A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 31 May 2014

Thai soldiers lay barbed wires about 150 metres in length near Preah Vihear temple in violation of the ICJ's verdict ទាហាន​ថៃ​រាយ​លួស​បន្លា​ប្រវែង​១៥០​ម៉ែត្រ​ជិត​ប្រាសាទ​ព្រះវិហារ

ដោយ ហង្ស សាវយុត 2014-05-31
ទាហាន​ខ្មែរ​ថៃ ៦១០
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨។
RFA/Hang Savyouth
រយៈពេល ៣​ថ្ងៃ​កន្លង​មក​ហើយ ទាហាន​ថៃ បាន​ដាក់​រាយ​លួស​បន្លា​ប្រហែល​ជាង ១០០​ម៉ែត្រ នៅ​តំបន់​ស្រះ​ត្រាវ ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​ព្រះវិហារ។ យោធា​ខ្មែរ ចាត់​ទុក​សកម្មភាព​របស់​ទាហាន​ថៃ នេះ​ថា ជា​ការ​ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ព្រំដែន​ជា​ថ្មី បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​បាន​ស្ងប់ស្ងាត់​ជាច្រើន​ឆ្នាំ​មក​ហើយ។
មេបញ្ជាការ​យោធា​ខ្មែរ​ដែល​គ្រប់គ្រង​កង​កម្លាំង​ការពារ​ព្រំដែន ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ស្នើ​ឱ្យ​ទាហាន​ថៃ នៅ​ខ្សែ​ត្រៀម​ជួរ​មុខ ធ្វើ​ការ​រុះរើ​លួស​បន្លា​ប្រវែង ១៥០​ម៉ែត្រ ដែល​ទើប​តែ​ដាក់​រាយ​កាល​ពី​ពេល​ថ្មីៗ​នោះ​ចេញ​វិញ។
មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ គឺ​លោក​ឧត្តមសេនីយ៍​ឯក ស្រី ឌឹក។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​ឧសភា ថា កងទ័ព​ថៃ ដែល​ដាក់​រាយ​លួស​បន្លា​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន ជិត​ប្រាសាទ​ព្រះវិហារ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ។
លោក​ឧត្តមសេនីយ៍​ឯក ស្រី ឌឹក បញ្ជាក់​ទៀត​ថា លោក​កំពុង​ព្យាយាម​ប្រាប់​ទៅ​ទាហាន​ថៃ ឱ្យ​រុះរើ​លួស​បន្លា​នោះ​ចេញ ពីព្រោះ​យោង​តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ គឺ​បាន​ហាម​ឃាត់​ភាគី​ជម្លោះ​កម្ពុជា​ថៃ មិន​ឱ្យ​ធ្វើ​អ្វី​នៅ​តំបន់​ទាំង​នោះ​ទេ ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​រឿង​ព្រំដែន​ឱ្យ​ច្បាស់​លាស់​ជា​មុន​សិន។
លោក​ឧត្តមសេនីយ៍​ឯក ស្រី ឌឹក៖ «យើង​សម្រួល​ជាមួយ​គាត់ ឱ្យ​គាត់​ដក​ចេញ​ទៅ កុំ​ឱ្យ​ដាក់​អ៊ីចឹង វា​នាំ​តែ​មាន​បញ្ហា។ យើង​បាន​ជូន​ដំណឹង​ឱ្យ​គាត់​ហើយ ធ្វើ​លិខិត​ផ្ញើ​ទៅ ហើយ​ក៏​បាន​ជួប ក៏​បាន​ជួប​គ្នា និង​បាន​ជជែក​គ្នា​ហើយ ណា​មួយ​ទៀត មេៗ​របស់​គាត់​រវល់​ទៅ​ទីក្រុង​បាងកក ឯណោះ។ អ៊ីចឹង​មិន​ទាន់​មាន​ចម្លើយ​អី​ដែល​ថា តើ​យើង​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច?»
ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​ថៃ មួយ​ក្រុម​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ បាន​យក​លួស​បន្លា​មក​ដាក់​រាយ​នៅ​តំបន់​ស្រះ​បុរាណ​ឈ្មោះ​ស្រះ​ត្រាវ នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង មិន​ឆ្ងាយ​ពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា កន្លង​ទៅ។
ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​សៅរ៍ នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។
ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ថា សកម្មភាព​របស់​ទាហាន​ថៃ នេះ​មិន​បាច់​និយាយ​អំពី​ច្បាប់​ផ្សេងៗ​ទេ គ្រាន់​តែ​និយាយ​អំពី​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​តែ​មួយ គឺ​ភាគី​ថៃ ខុស​ទាំង​ស្រុង៖ «យើង​និយាយ​អំពី​ដីកា​បង្គាប់ អំពី​ការ​សម្រេច​ចិត្ត​របស់​តុលាការ​អន្តរជាតិ ដែល​បាន​ដាក់​ជា​ធរមាន កាល​ពី​ឆ្នាំ​កន្លង​មក​នោះ គឺ​ហាម​មិន​ឱ្យ​មាន​ចលនា​សកម្មភាព​យោធា​ណា​មួយ​នៅ​ក្នុង​តំបន់​នោះ​ទេ។ នេះ ជា​ការ​រំលោភ​លើ​ដីកា​បង្គាប់​ហើយ»
ប្រភព​ពី​ទាហាន​ខ្មែរ​ដែល​ប្រចាំ​ការពារ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ឱ្យ​ដឹង​ថា ៣-៤​ថ្ងៃ​កន្លង​មក​នេះ ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​ធ្វើ​សកម្មភាព​ខុស​ធម្មតា បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រឿង​ជម្លោះ​ព្រំដែន​បាន​ស្ងប់ស្ងាត់​ជាច្រើន​ឆ្នាំ​មក​ហើយ។
ថៃ ធ្លាប់​បញ្ជូន​ទាហាន​រាប់​រយ​នាក់ ចូល​លុក​លុយ​ទី​វត្ត​ខ្មែរ​កែវសិក្ខាគីរីស្វារៈ ជិត​ប្រាសាទ​ព្រះវិហារ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ និង​បន្ទាប់​មក កងទ័ព​ខ្មែរ​ថៃ បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ជាច្រើន​លើក ដោយសារ​តែ​ជម្លោះ​ព្រំដែន។ ក៏ប៉ុន្តែ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កងទ័ព​បាន​ស្ងប់ស្ងាត់​ទៅ​វិញ នៅ​ពេល​ដែល អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ជា​ប្អូន​របស់ លោក ថាក់ ស៊ីន បាន​ឈ្នះ​ឆ្នោត ហើយ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ជាច្រើន​ឆ្នាំ​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Thailand being smart they know that Khmer peoples no long support VN Puppet or may be soldier have no strength to fight for this lousy government.