ទោះបីជាមិនមានការលំបាក ដូចប្រជាពលរដ្ឋខ្មែរភាគច្រើនកាលពីវ័យកុមារក៏ដោយតែនៅពេលពេញវ័យ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ដែលជាបុត្រា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីសម័យសង្គមរាស្រ្តនិយម បានលះបង់កម្លាំងកាយជាច្រើនឆ្នាំ នៅក្នុងសង្រ្គាមជាមួយទាហានអាមេរិកាំង ដើម្បីតស៊ូប្រឆាំង វៀតកុង និង វៀតណាមខាងជើង នៅក្នុងអំឡុងទសវត្សរ៍ ១៩៧០។
ព្រះអង្គម្ចាស់ បានទៅរៀននៅ ស្រុកបារាំង តាំងពីព្រះជន្ម ១២ឆ្នាំ ដោយរៀននៅទីនោះ បានពីរឆ្នាំទើបបន្តទៅរៀននៅ ប្រទេសអង់គ្លេស ៨ ឆ្នាំទៀត។ នៅពេលអាយុ ២០ឆ្នាំ ទើបព្រះអង្គម្ចាស់វិលត្រឡប់មកស្រុកខ្មែរវិញធ្វើទាហាន ខណៈដែលស្រុកកំពុងមានសង្រ្គាម។
ព្រះអង្គម្ចាស់មានបន្ទូលថា៖ «ពេលស្រុកមានសង្រ្គាម ក៏ត្រឡប់មកធ្វើទាហាន ពេលនោះកូនខ្មែរអាយុចាប់ពី ១៨ ទៅ ៤០ ឆ្នាំត្រូវចូលបម្រើយោធាដោយសារយើងមានសង្រ្គាមជាមួយ វៀតកុង និង យួន នៅ ឆ្នាំ១៩៧០»។
ព្រះអង្គម្ចាស់បានចូលហាត់ទាហាន នៅសាលាយោធាក្នុង ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ អស់រយៈពេលមួយឆ្នាំ មុនពេលចេញទៅច្បាំងនៅសមរភូមិ។ ព្រះអង្គម្ចាស់ បានមានបន្ទូលបញ្ជាក់ថា បើទោះបីព្រះអង្គ ជាសមាជិករាជវង្សានុវង្សក៏ដោយ ក៏ត្រូវតែចូលធ្វើទាហានដូចកូនរាស្រ្តដទៃទៀតដែរ។
ព្រះអង្គម្ចាស់បានគូសបញ្ជាក់ថា៖ «ខ្ញុំបានធ្វើសង្រ្គាមដូចគេឯងគ្រប់ទីកន្លែង ហើយត្រូវបានបញ្ជូនទៅស្រុកយួន គឺយួនខាងត្បូង ជិតមួយឆ្នាំ នៅជាមួយកងទ័ពឆត្រយោងពិសេសដែលគេហៅថា មូលដ្ឋានឡាំសឺង នៅជើងភ្នំខាងជើង យ៉ាត្រាំង»។
ព្រះអង្គម្ចាស់ មានបន្ទូលទៀតថា នៅក្នុងមូលដ្ឋានយោធានៅទីនោះ មានកូរ៉េខាងត្បូង និងអាមេរិក ដែលជាអ្នកផ្ដល់ការហ្វឹកហ្វឺន។ ពេលនោះហើយ ដែលអាមេរិកាំងបានផ្លាស់ប្ដូរកាំភ្លើងទាំងអស់ដែលទាហានខ្មែរកាន់គឺអាកា ៤៧ ដោយសារសង្រ្គាមជាមួយ វៀតកុង និង យួនខាងជើង នាពេលនោះ អាមេរិកាំងគេតម្រូវឲ្យប្រើកាំភ្លើងគេដូចគ្នាដើម្បីងាយស្រួលក្នុងការចែកចាយគ្រាប់រំសេវ។ នៅទីនោះ មានការហាត់លម្អិតណាស់មានទាំងលោតឆត្រ ដែលបង្រៀនដោយយួនខាងត្បូង និងអាមេរិកាំង គឺកងទ័ពពិសេស។
ព្រះអង្គម្ចាស់បញ្ជាក់ថា ក្រោយពីអាមេរិកាំងដកទាហានវៀតណាមទាំងអស់ទៅច្បាំងនៅ ឡាវ យ៉ាងហោចណាស់មានទាហានខ្មែរប្រហែលជា ៥០០០ នាក់នៅក្នុងបន្ទាយ។
ព្រះអង្គម្ចាស់បន្តថា៖ «ខ្ញុំបានចូលរួមប្រយុទ្ធប្រហែលជា ១៤ សមរភូមិ ដែលសមរភូមិខ្ញុំចុងក្រោយបង្អស់ គឺវ៉ៃនៅ តាំងគោក ខេត្តកំពង់ធំ ពិបាកមែនទែន ដោយសារពេលនោះទ័ព យៀកកុង គេយករទេះតង់មកប្រើលើទ័ពខ្មែរ។ ខ្ញុំចាំថា ប្រហែលជា ឆ្នាំ១៩៧៣ យើងមានការបាក់ទ័ពធំណាស់»។
នៅពេលនោះគេហៅថា ការបើកមូលដ្ឋានយោធា អាគីនេត មហាបដិវត្តន៍របស់លោកសេនាប្រមុខ លន់ នល់ «គឺយើងវ៉ៃទ្រង់ទ្រាយធំមែនទែន នៅព្រំប្រទល់ កំពង់ធំ និងកំពង់ចាម»។
ព្រះអង្គបានបញ្ជាក់ថា រហូតដល់ចុង ឆ្នាំ១៩៧៣ ពេលនោះប្រធានាធិបតីអាមេរិក Richard Nixon បានបញ្ចប់ការទម្លាក់គ្រាប់បែកដោយសារមានកិច្ចព្រមព្រៀងពីភាគីយួនខាងជើង និងយួនខាងត្បូង យួនវៀតកុង និងអាមេរិកាំង ដែលពេលនោះហើយដែលបេ ៥២ របស់អាមេរិកាំងក៏ឈប់ជួយគាំទ្រនៅលើសមរភូមិនៅកម្ពុជាដែរ។
ព្រះអង្គម្ចាស់បន្តថា៖ «ខ្ញុំគិតថា បើកូនខ្មែរមិនការពារកម្ពុជាតើពីណាមកការពារឲ្យការច្បាំងគ្នាគឺភាគច្រើនងាប់ដោយសារកាំភ្លើងធំកាំភ្លើងត្បាល់»។
នៅ ឆ្នាំ១៩៧៤ ព្រះអង្គម្ចាស់ ត្រូវបាននាយទាហានអាមេរិកបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីបន្តហ្វឹកហ្វឺនក្បួនយុទ្ធសាស្ត្រថែមទៀត រៀនធ្វើជាមេបញ្ជាការនៅ រដ្ឋជ័រចា នៃ កូឡាំបឺស ជាសាលាកងទ័ពពិសេស។ នៅ ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច ពេលនោះមេបញ្ជាការអាមេរិក ហៅទាហានខ្មែរទាំងអស់ ទៅសួរ ថាតើចង់ទៅរស់នៅប្រទេសណាគេនឹងជួយ តែខ្មែរទាំងអស់គ្នា សម្រេចនៅអាមេរិកជាជនភៀសខ្លួន។
ព្រះអង្គម្ចាស់បញ្ជាក់ថា៖ «ខ្ញុំក៏ទៅរស់នៅ រដ្ឋខាលីហ្វ័រនីញ៉ា ពេលនោះគេរើសអ្នកចេះភាសារអង់គ្លេសឲ្យជួយមើលជនភៀសខ្លួនខ្មែរមកពី ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ធ្វើការជាមួយអង្គការ កាតូលិក នៅ ទីក្រុងឡូសអេនជឺលេស»។
ព្រះអង្គម្ចាស់មានបន្ទូលទៀតថា នៅថ្ងៃ ទី៧ មករា ឆ្នាំ១៩៧៩ ទ្រង់បានទៅថ្វាយបង្គំព្រះករុណា អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ នៅ ញូវយ៉ក ដើម្បីជួយព្រះអង្គទាមទារអាសនៈខ្មែរពីរដ្ឋាភិបាលដែលមាន វៀតណាម ធ្វើជាខ្នងបង្អែក។
«ពិតមែនតែកៅអីនោះ ជារបស់ខ្មែរក្រហម ដែលមានឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ តែត្រូវទាមទារកៅអីនេះទុកឲ្យមកខ្មែរ គឺមិនឲ្យទៅរដ្ឋាភិបាលដែលមានបង្អែកដោយកងទ័ពបរទេសនោះទេ ហើយកៅអីនេះ វៀតណាម តែងតែជួយទាមទារយកមកឲ្យរដ្ឋាភិបាល ក្រុងភ្នំពេញ ប៉ុន្តែ មិនបានសម្រេច»។
រហូតដល់ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបមានការចុះកិច្ចព្រមព្រៀង រវាងគូបក្ខដិបក្ខខ្មែរ ទាំងបួនភាគី ដែលមានខ្មែរក្រហម រដ្ឋកម្ពុជា លោក តា សឺន សាន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
នៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី បានយាងអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និងសម្ដេច ម៉ែ យាងនិវត្តន៍ចូលមាតុប្រទេសវិញ។
តាំងពីពេលនោះមកមានការផ្សះផ្សាជាតិជាបន្តបន្ទាប់។ «ខ្ញុំមានមោទនភាពណាស់ដែលបានបម្រើអតីតព្រះមហាក្សត្ររហូតដល់ ៣៣ ឆ្នាំគឺតាំងពី ឆ្នាំ១៩៧៩ ក្នុងការទាមទារឯករាជ្យជាលើកទីពីរពីយួនឈ្លានពានប្រទេសជាតិខ្មែរដោយខុសច្បាប់ ដែលនេះបានបង្ហាញពីមោទនភាពផ្ទាល់ខ្លួនរបស់ខ្ញុំថា អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការការពារអធិបតេយ្យជាតិ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន មានបន្ទូលទៀតថា៖ «យួន បានឯករាជ្យក៏ដោយសារមានការគាំទ្រពីខ្មែរដែរ តែនៅពេលដែលយួនបានឯករាជ្យ បែរជាមកឈ្លានពានខ្មែរទៅវិញ»។
នៅក្នុង ឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ សិរីរ័ត្ន បានវិលត្រឡប់មកស្រុកខ្មែរតាមរយៈគណបក្ស ហ៊្វុនស៊ិនប៉ិច ហើយបានចូលរួមការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ហៅកាត់ អ៊ុនតាក់។ ព្រះអង្គម្ចាស់មានបន្ទូលថា៖ «ខ្ញុំបានឈរឈ្មោះបោះឆ្នោត តំណាងឲ្យ ហ៊្វុនស៊ិនប៉ិច នៅ ខេត្តកំពង់ស្ពឺ ដែល ហ៊្វុនស៊ិនប៉ិច ពេលនោះឈ្នះបាន ៣ ក្នុងចំណោមកៅអីសរុបចំនួន ៦ នៅក្នុងខេត្តនេះ»។
ព្រះអង្គម្ចាស់ បានធ្វើជាអ្នកតំណាងរាស្ត្របានតែ ៦ខែ ប៉ុណ្ណោះ ដោយសារតែព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកាលនោះជានាយករដ្ឋមន្ត្រីទីមួយ បានតែងតាំងព្រះអង្គ ឲ្យទៅធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
«ការតែងតាំងនេះ ដោយសារខ្ញុំធ្លាប់ជាអនុប្រធានបេសកកម្មអចិន្រៃ្តយ៍នៅអង្គការសហប្រជាជាតិ កាលដែលអតីតព្រះមហាក្សត្រគង់នៅ ញូវយ៉ក»។ ព្រះអង្គម្ចាស់ សិរីរ័ត្ន បានធ្វើជាឯកអគ្គរាជទូតប្រចាំនៅអង្គការសហប្រជាជាតិ ចាប់ពី ឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៧។ ព្រះអង្គម្ចាស់បានសម្រេចចិត្តឈប់ពីតំណែង បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះអាវុធដ៏បង្ហូរឈាម នៅកណ្តាល ទីក្រុងភ្នំពេញ កាលពីថ្ងៃ ទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលកងកម្លាំងស្មោះត្រង់ជាមួយលោក ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីទីពីរ បានបណ្តេញព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពីអំណាច។
ព្រះអង្គម្ចាស់បានបញ្ជាក់ថា៖ «សម្ដេចក្រុមព្រះ ត្រូវបានបណ្ដេញចេញពីនាយករដ្ឋមន្រ្តីទីមួយ ដោយខុសច្បាប់នាពេលនោះខ្ញុំក៏សម្រេចចិត្តឈប់ពីតំណែងដែរ តែត្រូវព្យួរចោលកៅអីនៅអង្គការសហប្រជាជាតិ»។
ព្រះអង្គម្ចាស់មានបន្ទូលថា ជាធម្មតាឲ្យតែមានការផ្លាស់ប្ដូររដ្ឋាភិបាល គេមិនដែលទុកកៅអីឲ្យព្យួរចោលទេ តែដោយសារតែករណីកម្ពុជា ជារដ្ឋាភិបាលចម្រុះ កើតចេញពីការបោះឆ្នោត ទើបអង្គការសហប្រជាជាតិទុកកៅអីឲ្យនៅទំនេរ រហូតដល់មានការព្រមព្រៀងបោះឆ្នោតសាជាថ្មីនៅ ឆ្នាំ១៩៩៨។
ក្រោយការបោះឆ្នោតអាណត្តិទីពីរព្រះអង្គម្ចាស់ ត្រូវបានតែងតាំងជាសហរដ្ឋមន្រ្តីក្រសួងការពារជាតិ នៅក្នុងរដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ពី ឆ្នាំ១៩៩៨ ដល់ ២០០៤។ «ខ្ញុំរាប់អានស្រឡាញ់លោកតា ទៀ បាញ់ មិនមានបញ្ហាអ្វីទេ នៅក្នុងរដ្ឋាភិបាលចម្រុះនាពេលនោះ។ គាត់ជាមិត្តភក្តិដ៏ល្អ។ កាលដែលខ្ញុំជាសហរដ្ឋមន្រ្តីនាពេលនោះ កងកម្លាំងទាំងអស់ មិនមានប្រទូសរ៉ាយអ្វីទេ»។
ព្រះអង្គម្ចាស់ សិរីរ័ត្ន ក៏ធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភា ២ ឆ្នាំផងដែរ។
ព្រះអង្គម្ចាស់ បានមានបន្ទូលបន្ថែមទៀតថា៖ «បើខ្មែរមិនស្រឡាញ់គ្នា គឺបរទេសលូកដៃហើយ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បានធ្វើការរយៈពេល ១៦ឆ្នាំ ដើម្បីការពារអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ការពារការចោទប្រកាន់នានាដោយគាំទ្រជំហររដ្ឋាភិបាល ដោយសារតែព្រះអង្គជាតំណាងរបស់រដ្ឋាភិបាល។ «បច្ចុប្បន្នខ្ញុំជាទីប្រឹក្សា ព្រះមហាក្សត្រ ដែលបន្តមកពីទីប្រឹក្សាអតីត ព្រះមហាក្សត្រ ហើយខ្ញុំនៅបម្រើ ហ៊្វុនស៊ិនប៉ិច ជាសមាជិកធម្មតា»។ បិតាព្រះអង្គម្ចាស់ សិរីរ័ត្ន គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងមាតា ឈ្មោះ នរោត្តម កេតនារី។
ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំកើតនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុង ឆ្នាំ១៩៤៦។ ពេលនោះឪពុកខ្ញុំ ជាភូឈួយរង ខេត្តកំពង់ចាម។ ខ្ញុំរៀននៅសាលាបារាំង លិសេដេកាត»។ ក្នុង ឆ្នាំ១៩៥៣ នៅពេលដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំង ព្រះអង្គម្ចាស់ សិរិមតៈ ត្រូវបានតែងតាំងឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិអស់ពេលប្រមាណពីរឆ្នាំ។ នៅពេលក្រោយមក ព្រះអង្គម្ចាស់ សិរិមតៈ បានធ្វើជារដ្ឋមន្ត្រីការបរទេស ហើយនៅពេលក្រោយមកទៀតបានធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ព្រះអង្គម្ចាស់ សិរីរ័ត្ន បានចេញទៅសិក្សានៅ ប្រទេសបារាំង ក្នុង ឆ្នាំ១៩៥៨ នៅពេលដែលព្រះអង្គម្ចាស់មានព្រះជន្មប្រហែល ១២ ឆ្នាំ។ ព្រះអង្គម្ចាស់បន្ថែមថា៖ «ដោយសារតែឪពុកខ្ញុំ លោកធ្លាប់ស្គាល់នាយទាហានបារាំង ក៏បានផ្ញើគេនៅទីនោះ ឲ្យខ្ញុំបានរៀនសូត្រ រហូតដល់ ឆ្នាំ១៩៦០ ទើបចេញទៅរៀននៅ ប្រទេសអង់គ្លេស ៨ ឆ្នាំទៀត»។
ក្នុង ឆ្នាំ១៩៦៦ ទើបព្រះអង្គម្ចាស់បានវិលត្រឡប់មកកម្ពុជាវិញ ហើយចូលធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជា សាន។ ព្រះអង្គម្ចាស់បញ្ជាក់ថា៖ «ខ្ញុំធ្វើការផង រៀនផង បានប្រហែលជាមួយឆ្នាំជាងទើបទៅជប៉ុន ជាមួយឪពុកខ្ញុំ ដែលពេលនោះគាត់ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅជប៉ុន»។
ព្រះអង្គម្ចាស់ សិរីរ័ត្ន បានបន្តការ សិក្សាផ្នែកកិច្ចការបរទេសបានប្រមាណ ៤ ឆ្នាំ ទើបព្រះអង្គម្ចាស់ បានវិលត្រឡប់មកកម្ពុជាវិញ នៅពេលដែលបិតាព្រះអង្គម្ចាស់ ធ្វើការជាមួយរដ្ឋាភិបាលដែលដឹកនាំដោយលោក សេនាប្រមុខ លន់ នល់។
ព្រះអង្គម្ចាស់ សិរីរ័ត្ន មានបងប្អូន ៦នាក់ ប្រុសបីនាក់ ហើយពីរនាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ព្រះអង្គម្ចាស់បានរៀបរាប់ថា៖ «បងគេទ្រង់ ស៊ីសុវត្ថិ ចរិយា នៅខុទ្ទកាល័យព្រះមហាក្សត្រ បងទីពីរ ស៊ីសុវត្ថិ សន្តា ចូលនិវត្តន៍ សព្វថ្ងៃរស់នៅអាមេរិក និងបងស្រី ស៊ីសុវត្ថិ ឧឡារី នៅអាមេរិក»។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន រៀបការនៅ ឆ្នាំ១៩៧០ នៅសហរដ្ឋអាមេរិកមានបុត្រ ៦ អង្គបុត្រា ៤អង្គ។ ព្រះអង្គម្ចាស់មានសញ្ជាតិអាមេរិកអាចនិយាយភាសាអង់គ្លេស និងបារាំងបាន៕
No comments:
Post a Comment