ដោយផ្តើមជីវិតនៅក្នុងគ្រួសារមានសន្តានព្រះធម៌ពេញខ្លួន លោកស្រី ញ៉ឹក ប៊ុនថា បានថ្វាយជីវិតរបស់ខ្លួនទៅនឹងព្រះពុទ្ធសាសនាស្ទើរពេញមួយជីវិតទៅហើយ ហើយនៅជីវិតចុងក្រោយនេះ ស្ត្រីដែលលះបង់កិលេសមិនយកគ្រួសារដើម្បីសាសនារូបនេះ បាននិងកំពុងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងកៀរគរពុទ្ធសាសនិកទាំងអស់សាងសង់នូវមហាសំណង់ប្រាសាទដ៏អស្ចារ្យបំផុតមានកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រនៅលើស្ថានសួគ៌បៃតងភ្នំគិរីរម្យ ដោយដាក់ឈ្មោះថា «មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា»។
លោកស្រី ញ៉ឹក ប៊ុនថា អាយុ ៦៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្វាយជ្រំ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកស្រីបានរើផ្ទះមករស់នៅភ្នំពេញក្រោយរបប ប៉ុល ពត ត្រូវបានផ្តួលរំលំ ហើយលោកស្រីក៏បានចូលបម្រើការងាររដ្ឋផ្នែកគយ នៅក្រសួងពាណិជ្ជកម្ម ហើយលោកស្រីត្រូវបានគេដឹងថា ជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅជំនាន់លោកស្រី ម៉ែន សំអន។
ប៉ុន្តែស្ត្រីរូបនេះបានសម្រេចចិត្តដើរចេញពីការងាររដ្ឋក៏ងាកមករកស៊ីធ្វើជំនួញដោយខ្លួនឯងនៅ ឆ្នាំ១៩៩១ ដោយធ្វើជំនួញនាំចេញនាំចូលអីវ៉ាន់គ្រប់ប្រភេទនៅព្រំដែន ខេត្តកោះកុង ហើយក្រោយមកលោកស្រីក៏បានផ្លាស់ប្តូរមករកស៊ីផ្នែកអចលនទ្រព្យទិញលក់ដីធ្លី និងលក់ជួលផ្ទះសម្បែង សល់ទ្រព្យមិនតិចនោះទេ តែយ៉ាងណាលោកស្រីក៏មិនភ្លេចការធ្វើបុណ្យទាននោះដែរ។
លោកស្រីបញ្ជាក់ថា៖ «ដោយសារតែខ្ញុំមានឈាមជ័រឪពុកម្តាយ ដូនតាជាអ្នកធម៌អាថ៌ ធ្វើបុណ្យទាន ទោះបីរវល់ការងារយ៉ាងណា ក៏ខ្ញុំមិនភ្លេចការធ្វើបុណ្យដែរ។ ដំបូងឡើយខ្ញុំធ្វើការ ៧០ ភាគរយ តែក្រោយ ឆ្នាំ១៩៩៤ មកខ្ញុំធ្វើបុណ្យ ៧០ ភាគរយ ធ្វើការតែ ៣០ ភាគរយទេ»។
ដោយមើលឃើញពីកិលេសតណ្ហា និងភាពឈឺផ្សានៅក្នុងសង្គមកាន់តែកើតឡើងនោះ លោកស្រីក៏បានពិចារណាឃើញថា មានតែព្រះធម៌ប៉ុណ្ណោះជាផ្លូវស្ងប់អាចនាំជីវិតរបស់លោកស្រីទៅកាន់ទីសុខរំលត់ទុក្ខនោះ ដូច្នេះតាំងពី ឆ្នាំ១៩៩៥ មកលោកស្រីក៏បានដើរលើផ្លូវព្រះធម៌ រៀនសូត្រគម្ពីរពុទ្ធវចនៈ និងគម្ពីរព្រះត្រៃបិដកទាំង ១១០ ភាគចប់ ២ លើក។ ជាមួយនឹងចំណេះដឹងយ៉ាងជ្រៅជ្រះលោកស្រីក៏បានក្លាយជាបុគ្គលដ៏មានឥទ្ធិពល និងកេរ្តិ៍ឈ្មោះមួយរូបលើផ្លូវពុទ្ធសាសនា ហើយលោកស្រីបានទទួលងារជាឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត និងស្នាដៃជាច្រើនផ្នែកសាសនា។ សព្វថ្ងៃ មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា។ អ្វីដែលជាមោទនភាពបំផុតនោះគឺលោកស្រី ញ៉ឹក ប៊ុនថា បានទទួលពានមគ្គុទេ្ទសក៍ពុទ្ធសានិកឆ្នើមពិភពលោក ដែលពាននេះត្រូវបានគេដឹងថា មានតែសម្តេច ជួន ណាត តែមួយអង្គគត់បានទទួលនោះ។
ដោយប្រាស្រ័យជីវិតគ្មានគ្រួសារ ប្តីកូននោះ នៅជីវិតចុងក្រោយនេះ លោកស្រី ញ៉ឹក ប៊ុនថា នឹងប្រើទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអម្បាលម៉ានដែលខ្លួនមាន ដើម្បីសម្រេចបំណងប្រាថ្នាមួយគឺការកសាង «មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិកម្ពុជាទាំងមូល។
លោកស្រី ញ៉ឹក ប៊ុនថា បានមានប្រសាសន៍ថា៖ «នៅពេលនាងខ្ញុំទៅបំពេញបុណ្យ និងចូលរួមសន្និបាតថ្នាក់អន្តរជាតិជាច្រើនប្រទេសមក ខ្ញុំឃើញថា ប្រទេសគេមានមជ្ឈមណ្ឌលវប្បធម៌បែបសាសនានេះ អស់ហើយ ដូច្នេះខ្ញុំចង់ឲ្យកម្ពុជាមានដែរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិ»។
«មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២៦ ហិកតា ស្ថិតនៅក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយការចាប់ផ្តើម ១០០ ភាគរយនឹងធ្វើនៅ ខែតុលា ដោយសារតែមានភាពយឺតយ៉ាវផ្នែកសិក្សាប្លង់ និងការធ្វើស្ពានផ្លូវឡើងភ្នំ។ គម្រោងប្លង់នេះ មានរាងសណ្ឋានជាស្លឹកពោធិ៍ ហើយនៅក្នុងបរិវេណទាំងក្រៅ និងក្នុងនឹងសាងសង់ទិដ្ឋភាពចម្រុះពាក់ព័ន្ធព្រះពុទ្ធសាសនា។
ឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានឲ្យដឹងថា នៅលើផ្ទៃដី ១២៦ ហិកតា នោះ នៅចំកណ្តាលយើងនឹងសាងសង់ព្រះមហាចុល្លាមុនីចេតិយព្រះសមណគោតម ដ៏ធំបំផុតមានទទឹង ៨០ ម៉ែត្រ និងកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ សម្រាប់តម្កល់ព្រះអដ្ឋិធាតុព្រះពុទ្ធអង្គដែលបានសុំមកពី ប្រទេសឥណ្ឌា។ ព្រះមហាចេតិយនេះ មានកម្ពស់ ១១ ជាន់ដែលក្នុងនោះមានសាលសន្និសីទ សាលប្រជុំ សាលពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និងកន្លែងជាច្រើនទៀត។
ឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បន្តថា បន្ទាប់មក យើងមានមហាប្រាសាទចំនួន ១២ បែងចែកជាពីរជួរព័ទ្ធជុំវិញ។
ជួរ ទី១ ប្រើសម្រាប់តម្កល់គម្ពីរ ក្បួនច្បាប់សាសនា និងផ្ទាំងថ្មចារគម្ពីរព្រះត្រៃបិដកទាំង ១១០ ភាគ។ មហាប្រាសាទជាន់ ទី២ ប្រើសម្រាប់តម្កល់ព្រះពុទ្ធរូបចំនួន ៤០០០០ ព្រះអង្គ សង់ឡើងពីថ្មភ្នំ។ បន្ទាប់មកយើងនឹងមានគូទឹកព័ទ្ធជុំវិញសម្រាប់ធ្វើពិធីសាសនាធំៗ។
ក្រៅពីនោះ «មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» មានសាងសង់កន្លែងទាក់ទិននឹងប្រវត្តិរបស់ព្រះពុទ្ធអង្គកប់នៅក្នុងព្រៃ ដើម្បីឲ្យមហាជនបានស្វែងយល់បន្ថែម មានសាងសង់ព្រះពុទ្ធអង្គដ៏ធំចំនួន ៤ ទិស មានសាងសង់វត្តអារាម កន្លែងសំណាក់ធម៌របស់លោកតាលោកយាយ កន្លែងដាំផ្កាសម្រាប់ជាតង្វាយព្រះ និងក្បួនប្រាសាទជាច្រើនទៀត។
ឧបាសិការូបនេះមានប្រសាសន៍ថា៖ «គម្រោងមជ្ឈមណ្ឌលនេះធ្វើឡើងតាមរចនាប័ទ្មខ្មែរសុទ្ធសាធ ហើយប្រាសាទនីមួយៗ គឺមានរចនាប័ទ្មផ្សេងៗគ្នាទៅតាមសម័យកាលរបស់ខ្មែរ»។ លោកស្រីបានបញ្ជាក់ថា៖ «តាមការសិក្សា គម្រោងនេះ អាចនឹងចំណាយថវិកាប្រមាណជាង ១០ លានដុល្លារអាមេរិក ហើយត្រូវប្រើពេលកសាងប្រហែលពី ៥ ទៅ ៧ ឆ្នាំ ទើបរួចរាល់»។
ការកសាងសំណង់ដ៏ធំស្កឹមស្កៃនេះ ត្រូវបានឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីលើកតម្កើងព្រះពុទ្ធសាសនា ទ្រទ្រង់ពុទ្ធវចនៈឲ្យគង់នៅ។ ទី២ គឺដើម្បីបុណ្យកុសលមនុស្សទូទៅ និងខ្លួនឯង និង ទី៣ គឺដើម្បីទុកជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ។
ទោះបីជានៅពេលនេះ លោកស្រីមានថវិកាផ្ទាល់ខ្លួនតែ ២ ទៅ ៣ លានដុល្លារ តែលោកស្រីបញ្ជាក់ថា គម្រោងដ៏ធំនេះនឹងអាចបញ្ចប់ដោយជោគជ័យ ដោយសារតែកម្លាំងសទ្ធារបស់ពុទ្ធសាសនិកនៅពេលនេះមានសន្ទុះខ្លាំងក្លា។ មនុស្សដ៏មានសទ្ធាជ្រះថ្លារូបនេះបន្តថា៖ «ក្រៅពីថវិកាផ្ទាល់ខ្លួន យើងពឹងផ្អែកលើសទ្ធារបស់ពុទ្ធបរិស័ទ ហើយខ្ញុំគិតថា ពួកគេពិតជាមានសទ្ធា ព្រោះពេលនេះ មានពុទ្ធបរិស័ទជួយកសាងផ្ទាំងសិលាចារគម្ពីរព្រះត្រៃបិដកចំនួន ១០០០ ផ្ទាំងហើយ»។
លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា ពលរដ្ឋកម្ពុជានឹងមានសទ្ធាជ្រះថ្លា និងជួយចូលរួមជាបច្ច័យនៅក្នុងដំណើរការកសាងនេះជាក់ជាមិនខានដើម្បីទទួលបាននូវផលបុណ្យទាំងអស់គ្នា»៕
1 comment:
didn't someone built a big one in kien svay also... mostly abandoned now? i remembered my aunts in france and lot of khmers all donated lots of money to that cause...
Post a Comment