ដោយ៖ ញឹម គឹមសាន | ថ្ងៃអង្គារ ទី6 មករា 2015,
ស្ត្រីសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស អ្នកស្រី ផាន់ ឈុនរ៉េត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រកាលពីព្រឹកថ្ងៃអង្គារនេះ ដោយសារមានជំងឺបេះដូងធ្ងន់ធ្ងរ ។
លោក អួង សឿន ស្វាមីរបស់អ្នកស្រី ផាន់ ឈុនរ៉េត ប្រាប់VODថា កាលពីប្រមាណ៨ព្រឹកថ្ងៃនេះ ភរិយារបស់គាត់ ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ដោយសារតែស្ថានភាពជំងឺបេះដូងរបស់មានអាការៈធ្ងន់ធ្ងរ ។
តំណាងពលរដ្ឋនៅតំបន់បឹងកក់លោក ចាន់ ពុទ្ធិស័ក្ត ឲ្យដឹងថា អ្នកស្រី ផាន់ ឈុនរ៉េត ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់បន្ទប់សង្គ្រោះផ្នែកបេះដូង ព្រោះគាត់មានការចុកខ្លាំងនៅលើដើមទ្រូង ហើយកាលពីល្ងាចម្សិលមិញ គាត់មានការអាការៈគាំងស្ទះក្នុងទ្រូង ។ លោកថា ឥឡូវនេះ អ្នកស្រី ផាន់ ឈុនរ៉េត ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងវិញ បន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និងមានអាការៈប្រសើរជាងមុន ។
គួរបញ្ជាក់ថា អ្នកស្រី ផាន់ ឈុនរ៉េត ត្រូវបានមន្ត្រីពន្ធនាគារព្រៃសបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខ្មែរសូវៀតម្ដងហើយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីគាត់មានសុខភាពទ្រុឌទ្រោមខ្លាំង ។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ក្រុមគ្រូពេទ្យរបស់អង្គការលីការដូដែលបានចូលទៅពិនិត្យស្ថានភាពសុខភាពស្រី្តជាប់ឃុំទាំងនោះ បានឲ្យដឹងថា អ្នកស្រី ផាន់ ឈុនរ៉េត ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីព្រោះចង្វាក់បេះដូងគាត់ចុះខ្សោយមកដល់កម្រិត២១ ដែលមានស្ថានភាពយ៉ាប់យឺនខ្លាំង ។ ចំណែកស្រី្តសកម្មជនដីធ្លី២នាក់ក្នុងចំណោមស្ត្រីសកម្មជនដីធ្លីដែលកំពុងជាប់ពន្ធនាគារ ក៏ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរដោយសារការធ្វើកូដកម្មបង្អត់អាហារ ។
គួររំឮកដែរថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេតវ៉ា និងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ ។ ចំណែកឯស្ត្រី៣នាក់ និងព្រះសង្ឃ១អង្គផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់ ខណៈដែលពួកគាត់តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី៧នាក់ខាងលើ ។ ស្ត្រីទាំង១០នាក់ និងព្រះសង្ឃ១ អង្គខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការកាត់ទោសភ្លាមៗនៅថ្ងៃ បន្ទាប់ពីការចាប់ខ្លួន និងបានផ្តន្ទាទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល ៕
សូមសរសេរមកលោក ញឹម គឹមសាន តាមរយៈ nhimkimsan2012@gmaillcom
No comments:
Post a Comment