A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 26 November 2014

An opposition activist shot dead by police at an illegal cockfighting ring សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ស្លាប់​ដោយសារ​ការ​បង្ក្រាប​កន្លែង​ជល់​មាន់​ស្រុក​មេមត់

RFA - អាជ្ញាធរ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​ច្រើន​នាក់​ចុះ​បង្ក្រាប​កន្លែង​ជល់មាន់​មួយ​កន្លែង​នៅ​ឃុំ​ច័ន្ទមូល ដោយ​មាន​បាញ់​កាំភ្លើង​ផង​នោះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា។ យ៉ាង​ណា​ក៏ដោយ សមត្ថកិច្ច​ថា​កំពុង​ស្រាវជ្រាវ​ជុំវិញ​រឿង​ហេតុ​ដែល​បាន​កើត​ឡើង​នោះ។
ក្រុម​គ្រួសារ​សព លោក ឆាយ អឿន អាយុ ២៤​ឆ្នាំ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​អាជ្ញាធរ​ស្រុក​មេមត់ ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​មួយ​ក្នុង​ឃុំ​ច័ន្ទមូល បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​បំភ្លឺ​រឿង​គ្រោះថ្នាក់​នោះ​ឲ្យ​បាន​ច្បាស់លាស់។
ពលរដ្ឋ​នៅ​ឃុំ​ច័ន្ទមូល ត្រូវ​ជា​ម្ដាយ​ក្មេក​សព​អ្នកស្រី ណុប ឃ្លោក មាន​ប្រសាសន៍​ថា ការ​ចុះ​បង្ក្រាប​នោះ​ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​បាញ់​តែ​កូន​អ្នកស្រី​ដែល​មិន​មែន​ជា​អ្នក​លេង​អ្វី​ធំដុំ​នឹង​គេ​ផង​នោះ​រហូត​ដល់​ទៅ​បី​គ្រាប់ ស្រប​ពេល​អ្នក​ផ្សេង​ទៀត សមត្ថកិច្ច​គ្រាន់តែ​ចាប់​ឃាត់​ខ្លួន​នោះ៖ «ហើយ​ដល់​ពេល​មាន​សង្គ្រោះ​មក​ងាប់​តែ​កូន​ខ្ញុំ​ម្នាក់​ឯង ហើយ​អ្នក​មក​បាញ់​មក​ចាប់​ម៉ូតូ​ចាប់​អី​ហ្នឹង​អត់​មាន​បាញ់​ម្នាក់ អត់​មាន​អ្នក​ណា​មាន​របួស​ម្នាក់​ផង។ មាន​តែ​ងាប់​កូន​ខ្ញុំ​តែ​ម្នាក់​ឯង មក​បាញ់​សំដៅ​តែមួយ​ឡើង​បី​គ្រាប់»
ការ​ស្លាប់​របស់​លោក ឆាយ អឿន ដែល​គេ​ស្គាល់​ថា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផង បាន​បន្សល់​ទុក​នូវ​កូនស្រី​អាយុ ៣​ឆ្នាំ​ម្នាក់ និង​ស្លាប់​ទាំង​ក្រុម​គ្រួសារ​មិន​អស់​ចិត្ត។ ក្រុម​គ្រួសារ​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​មួយ​ដាក់​ទៅ​អាជ្ញាធរ​ដើម្បី​ឱ្យ​ស៊ើប​អង្កេត​រក​អ្នក​បាញ់​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ រួម​នឹង​ទាមទារ​សំណង​មួយ​ចំនួន​ផង។
​នាយរង​ប៉ុស្តិ៍​នគរបាល​ឃុំ​ច័ន្ទមូល លោក ផួង ឆដាវី ឱ្យ​ដឹង​ថា ការ​ស្លាប់​នេះ​គឺ​នៅ​ពេល​សមត្ថកិច្ច​ស្រុក​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​លួច​លាក់​នៅ​ទីនោះ ប៉ុន្តែ​រឿង​ផ្សេង​លោក​មិន​បាន​ដឹង​ច្បាស់​ទេ ពីព្រោះ​លោក​មិន​បាន​នៅ​នឹង​កន្លែង​កើតហេតុ​ឡើយ និង​ម្យ៉ាង​ខាង​លោក​កំពុង​ចុះ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ។

ដោយ​ឡែក​អធិការ​នគរបាល​ស្រុក​មេមត់ លោក អេង ម៉េងហាក់ បញ្ជាក់​ដោយ​ខ្លី​ថា សំណុំ​រឿង​នេះ​លោក​នឹង​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​បន្ត​ទៀត៖ «អើ! អា​ហ្នឹង​អត់​អី​ទេ ចាំ​មើល​ម៉េចៗ​របាយការណ៍​ជូន​លោក​ស្នងការ​ហើយ​បាទ! សុំ​ប៉ុណ្ណឹង​ចុះ​ព្រោះ​ខ្ញុំ​ជាប់​រវល់»
​យ៉ាង​ណា​ពលរដ្ឋ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែល​នៅ​នឹង​កន្លែង​កើតហេតុ​បញ្ជាក់​ថា ជនរងគ្រោះ​គឺ មិន​បាន​ស្ថិត​នៅ​ក្នុង​វង់​ជល់​មាន់​នោះ​ទេ ប៉ុន្តែ​គាត់​នៅ​ក្បែរ​វង់​លេង​អាប៉ោង។
ពលរដ្ឋ​ដដែល​បន្ត​ថា ឃើញ​សមត្ថកិច្ច​ទាំង​នោះ​ចុះ​មក​ដោយ​ស្លៀកពាក់​ស៊ីវិល ហើយ​ស្រាប់​តែ​ឮ​សំឡេង​ផ្ទុះ​កាំភ្លើង​ជា​ច្រើន​គ្រាប់​ឡើង​នៅ​ក្បែរ​វង់​អាប៉ោង ស្រប​ពេល​មាន់​មិន​ទាន់​បាន​ជល់​ផង ហើយ​ពួក​លោក​ក៏​រត់​បែក​ផ្លូវ​គ្នា ក្រោយ​មក​ក៏​ទទួល​ដំណឹង​ថា មាន​មនុស្ស​ស្លាប់៖ «គេ​ដេញ​ដែរ ដេញ​បាញ់​ដូច​គ្នា​អ៊ីចឹង ប៉ុន្តែ​រត់ គេ​រត់​រួច​ទៅ គេ​ចាប់​បាន​តែ​ម៉ូតូ ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់។ ក្នុង​ស្រុក​ខ្មែរ​ទើប​មាន​តែមួយ​ហ្នឹង​ហើយ»
​នៅ​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ក្រុម​គ្រួសារ​សព​បាន​ទទួល​ជំនួយ​ពី​សំណាក់​អាជ្ញាធរ​នូវ​អង្ករ​ចំនួន​ពីរ​បាវ លុយ​ជាង ១​លាន​រៀល។ ទោះបីជា​យ៉ាង​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា សមត្ថកិច្ច​គប្បី​ស៊ើប​អង្កេត​ជុំវិញ​ការ​ប្រើប្រាស់​អាវុធ​របស់​មន្ត្រី​ខ្លួន។ ប្រសិនបើ​ការ​ប្រើប្រាស់​អាវុធ​របស់​មន្ត្រី​សមត្ថកិច្ច​ក្នុង​កាលៈទេសៈ​មួយ​មិន​សមរម្យ ឬ​មិន​ចាំបាច់​នោះ លោក​ថា គឺ​ជា​រឿង​ខុស​ច្បាប់។
លោក នាង សុវ៉ាត៖ «ការ​ប្រើប្រាស់​អាវុធ​យើង​មើល​ទៅលើ​ហេតុ​ទេ​ថា​តើ​ការ​បាញ់​នោះ​បាញ់​ដោយសារ​អី? ព្រោះ​គេ​អាច​បាញ់​បាន​ដោយសារ​គេ​ត្រូវការ​បញ្ឈប់​មនុស្ស​ឱ្យ​នៅ​ស្ងៀម។ ប៉ុន្តែ​គេ​មាន​រឿង​របស់​គេ ឬ​ការ​ប៉ុនប៉ង​ជីវិត​មក​លើ​សមត្ថកិច្ច​ទើប​អាច​បាញ់​បាន។ ប្រសិនបើ​គ្រាន់តែ​ថា យើង​ទៅ​ចាប់​ទៅ​អ៊ីចឹង មិន​ដល់​ថ្នាក់​ទោសឧក្រិដ្ឋ​ទេ វា​គ្រាន់តែ​ជា​ល្បែង​ប្រជល់​មាន់​ប្រជល់​អី​យើង​ប្រាថ្នា​បាញ់​មនុស្ស​ឱ្យ​ស្លាប់​ដែរ អា​ហ្នឹង​វា​ខុស​ច្បាប់​ហើយ ខុស​ស្ដីពី​ប្រើប្រាស់​អាវុធ​ហើយ»
​លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​មាន​ដើម្បី​លុយ​បំបាត់​កន្លែង​ល្បែង​ភ្នាល់​ទាំង​នោះ គឺ​រឿង​បែប​នេះ​មិន​អាច​កើត​មាន​ឡើង​ទេ។ ក៏ប៉ុន្តែ​ដោយសារ​វប្បធម៌​បោសសំអាត​តែ​កន្លែង​លេង​តូចតាច រីឯ​កន្លែង​ល្បែង​ធំៗ​មិន​អាច​បង្ក្រាប​នោះ​ហើយ បាន​ជា​បញ្ហា​ល្បែង​ស៊ីសង​ទាំង​នេះ​នៅ​តែ​កើត​មាន​ដដែល៕

No comments: