A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 July 2014

Hun Sen threatened to use old election law if the opposition did not join the parliament លោក ហ៊ុន សែន គំរាម​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់​បើ​បក្ស​ប្រឆាំង​មិន​ចូល​សភា

កែ​ទម្រង់ បោះ​ឆ្នោត ៦១០
២០-មិថុនា-២០១៤៖ អ្នក​ចូល​រួម​សិក្ខាសាលា​ស្ដីពី​ការ​ចូល​រួម​របស់​យុវជន​ក្នុង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត នា​ខេត្ត​កំពង់ចាម ពាក់​អាវ​ដែល​មាន​អក្សរ​ស្ដីពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។
RFA/Saut Sokprathna














នៅ​ខណៈ​ដែល​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​គាំង​នៅ​ឡើយ​នេះ លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ផ្ញើ​សារ​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត​ថា លោក​នឹង​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់ ដែល​មាន​ជា​ធរមាន​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ព្រម​ចូល​សភា។
អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន មិន​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប ទេ ហើយ​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់​ដដែល​នោះ កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​ឯកោ ដែល​អន្តរជាតិ​នឹង​មិន​ទទួល​ស្គាល់​ទេ។
មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ចាត់​ទុក​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​លើក​ទី​ពីរ គំរាម​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់​ដែល​មាន​ជា​ធរមាន សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នោះ ថា​ជា​យុទ្ធសាស្ត្រ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (Nicfec) លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ក្នុង​ការ​ចរចា​ផង និង​ចង់​ដើរ​លើ​គន្លង​ចាស់​ផង ដែល​ខ្លួន​ចង់​ធ្វើ​អ្វី​ក៏​បាន ឲ្យ​តែ​មាន​ឱកាស គឺ​ផ្ទុយ​ពី​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ។ លោក​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​រដ្ឋាភិបាល​សម្រេច​ដូច្នេះ​មែន រដ្ឋាភិបាល​នឹង​ប្រឈម​ការ​លំបាក​ក្នុង​ការ​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់ ដែល​មាន​ជា​ធរមាន​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​ទៀត​ដែរ៖ «សំឡេង»។
នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ ដាក់​ឲ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ជន​ពិការ ២០១៤-២០១៨ នៅ​ថ្ងៃ​ទី​៣ កក្កដា នេះ លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ម្ដង​ទៀត​ថា បើ​សិន​ជា​គ្មាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី​ទេ លោក​នឹង​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ចាស់ ដែល​ចែង​ថា រៀង​រាល់ ៥​ឆ្នាំ​ម្ដង​នៅ​ថ្ងៃ​អាទិត្យ សប្ដាហ៍​ទី​៤ ត្រូវ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ៖ «សំឡេង»។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ទេ។ យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់ គ.ជ.ប ដដែល បើ​ពុំ​នោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​សម្រេច​ថា តើ​ត្រូវ​ធ្វើ​បាតុកម្ម​ទៀត ឬ​យ៉ាង​ណា នៅ​ក្នុង​មហា​សន្និបាត​គណបក្ស​ពេល​ខាង​មុខ៖ «សំឡេង»។
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ពន្យល់​ថា កម្ពុជា នៅ​កាលៈទេសៈ​ជាប់​គាំង​នយោបាយ​នេះ ជា​ឱកាស​មួយ​ដើម្បី​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប។ លោក​បញ្ជាក់​ថា នេះ​ជា​ឱកាស​ល្អ​មួយ​ក្នុង​ការ​កែ​ទម្រង់ គ.ជ.ប ឲ្យ​ទូលំទូលាយ និង​មាន​លក្ខណៈ​យូរ​អង្វែង ស្រប​តាម​បទដ្ឋាន​អន្តរជាតិ កុំ​ឲ្យ​កើត​មាន​បញ្ហា​ទៀត ក្រោយ​បោះ​ឆ្នោត​ពេល​ខាង​មុខ។ លោក​បន្ថែម​ថា ការ​កែ​ទម្រង់ គ.ជ.ប នេះ ត្រូវ​មាន​គ្រប់​ភាគី​ចូលរួម និង​មិន​ត្រូវ​តែ​ដាក់​ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បង្កើត​ប្រព័ន្ធ​ច្បាស់​លាស់​ថ្មី​មួយ នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​អនុវត្ត​សិទ្ធិ​អ្នក​បោះ​ឆ្នោត។

មក​ទល់​ពេល​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក អំពី​បញ្ហា​គ្មាន​ឆន្ទៈ​ចរចា​នេះ។
ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា​ឯក​បក្ស លោក ហេង សំរិន បាន​ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៦៣ ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បើក​ចំហ​ក្នុង​ការ​ចរចា។ លោក ហេង សំរិន អះអាង​ថា លោក​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ឆន្ទៈ​ក្នុង​ការ​ចរចា៖ «សំឡេង»។
ការ​ចរចា​រវាង​គណ​បក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​ទៅ​មក​ទល់​ពេល​នេះ គណបក្ស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ពេល​ជួប​គ្នា​ទៀត​នៅ​ឡើយ គឺ​ស្ថិត​នៅ​ទ្រឹង​នៅ​ឡើយ ដែល​តំណាង​គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​ការ​កែ​ទម្រង់ គ.ជ.ប។ ខាង​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការ​ជ្រើស​រើស​សមាជិក គ.ជ.ប ដោយ​យក​រូបមន្ត​អនុម័ត​ក្នុង​សភា​សំឡេង ២​ភាគ​៣។ ដោយ​ឡែក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ​ចង់​បាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប នោះ ដោយ​សំឡេង​៥០​ភាគរយ​បូក​១ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត នៃ​សមាជិក​សភា​ទាំង​មូល។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ការ​ជ្រើស​តាំង​សមាជិក គ.ជ.ប ដោយ​រូបមន្ត​អនុម័ត​សំឡេង​ក្នុង​សភា​សំឡេង ២​ភាគ​៣ នេះ គឺ​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​ទៅ​វិញ​ទេ។
អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​យុទ្ធសាស្ត្រ​តាម​របៀប​កុម្មុយនីស្ត​បន្ត​ទៀត ដោយ​លោក​បញ្ជាក់​ថា ការ​ប្រើ​រូបមន្ត ២​ភាគ​៣ ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នោះ គឺ​បំផ្លាញ​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ​ទៅ​ជា​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ លោក កែម ឡី អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ចរចា​នេះ ដើម្បី​តែ​រក្សា​អំណាច​របស់​ខ្លួន​ទេ គណបក្ស​នេះ​គ្មាន​ឆន្ទៈ​ក្នុង​កា​កែ​ទម្រង់ គ.ជ.ប ប្រកប​ដោយ​ឯករាជ្យ​នោះ​ឡើយ៖ «សំឡេង»។
ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ពន្យល់​ថា ការ​អនុម័ត​ច្បាប់​ដោយ​យក​សំឡេង ២​ភាគ​៣ នេះ ជា​រឿង​ចាំបាច់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មិន​ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប ទេ គឺ​ការ​អនុម័ត​ច្បាប់​ផ្សេងៗ​ទៀត ត្រូវ​តែ​អនុវត្ត​ដោយ​សំឡេង ២​ភាគ​៣ ទើប​ឆ្លុះ​បញ្ចាំង​អំពី​របប​ប្រជាធិបតេយ្យ​សេរី​ពិត​ប្រាកដ។
អ្នក​វិភាគ​លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​ឯក​បក្ស​នៅ​តែ​មិន​ព្រម​រក​ដំណោះស្រាយ​នយោបាយ​រួម​អត់​បាន​ទេ ហើយ​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ដោយ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ចាស់ ដែល​មាន​ជា​ធរមាន​នោះ សហគមន៍​អន្តរជាតិ​នឹង​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ទុក​ឲ្យ​កម្ពុជា ឯកោ​គ្មាន​ផ្ដល់​ជំនួយ និង​ទំនាក់ទំនង​ផ្សេងៗ ជាដើម៕

No comments: