A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 August 2014

Land-grab victims march to petition for the release of their 5 representatives from Lorpeang village អ្នក​មាន​បញ្ហា​ដី​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​ទាមទារ​​ដោះលែង​តំណាង​អ្នក​ឡពាង​៥​នាក់


Post by Prim Houn.
The boy is calling for the release of hid dad.





តវ៉ា ឡពាង ៦២០
អ្នក​មាន​បញ្ហា​ដី​មក​ពី​បឹងកក់ បុរីកីឡា និង​ឡពាង ដើរ​តវ៉ា​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា ទាមទារ​ឲ្យ​ដោះលែង​តំណាង​អ្នក​ភូមិ​ឡពាង ៥​នាក់​ដែល​ជាប់​ឃុំ​ដោយសារ​រឿង​ដី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៤។
RFA/Tep Soravy
ពលរដ្ឋ​ជា​អ្នក​ភូមិ​ឡពាង អ្នក​ភូមិ​បឹងកក់ និង​អ្នក​បុរីកីឡា ជិត ១០០​នាក់ បាន​ហែ​ក្បួន​ដោយ​ថ្មើរ​ជើង​ពី​តំបន់​បឹងកក់ ឆ្ពោះ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ និង​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា។ អ្នក​ភូមិ​ទាំង​នោះ ដាក់​ញត្តិ​ទាមទារ​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​នេះ​ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​សកម្មជន​ដីធ្លី​ចំនួន ៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។
ជា​ការ​កត់សម្គាល់ ការ​តវ៉ា​ទាមទារ​របស់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​លើក​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​ដាក់​បារ៉ាស់​រារាំង​ក្បួន​ដង្ហែ​នោះ​ទេ ដោយ​គ្រាន់តែ​ហាម​មិន​ឲ្យ​ក្បួន​ដង្ហែ​នោះ​ដើរ​ឆ្លង​កាត់​វិថី​មួយ​ចំនួន​ដែល​សំដៅ​ឆ្ពោះ​ទៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី​នៅ​ក្បែរ​វិមាន​ឯករាជ្យ។
ពលរដ្ឋ​ឡពាង បាន​លើក​ផ្ទាំង​បដា​រូបភាព​តំណាង​សកម្មជន ៥​នាក់ រួម​មាន​រូបលោក ស្ងួន ញឿន លោក ស្រ៊ុន ផា លោក សៀង ហេង លោក គុជ ហុក និង​លោក ម៉ាង យ៉ាវ ដើរ​តាម​ផ្លូវ​នានា​ឆ្ពោះ​ទៅ​ក្រសួង​យុត្តិធម៌​និង​រដ្ឋ​សភា។
ក្មេង​តូច​និង​អ្នក​សរសៃ​ខ្ចី​ខ្លះ ប្រឹង​ធ្វើ​ដំណើរ​ទាំង​ថ្មើរ​ជើង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ។ ពួកគេ​ទាំង​នោះ​បាន​ស្រែក​ទាមទារ​សុំ​ឲ្យ​ស្ថាប័ន​ទាំងពីរ​ជួយ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ទាំង ៥ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ដោយ​គ្រាន់តែ​តវ៉ា​និង​ការពារ​ដី​របស់​ខ្លួន៖«ដោះលែង​ប្តី​ខ្ញុំ​វិញ​មក ប្តី​ខ្ញុំ​គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ គាត់​គ្រាន់តែ​ការពារ​ដី​ខ្លួន​ឯង​សោះ ហេតុ​អី​ចាប់​គាត់​ដាក់​គុក? នេះ​ហើយ​ចោរ​រួច​ខ្លួន​ម្ចាស់​ជាប់​គុក អយុត្តិធម៌​ណាស់! ពួក​យើង​ត្រូវ​ការ​យុត្តិធម៌! ដោះលែង​សកម្មជន​យើង​ទាំង ៥​នាក់​មក​វិញ​មក!»
​ជម្លោះដីធ្លី​រវាង​អ្នកភូមិ​នៃ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ​និង​ថាមពល បាន​កក្រើក​ឡើង​វិញ​តាំង​ដើម​ខែ​មិថុនា គឺ​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​គ្រឿងចក្រ និង​កម្លាំង​កម្មករ​រាប់​រយ​នាក់ ធ្វើ​របង​ព័ទ្ធ​លើ​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា កំពុង​មាន​ជម្លោះ​ជាមួយ​ពួកគាត់។
អ្នក​ភូមិ​ឡពាង បាន​ដាក់​ញត្តិ​ពីរ​ដោយ​ឡែក​ពី​គ្នា​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ប្រធាន​រដ្ឋ​សភា។
ក្នុង​ញត្តិ​ទាមទារ​របស់​អ្នក​ភូមិ​ឡពាង ដាក់​ជូន​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​ចង់​ឲ្យ​លោក​ចេញមុខ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន ៥​នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​ទៅ​លើ​តំណាង​របស់​សហគមន៍​ដីធ្លី​ឡពាង ទាំង​អស់។
រីឯ​ញត្តិ​មួយ​ទៀត ដាក់​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា គឺ​ស្នើសុំ​ឲ្យ​ជួយ​ដាក់​សម្ពាធ​ដល់​រាជរដ្ឋាភិបាល​ដែល​មិន​បាន​អើពើ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ឡពាង ជាមួយ​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម និង​ត្រូវ​បញ្ចប់​ជម្លោះ​ដីធ្លី​នោះ​ឲ្យ​បាន​ឆាប់។
​យ៉ាង​ណា​ការ​ទាមទារ​ដាក់​ញត្តិ​របស់​អ្នក​ឡពាង​នេះ ខាង​រដ្ឋ​សភា​បាន​អនុ​ញត្តិ​ឲ្យ​តំណាង​អ្នក​ឡពាង ៥​នាក់ ចូល​ដាក់​ញត្តិ​ទាមទារ​របស់​ខ្លួន។ រី​ឯ​ខាង​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត ជា​នាយខុទ្ទកាល័យ​ក្រសួង បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ និង​សន្យា​ថា យក​ញត្តិ​នោះ​ដាក់​ទៅ​លោក​រដ្ឋមន្ត្រី​ពិនិត្យ។
​តំណាង​អ្នក​ឡពាង លោកស្រី អ៊ុំ សុភី ភរិយា​លោក ស្ងួន ញឿន ដែល​កំពុង​ជាប់​ឃុំ​សង្ឃឹម​ថា ស្ថាប័ន​កំពូល​ទាំង​ពីរ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ទាំង ៥​នាក់ ពិសេស​អាច​បញ្ចប់​ជម្លោះ​ដីធ្លី​រវាង​អ្នក​ឡពាង ជាមួយ​លោកស្រី ជា ខេង ឲ្យ​បាន​ឆាប់៖ «មិន​ត្រូវ​ពង្រាត់​ប្ដី​ពី​ប្រពន្ធ ឪពុក ពី​កូន​ទេ។ កូន​របស់​ខ្ញុំ​សួរ​រក​ឪពុក​រាល់​ថ្ងៃ ខ្ញុំ​ឆ្លើយ​ប្រាប់​ថា ឪពុក​របស់​កូន​ត្រូវ​គេ​ចាប់​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ហើយ​កូន​សួរ​ខ្ញុំ​ថា ប៉ា​ខុស​អី​បាន​គេ​ចាប់​ដាក់​ក្នុង​គុក តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ថា​ម៉េច? គ្រាន់តែ​ការពារ​ដី​ខ្លួន​ឯង​ត្រូវ​គេ​ចាប់​ដាក់​គុក តើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ចែង​មក​ធ្វើ​អី ចែង​មក​ការពារ​ប្រយោជន៍​ពលរដ្ឋ​បែរ​ជា​ចាប់​ពលរដ្ឋ​ក្រីក្រ​ដាក់គុក​ឯណា​ទៅ​ច្បាប់​សម្រាប់​ពួក​ខ្ញុំ»

អ្នក​ភូមិ​ឡពាង ចំនួន ៨២​គ្រួសារ មាន​ជម្លោះ​ដីធ្លី​ទំហំ ១៨២​ហិកតារ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោកស្រី ជា ខេង តាំង​ពី​ឆ្នាំ​២០០៦។ សព្វថ្ងៃ​នេះ សកម្មជន​ដីធ្លី​ជា​បុរសៗ ៥​នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ហើយ​ស្ត្រី​ជា​ភរិយា​បាន​ចេញ​មុខ​ធ្វើ​ជា​សកម្មជន​ដីធ្លី​ជំនួស​ប្ដី​ដែល​ជាប់​ឃុំ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្ដី​មក​វិញ។ ក្រៅ​ពី​នេះ តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ពលរដ្ឋ​ឡពាង ជា​បន្ត​បន្ទាប់ ជិត ១០០​បណ្ដឹង​ផ្សេង​ទៀត។
​មន្ត្រី​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​មកពី​អង្គការ​លីកាដូ លោក អំ សំអាត គិត​ថា ទាំង​រដ្ឋាភិបាល ទាំង​រដ្ឋ​សភា គួរ​ដល់​ពេល​រូតរះ​ដោះស្រាយ​បញ្ហា​ឡពាង ឲ្យ​បាន​ឆាប់ ដោយ​ផ្ដើម​ពី​ការ​ដោះលែង​មនុស្ស ៥​នាក់​ចេញ​ពី​ពន្ធនាគារ។ តាម​គំនិត​លោក ប្រសិនបើ​បញ្ហា​នេះ​ដោះស្រាយ​បញ្ចប់​មែន​នោះ វា​អាច​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អនុសាសន៍​របស់​លោក​ដែល​ទើបតែ​អះអាង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ទំនាស់​ដីធ្លី​នៅ​ថ្នាក់​មូលដ្ឋាន​រៀងៗ​ខ្លួន៕

1 comment:

Anonymous said...

តើអ្នកណាជាអ្នកបង្កើតរឿងទៅ? ហើយ ហ៊ុន សែន ច្បាស់ជាថាមិនដឺងមិនឃើញទៀតទេ បើហ៊ុន សែនដឺងចៅហ្វាយខេត្ត កំពុងឆ្នាំងពិតជារត់ទាំងកណ្តាលយប់ទៀត ហើយ រួចទៅឌៀលគេថា អាកូនក្មេងទៀតទៅ? ឱ្យកូនចៅដើរធ្វើអំពើអាក្រក់ រួចដោះខ្លួនថាមិនដឹង អាបណ្ឌិតឥតសាលានេះដូចវាចេះហួស លោកអើយមើលផង។