A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 1 December 2014

Kem Sokha claims victory in political deal with Hun Sen លោក កឹម សុខា អះអាង​ពី​ភាព​ជោគជ័យ​នៃ​ជំនួប​ចរចា​នយោបាយ

កឹម សុខា ៦២០
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​រដ្ឋសភា ថ្លែង​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Den Ayuthyea
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​រដ្ឋសភា បាន​អះអាង​ពី​ភាព​ជោគជ័យ​នៃ​ជំនួប​ពិភាក្សា​រវាង​មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ក្នុង​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី និង​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ ជាដើម។
ប៉ុន្តែ ទន្ទឹម​គ្នា​នេះ​ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ទៀត ដែល​គណបក្ស​ទាំង​ពីរ​ត្រូវ​បន្ត​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ។
ថ្លែង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ជាង ៥០០​នាក់ ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​ថ្មី​នា​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​វិច្ឆិកា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ជំនួប​ចរចា​ស្ងាត់ៗ​រវាង លោក សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ នា​មន្ទីរ​រដ្ឋសភា បាន​ទទួល​ជោគជ័យ​ទៅ​លើ​ការ​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ថ្មី និង​បក្ស​ប្រឆាំង​ទទួល​បាន​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ ស្រប​តាម​កិច្ច​ព្រមព្រៀង​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។
ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ថា​ក៏​នៅ​មាន​ចំណុច​មិន​ច្បាស់​លាស់ នៃ​ការ​កំណត់​សញ្ជាតិ​ទៅ​លើ​សមាជិក​ក្បាល​ម៉ាស៊ីន គ.ជ.ប ថ្មី ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ និង​មិន​ទាន់​ច្បាស់​អំពី​សំណើ​សុំ​ដោះ​លែង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​សហគមន៍​ដីធ្លី​ចេញ​ពី​ពន្ធនាគារ​នៅ​ឡើយ​ទេ៖ «ចំណុច​ដែល​ខ្ញុំ​កត់​សម្គាល់​ថា​ល្អ​នោះ គឺ​បញ្ជាក់​គ្នា​ច្បាស់​ថា គ.ជ.ប ចាស់ ដែល​នៅ​សព្វថ្ងៃ​នេះ ត្រូវ​តែ​បញ្ចប់​មុន​ដាច់​ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ហើយ គ.ជ.ប ថ្មី ត្រូវ​តែ​ធ្វើ​កិច្ចការ​ថ្មី និង​អនុវត្ត​ច្បាប់​ថ្មី។ នេះ​ជា​ចំណុច​សំខាន់​ដែល​ខ្ញុំ កឹម សុខា ពេញ​ចិត្ត​ជាង​គេ។ ហើយ​ចំណុច​មួយ​ទៀត គឺ​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សិទ្ធិ​បង្កើត​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ខេត្ត​នានា និង​បង្កើត​ស្ថានីយ​ទូរទស្សន៍​សម្រាប់​ក្រុមហ៊ុន ដែល​ជា​ម្ចាស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ»
លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​រដ្ឋសភា​ផង​នោះ បាន​ចាត់​ទុក​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ដោះ​លែង​សកម្មជន​ប្រឆាំង ឬ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាដើម ថា​ជា​យុទ្ធសាស្ត្រ​ចរចា​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អនុវត្ត និង​ជា​ល្បិចកល​នយោបាយ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក។
យ៉ាង​នេះ​ក្តី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ ថ្លែង​ថា តាម​រយៈ​ជំនួប​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​សម្ងាត់​កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​វិច្ឆិកា នៅ​មន្ទីរ​រដ្ឋសភា ឈាន​ដល់​បន្ធូរបន្ថយ​ភាព​តានតឹង និង​ចំណុច​វិជ្ជមាន​គួរ​ឲ្យ​កត់​សម្គាល់។ ប៉ុន្តែ​លោក​ថា ចំណុច​វិជ្ជមាន​ទាំង​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​អាច​ទទួល​យក​បាន ១០០​ភាគរយ​ទេ។
ងាក​មក​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាង ១០​សហគមន៍ នា​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​លើក​ពី​បញ្ហា​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច ជូន​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ជួយ​អន្តរាគមន៍។
ត្រង់​ចំណុច​នេះ លោក កឹម សុខា បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា នឹង​យក​ញត្តិ​របស់​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នា​ខេត្ត​ព្រះសីហនុ ដាក់​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពិនិត្យ និង​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​ពន្លឿន​ដោះស្រាយ​វិវាទ​នេះ៖ «ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ ដោយសារ​តែ​បក្ស​សង្គ្រោះ​ជាតិ មាន​តែ​តួនាទី​ក្នុង​រដ្ឋសភា មិន​ដឹក​នាំ​រដ្ឋាភិបាល។ លោក​នឹង​ជំរុញ​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​មួយ​ករណីៗ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក៏​នឹង​តាម​ដាន​ករណី​ដីធ្លី​នេះ​ជា​បន្ត​ទៀត។ ជាង​នេះ ក៏​នឹង​អន្តរាគមន៍​តាម​រយៈ​ប្រធាន​រដ្ឋសភា​ទៅ​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​បន្ត​ទៀត។ ជាង​នេះ បក្ស​សង្គ្រោះ​ជាតិ ក៏​មិន​នៅ​ស្ងៀម​ដែរ បើ​សិន​ជា​មិន​មាន​ចម្លើយ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល យើង​នឹង​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​អ្នក​តំណាង​រាស្ត្រ​ជាដើម ចុះ​ទៅ​ជួប​លោក​អភិបាល​ខេត្ត​ព្រះសីហនុ ដោយ​ផ្ទាល់​ទៀត»
យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ជំនួប​សម្ងាត់​រវាង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា នា​មន្ទីរ​រដ្ឋសភា បាន​ព្រមព្រៀង ឬ​ឯកភាព​គ្នា​ចំនួន ៣​ចំណុច​សំខាន់ៗ​ដូចជា ទី​១ បាន​ឯកភាព​គ្នា​កែ​សម្រួល​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដោយ​ធ្វើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដើម្បី​រៀបចំ​ឲ្យ​មាន​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា និង​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ដើម្បី​ជា​គូ​សន្ទនា​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល ទាក់ទង​បញ្ហា​ប្រទេស​ជាតិ។
ទី​២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង ក្នុង​ការ​បង្កើត​ស្ថានីយ​ទូរទស្សន៍ និង​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​ទៅ​តាម​បណ្ដា​ខេត្ត​នានា និង​ទី​៣ សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប ថ្មី ដែល​តំណាង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ទាំង​ស្រុង​នោះ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឯកភាព​គ្នា​បន្ត​ពិភាក្សា​គ្នា​ទៀត​នា​សប្ដាហ៍​ខាង​មុខ។
លទ្ធផល​នៃ​ជំនួប​ចរចា​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ។ ចំណែក​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ និង​វិភាគ​សង្គម បញ្ចេញ​ទស្សនៈ​ថា លទ្ធផល​នេះ​កើត​ឡើង​ដោយសារ​តែ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ និង​សម្បទាន​ឲ្យ​គ្មាន​ទៅ​វិញ​ទៅ​មក៕

No comments: