A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 January 2015

International organizations criticized the ruling CPP for wanting the armed forces to participate in the election campaigns អង្គការ​អន្តរជាតិ​រិះគន់​បក្ស​ប្រជាជន​ដែល​ចង់​ឲ្យ​កង​ប្រដាប់​អាវុធ​ចូលរួម​ឃោសនា​បោះ​ឆ្នោត

ឃោសនា​បក្ស​ប្រជាជន ៦១០
ក្បួន​ហែ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ភាគ​ច្រើន​មាន​រថយន្ត​ទំនើបៗ និង​មួយ​ចំនួន​គ្មាន​ស្លាក​លេខ ក្នុង​យុទ្ធនាការ​ឃោសនា​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon
ក្រុម​ការងារ​ពិភាក្សា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ លើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កំពុង​រង​ការ​រិះគន់​ពី​សំណាក់​សហគមន៍​ជាតិ និង​អន្តរជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ដាក់​បញ្ចូល និង​លុប​ចោល​បញ្ញត្តិ​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​គណបក្ស​នយោបាយ ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា នឹង​នាំ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​ផុយ​ស្រួយ​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ។
ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​នោះ គឺ​ការ​ទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ចូលរួម​ឃោសនា​បោះ​ឆ្នោត​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​បាន។
ក្នុង​នាទី​ច្បាប់​សប្ដាហ៍​នេះ លោក ជី វិតា មាន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ៖
មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ហៅ​ការ​ទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ឲ្យ​កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ចូលរួម​ឃោសនា​បោះ​ឆ្នោត​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​នោះ ថា​ជា​ការ​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​បំពាន​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា។
លោក ប៊្រែដ អាដាម មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និយាយ​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ កង​ប្រដាប់​អាវុធ រួម​មាន​កងទ័ព និង​នគរបាល​ជាតិ មិន​ត្រូវ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​នយោបាយ​ឡើយ។ វា​ជា​ការ​សំខាន់​ណាស់​ដែល​កង​ប្រដាប់​អាវុធ​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ និង​មាន​តែ​រដ្ឋាភិបាល​ស្រប​ច្បាប់​ទេ ដែល​ពួក​គេ​ត្រូវ​បម្រើ និង​ការពារ។ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា កង​ប្រដាប់​អាវុធ​មាន​តួនាទី​ការពារ និង​រក្សា​សន្តិសុខ​ជូន​សង្គម​ជាតិ និង​ប្រជាជន។ ប្រសិន​បើ​ពួក​គេ​មិន​អព្យាក្រឹត្យ តែ​បែរ​ទៅ​ជា​ឋិត​នៅ​ក្រោម​ចំណុះ​របស់​គណបក្ស​នយោបាយ​ណា​មួយ​នោះ អំពើ​ហិង្សា​ក្នុង​សង្គម​ជាតិ​អាច​នឹង​ផ្ទុះ​ឡើង ហើយ​ការ​បោះ​ឆ្នោត​មិន​អាច​ចាត់​ទុក​ថា​សេរី និង​យុត្តិធម៌​បាន​ឡើយ ពីព្រោះ​វត្តមាន​នៃ​កង​ប្រដាប់​អាវុធ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ធ្វើ​ឲ្យ​ប្រជាជន​ភ័យ​ខ្លាច។ ហេតុ​ដូច្នេះ​ហើយ ទើប​មាន​គោលការណ៍​សកល​ហាម​ឃាត់ ហើយ​ច្បាប់​កម្ពុជា ខ្លួន​ឯង​ក៏​បាន​កំណត់​ឲ្យ​កង​ប្រដាប់​អាវុធ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ដែរ។
លោក ប្រ៊ែដ អាដាម ថ្លែង​ថា៖ «ច្បាប់​បច្ចុប្បន្ន​ដែល​ហាម​កងទ័ព កង​រាជ​អាវុធហត្ថ និង​មន្ត្រី​នគរបាល​មិន​ឲ្យ​ចូលរួម​ឃោសនា​នយោបាយ គឺ​មាន​ហេតុផល​ល្អ​អាច​យល់​បាន​ណាស់ ពីព្រោះ​កង​ប្រដាប់​អាវុធ​ទាំងអស់​នេះ អាច​ជា​ប្រភព​គំរាម​កំហែង​ដល់​អ្នក​បោះ​ឆ្នោត និង​សមាជិក​គណបក្ស​នយោបាយ​ដទៃ​ទៀត។ ហើយ​យើង​ដឹង​ថា ទាហាន កង​រាជ​អាវុធហត្ថ និង​មន្ត្រី​នគរបាល​នៅ​កម្ពុជា ពួក​គេ​ធ្វើ​ការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ពួក​គេ​មិន​បាន​ធ្វើ​ការ​ជា​ប្រយោជន៍​ចម្បង​ឲ្យ​ប្រទេស​ជាតិ​ទេ។ ដូច្នេះ ប្រសិន​បើ​ឲ្យ​ពួក​គេ​ចូលរួម​ឃោសនា​បោះ​ឆ្នោត ពួក​គេ​នឹង​ឃោសនា​គាំទ្រ​បក្ស​នយោបាយ​មួយ ដែល​អាច​ជា​ការ​សម្លុត​គំរាម​ដល់​អ្នក​បោះ​ឆ្នោត និង​សមាជិក​បក្ស​ប្រឆាំង បណ្ដាល​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​ក្នុង​សង្គម។ ដូច្នេះ​ច្បាប់​គណបក្ស​នយោបាយ​ដែល​ហាម​ប្រាម​នេះ វា​ត្រឹមត្រូវ​ហើយ សូម​រក្សា​ទុក​ដដែល​ចុះ។ យើង​ទទូច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​យល់ព្រម​កែប្រែ​បញ្ញត្តិ​នេះ​ឲ្យ​សោះ។ ប្រសិន​បើ​យល់ព្រម​លុប​បញ្ញត្តិ​នេះ​ចោល​តាម​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ វា​ជា​ការ​ដើរ​ថយ​ក្រោយ​មួយ​ជំហាន​យ៉ាង​វែង»

រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​នោះ កំណត់​ថា តុលាការ​ជា​អង្គការ​រដ្ឋ​ឯករាជ្យ​ពី​រដ្ឋាភិបាល និង​មាន​កាតព្វកិច្ច​រក​យុត្តិធម៌​ជូន​សមាជិក​គ្រប់​រូប​ក្នុង​សង្គម ដោយ​គ្មាន​និន្នាការ​នយោបាយ។ លោក ប៊្រែដ អាដាម ដែល​ជា​អតីត​អ្នក​ច្បាប់​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាច្រើន​ឆ្នាំ​ផង​នោះ មាន​ប្រសាសន៍​ថា ចំពោះ​មន្ត្រី​តុលាការ មាន​ចៅក្រម និង​ព្រះរាជ​អាជ្ញា ក៏​ត្រូវ​តែ​ឯករាជ្យ និង​អព្យាក្រឹត្យ​ផង​ដែរ។ ប្រសិន​បើ​មន្ត្រី​តុលាការ​ត្រូវ​រង​ការ​គាប​សង្កត់​ពី​គណបក្ស​នយោបាយ ឬ​កង​ប្រដាប់​អាវុធ ពួក​គេ​ប្រាកដ​ជា​មិន​អាច​បំពេញ​តួនាទី​ផ្អែក​តាម​គតិយុត្តិ​បាន​នោះ​ទេ។ នរណា​ក៏​យល់​ពី​ហេតុផល​នេះ​ដែរ។
លោក ប្រ៊ែដ អាដាម និយាយ​ថា៖ «ដូច្នេះ ចៅក្រម និង​ព្រះរាជ​អាជ្ញា​មិន​ត្រូវ​ចូលរួម​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​ទេ។ ជា​ការ​ពិត​ណាស់ ចៅក្រម និង​ព្រះរាជ​អាជ្ញា មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​កង​ប្រដាប់​អាវុធ​ដែរ ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​មាន​តួនាទី​អ្វី​ក្នុង​គណបក្ស​នយោបាយ​ទេ។ សម្រាប់​ក្រឡា​បញ្ជី និង​បុគ្គលិក​មន្ត្រី​រាជការ​ស៊ីវិល​វិញ ពួក​គេ​អាច​ចូលរួម​ឃោសនា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​គេ​ពេញ​ចិត្ត​បាន ប៉ុន្តែ​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​រដ្ឋ ពីព្រោះ​ពួក​គេ​មិន​កាន់​តួនាទី​សំខាន់​ដូច​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទេ»
ប្រតិកម្ម​របស់ លោក ប៊្រែដ អាដាម ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ លោក ប៊ិន ឈិន ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​តាម​ខ្លួន​ក្នុង​ការ​កែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើក​ផ្លូវ​ឲ្យ​យោធា កង​រាជ​អាវុធហត្ថ និង​នគរបាល​ជាតិ ព្រម​ទាំង​មន្ត្រី​តុលាការ ចូលរួម​ឃោសនា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​បាន។ លោក ប៊្រែដ អាដាម បន្ត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​មាន​នីតិរដ្ឋ​ដូច​ការ​អះអាង​របស់​ខ្លួន​នោះ គណបក្ស​កាន់​អំណាច​មួយ​នេះ​មិន​ត្រូវ​កែប្រែ​ច្បាប់​គ្រប់គ្រង​គណបក្ស​នយោបាយ​ឡើយ។
ច្បាប់​គណបក្ស​នយោបាយ​មាត្រា​១៥ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​លុប​ចោល​នោះ​ចែង​ថា បព្វជិត​សាសនា មន្ត្រី​តុលាការ និង​សមាជិក​កម្លាំង​ប្រដាប់​អាវុធ​នៃ​កងទ័ព​ខេមរភូមិន្ទ និង​កង​កម្លាំង​នគរបាល​ជាតិ មាន​សិទ្ធិ​ចូលរួម​ជា​សមាជិក​គណបក្ស​នយោបាយ ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​ឃោសនា​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។
ចំណែក​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​សម្រាប់​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការ​ពិត​ចុង​ក្រោយ​បង្អស់​របស់​លោក​នៅ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ មករា នៅ​ការិយាល័យ​របស់​លោក​នា​ទីក្រុង​ភ្នំពេញ សង្កត់​ធ្ងន់​ថា ប្រសិន​បើ​លោក​ត្រូវ​ជ្រើស​រើស​យក​អនុសាសន៍​មួយ​ជា​អនុសាសន៍​រួម​នៃ​អនុសាសន៍​ទាំងអស់​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា​ឡើង​វិញ​អំពី​ឯករាជ្យ​ភាព​នៃ​ស្ថាប័ន​រដ្ឋ ដែល​ក្នុង​នោះ​មាន​ស្ថាប័ន​តុលាការ និង​កង​ប្រដាប់​អាវុធ​ផង។
លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ថា៖ «គោលការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី គឺ​ការ​បែង​ចែក​អំណាច និង​តុល្យភាព​នៃ​អំណាច។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ស្ថាប័ន​ទាំង​ឡាយ​នៃ​អង្គការ​នីតិប្រតិបត្តិ​ដែល​មាន​តួនាទី​អនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល និង​ការពារ​សិទ្ធិ​មនុស្ស​នោះ ការ​អនុវត្ត​របស់​ស្ថាប័ន​ទាំងអស់​នេះ​ត្រូវ​តែ​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ស្ថាប័ន​ឯករាជ្យ​ផ្សេងៗ។ ស្ថាប័ន​នៃ​អង្គការ​នីតិប្រតិបត្តិ ក៏​ត្រូវ​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ផង​ដែរ។ នេះ គឺ​ជា​ដំណាក់​កាល​មួយ​ដ៏​សំខាន់​បំផុត ដែល​ខ្ញុំ​ជឿជាក់​ថា កម្ពុជា បច្ចុប្បន្ន ត្រូវ​ឈរ​លើ​គោលការណ៍​នេះ»
គោលការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​ការ​បែង​ចែក​អំណាច និង​តុល្យភាព​នៃ​អំណាច​រវាង​ស្ថាប័ន​រដ្ឋ​ធំៗ។
ក្រោយ​ពី​សង្គ្រាម​ហែកហួរ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ អម​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ផង​នោះ កម្ពុជា បង្កើត​បាន​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​នៅ​ឆ្នាំ​១៩៩៣។ រដ្ឋធម្មនុញ្ញ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​មាន​បញ្ចូល​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផង​នោះ គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា។ ផ្អែក​លើ​រដ្ឋធម្មនុញ្ញ កម្ពុជា បាន​បង្កើត​ច្បាប់​ជាច្រើន​ក្នុង​នោះ​មាន​ច្បាប់​គណបក្ស​នយោបាយ ដែល​កំណត់​ឲ្យ​កង​ប្រដាប់​អាវុធ​នៅ​អព្យាក្រឹត្យ និង​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​ចូលរួម​ឃោសនា​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ ក្នុង​របប​ប្រជាធិបតេយ្យ ចែក​ដាច់​រវាង​បក្ស និង​រដ្ឋ។ កង​ប្រដាប់​អាវុធ​ជា​ភ្នាក់ងារ​បម្រើ​រដ្ឋ មិន​មែន​បម្រើ​បក្ស​ទេ ហើយ​មាន​តែ​របប​កុម្មុយនិស្ត​ទេ​ដែល​ចែក​មិន​ដាច់​រវាង​រដ្ឋ និង​បក្ស។
លោក ប៊្រែដ អាដាម មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា គ្មាន​ប្រទេស​ប្រជាធិបតេយ្យ​ណា​អនុញ្ញាត​ឲ្យ​មន្ត្រី​តុលាការ និង​កង​ប្រដាប់​អាវុធ​ឃោសនា​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ទេ។ កន្លង​មក បើ​ទោះ​ជា​ច្បាប់​គណបក្ស​នយោបាយ​កម្ពុជា ហាម​ប្រាម​បែប​នោះ​ក្តី ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​មន្ត្រី​តុលាការ និង​កង​ប្រដាប់​អាវុធ ឲ្យ​ចេញ​ឃោសនា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ដែល​ផ្ទុយ​ពី​ច្បាប់ និង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​របស់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ។ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​និរាករណ៍​ចំណុច​ហាម​ឃាត់​ក្នុង​ច្បាប់​គណបក្ស​នយោបាយ​នេះ ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រី​តុលាការ និង​កង​ប្រដាប់​អាវុធ​ចូលរួម​ឃោសនា​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​បាន ទោះ​ជា​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​ក៏ដោយ​នោះ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អាណត្តិ​ក្រោយៗ​នឹង​អាច​កាន់​តែ​ទទួល​រង​ការ​រិះគន់​ថា​មិន​សេរី មិន​យុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន៕

1 comment:

Anonymous said...

ខ្ញំុមិនមានគណបក្សទេ ប៉ុន្តែខ្ញំុសង្វេកចិត្តអាណិតជាតិនឺងប្រទេសជាតិរបស់ខ្ញំុ ខ្ញំុសង្កេតឃើញផា ក្មេងយុវវ័យដែលបានចូលបំរើក្នុងគណបក្សប្រជាជនជាយូរមកហើយ ពួក បងប្អូនកូនក្មួយរៀនចេះដឺងបានជ្រៅជ្រះក័គួរចំវិជ្ជាមករិះគិត មិនមែនរៀន មានចំណេះច្រើន តែមិនព្រមចេះត្រេះរិះ នោះក៏គ្មានប្រយោជន៏អ្វីដែរ បើ យើងព្រៀបធៀបវាហាក់ដូចជាមនុស្សអវិជ្ជា សព្វផ្ងៃខ្មែរកំពុងត្រូវកូនខ្មែរ ឆ្ឆាតដើម្បីជួយស្រោចស្រង់ជាតិខ្មែរយើងឲ្យរួចពីអណានិគមន៏យួន ហើយ គួរត្រូវដឺអផាគណបក្សប្រជាជន៏ជារណបយួនពួកនេះធ្វើការបំរើ យួន យើងគួរខ្មាស់យួនត្រូវយួនបោកតាំងពីពួកល្ងង់ហ៊ុនសែនរហូតមក ដល់បញាវ័នជំនាន់នេះ បើយុវវ័យជាបញាវ៏នហើយមិនព្រមត្រេះរិះប្រើ ប្រាជ្ញាឈ្លាសវ័យ ហើយនៅតែដង្ហែតាមមនុស្សអវិជ្ជាទៀត ពេលនោះ ប្រទេសជាតិនឺងរលាយក្នុងពេលឆាប់ៗនេះមិនខាន ហើយពួកយួនវានឺងដៀលផាខ្មែឬមិនខ្មេះទោះជាមានសញាបត័្របណ្ឌិតក៏ត្រូវវាបោកបានដែរ កំុផាឡើយពួកល្ងើធ្លាប់ជាចោរលួចមាន់ពំុដែល បានរៀនសូត្រដូចជា ហ៊ុនសែន ហេងសំរិន នឺង ជាសីុមជាដើម។សូមអរគុណ ។