Leeds ជាសាកលវិទ្យាល័យឥដ្ឋក្រហមរបស់ចក្រភពអង់គ្លេសដែលមានទីតាំងនៅក្នុងទីក្រុងលីដស៍នៃតំបន់ West Yorkshire ប្រទេសអង់គ្លេស។ Leeds មានសិស្សប្រមាណ៣៣៦០០នាក់ដែលជាតួលេខខ្ពស់បំផុតមួយក្នុងចំណោមសាកលវិទ្យាល័យនានាក្នុងចក្រភពអង់គ្លេស។ ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យនេះបានបង្កើនលំដាប់ថ្នាក់របស់ខ្លួនដល់លេខ២នៅអង់គ្លេសដែលមានចំនួនសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេបន្ទាប់ពីសាកលវិទ្យាល័យមេនឆេស្ទ័រ (University of Manchester)។
ភាពល្បីល្បាញរបស់ Leeds បានទាក់ទាញសិស្សនិស្សិត និងសាស្ដ្រាចារ្យទូទាំងពិភពលោកឲ្យចង់មកសិក្សា និងបង្ហាត់បង្រៀននៅទីនេះ។
ពិតណាស់ សាលាល្បី សាស្ដ្រាចារ្យក៏មិនអន់នោះទេ។ ក្នុងចំណោមសាស្ដ្រាចារ្យមកពីគ្រប់ទិសទីនោះ យុវជនកម្ពុជាដែលមានសមត្ថភាពខ្ពស់ក៏ជាធនធានដ៏សំខាន់ម្នាក់នៅសាកលវិទ្យាល័យ Leeds ផងដែរ។
ស្ថិតក្នុងវ័យ៣៥ឆ្នាំ លោក ឈាង វណ្ណារិទ្ធ បានចាប់ផ្ដើមបង្រៀនជាសាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកសិក្សាអាស៊ីប៉ាស៊ីហ្វិកនៅឯសាកលវិទ្យាល័យលីដស៍ (University of Leeds) ស្ថិតក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៣។
មុននឹងមានឱកាសចូលបង្រៀននៅឯសាកលវិទ្យាល័យធំមួយនេះលោក វណ្ណារិទ្ធិ បានចំណាយពេលជាច្រើនឆ្នាំធ្វើជាអ្នកដឹកនាំវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព(CICP) ជាស្ថាប័នស្រាវជ្រាវនយោបាយ និងសង្គមមួយនៅប្រទេសកម្ពុជា។
សាស្ដ្រាចារ្យរូបនេះបានរំឭកដល់ជីវិតកុមារភាព និងប្រវត្ដិនៃការសិក្សារបស់លោកថា ស្ថានភាពជីវភាពគ្រួសារមិនអំណោយផល លោកហាក់មានក្ដីសង្ឃឹមតិចតួចណាស់ក្នុងការបញ្ចប់ការសិក្សាថ្នាក់ឧត្ដម។
លោកបាននិយាយថា៖ «បើមើលទៅស្ថានភាពជាក់ស្ដែងរបស់ខ្ញុំ[ពីដំបូង]គ្មាននរណាម្នាក់ជឿថា ខ្ញុំអាចរៀនបានដល់ថ្នាក់បណ្ឌិតទេ»។
មានកំណើតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងពេល១ខែក្រោយការវាយលុកកាន់កាប់ចូលពីសំណាក់កងទ័ពវៀតណាមក្នុងឆ្នាំ១៩៧៩ ដោយកំព្រាឪពុកផងនោះ កុមារា ឈាង វណ្ណារិទ្ធ រស់នៅតែជាមួយម្ដាយ ដែលត្រូវរ៉ាប់រងចិញ្ចឹមគ្រួសារទាំងមូល ហើយខ្លួនលោកផ្ទាល់តែងតែជួយរកត្រី រកបន្លែបន្លុកមកផ្គត់ផ្គង់ចំណីអាហារគ្រួសារដែលប្រកបរបរដាំដុះបន្លែ និងធ្វើចម្ការ។
ថ្វីដ្បិតតែជីវភាពមិនសម្បូរសប្បាយយ៉ាងណាក៏ដោយ ក៏ម្ដាយដែលតែងតែផ្ដល់តម្លៃអាទិភាពដល់ការសិក្សាអប់រំជានិច្ចកាលបានបញ្ជូនលោកទៅសាលាតាំងតែពីតូច និងឆ្លៀតពេលជួយបង្រៀនកូនៗផងដែរ។
លោកបានរំឭកថា៖ «ម្ដាយខ្ញុំគាត់ឲ្យតម្លៃលើការអប់រំណាស់។ ដោយសារតែកាលសម័យគាត់ ស្ត្រីរៀនអត់បានដល់ថ្នាក់ឌីប្លូមទេ»។
ជាមួយនឹងការតស៊ូព្យាយាមរៀនសូត្រ និងការជំរុញពីសំណាក់គ្រួសារលោក ឈាង វណ្ណារិទ្ធ ដែលជាសិស្សឆ្នើមពេលរៀននៅវិទ្យាល័យក្នុងក្រុងស្ទឹងសែន លោកបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ១៩៩៦ គ្រាដែលការប្រឡងត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ និងតឹងតែងជាទីបំផុត។
លោក វណ្ណារិទ្ធ បានដំណាលពីការប្រឡងនោះថា៖ «ពេលនោះការប្រឡងមានសភាពតឹងតែងណាស់។ ប៉ុន្ដែវាក៏ជាមោទនភាពមួយដែរពីព្រោះសិស្សតែ១០ភាគរយប៉ុណ្ណោះទូទាំងខេត្តដែលបានប្រឡងជាប់ហើយខ្ញុំទទួលបាននិទ្ទេសល្អបង្គួរថែមទៀតផង»។
សាស្ដ្រាចារ្យនៅ Leeds រូបនេះ បានបន្ដថា យ៉ាងណាមិញ នៅពេលផ្លាស់មកសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគីមីវិទ្យានៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) លោកបានជួបការលំបាកជាខ្លាំងដោយសារតែខ្វះធនធាន និងប្រាក់កាសទើបលោកសម្រេចចិត្តប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសវៀតណាម ហើយជាប់បានរៀនថ្នាក់បរិញ្ញាបត្រជំនាញការទូត និងទំនាក់ទំនងអន្តរជាតិនៅទីនោះតែម្ដង។
មូលហេតុដែលចាប់យកជំនាញការទូតនេះលោកបាននិយាយថា៖ «ខ្ញុំគិតថា ជំនាន់នោះគេនាំគ្នាសម្រុកទៅរៀនពេទ្យ ឬគ្រប់គ្រងជាដើម ខ្ញុំក៏នឹកឃើញរៀនជំនាញការទូតដែលវាខុសពីគេ និងមិនសូវមានអ្នករៀនទៀត»។
រហូតដល់បច្ចុប្បន្ននេះលោក វណ្ណារិទ្ធនៅតែជឿថា ជំនាញការទូតបាននាំឲ្យអ្នករៀនចេះពិតប្រាកដ និងមានចំណេះដឹងទូលំទូលាយពីសកលលោកមកជួបជុំគ្នា។ ជំនាញការទូតមិនមែនធ្វើការនៅតែជាមុខនាទីការទូតប៉ុណ្ណោះទេ ប៉ុន្ដែសូម្បីតែវិស័យឯកជនក៏គេត្រូវការអ្នកចេះវិស័យនេះដែរ។
ក្រោយពីទទួលបានបរិញ្ញាបត្រនៅឆ្នាំ២០០២ លោក វណ្ណារិទ្ធ បានត្រឡប់មកប្រទេសវិញ និងបម្រើការងារផ្នែកត្រួតពិនិត្យការដកហូតអាវុធជាតិផ្ទុះនៅអង្គការជប៉ុនមួយមុននឹងលោកទទួលបានអាហារូបករណ៍ទៅរៀនថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុនពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ ក្នុងជំនាញការទូតដែលលោកផ្ដោតសំខាន់លើតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រោយពីបញ្ចប់ការសិក្សាទាំង២កម្រិតនេះ លោកត្រឡប់មកប្រឡូកនឹងការងារស្រាវជ្រាវនៅ CICP និងបានធ្វើការបោះពុម្ពផ្សាយការងារស្រាវជ្រាវជាប្រចាំរហូតកិច្ចការទាំងនេះក្លាយជាសមិទ្ធផលជាដុំកំភួន។ ចំណេះដឹង និងបទពិសោធការងារទាំងនេះលោកត្រូវបានជ្រើសរើសជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យលីដស៍ក្នុងឆ្នាំ ២០១៣ ដែលនៅមុននេះលោកក៏ជាសាស្ត្រាចារ្យនៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្រុងភ្នំពេញផងដែរ។
លោក ឈាង វណ្ណារិទ្ធ បានបន្ថែមថា៖ «[ក្នុងជំនាញទំនាក់ទំនងអន្តរជាតិ]អ្នកសិក្សាត្រូវឧស្សាហ៍តាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានាដូចជាកិច្ចប្រជុំកិច្ចចរចាផ្សេងៗ ហើយចេះចោទសួរថា ហេតុអ្វីបានជាគេសម្រេចចិត្តបែបនេះ? ហេតុអ្វីគេធ្វើទស្សនកិច្ចទៅប្រទេសនេះ ឬប្រទេសនោះ?»។
យុវជនកម្ពុជារូបនេះ ក៏បានផ្ដល់បទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយកម្រិតពិភពលោកមួយចំនួន ដូចជា Al Jazeera និង Channel News Asia លើព្រឹត្តិការណ៍ពិភពលោកជាច្រើន។ លោកបញ្ជាក់ថា បើមានចំណេះដឹងផ្នែកទ្រឹស្ដី និងប្រមូលព្រឹត្តិការណ៍ព័ត៌មានហើយគេក៏ត្រូវឧស្សាហ៍ជួបពិភាក្សាជាមួយនឹងអ្នកជំនាញដទៃទៀតដើម្បីបង្កើន និងផ្លាស់ប្ដូរយោបល់គំនិតពីគ្នាទៅវិញទៅមកដែរ។
វណ្ណារិទ្ធ ក្នុងនាមជាអ្នកយុទ្ធសាស្ត្រផ្នែកការទូត និងកិច្ចការអភិវឌ្ឍន៍ម្នាក់ លោកជឿជាក់ថា ចំណែកធំនៃថវិកាជាតិគួរចាក់ចូលទៅក្នុងការកែទម្រង់ និងអភិវឌ្ឍបំពាក់បំប៉នវិស័យអប់រំ និងវិស័យសុខភាពហើយត្រូវលុបបំបាត់ជំងឺបក្ខពួកនិយម។
ជាចុងក្រោយ លោកបានថ្លែងថា៖ «បើគ្មានសុខភាព គ្មានចំណេះដឹង សង្គមណាក៏មិនអាចអភិវឌ្ឍបានដែរ។ សង្គមយើងត្រូវឲ្យតម្លៃអ្នកចេះដឹង និងគតិបណ្ឌិតនានាហើយប្រជាជន និងនិស្សិតខ្លួនឯងក៏ត្រូវស្រឡាញ់ការអានដើម្បីបង្កើនចំណេះដឹងផងដែរ»៕
អូន ឆេងប៉រ
No comments:
Post a Comment