លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារព្រមានខ្លាំងៗ ទៅដល់តំណាងរាស្ត្របក្សប្រឆាំង៧រូប ថាមិនទាន់គេចផុតពីសំណាញ់ច្បាប់ ក្នុងសំណុំរឿងបង្កអំពើហិង្សានៅទីលានប្រជាធិបតេយ្យនៅ ឡើយទេ បើទោះបីជាសព្វថ្ងៃនេះ មានអភ័យឯកសិទ្ធិក៏ដោយចុះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញជំហរថាតំណាងរាស្ត្រគណបក្សប្រឆាំងទាំង៦៨រូប នឹងមិន យល់ព្រមជាដាច់ខាត ឲ្យសភាលុបបណ្ដឹងអាជ្ញាលើតំណាងរាស្ត្របក្សប្រឆាំង៧រូប ពាក់ព័ន្ធលើ សំណុំរឿងបង្កអំពើហិង្សានៅទីលានប្រជាធិបតេយ្យ។
ថ្លែងក្នុងឱកាសប្រគល់សញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យខេត្តស្វាយរៀង នៅថ្ងៃទី១៩ មករា លោក ហ៊ុន សែន បញ្ជាក់ថា លោកគោរពនីតិវិធីតុលាការ ហើយជំរុញឲ្យតុលាការពន្លឿននីតិវិធី របស់ខ្លួនឲ្យបានឆាប់ ពាក់ព័ន្ធនឹងសំណុំរឿងប្រើអំពើហិង្សានៅទីលានប្រជាធិបតេយ្យ ពិសេស ករណីតំណាងរាស្ត្របក្សប្រឆាំង៧រូប ដែលជាប់ពាក់ព័ន្ធជាមេខ្លោងក្នុងសំណុំរឿងនោះ។
លោកបញ្ជាក់ថាការសម្របសម្រួលនយោបាល ជាមួយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺគ្មានប្រសិទ្ធភាពទៅលើបណ្តឹងអាជ្ញាទាក់ទិននឹងរឿងព្រហ្មទណ្ឌទេ។ តំណាង រាស្ត្របក្សប្រឆាំង៧រូប មិនទាន់គេចផុតពីសំណាញ់ច្បាប់ ហើយក្នុងករណីក្រសួងយុត្តិធម៌ស្នើសុំ សភាចាត់ការរឿងនេះ តំណាងរាស្ត្របក្សប្រជាជនកម្ពុជា នឹងមិនយល់ព្រមឲ្យសភាលុបបណ្ដឹង អាជ្ញានេះឡើយ ព្រោះតំណាងរាស្ត្របក្សប្រឆាំងទាំងនោះ ជាប់បណ្ដឹងអាជ្ញាមុនទទួលបាន អភ័យឯកសិទ្ធិសភាមកម្ល៉េះ៖ «ខ្ញុំ ហ៊ុន សែន ជាតំណាងរាស្ត្រម្នាក់ ហើយជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក៦៨រូប មិនគាំទ្រឲ្យលុបបណ្ដឹងអាជ្ញា ដូច្នេះតំណាងរាស្ត្រទាំង៧រូប នៅតែជាប់គុកដដែល»។
តំណាងរាស្ត្របក្សប្រឆាំង៧រូប ដែលត្រូវតុលាការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹង ការប្រើអំពើហិង្សា នៅទីលានប្រជាធិបតេយ្យនោះ រួមមាន លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ លោក ឡុង រី និងលោក នុត រំដួល។ ជុំវិញបញ្ហានេះ លោកស្រី មួរ សុខហួរ តំណាងរាស្ត្របក្សប្រឆាំង ដែលជាប់បណ្ដឹងអាជ្ញាតុលាការ គិតថាសំដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះគឺជាការបង្គាប់បញ្ជាទៅលើតុលាការ ឲ្យបន្តសំណុំរឿងនេះឡើងវិញ ដែលអាចឆ្លុះបញ្ចាំងច្បាស់ថា តុលាការនៅកម្ពុជាមិនឯករាជ្យ។
លោកស្រី មួរ សុខហួរ បញ្ជាក់ថាលោកស្រី មិនខ្លាចចំពោះការព្រមានរបស់លោក ហ៊ុន សែន នេះទេ។ ប៉ុន្តែបើតុលាការចង់ចាត់ការរឿងនេះ លុះណាតែសភារកបានសំឡេង២ភាគ៣ ដើម្បីដក អភ័យឯកសិទ្ធិសភាលោកស្រីជាមុនសិន៖ «ប្រសិនជាមកចង់ចាប់ចងយើង ត្រូវដកអភ័យឯកសិទ្ធិយើងជាមុនសិន ហើយយើងខ្លាចតែមួយគត់ គឺតើថ្ងៃណាប្រព័ន្ធតុលាការនៅកម្ពុជាឯករាជ្យ»។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា លោកអស់ ភាពអត់ធ្មត់ ដែលឃើញមេដឹកនាំគណបក្សប្រឆាំង ទាំង លោក សម រង្ស៊ី និងលោក កឹម សុខា បានវាយសំដីធ្ងន់ៗ ទៅលើរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា នៅពេលដែលលោក មិនបានវាយប្រហារសំដី ឬធ្វើឲ្យប៉ះពាល់ដល់គណបក្សប្រឆាំង។
សំដីចុងក្រោយដែលបក្សប្រឆាំង ផ្លែផ្កាឲ្យបក្សកាន់អំណាចនោះ គឺការដៀលចំៗទៅលើការគ្រប់ គ្រងរបស់លោក ហ៊ុន សែន។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ រដ្ឋសភា ថ្លែងនៅក្នុងវេទិកាសាធារណៈនៅសង្កាត់ព្រែកលៀប កាលពីថ្ងៃទី១៨ មករា ថា បច្ចុប្បន្នប្រទេសកម្ពុជា បាត់បង់ស្ទើរគ្រប់វិស័យក្នុងកណ្ដាប់ដៃ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស លោកចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាបុគ្គលដែលដឹកនាំអន់ជាងគេ នៃរបបណាៗទាំងអស់ ដែលធ្វើឲ្យធនធានធម្មជាតិត្រូវបាត់បង់ និងបណ្ដោយឲ្យមានការរំលោភសិទ្ធិមនុស្សម្ដងហើយម្ដងទៀត មិនចេះចប់មិនចេះហើយ ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ។
នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅសកលវិទ្យាល័យខេត្តស្វាយរៀង លោក ហ៊ុន សែន ក៏បានក្រើនរំលឹកដល់គណបក្សប្រឆាំង ឲ្យចេះគោរពសិទ្ធិអ្នកដទៃ ដែលចង់បង្កើតបក្សថ្មី ដែលទំនង ជាសំដៅទៅលើគម្រោងបង្កើតឲ្យមានគណបក្សនៅតាមមូលដ្ឋាន ឬបណ្ដាញខ្មែរជួយខ្មែររបស់ក្រុម បញ្ញវន្ត។ លោកបញ្ជាក់ថា រដ្ឋាភិបាលបើកចំហឲ្យមានការបង្កើតគណបក្សថ្មី សម្រាប់ប្រកួត ប្រជែងការបោះឆ្នោត ផ្ទុយពីបក្សប្រឆាំង ដែលបានរិះគន់ថា ការបង្កើតបណ្ដាញខ្មែរជួយខ្មែរនោះ ជាការបង្កើតឡើងដើម្បីបំបែកសំឡេងបក្សប្រឆាំងទៅវិញ៕
ទាក់ទងបញ្ហានេះដែរ ក្រុមអ្នកច្បាប់បានពន្យល់ថា បណ្ដឹងអាជ្ញាមិនរលត់ទេ បើសិនមិនទាន់មានការស៊ើបអង្កេតថា គ្មានទោសឬមានការដកពាក្យចោទប្រកាន់នោះវិញទេ។
ប៉ុន្តែបើអ្នកជាប់បណ្ដឹងនោះជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិកំពុងធ្វើការក្នុងរដ្ឋសភា ហើយតុលាការចង់ចោទប្រកាន់ ឬដំណើរការបណ្ដឹងចាស់នោះ ត្រូវឆ្លងកាត់សភាប្រជុំដកអភ័យឯកសិទ្ធិ ដែលត្រូវការសំឡេង២ភាគ៣ អនុម័តជាមុនសិន ដោយយោងមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិរូបណាក៏ដោយ មិនត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកសភាណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅបាន លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មការអចិន្ត្រៃយ៍ របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មការអចិន្ត្រៃយ៍ របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។
សេចក្ដីសម្រេចរបស់គណៈកម្មការអចិន្ត្រៃយ៍ របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័ត តាមមតិភាគច្រើន ២ភាគ៣នៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់អ្នកតំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនរដ្ឋសភាបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើន៣ភាគ៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
នៅអាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជា មានសំឡេង ជាងពាក់កណ្ដាល ប៉ុន្តែមិនមានសំឡេង គ្រប់៣ភាគ៤ ក្នុងការអនុម័ត ឬទំនាស់រឿងអ្វីមួយក្នុងរដ្ឋសភានោះទេ។
ចំណែកក្រុមអ្នកវិភាគវិញយល់ថា អ្នកតំណាងរាស្ត្រគណបក្សទាំងពីរ នឹងមិនអាចដកអភ័យឯកសិទ្ធិអ្នកណាម្នាក់បាន ដោយផ្អែកលើសំណុំរឿងចាស់នោះទេ លុះត្រាតែមានអ្នកណាម្នាក់ប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរថ្មីទៀតពេលក្រោយចូលសភា។
អ្នកវិភាគចាត់ទុក សារនយោបាយទាំងឡាយដែលអ្នកនយោបាយបានផ្ដល់ឲ្យគ្នា ទៅវិញទៅមកពេលនេះ គ្រាន់តែជាការគំរាមយកប្រៀបលើគ្នា ទៅវិញទៅមកតែប៉ុណ្ណោះ៕
No comments:
Post a Comment