A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 21 December 2014

Pol Ham: An orator and a politician លោក​ប៉ុល ហំម៖ បើ​ទោះបី​ជា​បក្ស​ប្រឆាំង​ចាញ់​ក៏​នៅ​តែ​ឈ្នះ​ដែរ

លោក ប៉ុល ហំម នៅក្នុង​សន្និសីទ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​កន្លងមក​។
លោក ប៉ុល ហំម នៅក្នុង​សន្និសីទ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​កន្លងមក​។ ហុង មិនា
ជា​អ្នក​នយោបាយ​ជើងចាស់ រឹងមាំ មោះមុត​ដែល​តែងតែ​ពេញចិត្ត​ក្នុង​ការ​ធ្វើ​នយោបាយ​ក្នុង​នាម​គណបក្ស​ប្រឆាំង លោក​ប៉ុល ហំម ប្រកាន់​នូវ​គោលជំហរ គឺ​ធ្វើ​យ៉ាង​ណា​«ឲ្យ​យួន​ចេញ​ពី​ស្រុក​ខ្មែរ​» ហើយ​បើ​ទោះបី​ជា​គណបក្ស​ប្រឆាំង​ចាញ់​ក្តី ក៏​លោក​គិត​ថា ក៏​នៅ​តែ​ឈ្នះ​ដែរ ដោយសារ​គណបក្ស​ប្រឆាំង​បាន​ចូលរួម​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​អំពី​សិទ្ធិ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​។
ក្រោយ​ការ​បោះឆ្នោត​ថា្នក់ជាតិ​អាណត្តិ​ទី​ពីរ​ក្នុង​ឆ្នាំ​១៩៩៨ លោក ប៉ុល ហំម ដែល​មាន​ប្រភព​ដើម​មកពី​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា របស់​លោកតា សឺន សាន បាន​បាត់បង់​អាសនៈ​របស់​ខ្លួន ជា​តំណាងរាស្រ្ត នៅ​មណ្ឌល​ខេត្ត​កំពង់​ធំ។ បន្ទាប់មក​លោក​បាន​ចំណាយ​ពេលវេលា​ប្រមាណ​១០ ឆ្នាំ ធ្វើ​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ នៅក្នុង​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ​ដើម្បី​រកប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត មុន​ពេល​ត្រឡប់​ចូល​ភ្ជាប់​ជីវិត​នយោបាយ​សាជាថ្មី​វិញ នា​ឆ្នាំ​២០០៣។
បុរស​ដែល​មាន​វ័យ ៧០ ឆ្នាំ សក់​ល្បាយ​អាចម៍ខ្លា​រូប​នេះ បាន​ថ្លែង​ថា​៖ «ឆ្នាំ ១៩៩៣ ខ្ញុំ​បាន​ជាប់​ឆ្នោត​ជា​សភា​ធម្មនុញ ខ្ញុំ​ក្លាយ​ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មការ​ព្រាង​រដ្ឋធម្មនុញ្ញ។ ពេល​ដែល​សភា​ធម្មនុញ ក្លាយ​ជា​រដ្ឋសភា ខ្ញុំ​ក៏​ក្លាយ​ជា​សមាជិក​រដ្ឋសភា​តាំងពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ១៩៩៨»។ នៅពេល​នោះ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺន សាន បាន​ក្លាយ​ទៅ​ជា​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​។ នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ គណបក្ស​នេះ មិន​ទទួល​បាន​អាសនៈ​ទេ «ដូច្នេះ​ខ្ញុំ​ក៏​មិន​បាន​ជាប់​សមាជិក​សភា​ទៀត​ដែរ​។ គណបក្ស​បាន​រំលាយ​ខ្លួន​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ខ្ញុំ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​នេះ ប្រចាំ​នៅ​ខេត្ត​ឧត្តរមានជ័យ»។

លោក ប៉ុល ហំម (កណ្តាល​) ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ​កន្លងមក​។
លោក ប៉ុល ហំម (កណ្តាល​) ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ​កន្លងមក​។ ហេង ជីវ័ន
នៅក្នុង​ឆ្នាំ​១៩៩៨ លោក​ប៉ុល ហំម បាន​លាលែង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​ធ្វើការ​ក្នុង​នាម​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ទីម័រ​ខាង​កើត​។ នៅពេល​ក្រោយមក លោក​ក៏​ត្រូវ​បាន​ផ្លាស់​ទៅ​កូសូវ៉ូ។ បន្ទាប់ពី​នោះ លោក ហំម ផ្លាស់ប្តូរ​ការងារ​ជា​បន្តបន្ទាប់ គឺ​បាន​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល វិទ្យាស្ថាន​សិទ្ធិមនុស្ស​កម្ពុជា​និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ទាក់ទង​នឹង​ប្រព័ន្ធផ្សព្វផ្សាយ និង​ធ្វើ​សកម្មភាព​តស៊ូមតិ និង​នយោបាយ ជាមួយ​អង្គការ​សង្គម​ស៊ីវិល។
នៅពេល​ក្រោយមក​​ លោក​ក៏​វិលត្រឡប់​ទៅ​បម្រើ​ការងារ​ជា​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​វិញ ដោយ​ទៅ​ធ្វើការ​នៅ​ទ្វីប​អាមេរិក និង​នៅ​ទ្វីប​អាហ្វ្រិក ហើយ​ចុងក្រោយ ក៏​ចូលនិវត្តន៍​នៅ​ចុង​ឆ្នាំ​២០០៨​។
នៅពេល​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​បាន​បង្កើតឡើង ដែល​មាន​លោក​កឹម សុខា ជា​ប្រធាន ហើយ​ដោយ​គណបក្ស​នេះ មាន​គោលនយោបាយ​ល្អ ប្រហាក់ប្រហែល​និង​អតីត​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា ដែល​ដឹកនាំ​ដោយ​លោកតា សឺន សាន នៅក្នុង​ខែ​មីនា ឆ្នាំ ២០១០ លោក ហំម ក៏​បាន​សម្រេចចិត្ត​ចូល​ជា​សមាជិក​គណបក្ស​នេះ។
លោក​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ​ក្នុង​គណបក្ស​សិទ្ធិមនុស្ស នៅ​ឆ្នាំ ២០១០ ជា​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ។ខ្ញុំ​រៀបចំ​ការងារ​បក្ស​នៅក្នុង​ខេត្ត​តាកែវ ហើយ​ខ្ញុំ​ក៏​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​សម រង្ស៊ី ដោយ​មាន​តួនាទី​ជា​អនុប្រធាន​បណ្ដោះអាសន្ន រហូត​ដល់​មាន​សមាជ ទើប​បោះឆ្នោត​ឲ្យ​លោក កឹម សុខា ជា​អនុប្រធាន​វិញ»។
នៅក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ឆ្នាំ ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​៥៥​អាសនៈ ហើយ​លោក​ប៉ុល ហំម បាន​ជាប់​ជា​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​តាកែវ​។ លោក ហំម ក៏​ជា​ប្រធាន​គណៈកម្មការនាយក​នៃ​គណបក្ស​នេះ ដែល​ជា​មនុស្ស​មាន​អំណាច​ទី ៣ នៅក្នុង​គណបក្ស​។
លោក​បាន​និយាយ​ថា ក្រោយពី​មាន​កិច្ចព្រមព្រៀង​នយោបាយ កាលពី​ថ្ងៃ​ទី ២២ ខែ​កក្កដា រវាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ លោក​បាន​ចូល​កាន់​តំណែង​ជា​សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​គឺ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក​។
លោក ប៉ុល ហំម ពេល​ផ្តល់​សម្ភាសន៍​ដល់​កម្ពុជា​ចុងសប្តាហ៍​។
លោក ប៉ុល ហំម ពេល​ផ្តល់​សម្ភាសន៍​ដល់​កម្ពុជា​ចុងសប្តាហ៍​។ ម៉ៃ វីរៈ
លោក ប៉ុល ហំម កើត​នៅ​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ឆ្នាំ​១៩៤៦ ត្រូវ​នឹង​ឆ្នាំ​រកា នៅ​ឃុំ-ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។ លោក​មាន​បងប្អូន​៩ នាក់ ស្រី​៥ នាក់ ហើយ​លោក គឺជា​កូន​ទី ៤​។ នៅពេល​នោះ ឪពុក​របស់​លោក ធ្វើ​ជា​កងរក្សា​ខេត្ត (នគរបាល)។
កុមារា ប៉ុល ហំម បាន​ចូល​រៀន​នៅ​សាលា​តាំងក្រសាំង ក្នុង​ក្រុង​កំពង់ធំ ដោយសារ​នៅពេល​នោះ លោក​ត្រូវ​ធ្វើ​ដំណើរ​តាម​ឪពុក​របស់​លោក​ដែល​ត្រូវ​បំពេញ​ការងារ​។ លោក​បាន​រៀន​ចប់​វិទ្យាល័យ​នៅ​កំពង់ធំ​ហើយ​នៅក្នុង​ឆ្នាំ​១៩៦៦ លោក​បាន​ប្រឡង​ជាប់​ជា​គរុសិស្ស ហើយ​បាន​មក​រៀន​នៅ​ភ្នំពេញ។ លោក​រៀន​នៅ​ភ្នំពេញ​បាន​មួយ​ឆ្នាំ​ទើប​ត្រឡប់​ទៅ​បង្រៀន​នៅ​កំពង់ធំ​វិញ​។
លោក​បាន​បញ្ជាក់​ថា​៖ «ដល់​ឆ្នាំ ១៩៧០ ពេល​យៀកកុង​ចូល​មក​វ៉ៃ​ជាមួយ​របប​សាធារណរដ្ឋ លន់ នល់ ពេល​នោះ​ខ្ញុំ​បាន​ធ្វើ​ជា​កុម្ម៉ង់ដូ​ការពារ​ក្រុង ដោយ​បាន​ហ្វឹកហាត់​ទាហាន ព្រោះ​ពេល​នោះ ខ្ញុំ​ចង់​ធ្វើ​ជា​នាយទាហាន»។
រហូត​ដល់​ឆ្នាំ​១៩៧១ លោក ហំម បាន​មក​ភ្នំពេញ​ជាថ្មី​ទៀត​ដើម្បី​បន្ត​ការ​សិក្សា។ «ដូច្នេះ​ខ្ញុំ មិន​ដែល​បាន​ធ្វើ​កុម្មុយនិស្ត​ទេ​មាន​តែ​ច្បាំង​ជាមួយ​កុម្មុយនិស្ត​យួន។ ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ច្បាប់​ដល់​ឆ្នាំ​១៩៧៥​ចប់​ឆ្នាំ​ទី​២ ។ ពេល​ដែល​ខ្មែរក្រហម​ចូល ខ្ញុំ​បន្លំ​ខ្លួន​ជា​កម្មករ​»។
នៅពេល​ខ្មែរក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៧៥ លោក​ប៉ុល ហំម ក៏​ដូចជា ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ គឺ​ត្រូវ​កងទ័ព​ខ្មែរក្រហម ជម្លៀស​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ឲ្យ​ទៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល។ រស់នៅ​ស្រុក​កោះធំ​បាន​មួយ​រយៈ​ខ្លី ខ្មែរក្រហម ក៏​ចាប់​បញ្ជូន​ទៅ​ខេត្ត​ពោធិ៍សាត់។ នៅក្នុង​របប​ខ្មែរក្រហម លោក​ត្រូវ​គេ​ឲ្យ​រែក​កណ្តាប់​សំណាប និង​ឡើង​ត្នោត​។ លោក​បាន​ធ្លាក់​ពី​លើ​ដើមត្នោត​បាក់កដៃ​ទាំង​សង​ខាង​។
លោក​និយាយ​ថា​៖ «ខ្ញុំ​ធ្លាក់​ពី​លើ​ដើមត្នោត​មក​ចំ​រង​ថ្នាំ ដែល​មាន​ដី​ធូរ កុំ​អី​ស្លាប់​បាត់​ទៅ​ហើយ​ពេល​នោះ​។ លោក ហំម បាន​រស់នៅ​ខេត្ត​ពោធិ៍សាត់ «រហូត​ដល់​ឆ្នាំ ១៩៧៩ ពេលដែល​យួន​ចូល ខ្ញុំ​ត្រូវ​បាន​គេ​រើស​ឲ្យ​ធ្វើ​មេឃុំ»។
នៅពេល​នោះ គឺ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មាន​គោក្របី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ងាប់​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង ដែល​ច្បាំង​គ្នា រវាង​កងទ័ព​ខ្មែរ​ក្រហម ជាមួយ​នឹង​កងទ័ព​វៀតណាម។ លោក ហំម ដែល​ជា​មេឃុំ​បាន​ឲ្យ​ប្រជាពលរដ្ឋ​យក​ខ្មោច​គោ​ក្របី ដែល​ត្រូវ​គ្រាប់​ងាប់​ទាំងនោះ​វះ​ធ្វើ​ម្ហូប​ស្រាប់តែ​កងទ័ព​វៀតណាម បាន​ចាប់​ប្រជាពលរដ្ឋ​ទាំងនោះ​ឃុំ​ខ្លួន ហើយ​លោក​ក៏​បាន​ធ្វើការ​តវ៉ា​។
«ខ្ញុំ​ក៏​បាន​ជាប់គុក​មួយ​រយៈ​ខ្លី ក្រោយមក​គេ​លែង​វិញ។ ចេញ​ពី​គុក​វិញ​ទើប​រត់​មក​ស្រុក​កំណើត នៅ​កំពង់ធំ​»។
នៅក្នុង​ឆ្នាំ​១៩៧៩ ដដែល​នោះ លោក​ប៉ុល ហំម បាន​ចាកចេញ​ពី​ស្រុក​កំណើត ទៅកាន់​តំបន់​ព្រំដែន​ខ្មែរ​ថៃ ហើយ​បាន​ចូលរួម​បង្កើត​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយ​លោក តាសឺន សាន​។
លោក​ថ្លែង​បន្ត​ទៀត​ថា​៖«ពេល​នោះ ខ្ញុំ​ជួយ​ផ្នែក​សិក្សាធិការ​តែ​គ្មាន​សាលារៀន​ទេ គឺ​ត្រូវ​កាប់​មែកឈើ មក​ឲ្យ​សិស្ស​អង្គុយ​រៀន។ ខ្ញុំ​ក៏​បាន​ជួយ​ផង​ដែរ​នៅក្នុង​វិស័យ​សុខាភិបាល ដោយសារ​នៅពេល​នោះ​មិន​សូវ​មាន​អ្នក​ចេះដឹង​ច្រើន​ទេ​»។
នៅពេល​ក្រោយមក លោក ហំម បាន​បង្កើត​វិទ្យុ​មួយ គឺ​វិទ្យុ​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិទ្យុ​នេះ​ត្រូវ​ដើរ​ចាក់​ផ្សាយ​តាមភូមិ ក្នុង​ជំរំ​តាម​ព្រំដែន​ថៃ។ «រហូត​ដល់​ឆ្នាំ​១៩៨៣ ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យ​ទៅ​រៀន​នៅ​សិង្ហបុរី ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច្នេះ​ខ្ញុំ​មាន​អាជីព​ជា​អ្នក​សារព័ត៌មាន​ដែរ។ ខ្ញុំ​កាន់​វិទ្យុ​ដើម្បី​ផ្សាយ​ព័ត៌មាន​មក​ស្រុក​ខ្មែរ​»។
លោក​ហំម បាន​ចូលរួម​​ល់​កិច្ចប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​ភ្លើងសង្គ្រាម រហូត​ដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ តុលា​ឆ្នាំ ១៩៩១។
លោក ហំម បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំ ១៩៩១ បន្ទាប់ពី​ភាគី​ខ្មែរ បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​។ក្រៅពី​មាន​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក ប៉ុល ហំម​ក៏​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ទស្សនវិជ្ជា និង​នីតិសាស្រ្ត​នា​ឆ្នាំ​១៩៧៣ ផង​ដែរ ដែល​ពេល​នោះ លោក​អាច​ប្រឡង​ចូល​ជា​មេធាវី និង​សាលាភូមិន្ទ​រដ្ឋបាល​បាន។ លោក​ហំម ដែល​ក៏​បាន​បន្ត​ការសិក្សា​ផ្នែក​យុទ្ធសាស្រ្ត​នយោបាយ​នៅ​អាល្លឺម៉ង់​ផង​ដែរ​នោះ ក៏​បាន​ឆ្លៀត​ពេល​ចូលរួម​បង្រៀន​ផ្នែក​អភិបាលកិច្ច​ល្អ នីតិរដ្ឋ និង​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ រួម​ទាំង​ជំនាញ​ខាង​ការ​តស៊ូ​មតិ។
បើ​ទោះបី​ជា​លោក ប៉ុល ហំម ធ្លាប់​ធ្វើ​ជា​នាយ​កុម្ម៉ង់ដូ នៅក្នុង​របប លន់ នល់ ក៏ដោយ ក៏​នៅ​ក្រោយ​ឆ្នាំ ១៩៧៩ នៅពេល​ចូលរួម​ចលនា​តស៊ូ នៅ​តាម​ព្រំដែន លោក​មិនមែន​ជា​នាយ​កុម៉្មង់ដូ​ចេញ​ច្បាំង​ទៀត​ទេ។
លោក​បញ្ជាក់​ថា​៖ «អំឡុង​ការ​តស៊ូ​នៅ​តាម​ជាយដែន​ខ្មែរ​ថៃ​នោះ ខ្ញុំ​មិនមែន​ជា​យុវជន​ប្រដាប់អាវុធ​ទេ តែ​ជា​យុវជន​នយោបាយ។ ខ្ញុំ​ចូលចិត្ត​ធ្វើ​នយោបាយ តាំងពី​នៅ​វ័យក្មេង ព្រោះ​កាល​ដែល​ខ្ញុំ​នៅ​បង្រៀន និង​នៅ​រៀន​នោះ​បាន​ជួប​ប្រទះ​បញ្ហា​សង្គម​ជាច្រើន ដែល​ខ្ញុំ​មិន​ពេញចិត្ត ទោះបី​នៅក្នុង​សម័យ​សម្ដេច​ព្រះសីហនុ»។
លោក ប៉ុល ហំម បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដែល​លោក​ចូលរួម​ក្នុង​គណបក្ស​ប្រឆាំង គឺ​ដោយសារ​កាលនោះ គណបក្ស​កាន់​អំណាច គឺ​គាំទ្រ​ដោយ​ប្រទេស​វៀតណាម​។
លោក​គូស​បញ្ជាក់​ថា​៖​«គោលដៅ​របស់​ខ្ញុំ ទោះ​ចាញ់​ឬ​ឈ្នះ ខ្ញុំ​មិន​ខ្វល់​ទេ តែ​ធ្វើ​យ៉ាងណា​ឲ្យ​យួន​ចេញ​ពី​ស្រុក​ខ្មែរ ហើយ​ជីវិត​នយោបាយ​ចុងក្រោយ​របស់​ខ្ញុំ ទោះ​ឈ្នះ ឬ​ចាញ់ គឺ​ខ្ញុំ​ចំណេញ​ទាំងអស់»។
លោក​បាន​ពន្យល់​ទៀត​ថា បើ​បក្សប្រឆាំង​ឈ្នះ «យើង​អាច​ដឹកនាំ​ស្រុកទេស​បាន​ស្រប​តាម​គោលការណ៍ និង​ឧត្តមគតិ​របស់​បក្ស​ប្រឆាំង តែ​បើ​ចាញ់​វិញ​ខ្ញុំ​នៅ​គិត​ថា បក្ស​ប្រឆាំង​ក៏​នៅ​តែ​ឈ្នះ​ដែរ ព្រោះ​យើង​បាន​ចូលរួម​អប់រំ​ពលរដ្ឋ​ឲ្យ​បាន​យល់​អំពី​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ»។
ដោយសារ​តែ ឪពុក​របស់​លោក​គ្រាន់តែ​ជា​ភ្នាក់ងារ​ប៉ូលិស​តូចតាច​ម្នាក់ ទទួល​បាន​ប្រាក់​ខែ​តិចតួច​ការ​រស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​មុន​ឆ្នាំ​១៩៧០ គឺ​មាន​ការ​លំបាក​ខ្លាំង​ណាស់ ដោយ​លោក​ត្រូវ​ធាក់​ស៊ីក្លូ​បណ្ដើរ រៀន​បណ្ដើរ ព្រម​ទាំង​ដើរ​ស៊ីឈ្នួល​បង្រៀន​គួរ​គេ​ថែម​ទៀត​។ «​ដូច្នេះ​ហើយ​ជីវិត​របស់​ខ្ញុំ មិន​រំភើប​នឹង​រឿង​សម្បូរ​សប្បាយ​ទេ»។
ទោះ​យ៉ាងណា លោក ហំម គឺជា​កូន​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បងប្អូន ៩ នាក់ ដែល​មាន​សំណាង​បាន​រៀនសូត្រ​ជ្រៅជ្រះ​ជាង​គេ​។
លោក ហំម បាន​រៀបការ​នៅ​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​ឆ្នាំ ១៩៦៥ ដែល​រហូត​មក​ដល់​ពេល​នេះ លោក​មាន​កូន ៨ នាក់​និង​ចៅ​១៥ នាក់​។ ប៉ុន្តែ​«កូន​ខ្ញុំ​គ្មាន​អ្នកណា​ម្នាក់​ធ្វើ​នយោបាយ​ទេ»៕

1 comment:

Anonymous said...

Begin of Drgunzet's comment.

I am an expert in search engine. I can easily find any source about the evil, murderous chop-chop Khmer race:

"At first, they wanted to go into the villages and just chop people up."

in this link:
http://www.newstatesman.com/politics/politics/2014/04/how-thatcher-gave-pol-pot-hand

Read here, this is the daily ax-attack in the Khmer culture:

http://www.phnompenhpost.com/police-blotter/axe-and-you-shall-be-arrested-men-learn

-Drgunzet-