A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 August 2014

Kirirom to house the biggest Buddhist centre សំណង់​ព្រះ​ពុទ្ធ​សាសនា​ធំ​បំផុត​នៅ​គិរីរម្យ

គម្រោង​មហា​ប្រាសាទ​ដ៏​ធំ​ខ្ពស់​ស្កឹម​ស្កៃ​លេច​ផុត​ចេញ​ពី​ព្រៃ ដែល​នឹង​ត្រូវ​សាង​សង់​នៅ​លើ​ភ្នំ​គិរីរម្យ។
គម្រោង​មហា​ប្រាសាទ​ដ៏​ធំ​ខ្ពស់​ស្កឹម​ស្កៃ​លេច​ផុត​ចេញ​ពី​ព្រៃ ដែល​នឹង​ត្រូវ​សាង​សង់​នៅ​លើ​ភ្នំ​គិរីរម្យ។ រូបថត សហការី
ដោយ​ផ្តើម​ជីវិត​នៅ​ក្នុង​គ្រួសារ​មាន​សន្តាន​ព្រះ​ធម៌​ពេញ​ខ្លួន លោក​ស្រី ញ៉ឹក ប៊ុនថា បាន​ថ្វាយ​ជីវិត​របស់​ខ្លួន​ទៅ​នឹង​ព្រះ​ពុទ្ធ​សាសនា​ស្ទើរ​ពេញ​មួយ​ជីវិត​ទៅ​ហើយ ហើយ​នៅ​ជីវិត​ចុង​ក្រោយ​នេះ ស្ត្រី​ដែល​លះ​បង់​កិលេស​មិន​យក​គ្រួសារ​ដើម្បី​សាសនា​រូប​នេះ បាន​និង​កំពុង​លះ​បង់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន និង​កៀរគរ​ពុទ្ធ​សាសនិក​ទាំង​អស់​សាង​សង់​នូវ​មហា​សំណង់​ប្រាសាទ​ដ៏​អស្ចារ្យ​បំផុត​មាន​កម្ពស់​រហូត​ដល់​ទៅ ៩២,៧០ ម៉ែត្រ​នៅ​លើ​ស្ថាន​សួគ៌​បៃតង​ភ្នំ​គិរីរម្យ ដោយ​ដាក់​ឈ្មោះ​ថា «មជ្ឈមណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា»។
លោក​ស្រី ញ៉ឹក ប៊ុនថា អាយុ ៦៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ ភូមិ​ស្វាយ​ជ្រំ ឃុំ​អូរ​ដំបង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ លោក​ស្រី​បាន​រើ​ផ្ទះ​មក​រស់​នៅ​ភ្នំពេញ​ក្រោយ​របប ប៉ុល ពត ត្រូវ​បាន​ផ្តួល​រំលំ ហើយ​លោក​ស្រី​ក៏​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​ផ្នែក​គយ នៅ​ក្រសួង​ពាណិជ្ជកម្ម ហើយ​លោក​ស្រី​ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ជំនាន់​លោក​ស្រី ម៉ែន សំអន។
ប៉ុន្តែ​ស្ត្រី​រូប​នេះ​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ការងារ​រដ្ឋ​ក៏​ងាក​មក​រក​ស៊ី​ធ្វើ​ជំនួញ​ដោយ​ខ្លួន​ឯង​នៅ ឆ្នាំ​១៩៩១ ដោយ​ធ្វើ​ជំនួញ​នាំ​ចេញ​នាំ​ចូល​អីវ៉ាន់​គ្រប់​ប្រភេទ​នៅ​ព្រំដែន ខេត្ត​កោះកុង ហើយ​ក្រោយ​មក​លោក​ស្រី​ក៏​បាន​ផ្លាស់​ប្តូរ​មក​រក​ស៊ី​ផ្នែក​អចលន​ទ្រព្យ​ទិញ​លក់​ដី​ធ្លី និង​លក់​ជួល​ផ្ទះ​សម្បែង សល់​ទ្រព្យ​មិន​តិច​នោះ​ទេ តែ​យ៉ាង​ណា​លោក​ស្រី​ក៏​មិន​ភ្លេច​ការ​ធ្វើ​បុណ្យ​ទាន​នោះ​ដែរ។
លោក​ស្រី​បញ្ជាក់​ថា៖ «ដោយ​សារ​តែ​ខ្ញុំ​មាន​ឈាម​ជ័រ​ឪពុក​ម្តាយ ដូន​តា​ជា​អ្នក​ធម៌​អាថ៌ ធ្វើ​បុណ្យ​ទាន ទោះ​បី​រវល់​ការងារ​យ៉ាង​ណា ក៏​ខ្ញុំ​មិន​ភ្លេច​ការ​ធ្វើ​បុណ្យ​ដែរ។ ដំបូង​ឡើយ​ខ្ញុំ​ធ្វើ​ការ ៧០ ភាគរយ តែ​ក្រោយ ឆ្នាំ​១៩៩៤ មក​ខ្ញុំ​ធ្វើ​បុណ្យ ៧០ ភាគ​រយ ធ្វើ​ការ​តែ ៣០ ភាគ​រយ​ទេ»។
មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុនថា។
មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុនថា។ រូបថត សេត គឹមសឿន
ដោយ​មើល​ឃើញ​ពី​កិលេស​តណ្ហា និង​ភាព​ឈឺ​ផ្សា​នៅ​ក្នុង​សង្គម​កាន់​តែ​កើត​ឡើង​នោះ លោក​ស្រី​ក៏​បាន​ពិចារណា​ឃើញ​ថា មាន​តែ​ព្រះ​ធម៌​ប៉ុណ្ណោះ​ជា​ផ្លូវ​ស្ងប់​អាច​នាំ​ជីវិត​របស់​លោក​ស្រី​ទៅ​កាន់​ទី​សុខ​រំលត់​ទុក្ខ​នោះ ដូច្នេះ​តាំង​ពី ឆ្នាំ​១៩៩៥ មក​លោក​ស្រី​ក៏​បាន​ដើរ​លើ​ផ្លូវ​ព្រះ​ធម៌ រៀន​សូត្រ​គម្ពីរ​ពុទ្ធ​វចនៈ និង​គម្ពីរ​ព្រះ​ត្រៃបិដក​ទាំង ១១០ ភាគ​ចប់ ២ លើក។ ជាមួយ​នឹង​ចំណេះ​ដឹង​យ៉ាង​ជ្រៅ​ជ្រះ​លោក​ស្រី​ក៏​បាន​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល និង​កេរ្តិ៍​ឈ្មោះ​មួយ​រូប​លើ​ផ្លូវ​ពុទ្ធ​សាសនា ហើយ​លោក​ស្រី​បាន​ទទួល​ងារ​ជា​ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត និង​ស្នាដៃ​ជាច្រើន​ផ្នែក​សាសនា។ សព្វ​ថ្ងៃ មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុនថា ជា​ប្រធាន​នាទី​ស្វែង​យល់​ព្រះ​ពុទ្ធ​សាសនា។ អ្វី​ដែល​ជា​មោទនភាព​បំផុត​នោះ​គឺ​លោក​ស្រី ញ៉ឹក ប៊ុនថា បាន​ទទួល​ពាន​មគ្គុ​ទេ្ទសក៍​ពុទ្ធ​សានិក​ឆ្នើម​ពិភពលោក ដែល​ពាន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​តែ​សម្តេច ជួន ណាត តែ​មួយ​អង្គ​គត់​បាន​ទទួល​នោះ។
ដោយ​ប្រាស្រ័យ​ជីវិត​គ្មាន​គ្រួសារ ប្តី​កូន​នោះ នៅ​ជីវិត​ចុង​ក្រោយ​នេះ លោក​ស្រី ញ៉ឹក ប៊ុនថា នឹង​ប្រើ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ទាំង​អម្បាល​ម៉ាន​ដែល​ខ្លួន​មាន ដើម្បី​សម្រេច​បំណង​ប្រាថ្នា​មួយ​គឺ​ការ​កសាង «មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា» ដើម្បី​ជា​ប្រយោជន៍​រួម​របស់​មនុស្ស​ជាតិ​កម្ពុជា​ទាំង​មូល។
លោក​ស្រី ញ៉ឹក ប៊ុនថា បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​នាង​ខ្ញុំ​ទៅ​បំពេញ​បុណ្យ និង​ចូល​រួម​សន្និបាត​ថ្នាក់​អន្តរជាតិ​ជាច្រើន​ប្រទេស​មក ខ្ញុំ​ឃើញ​ថា ប្រទេស​គេ​មាន​មជ្ឈ​មណ្ឌល​វប្បធម៌​បែប​សាសនា​នេះ អស់​ហើយ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​កម្ពុជា​មាន​ដែរ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ»។
«មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា» ត្រូវ​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី ១២៦ ហិកតា ស្ថិត​នៅ​ក្នុង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ហើយ​ការ​ចាប់​ផ្តើម ១០០ ភាគ​រយ​នឹង​ធ្វើ​នៅ ខែ​តុលា ដោយ​សារ​តែ​មាន​ភាព​យឺត​យ៉ាវ​ផ្នែក​សិក្សា​ប្លង់ និង​ការ​ធ្វើ​ស្ពាន​ផ្លូវ​ឡើង​ភ្នំ។ គម្រោង​ប្លង់​នេះ មាន​រាង​សណ្ឋាន​ជា​ស្លឹក​ពោធិ៍ ហើយ​នៅ​ក្នុង​បរិវេណ​ទាំង​ក្រៅ និង​ក្នុង​នឹង​សាង​សង់​ទិដ្ឋភាព​ចម្រុះ​ពាក់​ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា។
ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុនថា បាន​ឲ្យ​ដឹង​ថា នៅ​លើ​ផ្ទៃ​ដី ១២៦ ហិកតា នោះ នៅ​ចំ​កណ្តាល​យើង​នឹង​សាង​សង់​ព្រះ​មហា​ចុល្លា​មុនី​ចេតិយ​ព្រះ​សមណ​គោតម ដ៏​ធំ​បំផុត​មាន​ទទឹង ៨០ ម៉ែត្រ និង​កម្ពស់​រហូត​ដល់​ទៅ ៩២,៧០ ម៉ែត្រ សម្រាប់​តម្កល់​ព្រះ​អដ្ឋិធាតុ​ព្រះពុទ្ធ​អង្គ​ដែល​បាន​សុំ​មក​ពី ប្រទេស​ឥណ្ឌា។ ព្រះ​មហា​ចេតិយ​នេះ មាន​កម្ពស់ ១១ ជាន់​ដែល​ក្នុង​នោះ​មាន​សាល​សន្និសីទ សាល​ប្រជុំ សាល​ពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និង​កន្លែង​ជា​ច្រើន​ទៀត។
ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុនថា បន្ត​ថា បន្ទាប់​មក យើង​មាន​មហា​ប្រាសាទ​ចំនួន ១២ បែង​ចែក​ជា​ពីរ​ជួរ​ព័ទ្ធ​ជុំវិញ។
Content image - Phnom Penh Post
ជួរ ទី១ ប្រើ​សម្រាប់​តម្កល់​គម្ពីរ ក្បួន​ច្បាប់​សាសនា និង​ផ្ទាំង​ថ្ម​ចារ​គម្ពីរ​ព្រះ​ត្រៃ​បិដក​ទាំង ១១០ ភាគ។ មហា​ប្រាសាទ​ជាន់ ទី២ ប្រើ​សម្រាប់​តម្កល់​ព្រះ​ពុទ្ធ​រូប​ចំនួន ៤០០០០ ព្រះ​អង្គ សង់​ឡើង​ពី​ថ្ម​ភ្នំ។ បន្ទាប់​មក​យើង​នឹង​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​សម្រាប់​ធ្វើ​ពិធី​សាសនា​ធំៗ។
ក្រៅ​ពី​នោះ «មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា» មាន​សាង​សង់​កន្លែង​ទាក់​ទិន​នឹង​ប្រវត្តិ​របស់​ព្រះពុទ្ធ​អង្គ​កប់​នៅ​ក្នុង​ព្រៃ ដើម្បី​ឲ្យ​មហាជន​បាន​ស្វែង​យល់​បន្ថែម មាន​សាង​សង់​ព្រះពុទ្ធ​អង្គ​ដ៏​ធំ​ចំនួន ៤ ទិស មាន​សាង​សង់​វត្ត​អារាម កន្លែង​សំណាក់​ធម៌​របស់​លោក​តា​លោក​យាយ កន្លែង​ដាំ​ផ្កា​សម្រាប់​ជា​តង្វាយ​ព្រះ និង​ក្បួន​ប្រាសាទ​ជា​ច្រើន​ទៀត។
ឧបាសិកា​រូប​នេះ​មាន​ប្រសាសន៍​ថា៖ «គម្រោង​មជ្ឈ​មណ្ឌល​នេះ​ធ្វើ​ឡើង​តាម​រចនាប័ទ្ម​ខ្មែរ​សុទ្ធ​សាធ ហើយ​ប្រាសាទ​នីមួយៗ គឺ​មាន​រចនា​ប័ទ្ម​ផ្សេងៗ​គ្នា​ទៅ​តាម​សម័យ​កាល​របស់​ខ្មែរ»។ លោក​ស្រី​បាន​បញ្ជាក់​ថា៖ «តាម​ការ​សិក្សា គម្រោង​នេះ អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០ លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​ប្រើ​ពេល​កសាង​ប្រហែល​ពី ៥ ទៅ ៧ ឆ្នាំ ទើប​រួច​រាល់»។
ការ​កសាង​សំណង់​ដ៏​ធំ​ស្កឹម​ស្កៃ​នេះ ត្រូវ​បាន​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុនថា បញ្ជាក់​ថា ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​លើក​តម្កើង​ព្រះ​ពុទ្ធ​សាសនា ទ្រ​ទ្រង់​ពុទ្ធ​វចនៈ​ឲ្យ​គង់​នៅ។ ទី២ គឺ​ដើម្បី​បុណ្យ​កុសល​មនុស្ស​ទូទៅ និង​ខ្លួន​ឯង និង ទី៣ គឺ​ដើម្បី​ទុក​ជា​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​ជាតិ។
ទោះ​បី​ជា​នៅ​ពេល​នេះ លោក​ស្រី​មាន​ថវិកា​ផ្ទាល់​ខ្លួន​តែ ២ ទៅ ៣ លាន​ដុល្លារ តែ​លោក​ស្រី​បញ្ជាក់​ថា គម្រោង​ដ៏​ធំ​នេះ​នឹង​អាច​បញ្ចប់​ដោយ​ជោគ​ជ័យ ដោយ​សារ​តែ​កម្លាំង​សទ្ធា​របស់​ពុទ្ធ​សាសនិក​នៅ​ពេល​នេះ​មាន​សន្ទុះ​ខ្លាំង​ក្លា។ មនុស្ស​ដ៏​មាន​សទ្ធា​ជ្រះ​ថ្លា​រូប​នេះ​បន្ត​ថា៖ «ក្រៅ​ពី​ថវិកា​ផ្ទាល់​ខ្លួន យើង​ពឹង​ផ្អែក​លើ​សទ្ធា​របស់​ពុទ្ធ​បរិស័ទ ហើយ​ខ្ញុំ​គិត​ថា ពួក​គេ​ពិត​ជា​មាន​សទ្ធា ព្រោះ​ពេល​នេះ មាន​ពុទ្ធ​បរិស័ទ​ជួយ​កសាង​ផ្ទាំង​សិលា​ចារ​គម្ពីរ​ព្រះ​ត្រៃបិដក​ចំនួន ១០០០ ផ្ទាំង​ហើយ»។
លោក​ស្រី​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ពលរដ្ឋ​កម្ពុជា​នឹង​មាន​សទ្ធា​ជ្រះ​ថ្លា និង​ជួយ​ចូល​រួម​ជា​បច្ច័យ​នៅ​ក្នុង​ដំណើរ​ការ​កសាង​នេះ​ជាក់​ជា​មិន​ខាន​ដើម្បី​ទទួល​បាន​នូវ​ផល​បុណ្យ​ទាំង​អស់​គ្នា»៕

1 comment:

Anonymous said...

didn't someone built a big one in kien svay also... mostly abandoned now? i remembered my aunts in france and lot of khmers all donated lots of money to that cause...