A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 30 August 2014

Thach Setha's lifetime service to the Khmer Krom people ថាច់ សេដ្ឋា​ ស្ទើរ​មួយ​ជីវិត​ធ្វើអ្វីៗ​ដើម្បី​ខ្មែរ​ក្រោម

លោក​ ថាច់ សេដ្ឋា ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀត​ណាម​ នៅ​មុខ​ស្ថាន​ទូត​វៀត​ណាម កាល​ពី​ពេល​ថ្មីៗ​នេះ។​ រូប​ថត ហេង ជីវ័ន
លោក​ ថាច់ សេដ្ឋា ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀត​ណាម​ នៅ​មុខ​ស្ថាន​ទូត​វៀត​ណាម កាល​ពី​ពេល​ថ្មីៗ​នេះ។​ ហេង ជីវ័ន
បញ្ហា​ខ្មែរ​កម្ពុជាក្រោម ដែល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​យ៉ាងខ្លាំង ពី​អាជ្ញាធរ​វៀតណាម បាន​ដក់​ជាប់​ជានិច្ច​នៅក្នុង​ដួងចិត្ត​របស់​លោក​ ថាច់ សេដ្ឋា ហើយ​លោក​តែងតែ​ស្រក់​ទឹកភ្នែក​អួល​ដើមក នៅពេល​ដែល​នឹក​ឃើញ​ដល់​ «យួន​ចាប់​អ្នក​ប្រាជ្ញ ឬ​បញ្ញវន្ត​អ្នក​ស្នេហា​ជាតិ​ខ្មែរ​យក​ទៅ​ដាក់​គុក​ធ្វើ​ទារុណកម្ម ឬ​សម្លាប់​» ដោយសារ​តែ​អ្នក​ទាំងនោះ ហ៊ាន​ចេញ​មុខ​ការពារ​ប្រពៃណី​សាសនា​ទំនៀមទម្លាប់​និង​អក្សរសាស្ត្រ​ខ្មែរ​។
លោក ថាច់ សេដ្ឋា កើត​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ឆ្នាំ​១៩៥៣ ក្នុង​ភូមិ​អញ្ចាញ ឃុំ​តាសឹក​ស្រុក​ថ្កូវ ខេត្ត​ព្រះត្រពាំង ដែល​ជា​ទឹកដី​កម្ពុជាក្រោម​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​នា​ពេល​បច្ចុប្បន្ន​។ លោក​សេដ្ឋា បាន​ខិតខំ​តស៊ូ​សឹង​តែ​ពេញ​មួយ​ជីវិត​របស់​លោក គឺ​ដើម្បី​រក្សា​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង​អក្សរសាស្រ្ត​ខ្មែរ​។
លោក សេដ្ឋា បាន​ប្រាប់​«កម្ពុជា​ចុងសប្ដាហ៍​»ថា លោក​ធំ​ដឹង​ក្ដី​នៅក្នុង​ទឹកដី​កម្ពុជាក្រោម និង​បញ្ចប់​ការ​សិក្សា​នៅ​ទី​នោះ តាម​កម្មវិធី​សិក្សា របៀប​របស់​ខ្មែរ​នៅក្នុង​ប្រទេស​ខ្មែរ​។
នៅ​ឆ្នាំ ១៩៧០ លោក​បាន​មក​ស្រុក​ខ្មែរ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​មនុស្សសាស្រ្ត និង​អក្សរសាស្រ្ត នៅ​ភ្នំពេញ តែ​មិន​បាន​ចប់​ទេ ដោយ​ត្រូវ​វិល​ត្រឡប់​ទៅ​កម្ពុជាក្រោម​វិញ​នា​ឆ្នាំ​ដដែល​នោះ ហើយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ពុទ្ធិកវិទ្យាល័យ នៅក្នុង​ស្រុក​កំណើត ហើយ​បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​ទី​នោះ។
លោក​ថាច់ សេដ្ឋា ពេល​ផ្តល់​បទ​សម្ភាសដល់​កម្ពុជា​ចុង​សប្តាហ៍​។​ រូប​ថត ម៉េង​ស្រ៊ុន
លោក​ថាច់ សេដ្ឋា ពេល​ផ្តល់​បទ​សម្ភាសដល់​កម្ពុជា​ចុង​សប្តាហ៍​។​ រូប​ថត ម៉េង​ស្រ៊ុន
លោក សេដ្ឋា បាន​រៀបរាប់​ពី​សាវតារ​ដ៏​ឈឺចាប់ ដែល​យួន​បាន​ធ្វើ​ទៅលើ​អ្នក​នយោបាយ​ខ្មែរ​នៅ​អំឡុង​ឆ្នាំ​១៩៨៤ ដែល​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ដោយ​អយុត្តិធម៌។
លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​តាំងពី​ក្មេង​ចាប់​អារម្មណ៍​នឹង​រឿង​នយោបាយ និង​ជាតិ ដោយសារ​តែ​ការ​ឈឺចាប់ ព្រោះ​កើត​មក​ឃើញ​តែ​ភាព​អយុត្តិធម៌ ឃើញ​យួន​ធ្វើ​បាប​ខ្មែរ​ស្រស់ៗ​ពេក នៅលើ​ទឹកដី​របស់​ខ្លួន»។
លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​មាន​បងប្អូន​ជីដូន​មួយ​មា្នក់ ត្រូវ​បាន​យួន​ចាប់​ផ្សឹក និង​បណ្ដើរ​យក​ទៅ​ឲ្យ​ជីក​រណ្ដៅ​ដោយ​ខ្លួនឯង​ហើយ​វ៉ៃ​នឹង​ដំបង​ដែក​គោល​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​បំផុត ទម្លាក់​ចូល​ទៅក្នុង​រណ្តៅ​នោះ​»។
លោក សេដ្ឋា នៅ​ចងចាំ​មិន​ភ្លេច​ទេ គឺ​នៅក្នុង​ឆ្នាំ​១៩៨៤ មាន​យុទ្ធនាការ​របស់​អាជ្ញាធរ​វៀតណាម ចាប់ផ្ដើម​ចាប់​អ្នក​ប្រាជ្ញ បញ្ញវន្ត​ខ្មែរ នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម​ទាំងអស់​។ ទន្ទឹម​នឹង​នោះ​ផង​ដែរ សាលារៀន​ទាំងអស់​ត្រូវ​បាន​បិទទ្វារ មិន​ឲ្យ​រៀន ឬ​បង្រៀន​ភាសា​ខ្មែរ​ឡើយ ដោយសារ​អាជ្ញាធរ​វៀតណាម ត្រូវការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​សាលារៀន​ទាំង​ស្រុង ដែល​ពី​មុន​ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ខ្មែរ​។
Content image - Phnom Penh Post
នៅក្នុង​ឆ្នាំ​ដដែល​នោះ គ្រូបង្រៀន និង​អ្នក​ប្រាជ្ញ​ខ្មែរ​ទាំងអស់​ប្រមាណ​៤២៤៨​នាក់ ខ្លះ​ថា ​៦០០០ នាក់ ត្រូវ​បាន​វៀតណាម ចាប់​ដាក់​គុក​ធ្វើ​ទារុណកម្ម ហើយ​មួយ​ចំនួន​បាន​ពិការ​រហូត​ដល់​សព្វថ្ងៃ​នេះ។ ការ​ឈឺចាប់​បាន​ដក់​នៅក្នុង​ចិត្ត​របស់​លោក​ជាប់​ជានិច្ច ហើយ​បាន​ជំរុញ​ឲ្យ​លោក​ចូលរួម​ចលនា​តស៊ូ​របស់​ខ្មែរ នៅ​ក្នុង​រឿង​នយោបាយ​ជា​ហូរហែ​ចាប់​តាំងពី​ពេល​នោះ​មក។ លោក សេដ្ឋា បាន​ចាប់ផ្ដើម​ការងារ​រៀបចំ​សាលារៀន​បាន​ពីរ​ថ្ងៃ ក្រោយពី​មាន​ការ​ឃាត់​ខ្លួន ថ្នាក់ដឹកនាំ​នយោបាយ​ខ្មែរ​ក្រោម​នា​ពេល​នោះ។
លោក​បាន​បន្ត​ថា​៖ «​ពេល​នោះ ជីវិត​នយោបាយ​របស់​ខ្ញុំ និង​អ្នក​នយោបាយ​ដទៃ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​យួន គាបសង្កត់​យ៉ាងខ្លាំង មិន​ឲ្យ​មាន​ទំនាក់ទំនង​ពី​វត្ត​មួយ​ទៅ​វត្ត​មួយ​ទេ​»។
អាជ្ញាធរ​វៀតណាម បាន​ចោទ​ថ្នាក់​ដឹកនាំ​នយោបាយ​ខ្មែរ​ថា មាន​គំនិត​ក្បត់​តាំងពី​ឆ្នាំ​១៩៧២។ នៅ​ពេល​នោះ​អាជ្ញាធរ​វៀតណាម រក​ចាប់​រូប​លោក តែ​លោក​បាន​រត់​គេច​ខ្លួន​មក​ភ្នំពេញ​។
«ខ្ញុំ​ឃើញ​ខ្មែរ​នៅ​ក្នុង​គុក អត់បាយ អត់ទឹក និង​មាន​អ្នក​ស្លាប់​ដោយសារ​យួន​ចាក់​ថ្នាំ​សម្លាប់​ដែល​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត...(នៅ​ពេល​និយាយ​មក​ដល់​ត្រង់​ចំណុច​នេះ លោក​ស្រក់​ទឹកភ្នែក​អួលដើម ក និយាយ​លែង​រួច និង​បាន​ឈប់​មួយ​សន្ទុះ) ដោយ​សភាពការណ៍​នេះ​ហាក់បី​ដូចជា នៅ​ចំពោះ​មុខ​ខ្ញុំ​ស្រស់ៗ​»។
លោក សេដ្ឋា បាន​រត់​គេច​មក​ស្រុក​ខ្មែរ ដោយ​មាន​គេ​តាម​រហូត តែ​ដោយសារ​តែ​លោក​ដូរ​នាមត្រកូល ទើប​បាន​គេច​ខ្លួន​ផុត​មក​ដល់​ភ្នំពេញ​នៅ​ឆ្នាំ​១៩៨៥ ហើយ​បាន​រក​ការងារ​ធ្វើ​ជា​បណ្តោះអាសន្ន។

ដោយសារ​តែ​ចង់​ចូលរួម​ចលនា​នយោបាយ នៅ​ឆ្នាំ​១៩៨៨ លោក សេដ្ឋា បាន​ព្យាយាម​រត់​ទៅ​ព្រំដែន​ខ្មែរ-ថៃ តែ​ទៅ​មិន​រួច ក៏​ត្រឡប់​មក​ភ្នំពេញ​វិញ​។ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ លោក​បាន​ក្លាយ​ទៅ​ជា​សមាជិក​គណបក្យ​នយោបាយ របស់​លោកតា សឺន សាន (BLDP) នៅ​ខេត្ត​កណ្ដាល ហើយ​ទន្ទឹម​នឹង​គ្នា​នោះ លោក​ក៏​បាន​ធ្វើ​ជា​គ្រូបង្រៀន​នៅ​ទី​នោះ។ លោក សឺន សាន ក៏​ជា​អ្នក​ដែល​មាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម​ផង​ដែរ​។ លោក សេដ្ឋា ជា​ស្ថាបនិក​ម្នាក់ ដែល​បាន​ចូលរួម​បង្កើត​កាសែត​ប្រឆាំង មាន​កាសែត មនសិការ​ខ្មែរ សំឡេង​យុវជន សេរីភាព​ខ្មែរ នគរ​ភ្នំ និង​ឧត្តមគតិ​ខ្មែរ​។
លោក​ថ្លែង​ថា​៖ «ខ្ញុំ​បង្រៀន​បណ្ដើរ​សរសេរ​អត្ថបទ​កាសែត​បណ្ដើរ រហូត​ក្លាយ​ជា​ចាងហ្វាង​កាសែត ក្នុង​ឆ្នាំ​១៩៩៤​»​។
នៅក្នុង​ឆ្នាំ​១៩៩៥ លោក​សម រង្ស៊ី ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោយមក​ក៏​បាន​ប្រមូលផ្ដុំ​គ្នា បង្កើត​ជា​គណបក្ស​ជាតិ​ខ្មែរ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨។ ដោយសារ​តែ​អត្ថបទ​កាសែត​របស់​លោក ទើប​លោក​មាន​ឱកាស បាន​ជួប​លោក សម រង្ស៊ី។ នៅក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ដ៏បង្ហូរឈាម នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៥-៦ កក្កដា ឆ្នាំ​១៩៩៧ រវាង​កងកម្លាំង ដែល​ស្មោះត្រង់​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី ១ និង​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី ២ លោក សេដ្ឋា ក៏​ដូច​អ្នក​នយោបាយ​ប្រឆាំង​ដទៃ​ទៀត​ដែរ គឺ​បាន​រត់​ភៀស​ខ្លួន​ទៅ​ថៃ ដោយ​បាន​ឆ្លងកាត់​តំបន់​ប្រយុទ្ធ​ជាច្រើន​កន្លែង ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ ដោយ​អាច​ទៅ​ដល់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព​។
នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ លោក សេដ្ឋា បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ ខេត្ត​ព្រៃវែង ហើយ​មាន​ការ​ដោះដូរ មក​ឈរ​ជា​តំណាងរាស្ត្រ នៅ​ភ្នំពេញ និង​ខេត្ត​ក្រចេះ ប៉ុន្តែ​មិន​បាន​ជាប់​កៅអី​ទេ។ នៅក្រោយ​ការ​បោះឆ្នោត គឺ​នៅក្នុង​ឆ្នាំ​១៩៩៩ គណបក្ស​បាន​ចាត់​ឲ្យ​លោក​មក​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា។
នៅក្នុង​សកម្មភាព​នយោបាយ លោក​សេដ្ឋា មិន​ចាប់​អារម្មណ៍​រឿង​អំណាច​បុណ្យ​ស័ក្តិ​អ្វី​ទេ ដោយសារ​តែ​លោក មាន​អារម្មណ៍​ដក់​ជាប់​ក្នុង​ចិត្ត​ជានិច្ច ជាមួយ​នឹង​ខ្មែរ​នៅ​កម្ពុជា​ក្រោម​។
នៅក្នុង​ឆ្នាំ ២០០០ លោក​បាន​រៀបចំ​បុណ្យ​សហស្សវត្យរ៍​សម្រាប់​រំឭក​ដល់​កម្ពុជា​ក្រោម​ដំបូង​បង្អស់ នៅ​សាលចតុមុខ ហើយ​ពិធី​នេះ បាន​ធ្វើឲ្យ​គេ​ស្គាល់​ចលនា​ខ្មែរក្រោម​កាន់តែ​ច្រើន​។ «ខ្ញុំ​មាន​គំនិត​រៀបចំ​បុណ្យ​សហស្សវត្សរ៍ សម្រាប់​ខ្មែរក្រោម ក៏​ដោយសារ​យើង​បាន​តស៊ូ​ស្លាប់​មនុស្ស​រាប់លាន​នាក់ និង​វីរបុរស​របស់​ខ្មែរក្រោម​យើង​ច្រើន​ណាស»។
លោក​បន្ត​ថា សម័យ​ព្រះករុណា សម្តេចឪ នរោត្តម សីហនុ ព្រះអង្គ បាន​ជួយ​ជ្រោមជ្រែង​ណាស់ ដោយ​ព្រះអង្គ តែងតែ​ចាត់តាំង​តំណាង​ឲ្យ​មក​ចូលរួម​រាល់​សកម្មភាព​បុណ្យ​របស់​ខ្មែរ​ក្រោម​។ លោក សេដ្ឋា បាន​ថ្លែង​ថា លោក​តែងតែ​ទទួល​រង​ការ​គំរាមកំហែង នៅពេល​ដែល​លោក​រៀបចំ​ពិធី​អ្វី​មួយ ទាក់ទង​នឹង​ខ្មែរ​ក្រោម​។
លោក​បញ្ជាក់​ថា​៖ «ទោះបី​ជា​មាន​ការ​គំរាម​ពី​យួន​យ៉ាង​ខ្លាំង រហូត​ថា បំផ្ទុះ​គ្រាប់បែក បើ​ខ្ញុំ​ហ៊ាន​ធ្វើ​ពិធី​សម្រាប់​ខ្មែរ​ក្រោម​ក៏ដោយ តែ​ខ្ញុំ​នៅ​ជម្នះ​ធ្វើ​ទាល់​តែ​បាន ហើយ​និង​បន្ត​ជំរុញ​សកម្មភាព​ឲ្យ​បាន​ទូលាយ ដើម្បី​រក្សា​វប្បធម៌ និង​ទំនៀមទម្លាប់ និង​អក្សរសាស្រ្ត​របស់​ខ្មែរ តាមរយៈ​ការ​រៀបចំ​ទិវា​រំឭក​ថ្ងៃ​ដែល​បារាំង​កាត់​ទឹកដី​ខ្មែរ​កម្ពុជាក្រោម ទៅឲ្យ​យួន​បង្កើត​ទិវា​កាន់​ទុក្ខជាតិ​ខ្មែរ​សម្រាប់​យើង​ចងចាំ​ទាំងអស់​គ្នា​»។
លោក​ថាច់ សេដ្ឋា ពេល​ដង្ហែ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថាន​ទូត​មួយ​ចំនួន​ប្រឆាំង​នឹង​ការ​កាឡៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​ទូត​វៀត​ណាម​។​ រូបថត ជីវ័ន
លោក​ថាច់ សេដ្ឋា ពេល​ដង្ហែ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថាន​ទូត​មួយ​ចំនួន​ប្រឆាំង​នឹង​ការ​កាឡៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​ទូត​វៀត​ណាម​។​ រូបថត ជីវ័ន
លោក សេដ្ឋា បាន​ធ្វើការ​ជាច្រើន ដើម្បី​ខ្មែរក្រោម និង​បាន​ទៅ​ទស្សនកិច្ច​សហគមន៍​ខ្មែរក្រោម​ជាច្រើន​នៅ​ក្រៅ​ប្រទេស និង​បាន​បង្កើត​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​នៅ​កម្ពុជា ដែល​សព្វថ្ងៃ លោក​ជា​ប្រធាន និង​បាន​ធ្វើ​បុណ្យ​រំឭក​ខួប​កាន់ទុក្ខ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ជា​រៀងរាល់​ឆ្នាំ ហើយ​កំពុង​តែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដាក់​ថ្ងៃ​ដែល​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា ជា​ទិវា​បុណ្យ​ជាតិ។ «យើង​ចង់​បាន​ទិវា​នេះ ជា​របស់​ជាតិ​ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​ពី​ប្រវត្តិសាស្រ្ត​របស់​ជាតិ​»។
កាលពី​ឆ្នាំ​២០០៣ លោក សេដ្ឋា បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​បារាំង សុំ​ឲ្យ​ប្រទេស​មហាអំណាច​មួយ​នេះ លុប​ច្បាប់​៤៩​៧៣៣ ចោល ព្រោះ​ច្បាប់​នេះ​ហើយ ដែល​បារាំង បាន​កាត់​ទឹកដី​កម្ពុជាក្រោម​ចំនួន ២១ ខេត្ត​ក្រុង​ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា​ទាំង​អយុត្តិធម៌​ជា​ឯកតោភាគី រវាង​វៀតណាម និង​បារាំង កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ ១៩៤៩។
លោក​បញ្ជាក់​ថា មាន​តែ​សម្តេចឪ នរោត្តម សីហនុ មួយ​អង្គ​គត់ ដែល​គាំទ្រ​ញត្តិ​របស់​លោក​ហើយ​លោក​បាន​ជជែក​ជាមួយ​ឯកអគ្គរាជទូត​បារាំង ពី​ការ​កាត់​ទឹកដី​នេះ ហើយ​គាត់​ថា នឹង​នាំ​សារ​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​គាត់​។
លោក​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​ពូជសាសន៍​របស់​យើង មិនមែន​រក​រឿង​ប្រទេស​ជិត​ខាង​នោះ​ទេ តែ​រំឭក​ឲ្យ​ខ្មែរ​យើង​មាន​ស្មារតី​ចេះ​ការពារ​ជាតិ។ ដូចជា​ការ​ធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​យួន​កន្លងមក​នេះ ជា​ការ​ដាស់​ស្មារតី​កូន​ខ្មែរ ឲ្យ​ចេះ​ស្រឡាញ់​ជាតិ និង​ទឹកដី​របស់​យើង​»។
ក្រៅពី​ធ្វើការ​ដើម្បី​ខ្មែរក្រោម លោក សេដ្ឋា ក៏​ជា​ស្ថាបនិក​ម្នាក់​របស់​គណបក្ស​ប្រឆាំង តាំងពី​ឆ្នាំ​១៩៩៥ រហូត​មក​ទល់​ពេល​នេះ ហើយ​បច្ចុប្បន្ន លោក​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​សេដ្ឋា ធ្លាប់​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​អស់​រយៈពេល ៨ ឆ្នាំ​កន្លះ និង​ក៏​ធ្លាប់​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ផង​ដែរ​។
លោក សេដ្ឋា បាន​រៀបការ​នៅ​ឆ្នាំ ១៩៩៩ មាន​កូន​៤ នាក់​។ លោក សេដ្ឋា គឺជា​អ្នក​ដែល​បាន​ចូលរួម​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម ធ្វើការ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការ​ថ្លែង​កាឡៃ​ប្រវត្តិសាស្ត្រ ដែល​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរលង់​ណាស់​មកហើយ បាន​ចាត់​ទុក​ការ​ស្លាប់​គឺជា​រឿង​ធម្មតា ក្នុង​ចលនា​របស់​លោក ពាក់ព័ន្ធ​ទៅ​នឹង​ខ្មែរ​កម្ពុជាក្រោម៕

1 comment:

Anonymous said...

Since there is no response from Vietnam Embassy, the protest must go on.
If we do something, we must do it right.
It is a good time to see Hun Sen's mind by resuming the protest - whether he serves Khmer or serves Yuon.