ក្នុងកិច្ចសម្ភាសមួយក្នុងផ្ទះស្ថិតនៅក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌ ឫស្សីកែវ លោក ញ៉ឹក ប៊ុនឆៃ បាននិទានដំណើរជីវិតរបស់លោក «ជាអ្នករំដោះប្រទេសចេញពីរបប ប៉ុល ពត និងការឈ្លានពានពី វៀតណាម មកលើ កម្ពុជា»។
លោក ញ៉ឹក ប៊ុនឆៃ កើតនៅថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ ១៩៥៨ ក្នុងគ្រួសារកសិករមួយ នៅក្នុងភូមិ តាអុងខាងលិច ឃុំ ស្វាយចេក ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ។ មានឪពុកជាជាងឈើ និងម្ដាយជាកសិករ។ លោក ប៊ុនឆៃ បានរៀបការភរិយា ទី១ នៅក្នុងរបបខ្មែរក្រហម និងមានកូនស្រីម្នាក់ប្រពន្ធដើមស្លាប់ហើយបានរៀបការភរិយាក្រោយឆ្នាំ ១៩៧៩ និងមានកូនស្រីម្នាក់ទៀត។ លោក ប៊ុនឆៃ បានសិក្សាចប់ត្រឹមថ្នាក់ខ្ពស់បំផុតនៃថ្នាក់ទំនើបជាតិ នៅមុនឆ្នាំ ១៩៧៥។ លោកចូលចិត្តអានសៀវភៅស្តីពីរបបកុម្មុយនីស្ត តែគ្មានសុបិនចង់ក្លាយជាអ្នកនយោបាយទេ ប៉ុន្តែកាលៈទេសៈបានទាញលោកឲ្យចូលពាក់ព័ន្ធនឹងដំណោះស្រាយវិបត្តិប្រទេសជាតិ។
នៅអាយុរវាង ២០ឆ្នាំ លោក ប៊ុនឆៃ ចាប់ផ្ដើមចូលធ្វើទាហានរបស់ខ្មែរក្រហម នៅដើមឆ្នាំ ១៩៧៦ ដោយគ្មានការបណ្ដុះបណ្ដាលទេ គឺគ្រាន់តែបំពាក់អាវុធជាមួយកងកម្លាំងប្រដាប់អាវុធដែលបានជ្រើសរើស ៥០០ នាក់ទៀត នៅក្នុងភូមិកំណើតលោកតែប៉ុណ្ណោះ។
លោកបានរត់ចេញពីភូមិកំណើតនៅឆ្នាំនោះ បន្ទាប់ពីបានឃើញឈ្មោះនៅក្នុងបញ្ជីដែលត្រូវយកទៅសម្លាប់។
នៅចន្លោះឆ្នាំ ១៩៧៦ និងឆ្នាំ ១៩៧៨ លោករស់នៅក្នុងចម្ការដំឡូងនិងមានការបណ្ដុះបណ្ដាលយោធានៅប្រទេស ថៃ ពីអ្នកជំនាញ បារាំង និង អង់គ្លេស។ នៅពេលនោះ លោកបានធ្វើដំណើរជាមួយយុទ្ធមិត្តទៅកាន់កន្លែងប្រយុទ្ធចំនួន ២០ កន្លែងជាប់ព្រំដែនប្រទេស ប៉ាគីស្ថាន និងប្រទេស អាហ្វហ្គានីស្ថាន និងកងកម្លាំងតស៊ូប្រដាប់អាវុធ ការ៉ែន នៅ មីយ៉ាន់ម៉ា សម្រាប់ជាសមយុទ្ធជាក់ស្ដែងរយៈពេលជាច្រើនខែ។ លោកបានត្រឡប់មកព្រំដែន កម្ពុជា-ថៃ វិញនៅថ្ងៃ ទី១ ខែ មករា ឆ្នាំ ១៩៧៩ ដើម្បីបង្កើតកងកម្លាំងតស៊ូប្រដាប់អាវុធដើម្បីវាយកងទ័ព វៀតណាម ដែលកំពុងឈ្លានពាន កម្ពុជា។ នៅចន្លោះបង្គោលព្រំដែនលេខ ៤៣-៤៤ លោក ប៊ុនឆៃ បានបោះជំរំ មានឈ្មោះថា ជំរំចាស់នៅខាងលិចភូមិ យាងដង្គុំ នៅក្នុងទឹកដី កម្ពុជា។ ក្រុមតស៊ូប្រដាប់អាវុធនេះ បានពង្រីកខ្លួនកាន់តែធំឡើង បន្ទាប់ពី វៀតណាម បានបើកការវាយប្រហារទៅលើរបបខែ្មរក្រហមឲ្យរត់ទៅកាន់ព្រំដែន ហើយក្រុមតស៊ូបានរើសយកគ្រឿងសព្វាវុធជាច្រើន ដែលពួកគេបោះបង់ចោល។ លោក ប៊ុនឆៃ ចាប់ផ្ដើមប្រមូលយកអាវុធទាំងអស់ហើយបានពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ជនជាតិ ថៃ ម្នាក់ជាមិត្តរបស់លោកបានផ្គត់ផ្គង់សព្វាវុធបន្ថែមដោយគេយកអង្ករទៅដូរជាមួយនឹងខ្មែរក្រហម។
បន្ទាប់ពីពង្រីកកងកម្លាំងប្រដាប់អាវុធហើយ លោក ប៊ុនឆៃ ចាប់ផ្ដើមទាក់ទងជាមួយពលរដ្ឋ កម្ពុជា នៅតាមជំរំជនភៀសខ្លួន នៅប្រទេស ថៃ។ បើទោះបីជាមិនស្ទាត់ជំនាញលោក ប៊ុនឆៃ ចេះនិយាយភាសា ថៃ បារាំង និង អង់គ្លេស ហើយនៅក្នុងជំរំជនភៀសខ្លួនលោកបានជាប់ការធ្វើតេស្តជាអ្នកស្វែងរកសិទ្ធិជ្រកកោននៅប្រទេស បារាំង និង អាមេរិក ប៉ុន្តែលោកបានបដិសេធមិនទៅរស់នៅទីនោះទេដោយសារតែមានសំណួរសើចចំអករបស់ជនជាតិ បារាំង ម្នាក់នៅក្នុងជំរំថា៖ «ហេតុអ្វីបានជាខ្មែរបោះបង់ចោលប្រទេសខ្លួន ទៅធ្វើជាកញ្ជះបរទេស?»។ លោក ប៊ុនឆៃ ចុះចេញពីរថយន្តធំ ដែលដឹកពលរដ្ឋខ្មែរនៅក្នុងជំរំទៅកាន់ព្រលានយន្តហោះក្រុង បាងកក ដើម្បីទៅរស់នៅប្រទេស ទី៣។ លោកបានត្រឡប់ទៅព្រំដែន ថៃ-កម្ពុជា វិញហើយចាប់ផ្ដើមពង្រឹងកងកម្លាំងប្រដាប់អាវុធនិងពង្រីកទៅតាមតំបន់ជាច្រើនហើយអ្នកកាសែតជាតិ បែលហ្ស៊ិក ពីរនាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ព្រំដែនដើម្បីសរសេរពីជីវិតពលរដ្ឋកម្ពុជា។ ពីរសប្ដាហ៍បន្ទាប់ពីផ្សាយអត្ថបទនេះ មានទីភ្នាក់ងារសហគមន៍អន្តរជាតិមួយចំនួនបានផ្គត់ផ្គង់អាហារ និងថ្នាំពេទ្យដល់ពលរដ្ឋខ្មែរនៅទីនោះ។
ព្រះអង្គម្ចាស់ សម្ដេចព្រះ នរោត្តម សីហនុ បានបង្កើតចលនាមួយហៅថា កាត់ ហ៊្វុនស៊ិនប៉ិច (រណសិរ្សបង្រួបបង្រួមជាតិសម្រាប់កម្ពុជាឯករាជ្យ អព្យាក្រឹតសន្តិនិងសហប្រតិបត្តិការ)។ កាលពីថ្ងៃ ទី២១ ខែ មីនា ឆ្នាំ ១៩៨១ លោក ប៊ុនឆៃ បានផ្ញើលិខិតទៅសម្ដេចព្រះ នរោត្តម សីហនុ ពេលនោះ ព្រះអង្គគង់នៅទីក្រុង ប៉េកាំង និងក្រុង ព្យុងយ៉ាង ដើម្បីយាងទ្រង់ធ្វើជាប្រធានចលនាតស៊ូ ដែលព្រះអង្គឲ្យឈ្មោះថា ហ៊្វុនស៊ិនប៉ិច។ សម្ដេចព្រះ នរោត្តម សីហនុ បានតែងតាំងបុត្រព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឲ្យធ្វើជាតំណាងរបស់ព្រះអង្គ ដើម្បីដឹកនាំរណសិរ្ស ហ៊្វុនស៊ិនប៉ិច នៅឆ្នាំ ១៩៨៣ បន្ទាប់មកបានធ្វើសមាជធំមួយដើម្បីប្តូរចលនាតស៊ូនេះ ទៅជាគណបក្ស ហ៊្វុនស៊ិនប៉ិច វិញ។
ហ៊្វុនស៊ិនប៉ិច បានឈ្នះការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ ឆ្នាំ ១៩៩៣ តែដោយមានវិបត្តិនយោបាយ ទើបបង្កើតឲ្យមានរដ្ឋាភិបាលចម្រុះ ដែលទ្រង់ រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រី ទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទី២ រហូតដល់ឆ្នាំ ១៩៩៧ ទើបព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារ ព្រោះតែ ហ៊្វុនស៊ិនប៉ិច ប្រើនយោបាយធ្វើឲ្យមានតុល្យភាពកម្លាំងប្រដាប់អាវុធ។ លោក ប៊ុនឆៃ បានថ្លែងថា៖ «ខ្ញុំត្រូវគេតែងតាំងជាអគ្គមេបញ្ជាការរងទីមួយ នៃកងយោធពលខេមរភូមិន្ទ ហើយវាមិនសមបើឲ្យខ្ញុំមានតួនាទីខ្ពស់នេះទេ។ នៅក្នុងជួរគណបក្ស ខ្ញុំមិនពាក់ព័ន្ធនឹងកិច្ចការនយោបាយទេ ប៉ុន្តែខ្ញុំក៏ត្រូវបានតែងតាំងជាប្រមុខគណបក្ស ហ៊្វុនស៊ិនប៉ិច នៅខេត្ត បាត់ដំបង ផងដែរ»។
លោក ប៊ុនឆៃ បានបណ្ដេញទ្រង់ រណឫទ្ធិ ពីគណបក្ស ហ៊្វុនស៊ិនប៉ិច នៅឆ្នាំ ២០០៦ ហើយបានដាក់សម្ពាធលើព្រះអង្គឲ្យលាលែងពីនយោបាយនៅឆ្នាំ ២០១២។ ឥឡូវនេះ ព្រះអង្គនៅជាប្រធាននៃឧត្ដមក្រុមប្រឹក្សារាជបល្ល័ង្ករបស់ព្រះ មហាក្សត្រនរោត្តម សីហមុនី។
លោក ប៊ុនឆៃ ដែលនៅពេលនេះ មានអាយុ ៥៦ឆ្នាំ គឺជាអគ្គលេខាធិការគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលគណបក្សនេះ មិនទទួលបានអាសនៈទេ នៅក្នុងការបោះឆ្នោតជាតិកាលពីខែ កក្កដា ឆ្នាំមុន ប៉ុន្តែលោកបានធ្វើជាទីប្រឹក្សារដ្ឋាភិបាលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ប៊ុនឆៃ មានប្រសាសន៍ថា៖ «ខ្ញុំសោកស្ដាយពីការបាត់បង់តាំងពីឆ្នាំ ១៩៩៣ ខណៈមេដឹកនាំគណបក្ស ហ៊្វុនស៊ិនប៉ិច ជាច្រើននៅពេលនេះគ្មានយុទ្ធសាស្រ្តនយោបាយច្បាស់លាស់ និងមានការបែកបាក់ផ្ទៃក្នុង និងបក្ខពួកនិយមអំពីការតែងតាំងមន្ត្រីមានតួនាទី នៅក្នុងរដ្ឋាភិបាលចម្រុះ ជាមួយគណបក្ស ប្រជាជន និងការដកចេញនូវរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សម រង្ស៊ី នៅសម័យនោះ និងការដកអភ័យឯកសិទ្ធិរបស់គាត់បាននាំឲ្យមានការសងសឹកគ្នា រវាងលោក រង្ស៊ី និងទ្រង់ រណឫទ្ធិ»។
លោក ប៊ុនឆៃ ដែលជាអតីតឧបនាយករដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជន ជាច្រើនអាណត្តិហើយនោះ បានថ្លែងថា គំនិតដំបូងរបស់លោក គ្មានការចាប់អារម្មណ៍នឹងកិច្ចការនយោបាយទេ ហើយក៏មិនចូលចិត្តពាក់អាវធំនិងក្រវាត់កដែរ ប៉ុន្តែជីវិតរបស់លោកបានក្លាយជាអ្នកនយោបាយជារៀងរហូតមក៕ PN
No comments:
Post a Comment