលគេនិយមអានជាងគេនាឆ្នាំ២០១៤កន្លងមក។ បណ្ណាគារដែលយើងបានទាក់ទងមាន បណ្ណាគារ អន្តរជាតិ បណ្ណាគារសន្តិភាព បណ្ណាគារអង្គរធំ និងបណ្ណាគារប្រជាប្រិយ។ សៀវភៅ១០ក្បាលដែលពេញនិយមបំផុតមានដូចជា ៖
1.នាយករដ្ឋមន្ត្រីខ្មែរ ៣៦រូប ជានរណា ដោយ
លោក ឆាយ សុផលក្នុងការផលិត អ្នកនិពន្ធបានចងក្រងសៀវភៅនេះដោយប្រើប្រាស់ឯកសារចំនួនជាង៨០ ជាមួយជំនួយផ្នែកខ្លឹមសារពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា និងពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការសម្ដេច ព្រះនរោត្តម សីហនុ។
2.យុវជនឆ្នើម ១១A +១
សៀវភៅនេះចងក្រងដោយក្រុមអ្នកកាសែតអាជីពមួយក្រុមដែលធ្វើការនៅ អង្គភាពសារព័ត៌មានអេឡិចត្រូនិក «ថ្មីៗ» ដែលនិយាយពីការខិតខំប្រឹងប្រែងរបស់យុវជនចំនួន១២នាក់ដើម្បីក្លាយជាយុវជនឆ្នើមប្រចាំឆ្នាំ២០១៤។
|
3.ចម្បាំងត្រជាក់រវាងអាមេរិក និងចិន ដោយ ហ្សង់ ហ្វ្រង់ស័រតាន់
សៀវភៅនេះលើកឡើងពីចំណុចរឿងរ៉ាវ ដែលមានការចាប់អារម្មណ៍ខ្លាំង និងក្ដៅគគុកនៅក្នុងតំបន់អាស៊ាន ដូចជាបញ្ហាផ្ទៃក្នុង របស់ប្រទេសសមាជិកអាស៊ាននីមួយៗ ក៏ដូចជាស្ថានការណ៍នយោបាយចុងក្រោយ នៅប្រទេសថៃដឹកនាំដោយរបបយោធា បូករួមទាំងបញ្ហាសមុទ្រ ចិនខាងត្បូង និងការប្រជែងអំណាចគ្នា រវាងមហាអំណាចទាំងពីរ គឺអាមេរិក និងចិននៅក្នុងតំបន់នេះ ។
|
4.មាសស្រោបនគរ ដោយ សេង តារា
ជាសៀវភៅកម្រងប្រវត្តិជីវិត កវីនិពន្ធខ្មែរល្បីៗពីអតីតកាល។
|
5.មហាយក្សចិន ដោយ ហ្សង់ ហ្វ្រង់ស័រតាន់សៀវភៅនេះជាកម្រងអត្ថបទវិភាគដែលចាក់ផ្សាយតាមវិទ្យុបារាំងអន្តរជាតិ RFI (Radio France Internationale) ក្នុងកម្មវិធី «ភូមិសាស្ត្រនយោបាយ»។ នេះគឺជាការបោះពុម្ពផ្សាយលើកទី២ ខណៈការបោះពុម្ពផ្សាយលើកទី១ ត្រូវបានធ្វើឡើងនៅឆ្នាំ២០០៨ ដោយវិទ្យាស្ថានរៃយំ។
|
6.ឪពុកអ្នកមានបង្រៀនកូន ដោយ សយ សែ(ប្រែសម្រួល)
លោក Robert T. Kiyo បង្រៀនមនុស្សឲ្យក្លាយជាសេដ្ឋី ទើបគាត់មានរហស្សនាមថា «លោកគ្រូសេដ្ឋី»។ សៀវភៅនេះ នឹងបង្ហាញឲ្យឃើញថា ការធ្វើការដើម្បីបានប្រាក់បៀវត្សរ៍ខ្ពស់ មិនអាចជួយឲ្យអ្នកក្លាយជាអ្នកមាន។ «ផ្ទះ» មិនមែនជា «ទ្រព្យសម្បត្តិ» សាលាមិនដែលបង្រៀនពីរឿងហិរញ្ញវត្ថុ ដល់កូនរបស់អ្នក ភាពខុសប្លែកគ្នារវាងពាក្យថា «ទ្រព្យសម្បត្តិ» និង«បំណុល»។ តើអ្នកនឹងបង្រៀនកូនពីរបៀបរកលុយ និងវិធីដើម្បីទទួលបានភាពជោគជ័យដោយរបៀបណា?
|
7.យើងទៅទស្សនាប្រាសាទអង្គរវត្ត និងបាយ័ន ដោយ ស៊ុន ម៉េងហេង និង ហួត សារិទ្ធ
សៀវភៅនេះនឹងនាំអ្នកទៅទស្សនា ប្រាសាទអង្គរវត្ត មុននឹងទៅប្រាសាទបាយ័ន ហើយនឹងរ៉ាយរ៉ាប់អំពីដំណើរតាមផ្លូវ ពីទ្វារចូល ដែលមានតោ និងនាគថ្ម ព្រមទាំងបរិយាយអំពី រឿងរ៉ាវ នៃចម្លាក់ផ្សេងៗ។
|
8.វីរជន និងប្រវត្តិសាស្ត្រកម្ពុជា ដោយ សាគូ សម្មុទ
ជាភាសាបារាំង សៀវភៅចងក្រងពីប្រវត្តិសាស្ត្រកម្ពុជា ជាមួយនឹងប្រវត្តិរូបវីរជនខ្មែរ និងអ្នកដឹកនាំ ដូចជា ព្រះបាទ អង្គឌួង (១៧៩៦ - ១៨៦០) ញ៉ឹក ជូឡុង (១៩០៨ - ១៩៩៦)ជាដើម។ មានរូបថត វីរជន នាយករដ្ឋមន្ត្រីខ្មែរ និងទង់ជាតិខ្មែរផងដែរ។
|
9.សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ ដោយ គង់ សុខហេង
សម្រាប់ថ្នាក់មធ្យមសិក្សាចំណេះទូទៅស្របតាមកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ សៀវភៅនេះចងក្រង រឿងរ៉ាវ និងកំណាព្យ អក្សរសិល្ប៍ខ្មែរ ចំនួន ២៨ ដែលមានដូចជា រឿងទុំទាវ រឿងហង្សយន្ត កំណាព្យ មើលផែនដីខ្មែរជាដើម។
|
10.សិល្បៈនយោបាយ ដោយ តេង ស៊ាវពីង ដកស្រង់ និងរៀបរៀងដោយ ឌួង រតនា
អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយល្បីល្បាញជាច្រើនលើសកលលោក បានចាត់ទុក តេង ស៊ាវពីង «ជារដ្ឋបុរសដែលទទួលជោគជ័យច្រើនបំផុត និងជាអ្នកសិល្បៈនយោបាយ ដែលតែងតែបង្កើតនូវប្រៀបឈ្នះសម្រាប់ខ្លួននៅគ្រប់កាលៈទេសៈ»។ ស្នាដៃជាច្រើនរបស់ តេង ស៊ាវពីង សម្រេចបានដោយសារសិល្បៈដ៏ប៉ិនប្រសប់បំផុត ដែលគេមិនអាចរកឃើញក្នុងវណ្ណកម្មរបស់កាល់ម៉ាក់ ឡេនីន ឬគំនិត ម៉ៅ សេទុង ឡើយ៕
|
ម៉ែន សុនីតា
No comments:
Post a Comment