
អនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងពិធីរំលឹកខួបទី៦៥ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នាវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០១៤។
RFA/Van Vichar
ក្រុមមន្ត្រីបក្សជំទាស់ ស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាលសរសេរជាលាយលក្ខណ៍អក្សរ អំពីការយល់ព្រមក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងកែប្រែកាលបរិច្ឆេទនៃការបោះឆ្នោត។ ការទាមទាររបស់បក្សប្រឆាំង ធ្វើឡើងនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យបក្សជំទាស់ចូលរួមប្រជុំសភា ដើម្បីរកដំណោះស្រាយ និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីយល់ព្រមលើចំណុចមួយចំនួនតាមការទាមទាររបស់បក្សប្រឆាំង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ព្រមានថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំដោយគណបក្សតែមួយនោះ កម្ពុជា នឹងក្លាយជាប្រទេសមួយដែលមានតែការគាំទ្រដោយក្រុមប្រទេសកុម្មុយនីស្តប៉ុណ្ណោះ៖ «អាហ្នឹងវាច្បាស់អ៊ីចឹងហើយ កាលយើងអត់ចូលវាបញ្ហាច្រើនហើយ គឺថាសភាឯកបក្ស បក្សតែមួយហ្នឹង នោះគេនឹងមិនទទួលស្គាល់ ហើយគ្មាននរណាជួយទេ មានតែប្រទេសកុម្មុយនីស្តទេដែលជួយ។ ហើយបើគណបក្សប្រជាជនកម្ពុជា ចង់ដឹកនាំម្នាក់ឯងដឹកនាំទៅ តែគ្រាន់វាមិនមានភាពប្រក្រតី»។
ការថ្លែងរបស់ លោក កឹម សុខា ធ្វើឡើងនៅក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រថា ដំណោះស្រាយនយោបាយជាប់គាំងនឹងអាចរកច្រកចេញរួច នៅពេលណាក្រុមមន្ត្រីបក្សប្រឆាំងចូលប្រជុំសភា ហើយបើពុំដូច្នោះទេ នោះបក្សកាន់អំណាចនឹងដឹកនាំរដ្ឋាភិបាលរហូតដល់ឆ្នាំ២០១៨៖ «ខ្ញុំបានទូលព្រះករុណាដោយត្រង់ថា សភាពការណ៍មានបីយ៉ាង តែខ្ញុំប្រាប់ពីរឲ្យលោកឯងដឹង មួយលោកឯងចូលរួមអាហ្នឹងល្អ។ ទីពីរ លោកឯងមិនចូលខ្ញុំនៅតែធ្វើអ៊ីចឹង។ ២០១៨ បោះឆ្នោតឡើងវិញ។ វាគ្មានម៉ែអាណាធ្វើតាមលោកឯងទេ។ ដើរនិយាយស្រេចតែចិត្តផ្ដួលគេៗមើលចេញអាដួលមើប្រយ័ត្នវាងាប់អី»។
ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមលើចំណុចមួយចំនួនតាមការទាមទាររបស់បក្សប្រឆាំង ដើម្បីដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ដូចជា ធ្វើវិសោធនកម្មដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅជំពូកទី១៥ ក្នុងរដ្ឋធម្មនុញ្ញ ដែលចែងអំពីតួនាទី និងការជ្រើសតាំងសមាជិក គ.ជ.ប។ ប៉ុន្តែ លោក ហ៊ុន សែន បានព្រមានមិនឲ្យបក្សប្រឆាំងទាមទារអំពីការបែងចែកអំណាចក្រុមប្រឹក្សាធម្មនុញ្ញ។
ប៉ុន្តែ លោក កឹម សុខា បានទាមទារឲ្យ លោក ហ៊ុន សែន សរសេរការយល់ព្រមរបស់ខ្លួនជាលាយលក្ខណ៍អក្សរ អំពីចំណុចមួយចំនួនដែលបក្សប្រឆាំងចង់បាន៖ «យើងអត់ទាន់ឃើញជាលាយលក្ខណ៍អក្សរទេ យើងត្រូវសរសេរជាលាយលក្ខណ៍អក្សរ ពីព្រោះយើងកែទម្រង់ការបោះឆ្នោតហ្នឹង វាមិនមែនចេះតែថាមួយម៉ាត់អ៊ីចឹងបានទេ ទាល់តែឲ្យមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ពីព្រោះយើងមានក្រុមការងាររវាងគណបក្សទាំងពីរហើយតើ! អ៊ីចឹងក្រុមការងារហ្នឹងយកមកជជែកគ្នាទៅ ហើយឲ្យចេញកិច្ចព្រមព្រៀងជានយោបាយ លាយលក្ខណ៍អក្សរទៅ ទើបបានយើងដឹងថា វាទៅជាយ៉ាងម៉េច»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ឈាង វុន អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលនិយាយលេបសម្ដីរបស់លោកនោះឡើយ។
1 comment:
Writting doesn't guarantee anything against hun sen. We have written Constitutions and hun sen still do what ever he wants, no one dare to do anything to hun sen. What the hell will a tv license and a written statement about changing our reforming the nec do? Don't be stupid cnrp leaders. Don't join the cpp parliament!
Post a Comment