(ចុះផ្សាយនៅថ្ងៃ 01-01-2015, ) | ដោយ លាង ដឺលុច
នៅថ្ងៃទី១ខែមករាឆ្នាំ២០១៥ គណបក្សបងប្អូនគូរសត្រូវគ្នាបានសម្រេចចិត្តចាប់ដៃរួមរស់ជាមួយគ្នាឡើងវិញហើយ បន្ទាប់ពីបានបែកបាក់គ្នារយៈពេល៨ឆ្នាំ។ លោក កែវ ពុទ្ធរស្មី ឧត្តមទីប្រឹក្សាគណបក្សហ្វ៊ុនស៊ិនប៉ិច បានផ្តល់បទសម្ភាសន៍ដល់លោក លាង ដឺលុច និពន្ធនាយកសារព័ត៌មានថ្មីៗតាមទូរសព្ទនៅយប់ថ្ងៃព្រហស្បតិ៍នេះដើម្បីពន្យល់អំពីការរួបរួមនៃកម្លាំងរាជានិយមឡើងវិញ។
លោក កែវ ពុទ្ធរស្មី៖ នេះជាព័ត៌មានពិត។ នៅថ្ងៃទី១មករានេះ ព្រះអង្គម្ចាស់ក្សត្រី អារុណ រស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានសរសេរលិខិតមួយ យាងសម្រេចក្រុមព្រះ នរោត្តម រណឬទ្ធិ មកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ហើយក៏មានលិខិតពីសម្តេចក្រុមព្រះដែលមានបន្ទូលយល់ព្រមដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចវិញដែរ។ គណបក្សហ្វ៊ុនស៊ិនប៉ិច កំពុងគិតគូរជ្រើសរើសថ្ងៃធ្វើសមាជដើម្បីទទួលសម្តេចក្រុមព្រះធ្វើជាប្រធានគណបក្ស។ តាមពិតទៅ ការងារជួបគ្នាពិភាក្សាគ្នានេះ ធ្លាប់កើតមានខ្លះៗមកហើយ ដូចលោកបានដឹងស្រាប់។ គ្រាន់តែថាមកដល់ពេលនេះ គឺវាដូចផ្លែឈើដែរទុំអ៊ីចឹង។
លោក លាង ដឺលុច៖ នេះជាការវិវត្តមួយដែលមហាជនទំនងជាមិននឹកស្មានដល់។ តើវាមានអត្ថន័យដូចម្តេចសម្រាប់ចលនានយោបាយរាជានិយមនិយាយជារួម និងសម្រាប់គណបក្សហ្វ៊ុនស៊ិនប៉ិចនិយាយដោយឡែក?
លោក កែវ ពុទ្ធរស្មី៖ វាពិតជារបត់ថ្មីមួយមែន។ ការបែកបាក់បានកើតមានតាំងពីឆ្នាំ២០០៦ ។ មានគណបក្សរាជានិយមដល់ទៅពីរ។ យើងគ្មានជម្រើសអ្វីក្រៅពីការរួបរួមគ្នាទេ។ តើយើងទៅនិយាយអំពីការរួបរួមជាតិយ៉ាងដូចម្តេច បើគណបក្សយើងមិនអាចរួមគ្នាបានផង?
លោក លាង ដឺលុច៖ លោកពិតប្រាកដក្នុងចិត្តហើយថា វានឹងមិនមានការបែកបាក់គ្នាជាថ្មីទៀតនោះ? ការរួមគ្នាក្រោមរូបភាពសហប្រតិតបត្តិការបានកើតមានម្តងរួចហើយ។
លោក កែវ ពុទ្ធរស្មី៖ ខ្ញុំគិតថា យើងមិនអាចបែកបាក់គ្នាទៀតទេ។ ពីព្រោះបញ្ហាជាច្រើនវាបានកើតមានរួចអស់ហើយ។ ដូច្នេះអស់បញ្ហាទៀតហើយ។ ហើយយើងមានតែការរួមគ្នាទេ។ បើយើងរួមគ្នា យើងគឺជាកម្លាំងនយោបាយទី៣ដែរ។ កាលពីឆ្នាំ១៩៩៣ យើងជាកម្លាំងទី១ ប៉ុន្តែលើកនេះ យើងក៏នៅមានកម្លាំងក្នុងកម្រិតទី៣ដែរ។ ហើយយើងនឹងបន្តអនុវត្តបុព្វហេតុរបស់ព្រះបរមរតនកោដ្ឋ។
លោក លាង ដឺលុច៖ ជាអ្នកនយោបាយក្នុងឋានៈជាអ្នកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចផង និងម្យ៉ាងទៀតលោកក៏ជាសមាជិករាជវង្ស (ស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រីអារុណ រស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច) ផង តើលោកសប្បាយចិត្តយ៉ាងណាដែរចំពោះការវិវត្តចុងក្រោយនេះ?
លោក កែវ ពុទ្ធរស្មី៖ ខ្ញុំសប្បាយចិត្ត។ ការបែកបាក់កន្លងមក មិនត្រឹមតែបង្ហាញអំពីការបែកបាក់នៅខាងលើទេ ប៉ុន្តែវាក៏បាននាំដល់ការបែកបាក់នៅថ្នាក់មូលដ្ឋានក្នុងចំណោមអ្នកគាំទ្រគណបក្សរាជានិយមដែរ។ អ្នកស្រឡាញ់រាជានិយម មិនដឹងបោះឆ្នោតឲ្យអ្នកណាទេ។ ម្ខាងគណបក្សបង ម្ខាងគណបក្សប្អូន។ ឥឡូវយើងរួមគ្នាវិញ សំឡេងគាំទ្ររបស់យើងនឹងកើនឡើងវិញ។ យោងតាមលទ្ធផលនៃការបោះឆ្នោតចុងក្រោយ ហ្វ៊ុនស៊ិនប៉ិចទទួលបាន២០ម៉ឺនសំឡេង។ ប៉ុន្តែសំឡេងគាំទ្រពិតប្រាកដរបស់យើងគឺមានច្រើនជាងនេះ។ និយាយម្តងទៀត ការរួមគ្នានៅពេលនេះ ធ្វើឲ្យខ្ញុំសប្បាយចិត្ត៕
1 comment:
Noyor Bay Ti Bey or Porng Bey Changkom ???
Post a Comment