A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 21 August 2014

The oppositon parliamentarians condemn the use of violence against land-grab victims from Lorpeang village តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថ្កោល​ទោស​ការ​ប្រើ​ហិង្សា​លើ​អ្នក​ឡពាង

ជម្លោះ​ដី ឡពាង ៦១០
អ្នក​ភូមិ​សន្លប់​ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​កម្មករ​ក្រុមហ៊ុន ខេ.ឌី.ស៊ី នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៤។
RFA/Chin Chetha
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស និង​ចាត់​ទុក​ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង មក​លើ​អ្នក​ភូមិ​ឡពាង ដែល​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) គឺ​ជា​ទង្វើ​អមនុស្ស​ធម៌។ ការ​ថ្លែង​បែប​នេះ គឺ​នៅ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ៥​រូប ចូល​សួរសុខទុក្ខ​អ្នក​ភូមិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ៥​នាក់ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា។
មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​មាន​តែ​ដៃ​ទទេ​ក្នុង​សកម្មភាព​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់ គឺ​មាន​៣​នាក់​មាន​អាការ​ស្ពឹក​ក្បាល និង​ជើង បន្ទាប់​ពី​មានការ​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៤។
តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ប្រើ​ដំបង​វាយ​សំពង​ទៅ​លើ​ពលរដ្ឋ​ចំ​កន្លែង​សំខាន់ៗ​ជា​ច្រើន​កន្លែង ដែល​អាច​បណ្ដាលឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ លោក​បញ្ជាក់​ថា ​ក្រុមរបស់​លោក​កំពុង​សិក្សា និង​ទាក់ទង​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​រឿង​ដីធ្លី​នៅ​ឡ​ពាង​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ពេល​ឆាប់ៗ៖ «សំឡេង»។
ទាក់ទង​បញ្ហា​នេះ​ស្នងការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។ ប៉ុន្តែ​កន្លង​ទៅ​ខាង​សមត្ថកិច្ច​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា គឺ​មិន​មែន​ជា​ការ​បង្ក្រាប​ឡើយ ប៉ុន្តែ​ជា​ការ​អនុវត្ត​ដីកា​របស់​តុលាការ និង​មិន​ចង់​ឲ្យ​ពលរដ្ឋ​ដាក់​ម៉េក្រូ​ដើរ​ស្រែក​តវ៉ា​តាម​ផ្លូវ​ជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ ហើយ​បើ​ចង់​តវ៉ា​ត្រូវ​សុំ​ច្បាប់​ជា​មុន​ឲ្យ​បាន​ត្រឹម​ត្រូវ។

ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម ៥​នាក់ គឺ​លោក ស្ងួន ញឿន ថ្លែង​ក្នុង​សំឡេង​ខ្សេវៗ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ថា មុន​នឹង​បញ្ជូន​មក​ដល់​ពន្ធនាគារ​រូប​លោក​ត្រូវ​បាន​សមត្ថកិច្ចចម្រុះ​​វាយ​នឹង​ដំបង និង​យក​ជើង​ជាន់​យ៉ាង​ដំណំ។ ចំណែក​ម៉ាស៊ីន​ថត​រូប​ចំនួន​ពីរ​គ្រឿង​ដែល​មាន​សកម្មភាព​សមត្ថកិច្ច​ធ្វើ​បាប​ពលរដ្ឋ និង​រូប​ថត​ភស្តុតាង​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​រឿង​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី ត្រូវ​បានសមត្ថកិច្ច​ចាប់​បោក​ចោល ហើយ​ក៏​បាត់​អស់​នៅ​អំឡុង​ពេល​នៃ​ការ​ប្រតាយប្រតប់​ចាប់​ខ្លួន​លោក​នោះ៖ «សំឡេង»។
អនុ​ប្រធាន​កម្មវិធី​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ទទូច​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ភូមិ​ទាំង ៥​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​ឈឺ​ខ្លួន និង​ឈឺ​ទាំង​ចិត្ត​ក្នុង​រឿង​ដីធ្លី​របស់​ពួកគាត់​ទៀត​នោះ។ លោក​បន្ត​ថា ការ​ដើរ​ជា​ក្បួន​របស់​អ្នក​ភូមិ​ដោយ​ថ្មើរ​ជើង​មក​តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ឡើយ ប៉ុន្តែ​អាជ្ញាធរ​ក្នុង​ខេត្ត​នេះ​ទេ​ដែល​អសមត្ថភាព និង​ធ្វើ​ឲ្យ​ពួកគាត់​លែង​ទុក​ចិត្ត​ក្នុង​ការ​ដោះស្រាយ​រឿង​ដីធ្លី​នេះ ទើប​ពួកគាត់​ប្រើ​ជម្រើស​តវ៉ា​ចុង​ក្រោយ​បែប​នេះ៖ «សំឡេង»។
ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​នៃ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​កក្រើក​ឡើង​វិញ​តាំង​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ គឺ​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​គ្រឿង​ចក្រ និង​កម្លាំង​កម្មករ​រាប់​រយ​នាក់ ដើម្បី​ធ្វើ​របង​ព័ទ្ធ​លើ​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា កំពុង​មាន​ជម្លោះ​ជាមួយ​ពួកគាត់៕

No comments: