ភ្នំពេញៈ ក្នុងខួប ៣០ ឆ្នាំ នៃការឡើងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានលើកឡើងថា ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសិទិ្ធ និងលទិ្ធប្រជាធិបតេយ្យពេញលេញ ដែលបានសន្យាក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបរទេសត្រូវតែគាំទ្រការធ្វើកំណែទម្រង់ឲ្យខ្លាំងក្លា។
ក្នុងរបាយការណ៍លម្អិតមួយ ដែលចេញផ្សាយស្របនឹងគម្រប់ខួបលើកទី ៣០ ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន សែន នៅថ្ងៃនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានថ្លែងថា លោក ហ៊ុន សែន បានប្រើប្រាស់កម្លាំងបង្ក្រាបលើអ្នកប្រឆាំង ហើយមិនគោរពលទិ្ធប្រជាធិបតេយ្យ និងសិទិ្ធមនុស្សទេ ជាពិសេស គោលគំនិតនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
របាយការណ៍ដែលមានចំណងជើងថា 30 Years of Hun Sen: Violence, Repression, and Corruption in Cambodia (រយៈពេល ៣០ ឆ្នាំក្រោមលោក ហ៊ុន សែន៖ អំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយនៅកម្ពុជា) បានឲ្យដឹងថា៖ «ក្នុងអំឡុងពេលលោកហ៊ុន សែនកាន់អំណាច ឥស្សរជនប្រឆាំង អ្នកសារព័ត៌មាន មេដឹនាំសហជីព និងអ្នកដទៃទៀត ត្រូវបានគេបាញ់សម្លាប់ ក្នុងការវាយប្រហារដោយសារមូលហេតុនយោបាយ»។
របាយការណ៍បានកត់សម្គាល់ថា លោក ហ៊ុន សែន ដែលឥឡូវនេះ គឺជាមេដឹកនាំនយោបាយកាន់អំណាចយូរបំផុតទី ៦ លើពិភពលោក គឺជាមេដឹកនាំ «យូរអង្វែង» ដែលទទួលបាននូវទឹកចិត្តគាំទ្រពីប្រជាជនមួយចំនួនចំពោះការកសាងប្រទេសឡើងវិញ បន្ទាប់ពីអំពើព្រៃផ្សៃនៃរបប ប៉ុល ពត។
របាយការណ៍បន្តថា៖«ជាជាងចំណាយពេលវេលាជានាយករដ្ឋមន្រ្តី ដើម្បីលើកកម្ពស់សុខភាព ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យស្មើភាពគ្នា លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ ដូចជា ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ការចាប់ឃុំខ្លួនមិនរើសមុខ ការជំនុំជម្រះតក់ក្រហល់ ការត្រួតពិនិត្យលើខ្លឹមសារចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ ការហាមឃាត់មិនឲ្យប្រមូលផ្តុំ និងបណ្តាញគិញសម្ងាត់ ដែលមានបំណងបំភិតបំភ័យសាធារណជន»។
របាយការណ៍បានលម្អិតពីតួនាទីរបស់លោក ហ៊ុន សែន ក្នុងកម្មវិធីបង្ខំឲ្យធ្វើការជាទម្ងន់ និងការឃុំឃាំងអ្នកប្រឆាំងក្នុងទសវត្សរ៍ទី ៨០ ការប្រើប្រាស់ «ក្រុមពិឃាត» ក្នុងអំឡុងប្រតិបតិ្តការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅដើមទសវត្សរ៍ទី ៩០ និងការវាយប្រហារដោយគ្រាប់បែក និងរដ្ឋប្រហារនៅឆ្នាំ ១៩៩៧។
របាយការណ៍ក៏បានចោទប្រកាន់ផងដែរថា លោក ហ៊ុន សែន បានរាំងស្ទះការប៉ុនប៉ងនាំអ្នកទាំងឡាយដែលទទួលខុសត្រូវចំពោះបទឧក្រិដ្ឋក្រោមរបបខ្មែរក្រហម មកកាត់ទោស ហើយទទួលបានប្រយោជន៍ច្រើនពីការចាប់យកដីធ្លីជាទូទៅ។
របាយការណ៍បានឲ្យដឹងទៀតថា៖ «លោក ហ៊ុន សែន ត្រូវបានរាយការណ៍ថា មានប្រាក់រាប់រយលានដុល្លារ បើទោះបីជាលោកបានធ្វើការឲ្យតែរដ្ឋាភិបាលកម្ពុជាមួយប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ ១៩៧៩ មក»។ ដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរមហាអំណាចបរទេស ដែលបានផ្តល់ការឧបត្ថម្ភ ព្រមទាំងម្ចាស់ជំនួយ និងមន្រ្តីដទៃទៀត ក្នុងប្រទេស ត្រូវគាំទ្រ និងប្តេជ្ញាអនុម័ត និងអនុវត្តនូវកំណែទម្រង់សំខាន់ៗ។
របាយការណ៍បានឲ្យដឹងទៀតថា កំណែទម្រង់នោះ ត្រូវធានាថា៖ «ទាំងលោក ហ៊ុន សែន និងមេដឹកនាំដទៃទៀតនៅកម្ពុជា មិនអាចរំលោភសិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យជាលក្ខណៈប្រព័ន្ធឡើយ»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សផ្តល់អនុសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នបុត្រសម្ព័ន្ធរបស់ គ.ជ.ប ត្រូវធ្វើកំណែទម្រង់ ដើម្បីអាចមានឯករាជ្យ និងមិនលម្អៀង ហើយគណៈកម្មការនគរបាល កងកម្លាំងនគរបាល និងប្រព័ន្ធតុលាការឯករាជ្យ ត្រូវបង្កើតឡើង។
របាយការណ៍បានបន្តថា យន្តការទាំងនេះ ត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយឯករាជ្យនៅពេលដែលសមស្រប។ របាយការណ៍បានឲ្យអនុសាសន៍ទៀតថា មន្រ្តីយោធា នគរបាល និងតុលាការជាន់ខ្ពស់ គួរត្រូវបានហាមឃាត់ មិនឲ្យកាន់តំណែងដឹកនាំផ្លូវការ ឬក្រៅផ្លូវការក្នុងគណបក្សនយោបាយ ចំណែកឯអាជ្ញាធរ គួរមានកាតព្វកិច្ចឆ្លើយតបទៅនឹងការចោទប្រកាន់ពីករណីរំលោភសិទិ្ធមនុស្ស ដោយមិនលម្អៀង និងមានវិជ្ជាជីវៈ។
លោក Brad Adams នាយកប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស និងជាអ្នកនិពន្ធរបាយការណ៍ បានឲ្យដឹងក្នុងសេចក្តីប្រកាសដែលអមនឹងរបាយការណ៍ថា៖ «កម្ពុជាត្រូវការកំណែទម្រង់ជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាអាចប្រើប្រាស់សិទិ្ធមនុស្សជាមូលដ្ឋាន ដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួន ការធ្វើទារុណកម្ម និងការសម្លាប់។ តួនាទីរបស់ម្ចាស់ជំនួយអន្តរជាតិមានសារៈសំខាន់ ក្នុងការធ្វើការចំណុចនេះឲ្យក្លាយជាការពិត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបដិសេធមិនឆ្លើយតបទៅនឹងការចោទប្រកាន់ថា មានមនុស្សរាប់រយនាក់ត្រូវបានសម្លាប់នោះឡើយ ប៉ុន្តែ លោកបានបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាធ្វើកំណែទម្រង់។
លោកបានថ្លែងបន្តថា៖ «ប៉ុន្តែ នាយករដ្ឋមន្រ្តីត្រូវបានបោះឆ្នោតដោយប្រជាជនមិនមែនដោយអង្គការសិទិ្ធមនុស្សទេ»៕ TK
No comments:
Post a Comment