ដោយ៖ ឡាយ សាមាន | ថ្ងៃអង្គារ ទី6 មករា 2015,
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មកពីបណ្តាលខេត្តនានា ស្នើសុំតុលាការចូលជួបសួរសុខទុក្ខមនុស្សចំនួន១៨នាក់ រួមមានសកម្មជនបក្ស សកម្មជនដីធ្លី និងព្រះសង្ឃ ដែលសមត្ថកិច្ចចាប់ឃុំនៅពន្ធនាគារព្រៃស ។
លិខិតចុះហត្ថលេខាដោយគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ ផ្ញើជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ឲ្យដឹងថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ និងសហការីចំនួន៦រូបទៀត ស្នើសុំជួបសួរសុខទុក្ខអ្នកជាប់ឃុំឃាំងទាំង១៨រូប នោះនៅថ្ងៃពុធស្អែកនេះ ។
សកម្មជនគណបក្សលោក មាជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន និងលោក អ៊ុក ពេជ្រសំណាង លោក កែ ឃឹម និងព្រះសង្ឃ៣អង្គ ព្រះនាម សឺន ហាយ ឃិត វណ្ណៈ និង សាង កុសល ។ ដោយឡែកសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី អ្នកស្រី ផាន់ ឈុនរ៉េត អ្នកស្រី តង់ ចន្ថា កញ្ញា សុង ស្រីលាភ អ្នកស្រី បូ ឆវី អ្នកស្រី ង៉ែត ឃុន អ្នកស្រី នង ស្រេង អ្នកស្រី អ៊ឹម ស្រីទូច អ្នកស្រី ភួង សុភាព និងអ្នកស្រី ភួង ពេជ្រ ។
ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេតវ៉ា និងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ ។ ចំណែកឯស្ត្រី៣នាក់ និងព្រះសង្ឃ១អង្គផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់ ខណៈដែលពួកគាត់តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី៧នាក់ខាងលើ ។
ស្ត្រីទាំង១០នាក់ និងព្រះសង្ឃ១អង្គខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការកាត់ទោសភ្លាមៗនៅថ្ងៃបន្ទាប់ពីការចាប់ខ្លួន និងបានផ្តន្ទាទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល ។ ចំណែកសកម្មជនបក្សសង្គ្រោះជាតិ ជាប់ចោទពាក់ព័ន្ធហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ។
បន្ទាប់ពីមានការឃុំខ្លួនសកម្មជនដីធ្លី កូនៗអ្នករងគ្រោះ និងព្រះសង្ឃ បានសម្រេចទៅពន្ធនាគារព្រៃស រៀងរាល់ថ្ងៃអាទិត្យ ដើម្បីជំរុញឲ្យមានការដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពឡើងវិញ ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment