A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 July 2014

Analysts consider the released of Thai prisoner Veera Somkwamkid as politically motivated អ្នក​វិភាគ​ចាត់​ទុក​ការ​ដោះ​លែង​សកម្មជន​អាវ​លឿង​ថៃ​ថា​ជា​រឿង​នយោបាយ

អាវ​លឿង​ថៃ វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ៦១០
សកម្មជន​អាវ​លឿង​ថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) [អាវ​ក្រឡា] ដែល​ត្រូវ​បាន​ដោះ​លែង នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Mom Sophon
ក្រោយ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ៣​ឆ្នាំ​នៅ​កម្ពុជា សកម្មជន​អាវ​លឿង​ថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ត្រឡប់​ទៅ​ដល់​ប្រទេស​ថៃ ហើយ នៅ​ថ្ងៃ​ទី​២ កក្កដា បន្ទាប់​ពី​លោក​ត្រូវ​រដ្ឋាភិបាល​ស្នើ​ឲ្យ​ព្រះមហាក្សត្រ ប្រទាន​លើក​លែង​ទោស។
មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​លើក​លែង​ទោស​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ឡើយ គឺ​ធ្វើ​ឡើង​អោយ​ស្រប​នឹង​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិធាតុ​ព្រះករុណា​ព្រះបាទ នរោត្ត សីហនុ ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ កក្កដា ខាង​មុខ។ ផ្ទុយ​ពី​នេះ ក្រុម​អ្នក​វិភាគ​ចាត់​ទុក​ថា នេះ​ជា​ការ​បត់បែន​ថ្មី​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា។
អ្នក​វិភាគ​ស្ថានភាព​នយោបាយ ចាត់​ទុក​ការ​លើក​លែង​ទោស​សកម្មជន​អាវ​លឿង​ថៃ លោក វីរៈ ស៊ុំក្វាមឃីត ថា​ជា​របត់​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​យោធា​ថៃ នៅ​ក្រោយ​ពេល​ដែល​ពលករ​ខ្មែរ​ជាង ២​សែន​នាក់ ត្រូវ​បញ្ជូន​មក​វិញ។
អ្នក​វិភាគ​បញ្ហា​នយោបាយ លោក សុខ ទូច គិត​ថា ការ​ដោះ​លែង លោក វីរៈ ស៊ុំក្វាមឃីត នៅ​ពេល​នេះ គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ច្រើន​ជាង ហើយ​នេះ​ជា​ការ​បង្ហាញ​ពី​ភាព​ទន់ភ្លន់​មួយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាមួយ​រាជ​រដ្ឋាភិបាល​ថៃ គ្រប់គ្រង​ដោយ​ក្រុម​យោធា ដែល​មាន​ក្រុម​អាវ​លឿង​គាំទ្រ៖ «សំឡេង»។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ការ​ដោះ​លែង លោក ស៊ុំក្វាមឃីត នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថៃ គ្រប់គ្រង​ដោយ​យោធា បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ថៃ​រាប់​ម៉ឺន​នាក់​មក​កម្ពុជា វិញ។ លោក​គិត​ថា នេះ​អាច​ជា​ការ​បន្ទន់​ឥរិយាបថ​មួយ​ដែរ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រប​សម្រួល​ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ អត់​ការងារ​ធ្វើ​អាច​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​ថៃ វិញ​បាន៖ «សំឡេង»។
មន្ត្រី​រាជ​រដ្ឋាភិបាល​បញ្ជាក់​ថា ការ​ដោះ​លែង​សកម្មជន​អាវ​លឿង​ថៃ លោក វីរៈ ស៊ុំក្វាមឃីត ឲ្យ​មាន​សេរីភាព​មុន​ការ​កំណត់ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ទេ។ តែ​អ្នក​វិភាគ​បញ្ហា​នយោបាយ​គិត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​បន្ទន់​ឥរិយាបថ ដើម្បី​រក​សេចក្តី​សុខ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ថៃ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ដោះ​លែង លោក ស៊ុំក្វាមឃីត នេះ គឺ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ មិន​មាន​និន្នាការ​នយោបាយ ឬ​មិន​មាន​និន្នាការ​ផ្សេង​ក្រៅ​ពី​កាតព្វកិច្ច​យុត្តិធម៌​ទេ៖ «សំឡេង»។

សកម្មជន​អាវ​លឿង​ថៃ លោក វីរៈ ស៊ុំក្វាមឃីត ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​សកម្មជន​ថៃ ៦​នាក់​ផ្សេង​ទៀត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ពី​បទ​ចូល​ទីលាន​យោធា​កម្ពុជា ក្នុង​បំណង​ទុច្ចរិត និង​ប្រមូល​ព័ត៌មាន​សម្ងាត់ ប៉ះពាល់​សន្តិសុខ​ជាតិ​កម្ពុជា ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ដែល​ថៃ ដណ្ដើម​កាន់​កាប់​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។ លោក វីរៈ ស៊ុំក្វាមឃីត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ៨​ឆ្នាំ និង​ជំនួយ​ការ​របស់​លោក គឺ​លោកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Pipattanapaiboon) ចំនួន ៦​ឆ្នាំ។ ប៉ុន្តែ​លោកស្រី រ៉ាត់ទ្រី ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​កុម្ភៈ ក្នុង​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​បរម​សព​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ។
ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ករណី​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ កាសែត​បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ កក្កដា ថា ចំពោះ​សំណើ​សុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សុំ​ឲ្យ​ភាគី​ថៃ ពិនិត្យ​លើ​ការ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ ១៤​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ខែ​មិថុនា នោះ លោក ចាន់ចាវ ឆៃយ៉ានុគីក (Chanchao Chaiyanukij) រដ្ឋមន្ត្រី​ស្ដីពី​ក្រសួង​យុត្តិធម៌​ថៃ អះអាង​ថា នឹង​ដោះ​លែង​ពួក​គេ ហើយ​កំពុង​រង់ចាំ​មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​ក្រុង​បាងកក បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​ទោស​ទាំង ១៤​នាក់​នោះ ទៅ​ភាគី​ថៃ ដើម្បី​ធ្វើ​ការ​ដោះ​លែង។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ឲ្យ​ដឹង​ថា ខាង​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​ស្រះកែវ បាន​បញ្ជូន​បញ្ជី​ឈ្មោះ​ពលករ​ខ្មែរ ១៤​នាក់ ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក រួច​ហើយ ហើយ​ស្ថានទូត​នឹង​បញ្ជូន​ឈ្មោះ​នោះ​បន្ត​ទៅ​ឲ្យ​ភាគី​ថៃ នៅ​ពេល​ដែល​ភាគី​ថៃ ស្នើសុំ​បញ្ជី​ឈ្មោះ​នោះ។ យ៉ាង​ណា លោក កុយ គួង នៅ​មិន​ទាន់​ដឹង​ពី​តម្រុយ​ជាក់​លាក់​ដែល​ភាគី​ថៃ ដោះ​លែង​ពលករ​ខ្មែរ​នៅ​ពេល​ណា​ឲ្យ​ច្បាស់​នៅ​ឡើយ៖ «សំឡេង»។
ទោះ​យ៉ាង​ណា កាសែត​ថៃ ដដែល​បាន​ស្រង់​សម្ដី​មន្ត្រី​ថៃ ទទួល​បន្ទុក​ខាង​ពន្ធនាគារ​ថា ពលករ​ខ្មែរ​មាន​តែ ១៣​នាក់ គឺ​មិន​មាន ១៤​នាក់​ទេ ហើយ​ការ​ដោះ​លែង​ពួក​គេ ទំនង​មិន​អាច​ធ្វើ​ឡើង​ភ្លាមៗ​ដូច​ដែល​ភាគី​កម្ពុជា ដោះ​លែង លោក ស៊ុំក្វាមឃីត បាន​ឡើយ គឺ​អាច​ធ្វើ​ឡើង​តាម​ច្បាប់​អន្តរជាតិ ​ក្រោម​សន្ធិសញ្ញា​ក្នុង​ការ​បញ្ជូន​អ្នក​ទោស។ ក្រៅ​ពី​នេះ កាសែត​ថៃ ដដែល​បញ្ជាក់​ថា ការ​ដោះ​លែង​អ្នក​ទោស​ថៃ លោក វីរៈ ស៊ុំក្វាមឃីត គឺ​ភាគី​កម្ពុជា ធ្វើ​ឡើង​តាម​គម្រោង​កម្មវិធី​លើក​លែង​អ្នក​ទោស​តាម​ទម្លាប់​ធម្មតា៕

No comments: