ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014, VOD
ការទម្លាក់ចោលបេក្ខជនពិការភ្នែកម្នាក់ ពីក្នុងកម្មវិធី The Voice Cambodia របស់ទូរទស្សន៍ហង្សមាស បានធ្វើឲ្យគណកម្មការទាំង៤ ពិសេសគឺតារាចម្រៀង ឱក សុគន្ធកញ្ញា តែម្ដង ទទួលរងនូវវិប្បសារ អមដោយការរិះគន់យ៉ាងខ្លាំង។ តារារូបនេះ សារភាពថា នាងពិតជាបារម្ភ បើការកាត់ក្ដីរបស់នាងលើកក្រោយ បង្កឲ្យមានការឈឺចាប់ និងលេចចេញនូវកំហុសឆ្គងសារជាថ្មី។
ជំនួបមួយយ៉ាងខ្លី ក្នុងវេទិកាបើកសម្ពោធរោងភាព Major Cineplex កាលពីល្ងាចថ្ងៃទី៦ សីហា នៅផ្សារ Aeon Mall ឱក សុគន្ធកញ្ញាទទួលស្គាល់ថា ពិតជានៅសោកស្ដាយដែលបានរួមចំណែកធ្វើឲ្យបេក្ខជនឈ្មោះ ប្រុក ចាន់ថន ជាបុរសពិកាភ្នែកទាំងសងខាង ដែលមានទឹកដមសំឡេងល្អម្នាក់ ធ្លាក់ចេញពីកម្មវិធី The Voice Cambodia ។
នាងតបនឹងសំណួរដោយភាពប្រញាប់ប្រញាល់ថា «សម្រាប់ខ្ញុំពិតជាមានវិប្បសារី ដែលមិនបានផ្ដល់ឱកាសឲ្យបងប្រុសម្នាក់នោះ បន្តនៅក្នុងកម្មវិធី ខ្ញុំស្លុតចិត្តជាងគេ នៅពេលឃើញថាគាត់ពិការភ្នែកទាំងសងខាង អ៊ីចឹងហើយ ទើបខ្ញុំកំពុងភ័យ ប្រសិនបើខ្ញុំភ្លាត់ឲ្យមានកំហុសបែបនេះម្ដងទៀត»។ នាងចាត់ទុកថា កំហុសអចេតនារបស់ខ្លួន បណ្ដាលឲ្យបុរសពិកាភ្នែកម្នាក់ឈឺចាប់ និងធ្វើឲ្យនាងខ្លួនឯងសោកស្ដាយ។
យោងតាមកម្មវិធី The Voice Cambodia ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីយប់ថ្ងៃអាទិត្យ ទី០៣ សីហា បេក្ខជន ប្រុក ចាន់ថន មកពីខេត្តកំពង់ចាម មិនមានទឹកដមសំឡេងណាមួយចាញ់ប្រៀបអ្នកជាប់នៅក្នុងកម្មវិធីនោះទេ តាមរយៈបទចម្រៀង «រនោចខែប្រាំង» ដែលជាសំនៀងដើមរបស់លោក ឈឿន ឧត្តម។
តាមការសន្និដ្ឋានរបស់មហាជន គឺទំនងមកពីលោក មានរបត់សំឡេងបែបបុរាណ ដែលផ្ទុយទាំងស្រុងពីជំនាញបែបរ៉ក់ (rock) បែបសម័យរបស់គ្រូបង្វឹក (coach) ទាំង៤ ដែលរួមមាន នាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា ពេជ្រ សោភា និងលោក ណុប បាយ៉ារិទ្ធិ នោះតែម្ដង។ កម្មវិធីនេះតម្រូវឲ្យគ្រូបង្វឹក អង្គុយបែរខ្នង ហើយចុចសញ្ញាពេញចិត្ត ដើម្បីមានសិទ្ធិបែរមុខមើលអ្នកប្រឡង និងផ្ដល់ឱកាសឲ្យបេក្ខជនបេក្ខនារី បន្តទៅវគ្គបន្ទាប់។ ករណីដែលបេក្ខជនបេក្ខនារីច្រៀងចប់ ហើយមិនមានសញ្ញាពេញចិត្តពីគ្រូបង្វឹកណាម្នាក់ នឹងត្រូវធ្លាក់ចេញពីកម្មវិធីដោយស្វ័យប្រវត្តិ។
ឱក សុគន្ធកញ្ញា ត្រូវគេផ្ដល់កំហុសឲ្យច្រើនជាងគេ ដោយសារតែនាងគឺជាតារាល្បីដែលទទួលបានការចាប់អារម្មណ៍នាំមុខគេ ក្នុងចំណោមតារាទាំង៤ ប៉ុន្តែបែរជាខ្វះបច្ចេកទេសស្ដាប់ដឹងពីទឹកដមសំឡេងរបស់ លោក ប្រុក ចាន់ថន ដែលមានរបត់
សំឡេងបែបបុរាណ ហើយត្រូវអ្នកទស្សនាភាគច្រើនសរសើរថាមានសំឡេងខ្ពស់ និងល្អជាងបេក្ខជនដែលបានជាប់ នៅក្នុងថ្ងៃបើកឆាកនោះ។តាមគោលការណ៍ កម្មវិធី The Voice ផ្ដល់ឱកាសឲ្យអ្នកមានសំឡេងល្អបង្ហាញខ្លួនដោយមិនប្រកាន់លក្ខណ្ឌ។ ប៉ុន្តែនៅពេលកម្មវិធីដំណើរការ គេកត់សម្គាល់ថា គ្រូបង្វឹក ឬ Coach ហាក់ជម្រើសឲ្យតែបេក្ខជនបេក្ខនារីដែលបកស្រាយបទចម្រៀងបែបសម័យឲ្យជាប់ទៅវិញ។
ក្រៅពីសាងកំហុសមិនជ្រើសឲ្យបុរសពិការភ្នែកបានជាប់ស្របតាមទឹកដមសំឡេងដ៏ល្អរបស់លោក អ្នកទស្សនាជាច្រើនក៏សង្កេតឃើញចំណុចខ្វះចន្លោះមួយទៀតរបស់តារាចម្រៀងនាង ឱក សុគន្ធកញ្ញា តាមរយៈការកំណត់ឲ្យបេក្ខនារីម្នាក់បានជាប់ភ្លាមៗ ដោយគ្រាន់តែបានស្ដាប់សំឡេងរបស់នាងពីរបីឃ្លា ព្រោះតែអ្នកប្រឡងនោះយកបទរបស់ខ្លួនមកប្រលងនោះទៀតផង។ អ្នកគ្រប់គ្រងកម្មវិធី The Voice Cambodia មិនអាចសុំការបញ្ជាក់បានទេ ។
កញ្ញា ស្រីនាង ដែលបានចូលរួមក្នុងវេទិកាបើកសម្ពោធរោងភាព Major Cineplex និងជាអ្នកតាមដានកម្មវិធី The Voice បង្ហាញការយល់ឃើញរបស់នាងថា បើតាមនាងយល់ កម្មវិធី The Voice នៅស្រុកគេ អ្នកកាត់សេចក្ដី ដែលធ្វើជាគ្រូបង្វឹក ប្រាកដជាមានការបណ្ដុះបណ្ដាលឲ្យស្គាល់ពីបច្ចេកទេសសំឡេង លើគ្រប់ប្រភេទបទ។ ប៉ុន្តែនៅកម្ពុជា នាងមិនដឹងថាតារាទាំង៤ បានទទួលការណែនាំកម្រិតណា ដើម្បីកុំឲ្យខុសឆ្គងនៅក្នុង The Voice ដែលជាកម្មវិធីប្រឡងចម្រៀងដ៏ធំនៅលើពិភពលោក។
ឱក សុគន្ធកញ្ញា បញ្ជាក់ចុងក្រោយថានាងពិតជាភ័យ បើភាពខុសឆ្គង ធ្វើឲ្យនាងរងនូវការរិះគន់សារជាថ្មី ព្រោះតែការកាត់សេចក្ដីនៅក្នុងកម្មវិធីនេះ៕
សូមសរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
1 comment:
It is not fair to drop this disable person with an incredible voice. He deserves it.
So, why you called Voice Cambodia if you don't have a good judgement.
Ridiculous!!!
Khmer in the U.S.
Post a Comment