ដោយ៖ ស៊ុន ណារិន | ថ្ងៃអាទិត្យ ទី18 មករា 2015 |
មន្រ្តីគណបក្សសង្រ្គោះជាតិ ឲ្យដឹងថាអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ បានដាច់សរសៃឈាមខួរក្បាលនៅថ្ងៃសៅរ៍នេះ។
សេចក្តីអំពាវនាវបន្ទាន់មួយដែលត្រូវបានបញ្ជាក់ថាពិតប្រាកដរបស់គណបក្សសង្រ្គោះជាតិ ឲ្យដឹងថាលោក ប៉ែន សុវណ្ណ អាយុ៧៩ឆ្នាំ បានដាច់សរសៃឈាមខួរក្បាលនៅថ្ងៃសៅរ៍នេះ ដោយគណបក្សកំពុងតែរៀបចំបញ្ជូនលោកទៅសង្រ្គោះបន្ទាន់នៅក្រៅប្រទេស។ សេចក្តីអំពាវនាវបន្តថាអនុប្រធានគណបក្ស និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ជួយជាវិភាគទានសប្បុរសធម៌តាមសទ្ធា ដើម្បីជួយសង្រ្គោះលោក ប៉ែន សុវណ្ណ។
លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា មានប្រសាសន៍ថាលោកប៉ែន សុវណ្ណ ពិតជាដាច់សរសៃឈាមមែន និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីស្ថានភាពរបស់លោក ប៉ែន សុវណ្ណនៅឡើយទេ។ លោក មុត ចន្ថា ក៏មិនទាន់បញ្ជាក់ព័ត៌មានលម្អិតពីមូលហេតុ និងពេលវេលា ដែលលោក ប៉ែន សុវណ្ណ បានដាច់សរសៃឈាមខួរក្បាលនៅឡើយទេ។ លោកឲ្យដឹងទៀតថា លោក ប៉ែន សុវណ្ណ អាចនឹងត្រូវបញ្ជូនទៅក្រៅប្រទេសនៅយប់ថ្ងៃសៅរ៍នេះ។
ថ្មីៗនេះ លោក ប៉ែន សុវណ្ណ ត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ មិនឲ្យចូលទឹកដីអាមេរិកពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស ដោយសារកាលពីឆ្នាំ២០០១ លោកបានធ្វើដំណើរទៅអាមេរិកជាមួយអ្នកបកប្រែម្នាក់ ក្រោយពេលលោកទៅដល់អាមេរិក អ្នកបកប្រែរូបនោះឈឺមិនអាចត្រឡប់មកវិញបាន ក៏រស់នៅទីនោះមួយរយៈ។
កើតនៅថ្ងៃទី១៥ខែមេសា ឆ្នា១៩៣៦ លោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្ទាប់ពីដួលរលំរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ បច្ចុប្បន្នលោកជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់គណបក្សសង្គោ្រះជាតិ៕
សរសេរកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
Omg I wishes you good lucks hopes you will succeed from this Stroke Mr Pen Sovann
Post a Comment