សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលទើបទទួលបានដំណែងជាប្រធានបក្សហ្វ៊ុនស៊ិនប៉ិច មកវិញ បានចំអកឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិថា មិនចាំបាច់វាយប្រហារដោយសម្ដីប្រឆាំងគណបក្សរាជានិយមមួយនេះទេ។ ព្រះអង្គមានបន្ទូលថា ថ្នាក់ដឹកនាំគណបក្សប្រឆាំង គួររង់ចាំការកាត់សេចក្ដីក្នុងពេលលទ្ធផលបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតសកលខាងមុខនេះវិញល្អជាង។
ពិធីសមាជជាលើកដំបូងក្រោយពីសម្ដេចក្រុមព្រះយាងមកគ្រងតំណែងនេះឡើងវិញ នៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច នោះគឺជាការរៀបចំយ៉ាងប្រណិតដែលខុសពីគណបក្សនយោបាយដទៃទៀត។ សមាជដែលរៀបចំក្រោមការចូលរួមពីអ្នកគាំទ្រប្រមាណ ២ពាន់នាក់នាមជ្ឈមណ្ឌលកោះពេជ្រ គឺទំនងជាការមានការអនុញ្ញាត ឬបើកភ្លើងខៀវពីរដ្ឋាភិបាល ដើម្បីរៀបចំពិធីសមាជនៅទីនោះ។
ប្រព័ន្ធនៃការរៀបចំកាលពីព្រឹកថ្ងៃទី១៩ មករា គឺមិនខុសពីប្រព័ន្ធនៃការរៀបចំរបស់រដ្ឋាភិបាលធ្លាប់ធ្វើនោះទេ។ មានការយាមកាមយ៉ាងត្រឹមត្រូវ កងអង្គរក្សត្រួតពិនិត្យដោយប្រុងប្រយ័ត្ន។ ថ្វីបើគណបក្សហ្វ៊ុនស៊ិនប៉ិច នៅពេលនេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលថា កសាងឡើងពីបាតដៃទទេ សូម្បីទីស្នាក់ការគណបក្សពិតប្រាកដក៏ពុំទាន់មានដែរនោះ ក៏ពិធីដែលរៀបចំកាលពីព្រឹកថ្ងៃទី១៩ មករា គឺមិនដូចគណបក្សដែលខ្សត់ខ្សោយ ឬកកើតដោយពុំមានធនធាននោះឡើយ។កោះពេជ្រ ក៏ពុំមែនចេះតែអ្នកណាៗ អាចធ្វើពិធីបានដោយងាយឡើយ ប្រសិនបើរកឃើញថា ការរៀបចំពិធីដែលមកពីគណបក្សមាននិន្នាការប្រឆាំងរដ្ឋាភិបាល ជាពិសេសមិទ្ទិញតាមបែបគណបក្ស ដែលមានអ្នកចូលរួមរាប់ពាន់នាក់យ៉ាងដូច្នេះទៀតផង។
នៅមុខច្រកចេញចូលនៅក្នុងពិធីបំពាក់ដោយឧបករណ៍ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងប្រុងប្រយ័ត្នខ្ពស់។ ចំពោះសម្ភារៈសម្រាប់ដាក់ឲ្យត្រួតពិនិត្យនេះទៀតសោត គឺជារបស់បញ្ជាការដ្ឋានកងអង្គរក្សនៃក្រសួងមហាផ្ទៃ ថែមទៀតផង។
នៅក្នុងសាលដ៏ធំឯណោះវិញ តន្ត្រីចម្រុះ ទាំងបុរាណ និងសម័យ បានប្រគំចូលគ្នាយ៉ាងរងុំ អមដោយការបញ្ចាំងរូបភាព ដើម្បីបញ្ជូនរូបភាពឲ្យអ្នកគាំទ្រដែលនៅជ្រុងទាំងសង្ខាងនៅក្នុងសាលបានទស្សនាដោយផ្ទាល់។
រៀបចំកាយវិការហាក់ដូចជាសាស្ត្រាចារ្យនៅលើវេទិកា និងពេលខ្លះព្រះអង្គហាក់ដើរតួជាអ្នកកំប្លែងផង សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គមានបន្ទូលថា លោក កឹម សុខា គួរបញ្ឈប់វប្បធម៌ រិះគន់គណបក្សហ្វ៊ុនស៊ិនប៉ិច នៅទីសាធារណៈ។ ជាអ្នកនយោបាយដែលធ្លាប់ត្រូវបានគណបក្សប្រជាជនកម្ពុជា ធ្វើរដ្ឋប្រហារពីទម្លាក់ពីនាយករដ្ឋមន្ត្រីទីមួយ កាលពីឆ្នាំ១៩៩៧ និងជាអ្នកនយោបាយដែលធ្លាប់ត្រូវបានគេធ្វើបក្សប្រហារកាលពីឆ្នាំ២០០៦ ព្រះអង្គបន្តថា តាមពិតទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺសុទ្ធតែព្រះអង្គធ្លាប់ធ្វើគុណក្នុងជីវិតនយោបាយរបស់ពួកគេទាំងលោក កឹម សុខា និងលោក សម រង្ស៊ី ជាពិសេស លោក កឹម សុខា ដែលសម្ដេចក្រុមព្រះ ប្រៀបប្រដូចថា គឺជាអ្នកនយោបាយដែលភ្លេចគុណ ក្នុងគ្រាជួបជួបបញ្ហាកាលពីអតីតកាល៖ «ឲ្យគេហទំព័រដើមអំពិលសរសេរចុះ។ មនុស្ស កឹម សុខា នេះជាមនុស្សដល់ត្រើយសើយគូថ។ ដល់ត្រើយហើយភ្លេច។ ខ្ញុំអត់ចង់បានការសងគុណពីគាត់ទេ»។
បើទោះជាសមាជគណបក្សដែលរៀបចំឡើងដោយបន្ថែមតួនាទីអនុប្រធានទីមួយ និងអនុប្រធានទីពីរ ដែលគណបក្សរាជានិយមមួយនេះ ពុំធ្លាប់មាននោះ ក៏ការអនុម័តកាលពីព្រឹកថ្ងៃទី១៩ មករា ពុំបានឆ្លងកាត់ការសម្រេចពីអង្គសមាជនោះដែរ។ សម្តេចក្រុមព្រះដែលត្រូវបានអង្គសមាជផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានឡើងវិញនេះ គ្រាន់តែប្រកាសឲ្យអ្នកគាំទ្រលើកដៃ បន្ទាប់ពីសម្តេច អរុណ រស្មី ប្រគល់ត្រា និងលោក កែវ ពុទ្ធរស្មី ប្រគល់ទង់របស់បក្សតែប៉ុណ្ណោះ។ មើលទៅពិធីសមាជដែលរៀបចំឡើងនៅកោះពេជ្រនោះ ទំនងជាពិធីគម្រប់កិច្ចដែលមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត ដូចអ្វីដែលគណបក្សរាជានិយមមួយនេះ ធ្លាប់បានអះអាងថា សមាជវិសាមញ្ញដែលធ្វើដូចការគ្រោងទុកនេះ ត្រូវអនុវត្តដោយម៉ត់ចត់ ប្រជាធិបតេយ្យ និងតម្លាភាព។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដើម្បីបំភ្លឺបានទេ នៅថ្ងៃទី១៩ មករា។
បើទោះជាបែបណា លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី អះអាងកាលពីថ្ងៃទី១៨ មករា ថា គណបក្សនយោបាយធំៗនៅកម្ពុជា ទាំងអស់ មិនថាគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសង្រ្គោះជាតិ ឬគណបក្សប្រជាជនកម្ពុជាឡើយ គឺសុទ្ធសឹងតែជាគណបក្សរាជានិយមទាំងអស់។ ប៉ុន្តែដោយឡែកសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច វិញ គឺជាគណបក្សរាជានិយមដែលអន់ និងល្ងង់ជាងគេបំផុត៖ «បោះឆ្នោត ២០១៣ មាន ហ្វ៊ុនស៊ិនប៉ិចទេ? មាន ញឹក ប៊ុនឆៃ បោះឆ្នោតឆ្នាំ២០១៣។ ហ្វ៊ុនស៊ិនប៉ិច បោះឆ្នោតតែជាមួយសង្គ្រោះជាតិដែរហ្នឹង។ លទ្ធផលសូន្យ។ ឥឡូវនេះ រណឫទ្ធិ និង ញឹក ប៊ុនឆៃ ទៅហ្វ៊ុនស៊ិនប៉ិចហើយមែនទេ។ មិនមែនត្រឹមតែសូន្យទេ សូន្យ វ៉ែនតា (០០)»។
គណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់ជាគណបក្សដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងក្នុងការបោះឆ្នោតអាណត្តិទីមួយ កាលពី២២ ឆ្នាំមុន។ កាលណោះ គឺឆ្នាំ១៩៩៣ គណបក្សរាជានិយមមួយនេះ បានទទួលសំឡេងឆ្នោតរហូតដល់ ៥៨អាសនៈ ក្នុងចំណោម ១២០អាសនៈ នៅក្នុងរដ្ឋសភា។ ក៏ប៉ុន្តែសំឡេងនៃការគាំទ្រនេះ បានថយចុះជាបន្តបន្ទាប់ រហូតដល់សូន្យកៅអី ក្នុងអាណត្តិទីប្រាំនេះ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គធ្លាប់បរាជ័យក្នុងជីវិតនយោបាយរបស់ព្រះអង្គម្ដងហើយម្ដងទៀត ចាប់តាំងពីក្រោយឆ្នាំ១៩៩៣ មក។ គេនៅរង់ចាំមើលថា ការហក់ចូលឆាកនយោបាយឡើងវិញជាថ្មីទៀតរបស់ព្រះអង្គលើកនេះ អាចមានការរីកចម្រើនជាងមុន ឬក៏ដូចមុន?
No comments:
Post a Comment