ក្រុមហ៊ុនវៀតណាមដឹកខ្សាច់សមុទ្រទៅក្រៅប្រទេសរាប់ម៉ឺនតោន ទោះរដ្ឋមន្រ្តីប្រកាសថាគ្មានអាជ្ញាប័ណ្ណ
ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី30 ធ្នូ 2014,
បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថាក្រុមហ៊ុនបូមខ្សាច់ទាំងអស់នៅកម្ពុជាមិនមានអាជ្ញាប័ណ្ណបូមខ្សាច់នោះទេរហូតមកដល់ពេលនេះ ខ្សាច់សមុទ្ររាប់ម៉ឺនតោនត្រូវបានដឹកជញ្ជូនទៅក្រៅប្រទេស កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៤នេះ។
ប្រភពដែលបានធ្វើការងារនេះផ្ទាល់ ឲ្យដឹងថាកប៉ាល់ដឹកខ្សាច់បណ្តោយប្រវែងជាង១៨០ម៉ែត្រ ទទឹងជាង៣០ម៉ែត្រ បានចូលមកក្នុងដែនសមុទ្រខេត្តព្រះសីហនុ ក្នុងចម្ងាយប្រហែល១០គីឡូម៉ែត្រពីផែប្រេងសូគីម៉ិច នៅស្រុកស្ទឹងហាវ កាលពីថ្ងៃទី២៥ខែធ្នូ ដើម្បីប្រមូល និងដឹកខ្សាច់ទៅក្រៅប្រទេស។ ប្រភពបន្តថាកប៉ាល់នោះបានដឹកខ្សាច់ដែលប្រមូលបានពីតំបន់មួយចំនួនក្នុងខេត្តកោះកុង គឺពីស្ពានអណ្តូងទឹក ស្រុកបុទុមសាគរ ដើម្បីយកមកដាក់កប៉ាល់ធំ។
ប្រភពឲ្យដឹងទៀតថាខ្សាច់សមុទ្រប្រហែល៥៧៦០០តោនត្រូវបានដឹកចេញទៅប្រទេសសិង្ហបុរី កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៤។ ប្រភពមិនបានដឹងថាក្រុមហ៊ុននោះមានឈ្មោះអ្វីនោះទេ តែថាជនជាតិវៀតណាមប្រមាណ២០នាក់បានធ្វើការនៅទីនោះ និងមានជនជាតិហ្វីលីពីនមួយចំនួនផងដែរ។
បើតាមប្រភពឲ្យដឹងថាសាឡង់ដឹកខ្សាច់ជាង២០ ចាប់តាំងពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៤ បានដឹកខ្សាច់សមុទ្រពីស្រុកបុទុមសាគរ យកទៅដាក់នៅកប៉ាល់ក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់។
ទាក់ទងតាមរយៈលេខទូរស័ព្ទដែលVODទទួលបាន ជនជាតិវៀតណាមម្នាក់ដែលអះអាងថាឈ្មោះដាងដុង(Dang Dung) ជាអ្នកគ្រប់គ្រងកម្មករជញ្ជូនខ្សាច់ បានឲ្យដឹងថាក្រុមហ៊ុននោះជាក្រុមហ៊ុនវៀតណាម មានឈ្មោះDai Cat Company។ លោកមិនអាចបញ្ជាក់ថាតើខ្សាច់នោះមានចំនួនប៉ុន្មានតោន និងដឹកទៅប្រទេសណានោះទេ ដោយលោកស្នើឲ្យទាក់ទងទៅលោកJimmy Tran ដែលជាប្រធានក្រុមហ៊ុនវិញ។
ប្រធានក្រុមហ៊ុន Dai Cat លោក Jimmy Tran ដែលជាជនជាតិវៀតណាមអាមេរិក ប្រាប់VODនៅថ្ងៃអង្គារនេះថាក្រុមហ៊ុនរបស់លោកបានអស់សុពលភាពក្នុងការបូមខ្សាច់តាំងពីខែសីហា ឆ្នាំ២០១៤ ហើយលោកក៏បញ្ឈប់ការបូមខ្សាច់ចាប់តាំងពីពេលនោះមក។ លោកបដិសេធថាក្រុមហ៊ុនមិនបានដឹកជញ្ជូនខ្សាច់សមុទ្រទៅក្រៅប្រទេសកាលពីថ្ងៃទី២៨ខែធ្នូ នោះទេ។ ឆ្លើយតបនឹងសំណួរបញ្ជាក់របស់VODថាតើក្រុមហ៊ុនរបស់លោកបានដឹកខ្សាច់កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៤ឬទេ លោកឆ្លើយបដិសេធថា«ខ្ញុំគិតថាអត់មានទេ។ តើអ្នកឮមកពីអ្នកណា? យើងមិនបានបូមខ្សាច់នោះទេ។ យើងឈប់តាំងពីអាជ្ញាប័ណ្ណអស់សុពលភាព។ យើងរង់ចាំអាជ្ញាប័ណ្ណថ្មី។ តែពីមុន យើងគ្រាន់តែទិញខ្សាច់ពីក្រុមហ៊ុនដូចជាក្រុមហ៊ុនលី យ៉ុងផាត់…ដឹកទៅចាក់នៅប្រទេសសិង្ហបុរី»។
គួរកត់សម្គាល់ថា កាលពីឆ្នាំ២០១០ សារព័ត៌មានAsiaone បានចុះផ្សាយថាក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានចោទប្រកាន់លោកTimmy Tran ពីបទរំលោភសេចក្តីទុកចិត្តក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិស្របច្បាប់នៅក្រុមហ៊ុនឯកជនមួយ។
លោកឧកញ៉ា លី យ៉ុងផាត់ មានប្រសាសន៍ថាលោកមិនដឹងច្បាស់ពីឈ្មោះក្រុមហ៊ុនបរទេស(Dai Cat) ដែលធ្លាប់បានទិញខ្សាច់ពីលោកនោះទេ។ លោកថាក្រុមហ៊ុនលោកមិនបានបូមខ្សាច់ប៉ុន្មានខែមកហើយ។លោកបន្តថានៅក្នុងខេត្តកោះកុងមានក្រុមហ៊ុនបូមខ្សាច់មួយចំនួនទៀត មិនមែនរាល់ក្រុមហ៊ុនទាំងអស់ជារបស់លោកនោះទេ។ លោក លី យ៉ុងផាត់ បញ្ជាក់បន្ថែមថា«រឿងហ្នឹងខ្ញុំអត់ច្បាស់ទេ។ ខ្ញុំមិនដឹងថាមានប៉ុន្មានក្រុមហ៊ុនទេ(ដែលក្រុមហ៊ុនរបស់លោកលក់ខ្សាច់ឲ្យនោះទេ)។ រឿងហ្នឹងទៅសួរខាងកោះកុងវិញ។ ខ្ញុំមិនសូវខ្វល់រឿងហ្នឹងទេ។ មិនមានការបញ្ជូនខ្សាច់ពីកោះកុងទៅខេត្តព្រះសីហនុទេ។ ខ្ញុំអត់ដឹងរឿងហ្នឹងទេ។ មិនមែនការបូមខ្សាច់កោះកុងទាំងអស់ជារបស់ខ្ញុំទេ។ មានក្រុមហ៊ុនផ្សេងទៀត។ តែខ្ញុំអត់ដឹងរឿងហ្នឹងទេ»។
ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា មកពីគណបក្សសង្គ្រោជាតិលោក ប៉ុល ហំម ដែលបានកោះហៅលោក លឹម គានហោ ទៅសាកសួរកាលពីថ្ងៃទី២៤ខែធ្នូ ប្រាប់VODនៅថ្ងៃអង្គារនេះថាលោកមិនបានដឹងពីឈ្មោះក្រុមហ៊ុននោះទេ តែលោកថាមានការបូមខ្សាច់ពីខេត្តកោះកុងដែលលោកនឹងពិនិត្យបញ្ហានេះ។លោកថា«ខ្ញុំដឹងថាមាន តែមិនទាន់ដឹងថាក្រុមហ៊ុនណាទេ។ កំពុងឲ្យគេតាមដាន»។
របាយការណ៍របស់អង្គការGlobal Witness ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០១០ ឲ្យដឹងថាប្រទេសសិង្ហបុរីជាអ្នកប្រើប្រាស់ខ្សាច់ដែលបាននាំចេញពីប្រទេសកម្ពុជាជាចម្បង។ ហើយប្រតិបត្តិការពីខេត្តតែមួយក្នុងប្រទេសកម្ពុជាត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រមាណ២៤៨លានុដល្លារអាមេរិកក្នុងមួយឆ្នាំ តាមតម្លៃលក់រាយនៅក្នុងប្រទេសសិង្ហបុរី។ របាយការណ៍បន្តថាឧស្សាហកម្មខ្សាច់នៅកម្ពុជា ត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋី២រូបដែលជិតស្និទ្ធិនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា គឺលោក ម៉ុង ឫទ្ធី និងលោកលី យ៉ុងផាត់។ របាយការណ៍ថាការខ្វះខាតតម្លាភាព និងការទទួលខុសត្រូវទាំងស្រុងជុំវិញការផ្តល់ឲ្យ និងអ្នកទទួលប្រយោជន៍នៃអាជ្ញាប័ណ្ណខ្សាច់ទាំងនេះហើយGlobal Witness រកឃើញភ័ស្តុងតាងពីការបាត់បង់ប្រាក់ចំណាយមិនធម្មតាជាច្រើន។
ប្រធានចលនាមាតាធម្មជាតិ លោក អាឡិច ចាន់ដ្រូ មានប្រសាសន៍ថាលោកបានទទួលដំណឹងពីប្រជាជនថាតំបន់មួយចំនួននៅម្តុំព្រែកខ្សាច់ ព្រែកអណ្តូង និងស្រែអំបិល នៅតែមានសកម្មភាពបូមខ្សាច់ ដែលលោកនឹងចុះទៅតាមដាននៅពេលខាងមុខ។ លោកថាក្នុងរយៈពីរបីខែនេះ នៅតំបន់ព្រែកតាតៃ និងត្រពាំងរូង ពុំមានការបូមខ្សាច់នោះទេ។លោកបញ្ជាក់ថា«យើងសម្រេចបង្កើនយុទ្ធនាការទាក់ទងនឹងការបូមខ្សាច់ ដោយសារតែវាមានផលប៉ះពាល់លើប្រជាជនធ្ងន់ធ្ងររួមមានការការធ្លាក់ចុះផលនេសាទបច្ចុប្បន្ន»។
ប្រជាពលរដ្ឋរស់នៅភូមិព្រែកខ្សាច់ក្នុងខេត្តកោះកុង លោក រៀម រុំ មានប្រសាសន៍ថាលោកសង្កេតឃើញមានសកម្មភាពបូមខ្សាច់នាពេលថ្មីៗនេះ ហើយសាឡង់ធំៗមួយចំនួនបានចុះប្រមូលខ្សាច់ជាបន្តបន្ទាប់នៅតាមព្រែកមួយចំនួននៅតំបន់កោះកុងក្រៅ និងតំបន់ឡាំដាំជាដើមក្នុងស្រុកបុទុមសាគរ។
មន្រ្តីសម្របសម្រួលសមាគម ការពារសិទ្ធិមនុស្សអាដហុកនៅខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការបូមខ្សាច់សមុទ្រនៅតែមាននៅខេត្តកោះកុង បើទោះជាមានការរឹតបន្តឹងក៏ដោយ។ លោកថាក្រុមហ៊ុនមិនតិចជាង១០នោះទេ ដែលបានធ្វើសកម្មភាពបូមខ្សាច់។លោកថាក្រុមហ៊ុនភាគច្រើនទទួលបានការអនុញ្ញាតបន្តពីលោកឧកញ៉ា លី យ៉ុងផាត់។ លោកមិនដឹងថាក្រុមហ៊ុនមានឈ្មោះអ្វីខ្លះនោះទេ តែលោកថាក្រុមហ៊ុនមួយចំនួនដឹកខ្សាច់ទៅក្រៅប្រទេស ដោយដឹកទៅប្រទេសសិង្ហបុរីជាដើម។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅកម្ពុជា លោក លឹម គានហោ ឲ្យដឹងថាអាជីវកម្មបូមខ្សាច់សព្វថ្ងៃនេះ មិនមានអាជ្ញាប័ណ្ណស្របច្បាប់នោះទេ ចាប់តាំងពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅកម្ពុជា ក្នុងអាណត្តិទី៥នេះ។ លោកព្រមានថានឹងចាត់វិធានការលើក្រុមហ៊ុនបូមខ្សាច់ណា ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរឹបអូសយកទ្រព្យសម្បត្តិទាំងនោះទុកជាសម្បត្តិរដ្ឋ។ លោកមានប្រសាសន៍ថា«ឆ្លៀតពេលនេះផ្តាំផ្ញើតែម្តង រហូតដល់ថ្ងៃនេះអត់ទាន់មានផ្តល់នូវអាជ្ញាប័ណ្ណ ឬការសម្រេចណាមួយក្នុងការធ្វើអាជីវកម្មបូមខ្សាច់ទេ នេះហើយដែលហៅថាអ្នកល្មើស ដែលយើងខ្ញុំប្រើវិធានការដោយចាប់ទុក ហើយចាប់ទុកលើកនេះ សូមបញ្ជាក់ជូនថា អត់មានធ្វើកិច្ចសន្យាដោះលែងវិញទេ គឺយើងខ្ញុំនឹងស្នើដល់រាជរដ្ឋាភិបាលរឹបអូសជាសម្បត្តិរបស់រដ្ឋ»។
លោក លឹម គានហោ បន្តថារហូតមកដល់ពេលនេះ នៅតែមានការបូមខ្សាច់សមុទ្រនៅតាមព្រែកដែលដឹកទៅលក់នៅក្រៅប្រទេស។ លោកបន្តថារហូតមកដល់ពេលនេះមានក្រុមហ៊ុនថ្មីចន្លោះពី៣០ទៅ៤០ ដែលបានដាក់ពាក្យសុំបើកអាជីវកម្មបូមខ្សាច់សាជាថ្មី។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតំបន់សមុទ្រខេត្តកោះកុងបង្ហាញភាពព្រួយបារម្ភពីការបាត់បង់ទីតាំងតំបន់ទេសចរណ៍ធម្មជាតិសម្រាប់សហគមន៍នាពេលអនាគត ដោយសារតែក្រុមឈ្មួញបរទេសបានប្រើកប៉ាល់ធំៗ ធ្វើសកម្មភាពបូមខ្សាច់នៅក្បែរតំបន់រស់នៅរបស់ពួកគាត់៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
ជាង៣០ឆ្នាំហើយ តើដែលឃើញ រដ្ឋាភិបាល ហ៊ុន សែន ថាយួនធ្វើអីខុសច្បាប់ទេ? អ្នកដែលថា មិនស្រួល ចោទថាក្បត់ជាតិទៀតផង មើលចុះ មាច ចាន់ដារ៉ា ហ៊ុន សែនយកទៅដាក់គុកលេង មកពីគាត់ពូកែថានោះឯង ហើយមានអ្នកណាហ៊ានធ្វើអីដែកជោ ។
Post a Comment