មេដឹកនាំកំពូលនៃគណបក្សទាំងពីរ ជួបគ្នាស្ងាត់ៗនៅក្រៅកិច្ចប្រជុំសភា។ មន្ត្រីបក្សប្រឆាំងបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៉ី ពិភាក្សាគ្នាក្នុងបំណងជំរុញស្មារតី នៃការអនុវត្តកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ស្របពេលដែលសកម្មជនបក្សប្រឆាំងម្នាក់ត្រូវបានចាប់ខ្លួនរួចមកនោះ។
ជំនួបក្រៅផ្លូវការជាង ១ម៉ោងរវាង លោក សម រង្ស៉ី និងលោក ហ៊ុន សែន ប្រព្រឹត្តទៅក្នុងបន្ទប់ពិសេសមួយនាបរិវេណរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែតុលា។ ថ្ងៃនេះជាថ្ងៃបវេសនកាលដំបូងនៃរដ្ឋសភាជាតិក្នុងអាណត្តិទី៥នេះ។ មូលហេតុដែលមេដឹកនាំនយោបាយទាំងពីរជជែកគ្នានេះ ត្រូវបាន លោក សម រង្ស៉ី ពិពណ៌នាថា ធ្វើឡើងក្នុងបំណងពង្រឹងស្មារតីអនុវត្តកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ក្នុងការបញ្ចប់ទំនាស់នយោបាយ។
លោក សម រង្ស៉ី មានប្រសាសន៍ថា លោកបានស្នើឲ្យមានជំនួបក្រៅផ្លូវការនេះ ក្នុងបំណងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងនយោបាយ ព្រមទាំងនាំក្តីកង្វល់របស់ពលរដ្ឋប្រាប់ទៅ លោក ហ៊ុន សែន។ លោកបន្តថា លោកបានលើកឡើងពីក្តីកង្វល់នៃការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ក្តីកង្វល់នៃការទទួលយកជនភៀសខ្លួនមកកម្ពុជា ផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីអារ៉ែង និងជាពិសេស គឺការចាប់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន បានបំភ្លឺលោកនូវបញ្ហាមួយចំនួនរួចហើយ ហើយអ្វីៗដែលនៅសេសសល់ គណបក្សទាំងពីរនឹងបន្តដោះស្រាយទៀត៖ «បញ្ហាផ្សេងទៀតដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយយើងនឹងស្នើ និងជំរុញឲ្យបំភ្លឺឲ្យប្រជាពលរដ្ឋបានដឹង»។
ទោះជាបែបណាក្តី លោក សម រង្ស៉ី មិនបានបកស្រាយលម្អិតពីចំណុចនីមួយៗ អោយអ្នកកាសែតបានដឹងច្បាស់នោះទេ។ ចំណែកឯមន្ត្រីគណបក្សប្រជាជនកម្ពុជា វិញ មិនមានអ្នកណាម្នាក់ចេញមុខបកស្រាយចំពោះកិច្ចពិភាក្សារវាងភាគីទាំងពីរឡើយ។ លោក ហ៊ុន សែន ចាកចេញពីកិច្ចប្រជុំសភាតាមផ្លូវក្រោយ នៅពេលដែលអ្នកកាសែតកំពុងស្ទាក់សួរ លោក សម រង្ស៉ី នៅខាងមុខអគាររដ្ឋសភា។
យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ឡើងថ្លែងសរសើរពីដំណើរការវិវឌ្ឍនយោបាយ៖ «ព្រឹកមិញនេះថ្នាក់ដឹកនាំបានជួបពិភាក្សាគ្នាហ្នឹង ប្ដូរយោបល់គ្នា នេះមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយើង»។
ជំនួបរវាង លោក ហ៊ុន សែន និងលោក សម រង្ស៉ី កើតឡើងនៅក្រោយពេលដែលអាជ្ញាធរបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌគណបក្សប្រឆាំងម្នាក់ យកទៅដាក់គុកក្នុងសំណុំរឿងហិង្សានៅស្ពាននាគ កាលពីថ្ងៃទី១៥ កក្កដា។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏ថែមទាំងចេញដីកាកោះហៅយុវជនទាំងបីនាក់ ដែលធ្លាប់ជាប់គុកអស់ជាច្រើនថ្ងៃ ឲ្យចូលខ្លួនបំភ្លឺក្នុងសំណុំរឿងដដែលនេះទៀតផង។
គណបក្សទាំងពីរព្រមព្រៀងគ្នា ៧ប្រការសំខាន់ៗ រួមមាន រួមគ្នាដោះស្រាយបញ្ហានយោបាយ កែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់ឡើងវិញនូវកាលបរិច្ឆេទរៀបចំការបោះឆ្នោត កែប្រែតួនាទីក្នុងគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា និងកែទម្រង់ស្ថាប័នជាតិឯករាជ្យសំខាន់ៗ។
ក្នុងការអនុវត្តកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា វិញ គណបក្សទាំងពីរកំពុងពិនិត្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែ អ្វីដែលគណបក្សប្រជាជនកម្ពុជា មិនទាន់អនុវត្តតាមកិច្ចព្រមព្រៀងនោះ គឺជាការកែទម្រង់ស្ថាប័នឯករាជ្យរបស់ជាតិសំខាន់ៗនោះ។
រដ្ឋសភានៅព្រឹកថ្ងៃទី១ ខែតុលា បានអនុម័តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្ថែម១ជំពូក មានខ្លឹមសារនិយាយពីការដាក់បញ្ចូលស្ថាប័ន គ.ជ.ប ក្នុងរដ្ឋធម្មនុញ្ញ និងអនុម័តផ្តល់ការយល់ព្រមលើពិធីសារពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារណាហ្គូយ៉ា ស្ដីពីសិទ្ធិទទួលផលពីធនធានសេនេទិច និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានសេនេទិច ដោយស្មើភាព និងសមធម៌ នៃអនុសញ្ញាសហប្រជាជាតិ ស្ដីពីជីវចម្រុះ។ រដ្ឋសភា នឹងបន្តកិច្ចប្រជុំសាមញ្ញរបស់ខ្លួន នៅព្រឹកថ្ងៃទី២ ខែតុលា បន្តទៀត៕
1 comment:
Without a good dialogue over the past 30 years between the CPP and the opposition party, Cambodia has been strangling tighter and tighter by Vietnam - millions of illegal Vietnamese have been infiltrated into Cambodia, destruction of Khmer natural resource, 99 years land concession to Vietnam, Vietnam's right in the triangle area, a Vietnamese's control over the Khmer soul Angkor, Bokor, and Cambodia's failure to implement the 1991 Paris Peace Accord, etc...
Therefore, applying a policy of dialogue between the Yuon's slave party CPP and the CNRP might not be a bad idea.
We should wait and see for the outcome of this "dialogue policy" in the future.
Bun Thoeun
Post a Comment