ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី3 មិថុនា 2014,
លោក សម រង្ស៊ី (ធ្វេងដៃ) ប្រធានគណបក្សសង្រ្គោះជាតិ កាលពីកន្លងទៅ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃអង្គារនេះ បានផ្ញើលិខិតទៅប្រធានគណៈកម្មការកាកបាទក្រហមអន្តរជាតិហៅកាត់ថាCICR លោកPeter Maurer ដោយស្នើអន្តរាគមន៍រឿងកាកបាទក្រហមកម្ពុជា មិនផ្តល់ជំនួយដល់អ្នកមានជម្លោះដីធ្លីនៅខេត្តក្រចេះ។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយលិខិតជាភាសាបារាំងថា «ខ្ញុំបានសរសេរលិខិតនេះ ផ្ញើជូនលោកប្រធានកាកបាទក្រហមអន្តរជាតិ ដើម្បីជម្រាបគាត់ថា កាកបាទក្រហមកម្ពុជា មិនយកចិត្តទុកដាក់ ចំពោះជនភៀសខ្លួនក្នុងស្រុក ដែលបណ្តាលមកពីការរឹបអូសយកដីធ្លីរបស់ប្រជារាស្ត្រ និងការប្រើហិង្សា មកលើប្រជារាស្ត្រពីសំណាក់អាជ្ញាធររដ្ឋាភិបាលកម្ពុជា»។
លិខិតរបស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសរសេរលិខិតតបទៅនឹងការស្នើសុំរបស់លោក សម រង្ស៊ី ថា កាកបាទក្រហមកម្ពុជា ពុំមានគោលការណ៍ចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមកទាមទារដោយផ្ទាល់នៅទីស្នាក់ការកណ្តាលកាកបាទក្រហមនោះទេ ព្រោះកាកបាទក្រហម មានរចនាសម្ព័ន្ធរបស់ខ្លួននៅគ្រប់រាជធានីខេត្ត។ កាកបាទក្រហមបន្តថា រាល់សំណើររបស់ជនរងគ្រោះ និងជនងាយរងគ្រោះ តែងតែធ្វើឡើងតាមរយៈសាខាកាកបាទក្រហមកម្ពុជានៅតាមខេត្តនីមួយៗ។
លិខិតរបស់កាកបាទក្រហម ស្នើលោក សម រង្ស៊ី ជួយណែនាំពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះ ដែលឡើងមកស្នាក់នៅវត្តសាមគ្គីរង្សី ស្ទឹងមានជ័យ ឲ្យត្រឡប់ទៅតាមមូលដ្ឋានរៀងៗខ្លួន ហើយកាកបាទក្រហម នឹងចាត់បញ្ជូនក្រុមការងារចុះទៅពិនិត្យ និងចែកជូនអំណាយមនុស្សធម៌ដល់ពួកគាត់។
លោក សម រង្ស៊ី បានផ្ញើជូនប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី កាលពីថ្ងៃទី២៣ ខែឧសភាដោយសរសេរថា ប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារនៅខេត្តក្រចេះនោះ ត្រូវបានបុគ្គលិកក្រុមហ៊ុនវៀតណាម ដែលទទួលបានដីសម្បទានដីធ្លីពីរដ្ឋាភិបាលនៅតំបន់នោះ ដុតផ្ទះសម្បែង និងបណ្តេញចេញពីដីធ្លី ហើយកំពុងឡើងមកតវ៉ានៅរាជធានីភ្នំពេញ។ លិខិតបន្តថា ក្នុងពេលស្នាក់នៅក្នុងវត្តសាមគ្គីរង្សី រាជធានីភ្នំពេញនោះ ប្រជាពលរដ្ឋទាំងនោះ ពុំមានជម្រកស្នាក់នៅ និងអាហារហូបចុកគ្រប់គ្រាន់ ថែមទាំងខ្វះខាតថ្នាំសង្កូវ និងការព្យាបាលជំងឺទៀតផង។
លិខិតរបស់លោកសម រង្ស៊ី បានស្នើសុំឲ្យប្រធានកាកបាទក្រហមកម្ពុជា ជួយផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋ
អត្ថបទទាក់ទង
រងគ្រោះទាំងនោះ ដើម្បីសម្រួលការលំបាកក្នុងពេលដែលពួកគេស្នាក់នៅដើម្បីតវ៉ានៅរាជធានីភ្នំពេញ។លិខិតដដែល បន្តថា ក្នុងករណីដែលពួកគាត់ត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់ទៅខេត្តក្រចេះវិញនោះ លោកសម រង្ស៊ី ស្នើឲ្យកាកបាទក្រហម ជួយផ្តល់ជាសម្ភារៈសម្រាប់ធ្វើជាជម្រក ដូចជា តង់ មុង ភួយ កន្ទេល ព្រមទាំងម្ហូបអាហារ សម្រាប់ពួកគាត់រស់នៅបណ្តោះអាសន្ន រហូតដល់ករណីទំនាស់ដីធ្លីរបស់ពួកគាត់ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីដែលឡើងមករាជធានីភ្នំពេញ បានត្រឡប់មកខេត្តក្រចេះវិញហើយរហូតមកដល់ពេលនេះ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចកាត់ដី៧៥០ហិកតា ផ្តល់ជូនប្រជាពលរដ្ឋជាង៤០០គ្រួសារ។
កាលពីថ្ងៃទី២១ខែឧសភា ប្រជាពលរដ្ឋជាង១០០នាក់មកពីខេត្តក្រចេះ ក៏បានព្យាយាមហែក្បួនពីវត្តសាមគ្គីរង្សី ឆ្ពោះទៅកាន់កាកបាទក្រហមកម្ពុជាផងដែរ ដើម្បីដាក់ញតិ្តសុំអន្តរាគមន៍រឿងជម្លោះដីធ្លី ប៉ុន្តែត្រូវបានកងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ រារាំង ខណៈដែលមន្ត្រីតំណាងកាកបាទក្រហមកម្ពុជា បានទៅទទួលញត្តិពីពលរដ្ឋ។
ប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លីនេះ ឲ្យដឹងថា ពួកគាត់បានកាន់កាប់ដីនៅតំបន់នោះ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលមាន៦០គ្រួសារ និងក្នុងឆ្នាំ២០០៩ មាន១៨១គ្រួសារ ហើយក្រោយមកកើនដល់៤០៥គ្រួសារនៅដើមឆ្នាំ២០១២។ ប្រជាពលរដ្ឋ ឲ្យដឹងថា កាលពីថ្ងៃទី៣០ខែមេសា អាជ្ញាធរខេត្តក្រចេះ បានសហការជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិញភឿក២ បានយកគ្រឿងចក្រឈូសកម្ទេចផ្ទះពួកគាត់៤០៥ខ្នងនៅចំណុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ដើម្បីយកដី២០២៥ហិកតាឲ្យក្រុមហ៊ុនវៀតណាម៕
ប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លីនេះ ឲ្យដឹងថា ពួកគាត់បានកាន់កាប់ដីនៅតំបន់នោះ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលមាន៦០គ្រួសារ និងក្នុងឆ្នាំ២០០៩ មាន១៨១គ្រួសារ ហើយក្រោយមកកើនដល់៤០៥គ្រួសារនៅដើមឆ្នាំ២០១២។ ប្រជាពលរដ្ឋ ឲ្យដឹងថា កាលពីថ្ងៃទី៣០ខែមេសា អាជ្ញាធរខេត្តក្រចេះ បានសហការជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិញភឿក២ បានយកគ្រឿងចក្រឈូសកម្ទេចផ្ទះពួកគាត់៤០៥ខ្នងនៅចំណុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ដើម្បីយកដី២០២៥ហិកតាឲ្យក្រុមហ៊ុនវៀតណាម៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com


No comments:
Post a Comment